« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ‹ បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៧–២៣ ខែ មករា
លោកុប្បត្តិ ៥; ម៉ូសេ ៦
« បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក »
នៅពេលអ្នកអាន និងសញ្ជឹងគិត លោកុប្បត្តិ ៥ និង ម៉ូសេ ៦ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកបានទទួល ។ តើសារលិខិតអ្វីខ្លះដែលអ្នករកឃើញដែលមានតម្លៃចំពោះអ្នក និងក្រុមគ្រួសាររបស់អ្នក ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ភាគច្រើន លោកុប្បត្តិ ៥ គឺជាបញ្ជីជំនាន់រវាងលោកអ័ដាម និងនាងអេវ៉ា ហើយនឹង ណូអេ ។ យើងអានឈ្មោះជាច្រើន ប៉ុន្តែយើងពុំបានរៀនច្រើនអំពីពួកគាត់ឡើយ ។ បន្ទាប់មក យើងអានអំពី ហេណុក ជាជំនាន់ទីប្រាំមួយបន្ទាប់ពីលោកអ័ដាម ដែលត្រូវបានពិពណ៌នាជាមួយនឹងតំណរដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនអាចពន្យល់បាន ៖ « ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ » ( លោកុប្បត្តិ ៥:២៤ ) ។ ប្រាកដជាមានរឿងនៅពីក្រោយនោះ ។ ប៉ុន្តែ ដោយគ្មានការពន្យល់តទៅទៀត បញ្ជីជំនាន់ទាំងឡាយក៏បន្តទៅទៀត ។
អរគុណ ម៉ូសេ ៦ ដែលបង្ហាញដំណើររឿងលម្អិតរបស់ហេណុក—ហើយវាជារឿងដ៏អស្ចារ្យ ។ យើងរៀនអំពីការបន្ទាបខ្លួនរបស់ហេណុក ភាពមិនប្រាកដប្រជារបស់គាត់ និងសក្តានុពលដែលព្រះទតឃើញនៅក្នុងគាត់ និងកិច្ចការដ៏អស្ចារ្យដែលគាត់បានធ្វើក្នុងនាមជាព្យាការីរបស់ព្រះ ។ យើងក៏បានដឹងច្បាស់ជាងមុនពីក្រុមគ្រួសាររបស់លោកអ័ដាម និងនាងអេវ៉ា កាលដែលវារីកលូតលាស់ទៅជាច្រើនជំនាន់ ។ យើងអានអំពី « អំណាចត្រួតត្រាដ៏ធំ » របស់សាតាំង ប៉ុន្តែក៏អំពីឪពុកម្តាយដែលបង្រៀនកូនចៅ « តាមផ្លូវទាំងឡាយនៃព្រះ » និងពីការ « ផ្សាយអំពីសេចក្តីសុចរិត » ដែល « បាននិយាយ ហើយបានព្យាករ » ( ម៉ូសេ ៦:១៥, ២១, ២៣ ) ។ ជាពិសេសអ្វីដែលមានតម្លៃគឺជាអ្វីដែលយើងរៀនអំពីគោលលទ្ធិដែលឪពុកម្តាយ និងពួកអ្នកផ្សព្វផ្សាយទាំងនេះបានបង្រៀន ៖ សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល ម៉ូសេ ៦:៥០–៥២ ) ។ គោលលទ្ធិនោះ ដូចជាបព្វជិតភាពដែលអមជាមួយវា « ដែលមានតាំងពីដើមដំបូងមក នោះ [ និង ] ក៏ត្រូវមានរហូតដល់ចុងបំផុតលោកិយដែរ » ( ម៉ូសេ ៦:៧ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្យាការី គឺជាអ្នកមើលឆុត ។
នៅពេលអ្នកសិក្សា ម៉ូសេ ៦:២៦–៣៦ តើអ្នកបានរៀនអ្វីខ្លះអំពីភ្នែក ភាពងងឹត និងការមើលឃើញ ? នៅក្នុងសម័យរបស់ហេណុក តើនរណាដែលមិន « អាចមើលឃើញឆ្ងាយ » ? ហេតុអ្វីមនុស្សទាំងនេះមិនអាចមើលឃើញសេចក្តីពិត ? តើហេណុកអាចមើលឃើញអ្វីខ្លះ ? តើអ្វីដែលបានស្ថាបនាសេចក្តីជំនឿរបស់អ្នកថា ពួកព្យាការីសម័យទំនើបគឺជាពួកអ្នកមើលឆុត ? ( សូមមើល ខទី ៣៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកមើលឆុត » scriptures.ChurchofJesusChrist.org ) ។
ព្រះត្រាស់ហៅយើងឲ្យធ្វើកិច្ចការរបស់ទ្រង់ ទោះជាយើងខ្វះសមត្ថភាពគ្រប់គ្រាន់ក៏ដោយ ។
វាមិនមែនជារឿងចម្លែកនោះទេដែលមានអារម្មណ៍ព្រួយបារម្ភជាមួយនឹងអ្វីដែលព្រះអម្ចាស់ហៅយើងឲ្យបម្រើនោះ ។ សូម្បីតែហេណុក ក៏មានអារម្មណ៍ដូច្នោះដែរ នៅពេលព្រះអម្ចាស់បានហៅគាត់ឲ្យធ្វើជាព្យាការី ។ កាលអ្នកអាន ម៉ូសេ ៦:២៦-៣៦ សូមរកមើលពីមូលហេតុដែលហេណុក បានមានអារម្មណ៍ភ័យខ្លាច និងអ្វីដែលព្រះអម្ចាស់បានមានបន្ទូលដើម្បីផ្តល់នូវការលើកទឹកចិត្តដល់គាត់ ។ នៅក្នុង ខទី ៣៧–៤៧ សូមរកមើលវិធីដែលព្រះអម្ចាស់បានគាំទ្រហេណុក ហើយធ្វើឲ្យគាត់មានសមត្ថភាពដើម្បីធ្វើកិច្ចការរបស់ទ្រង់ ( សូមមើលផងដែរ ម៉ូសេ ៧:១៣ ) ។ អ្នកអាចប្រៀបធៀបបទពិសោធន៍របស់ហេណុកទៅនឹងពួកព្យាការីផ្សេងទៀតដែលមានអារម្មណ៍ថាខ្វះសមត្ថភាព ដូចជាម៉ូសេ ( សូមមើល និក្ខមនំ ៤:១០–១៦ ) យេរេមា ( សូមមើល យេរេមា ១:៤–១០ ) នីហ្វៃ ( សូមមើល នីហ្វៃទី ២ ៣៣:១–៤ ) និងមរ៉ូណៃ ( សូមមើល អេធើរ ១២:២៣–២៩ ) ។ តើអ្នកមានអារម្មណ៍ថា ព្រះមានព្រះទ័យចង់ឲ្យអ្នករៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីកិច្ចការដែលទ្រង់បានប្រទានឲ្យអ្នកធ្វើ ?
