« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ‹ បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៧–២៣ ខែ មករា
លោកុប្បត្តិ ៥; ម៉ូសេ ៦
« បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក »
ពីមុនបងប្អូនអានឯកសារបង្រៀនបន្ថែមទៀតណាមួយ សូមអាន ហើយពិចារណាពី លោកុប្បត្តិ ៥ និង ម៉ូសេ ៦ ហើយកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់បងប្អូន ។ សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគម្រោងមេរៀននេះ អាចផ្ដល់យោបល់នានាដល់បងប្អូនអំពីរបៀបដើម្បីជួយអស់អ្នកដែលបងប្អូនបង្រៀន ឲ្យរកឃើញសេចក្ដីពិតដែលទាក់ទងនឹងពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
តើបងប្អូនអាចលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយការយល់ដឹង និងបទពិសោធន៍នានាដែលពួកគេមាន នៅពេលពួកគេបានសិក្សា លោកុប្បត្តិ ៥ និង ម៉ូសេ ៦ តាមរបៀបណា ? បងប្អូនអាចសរសេរឈ្មោះ អ័ដាម និង អេណុក នៅលើក្ដារខៀន ហើយសូមឲ្យសិស្សក្នុងថ្នាក់សរសេរអ្វីមួយ ដែលព្យាការីទាំងនេះម្នាក់បានធ្វើ ឬបានបង្រៀនដែលមានអត្ថន័យចំពោះពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់ហៅយើងឲ្យធ្វើកិច្ចការរបស់ទ្រង់ ថ្វីបើយើងមិនមានភាពគ្រប់គ្រាន់ក្ដី ។
-
វាជាឱកាសល្អមួយ ពេលនរណាម្នាក់នៅក្នុងថ្នាក់របស់បងប្អូនបានមានអារម្មណ៍—ឬកំពុងមានអារម្មណ៍—ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងការទទួលខុសត្រូវនៅឯគេហដ្ឋាន ឬនៅក្នុងសាសនាចក្រ ។ ដើម្បីស្ថាបនាសេចក្ដីជំនឿរបស់សមាជិកក្នុងថ្នាក់ឲ្យជឿថា ព្រះអម្ចាស់អាចជួយពួកគេបាន នោះបងប្អូនអាចអញ្ជើញពួកគេឲ្យអានបទពិសោធន៍របស់អេណុកដែលមាននៅក្នុង ម៉ូសេ ៦:២៦–៣៩ ។ តើព្រះបានជួយអេណុកឲ្យធ្វើកិច្ចការរបស់ទ្រង់ ទោះជាអេណុកភ័យខ្លាចយ៉ាងដូចម្ដេច ? សូមឲ្យសមាជិកក្នុងថ្នាក់គិតអំពីគំរូរបស់មនុស្សផ្សេងទៀត ដែលបានយកឈ្នះលើភាពទន់ខ្សោយរបស់ពួកគេ ហើយសម្រេចបានកិច្ចការរបស់ព្រះអម្ចាស់ មិនថាមកពីព្រះគម្ពីរ ឬពីជីវិតរបស់ពួកគេផ្ទាល់ឡើយ ។ តើយើងអាចចែកចាយគំរូអ្វីខ្លះ ? ( សូមមើលផងដែរ និក្ខមនំ ៤:១០–១៦; យេរេមា ១:៤–១០; នីហ្វៃទី២ ៣៣:១–៤; អេធើរ ១២:២៣–២៩ ) ។
-
ពួកសាវក និងព្យាការីសម័យទំនើបជាច្រើនបានបង្ហាញពីកង្វល់ដែលស្រដៀងគ្នានឹងកង្វល់របស់អេណុកដែរ នៅពេលពួកលោកបានពិពណ៌នាពីអារម្មណ៍ខ្លួន ពេលទទួលបានការហៅបម្រើរបស់ពួកលោក ។ បទពិសោធន៍របស់ពួកលោកអាចចម្រើនដល់ការយល់ដឹងរបស់សមាជិកក្នុងថ្នាក់អំពី ម៉ូសេ ៦:២៦–៣៩ ។ សូមពិចារណាមើលឡើងវិញនូវវីដេអូ « On the Lord’s Errand: The Life of Thomas S. Monson » ( នៅលើគេហទំព័រ ChurchofJesusChrist.org ចន្លោះនាទី ៣៥:៤៦ និង ៣៩:៤០ ) ឬ សុន្ទរកថាដោយសមាជិកដែលបានហៅថ្មីៗនេះនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ( ឧទាហរណ៍ សូមមើលទីបន្ទាល់របស់អែលឌើរ រ៉ូណាល់ អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន និង អែលឌើរ ឌេល ជី រេនឡាន់ [ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៩–៩៤ ] ) ។ សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយចំណាប់អារម្មណ៍របស់ពួកគេអំពីគំរូទាំងនេះ ។ តើយើងអាចរៀនអ្វីខ្លះមកពីថ្នាក់ដឹកនាំទាំងនេះ អំពីអារម្មណ៍មិនគ្រប់គ្រាន់របស់យើងផ្ទាល់ ? សេចក្ដីថ្លែងការណ៍របស់ប្រធាន ថូម៉ាស អេស ម៉នសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចមានប្រយោជន៍ចំពោះការពិភាក្សានេះផងដែរ ។
សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធរៀបចំយើងឲ្យត្រឡប់ទៅកាន់ព្រះវិញ ។
-
គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យអាន ម៉ូសេ ៦:៤៨–៦២ ដើម្បីស្វែងរកអ្វីដែលពួកយើងម្នាក់ៗត្រូវតែដឹង និងធ្វើដើម្បីបានប្រោសលោះ ។ ប្រហែលជាសិស្សក្នុងថ្នាក់អាចចែកចាយពីការយល់ដឹងនានា ដែលបានទទួលមកពីការសិក្សានៅក្នុងគេហដ្ឋានរបស់ពួកគេ ។ ឬ បងប្អូនអាចពិភាក្សា ម៉ូសេ ៦:៤៨–៦២ រួមគ្នានៅក្នុងថ្នាក់រៀន ។ តើយើងនឹងឆ្លើយតបយ៉ាងដូចម្ដេច ចំពោះនរណាម្នាក់ដែលសួរថា ហេតុអ្វីសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគឺជាការចាំបាច់ ? តើព្រះអម្ចាស់ឆ្លើយតបនឹងសំណួរនេះនៅក្នុង ខទី ៥៣–៦៥ ដោយរបៀបណា ហើយតើយើងរៀនបានអ្វីខ្លះមកពីចម្លើយរបស់ទ្រង់ ?
« បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក » ។
-
នៅក្នុង ម៉ូសេ ៦:៥១–៦៣ យើងរៀនអំពីសេចក្ដីពិតនៃដំណឹងល្អថា ព្រះអម្ចាស់បានបង្រៀនលោកអ័ដាម ហើយបានបង្គាប់ឲ្យលោកបង្រៀនដល់ជំនាន់ក្រោយៗទៀត ។ ប្រហែលសមាជិកក្នុងថ្នាក់អាចធ្វើបញ្ជីមួយអំពីសេចក្ដីពិតទាំងនេះ តាមរយៈការសិក្សាក្រុមខគម្ពីរតូចៗដូចជា ខទី ៥១–៥២, ៥៣–៥៧, ៥៨–៦០, ៦១–៦៣ ។ ហេតុអ្វីសេចក្ដីពិតទាំងនេះមានតម្លៃចំពោះជំនាន់កំពុងពេញវ័យនាសព្វថ្ងៃនេះ ? តើបងប្អូនចង់ឲ្យយុវវ័យដឹងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ? សិស្សក្នុងថ្នាក់អាចស្ម័គ្រចិត្តចែកចាយយោបល់ ឬបទពិសោធន៍នានាដើម្បីជួយគ្នាឲ្យបង្រៀនសេចក្ដីពិតទាំងនេះដល់កូនៗ និងយុវវ័យឲ្យកាន់តែមានប្រសិទ្ធភាព ។ តើយើងអាចរៀនអ្វីខ្លះទៀតមកពីការណែនាំរបស់ព្រះអម្ចាស់ដល់ឪពុកម្ដាយនៅក្នុង ម៉ូសាយ ៤:១៤–១៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៨; ៩៣:៤០–៥០ ?
-
ដើម្បីបន្ថែមទៅលើអ្វីដែល ម៉ូសេ ៦ បង្រៀនអំពីការទទួលខុសត្រូវរបស់ឪពុកម្ដាយដើម្បីបង្រៀនកូនៗរបស់ពួកគេ នោះបងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យមើលវីដេអូដូចតទៅនេះមួយ ឬច្រើន ៖ « Parenting: Touching the Hearts of Our Youth » « Proclamation Series: Children » ឬ « Mother in Israel » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងរៀនអ្វីខ្លះមកពីវីដេអូទាំងនេះ អំពីការបង្រៀនដំណឹងល្អដល់កូនៗរបស់យើង ? ប្រសិនបើបងប្អូនកំពុងបង្រៀនយុវវ័យ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេអាចគាំទ្រឪពុកម្ដាយរបស់ពួកគេ នៅក្នុងកិច្ចខិតខំរបស់ពួកគាត់ដើម្បីបង្រៀនដំណឹងល្អនៅឯគេហដ្ឋាន ។
2:3
ធនធានបន្ថែមទាំងឡាយ
« នរណាដែលព្រះអម្ចាស់ហៅ នោះព្រះអម្ចាស់នឹងធ្វើឲ្យគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ » ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា « មនុស្សមួយចំនួនអាចមានការខ្មាសអៀនពីធម្មជាតិ ឬគិតថាខ្លួនឯងមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការហៅបម្រើដែលវិជ្ជមាន ។ ចូរចាំថា កិច្ចការនេះពុំគ្រាន់តែជារបស់អ្នក និងខ្ញុំតែប៉ុណ្ណោះនោះទេ ។ វាជាកិច្ចការរបស់ព្រះអម្ចាស់ ហើយពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះយើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ សូមចងចាំថា នរណាដែលព្រះអម្ចាស់ហៅ នោះព្រះអម្ចាស់នឹងធ្វើឲ្យគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ » ( « Duty Calls » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៤ ) ។