« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១០–១៦ ខែ មករា
លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀនអំពី លោកុប្បត្តិ ៣–៤ និង ម៉ូសេ ៤–៥ សូមគិតអំពីសំណួរ ឬសកម្មភាពទាំងឡាយណា ដែលអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់កាន់តែច្បាស់អំពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សមាជិកក្នុងថ្នាក់អាចរំឭកខ្លីៗអំពី លោកុប្បត្តិ ៣–៤ ឬ ម៉ូសេ ៤–៥ ជ្រើសរើសខគម្ពីរមួយដែលពួកគេចាប់អារម្មណ៍ ហើយចែកចាយវាជាមួយនរណាម្នាក់ដែលអង្គុយក្បែរ ។ រួចហើយ សិស្សពីរបីនាក់អាចចែកចាយការយល់ដឹងមួយជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
យើងត្រូវការសិទ្ធិជ្រើសរើស និងការផ្ទុយដើម្បីរីកចម្រើន ។
-
ដោយសារសិទ្ធិជ្រើសរើស—ជាសិទ្ធិដែលព្រះបានប្រទានមកដើម្បីធ្វើការជ្រើសរើស — គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរមែងស្លាប់ នោះពេលខ្លះយើងមិនសូវឲ្យតម្លៃវា ។ ដើម្បីបង្កើនការកោតសរសើររបស់សមាជិកក្នុងថ្នាក់ចំពោះអំណោយទាននេះ ពួកគេអាចអាន និងពិភាក្សា ម៉ូសេ ៤:១–៤ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីសារៈសំខាន់នៃសិទ្ធិជ្រើសរើស ? ហេតុអ្វីផែនការរបស់ព្រះនឹងត្រូវបានបំផ្លាញ ប្រសិនបើយើងមិនមានសិទ្ធិជ្រើសរើសទេនោះ ? ពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចផ្ដល់ការយល់ដឹងមួយចំនួន ។
-
ប្រហែលសមាជិកក្នុងថ្នាក់បានសិក្សាសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « ការផ្ទុយចំពោះរឿងគ្រប់យ៉ាង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៤–១៧ ) ជាផ្នែកនៃការសិក្សាផ្ទាល់ខ្លួន ឬជាក្រុមគ្រួសាររបស់ពួកគេនាសប្ដាហ៍នេះ ។ អំឡុងសប្ដាហ៍នេះ បងប្អូនអាចពិចារណាអញ្ជើញមនុស្សពីរបីនាក់ឲ្យមកថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយអ្វីមួយមកពីសារលិខិតរបស់លោក ដែលបានជួយពួកគេឲ្យយល់ពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ( សូមមើលជាពិសេស ផ្នែកទី I និង II ) ។ ហេតុអ្វីព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងជួបនឹង « ការផ្ទុយចំពោះរឿងគ្រប់យ៉ាង » ? ( សូមមើល នីហ្វៃទី២ ២:១១–១៦ ) ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៩–៤០ ហើយពិភាក្សាពីមូលហេតុ ដែលការល្បួងរបស់សាតាំងគឺចាំបាច់នៅក្នុងផែនការរបស់ព្រះ ។ តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជួយយើង នៅពេលយើងប្រឈមមុខនឹងការល្បួងដោយរបៀបណា ?
សាតាំងព្យាយាម « ដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ » ។
-
ម៉ូសេ ៤:៤–១២; ៥:១៣–៣៣ អាចជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យរកឃើញរបៀបមួយចំនួន ដែលសាតាំងបានល្បួងយើងឲ្យធ្វើអាក្រក់ ។ បងប្អូនអាចសូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន ម៉ូសេ ៤:៤–១២ ហើយឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន ៥:១៣, ១៨–៣៣ ។ កាលពួកគេអាន ពួកគេអាចសរសេរពីវិធីនានាដែលសាតាំងបានព្យាយាមល្បួងលោកអ័ដាម និងនាងអេវ៉ា ព្រមទាំងកូនចៅរបស់ពួកគេផងដែរ ។ តើវាប៉ុនប៉ងធ្វើការណ៍ដូចគ្នាទាំងនេះនាសព្វថ្ងៃនេះតាមរបៀបណា ? តើព្រះវរបិតាសួគ៌អាចជួយយើងឲ្យទប់ទល់នឹងការបោកបញ្ឆោតរបស់សាតាំងយ៉ាងដូចម្តេច ?
លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១; ៥:៤–១៥
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់សេចក្ដីសង្ឃឹម និងការប្រោសលោះពីការធ្លាក់ ។
-
កាលណាយើងយល់ពីឥទ្ធិពលនៃការធ្លាក់កាន់តែខ្លាំង នោះយើងកាន់តែកោតសរសើរដល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សមាជិកក្នុងថ្នាក់អាចរកមើលឥទ្ធិពលនៃការធ្លាក់នៅក្នុង លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១ ហើយសរសេរអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀន ។ រួចហើយ ពួកគេអាចស្រាវជ្រាវក្នុង ម៉ូសេ ៥:៤–១២, ១៤–១៥ ដើម្បីរៀនសូត្រអំពីផែនការរបស់ព្រះក្នុងការប្រោសលោះយើងចេញពីឥទ្ធិពលទាំងនោះ ( សូមមើលផងដែរ នីហ្វៃទី២ ២:១៩–២៥; អាលម៉ា ១២:២២–៣៤ ) ហើយសរសេរអ្វីដែលពួកគេរកឃើញដាក់នៅលើក្ដារខៀន ។ ពួកគេក៏អាចចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ពីទីបន្ទាល់របស់លោកអ័ដាម និងនាងអេវ៉ាអំពីព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុង ខទី ១០–១២ ផងដែរ ។ តើយើងមានអារម្មណ៍បែបណា អំពីផែនការរបស់ព្រះក្រោយពីបានអានខគម្ពីរទាំងនេះហើយ ?
-
ដំណើររឿងរបស់លោកអ័ដាម និងនាងអេវ៉ាអំពីសេចក្ដីសង្ឃឹម និងការប្រោសលោះអាចលើកទឹកចិត្តសមាជិកក្នុងថ្នាក់បាន នៅពេលជីវិតជួបនឹងការលំបាក ។ សូមពិចារណាអញ្ជើញពួកគេឲ្យស្វែងរកពាក្យ និងឃ្លានានានៅក្នុង ម៉ូសេ ៥:៧–១២ ដែលបង្ហាញពីសេចក្ដីសង្ឃឹម ដែលលោកអ័ដាម និងនាងអេវ៉ាបានមាន ពេលពួកគេបានដឹងថា ព្រះអង្គសង្គ្រោះអាចប្រោសលោះពួកគេបាននោះ ។ តើយើងបានមានអារម្មណ៍នៃសេចក្ដីសង្ឃឹមដូចគ្នានឹងលោកអ័ដាម និងនាងអេវ៉ានៅពេលណាដែរ ? សូមពិចារណាអញ្ជើញឲ្យសិស្សក្នុងថ្នាក់ចែកចាយទំនុកតម្កើងចំណូលចិត្តរបស់ពួកគេ ដែលបង្ហាញពីសេចក្ដីសង្ឃឹមដែលកើតមានតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនអាចច្រៀងទំនុកតម្កើងទាំងនេះពីរបីរួមគ្នាបាន ។
ធនធានបន្ថែមទាំងឡាយ
យើងអាចជ្រើសរើសសម្រាប់ខ្លួនយើង ។
អែលឌើរ ឌេល ជី រេនឡាន់ បានបង្រៀន ៖
« គោលបំណងរបស់ព្រះវរបិតាសួគ៌យើងក្នុងការធ្វើជាឪពុកម្តាយ គឺពុំគ្រាន់តែឲ្យបុត្រាបុត្រីរបស់ទ្រង់ធ្វើអ្វីដែលត្រូវប៉ុណ្ណោះទេ គោលបំណងរបស់ទ្រង់គឺឲ្យបុត្រាបុត្រីរបស់ទ្រង់ជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅទីបំផុតក្លាយដូចជាទ្រង់ ។ ប្រសិនបើទ្រង់សព្វព្រះទ័យឲ្យយើងគោរពប្រតិបត្តិ នោះទ្រង់នឹងប្រើការប្រទានរង្វាន់ និងការដាក់ទណ្ឌកម្មភ្លាមៗ ដើម្បីមានឥទ្ធិពលលើឥរិយាបថរបស់យើង ។
« ប៉ុន្តែព្រះពុំចាប់អារម្មណ៍លើបុត្រាបុត្រីទ្រង់ដោយគ្រាន់តែឲ្យពួកគេក្លាយជា ‹ សត្វចិញ្ចឹម › ដែលត្រូវបានបង្វឹក ហើយគោរពតាម ដែលនឹងមិនទំពារស្បែកជើងរបស់ទ្រង់នៅក្នុងបន្ទប់ទទួលភ្ញៀវនៅនគរសេឡេស្ទាលនោះទេ ។ ទេ ព្រះសព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់រីកចម្រើនខាងវិញ្ញាណ ហើយចូលរួមនឹងទ្រង់ក្នុងកិច្ចការគ្រួសារ » ( « ចូរអ្នកជ្រើសរើសថ្ងៃនេះចុះ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។