សូមមើលផងដែរ យ៉ាកុប ៤:៦–៨ ។
គោលលទ្ធិនៃព្រះគ្រីស្ទ គឺជាចំណុចសំខាន់នៃផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ ។
ដោយសារយើងមានគម្ពីរម៉ូសេ យើងដឹងថា ព្រះបានបង្រៀនបុត្រាបុត្រីរបស់ទ្រង់ពីរបៀបដើម្បីស្វែងរកការអភ័យទោស និងការប្រោសលោះតាំងពីដើមមកម្ល៉េះ ។ នៅក្នុងព្រះគម្ពីរ ការបង្រៀនទាំងនេះ ពេលខ្លះត្រូវបានហៅថា គោលលទ្ធិនៃព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ៣១:១៣–២១ ) ។ នៅពេលអ្នកសិក្សា ម៉ូសេ ៦:៤៨–៦៨ ស្វែងរកអ្វីដែលអ្នកត្រូវតែដឹង និងធ្វើដើម្បីបានប្រោសលោះ ។ អ្នកអាចឃើញថាវាមានអត្ថប្រយោជន៍ដើម្បីសរសេរសេចក្តីសង្ខេបផ្ទាល់ខ្លួនរបស់អ្នកពីអ្វីដែលហេណុកបានបង្រៀន ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីដឹងថា សេចក្តីពិតទាំងនេះបានត្រូវបង្រៀនចាប់តាំងពីសម័យរបស់លោកអ័ដាម និងនាងអេវ៉ាមកម្ល៉េះ ? តើអ្នកមានអារម្មណ៍បំផុសឲ្យធ្វើអ្វីដែលជាលទ្ធផលនៃការសិក្សាការបង្រៀនទាំងនេះទេ ?
« បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក » ។
លោកអ័ដាម និងនាងអេវ៉ា បានត្រូវបង្រៀនសេចក្តីពិតដ៏មានតម្លៃនៃដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ ។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ម៉ូសេ ៦:២៧–២៨ បានប្រាប់យ៉ាងច្បាស់ថា នៅក្នុងជំនាន់ពីមុនហេណុក មនុស្សជាច្រើនពុំបានរស់នៅតាមសេចក្តីពិតនេះនោះទេ ។ ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យហេណុក ស្តារសេចក្តីពិតដែលត្រូវបានបាត់នោះឡើងវិញ—ព្រមជាមួយបទបញ្ញត្តិដែលប្រទានដល់លោកអ័ដាម តាំងពីដើមមក ៖ « បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នក » ( ម៉ូសេ ៦:៥៨ ) ។ នៅពេលអ្នកអាន ម៉ូសេ ៦:៥១–៦២ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវ គ្រីស្ទ ? តើអ្នកបានរកឃើញអ្វីខ្លះដែលមានតម្លៃជាពិសេសចំពោះជំនាន់ដែលកំពុងពេញវ័យ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយបន្តសេចក្តីពិតទាំងនេះទៅកាន់ជំនាន់ក្រោយ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លោកុប្បត្តិ ៥; ម៉ូសេ ៦:៥–២៥, ៤៦ ។សូមអានអំពី « សៀវភៅរំឭក » ដែលក្រុមគ្រួសាររបស់លោកអ័ដាម និងនាងអេវ៉ាបានរក្សាទុក ដែលអាចបំផុសដល់ក្រុមគ្រួសាររបស់អ្នកឲ្យធ្វើសៀវភៅរំឭករបស់អ្នកផ្ទាល់ ។ សូមពិភាក្សាជាក្រុមគ្រួសារនូវអ្វីដែលអ្នកចង់ដាក់បញ្ចូល ។ ប្រហែលជាអ្នកមានរូបថត ដំណើររឿង ឬឯកសារចេញពីពង្សប្រវត្តិគ្រួសាររបស់អ្នក ។ អ្នកអាចជ្រើសរើសដើម្បីបញ្ចូលអ្វីៗដែលកំពុងកើតឡើងនៅក្នុងក្រុមគ្រួសាររបស់អ្នកនៅពេលឥឡូវនេះ ។ តើជំនាន់ខាងមុខនឹងស្វែងរកឃើញអ្វីខ្លះដែលមានតម្លៃ ? អ្នកក៏អាចពិភាក្សាផងដែរពីរបៀបដែលឃ្លាថា « វិញ្ញាណនៃការបំផុសគំនិត » ( ម៉ូសេ ៦:៥ ) និង « គំរូដែលបានប្រទានដោយព្រះអង្គុលីនៃព្រះ » ( ម៉ូសេ ៦:៤៦ ) អាចដឹកនាំការខិតខំរបស់អ្នក ។ សូមពិចារណាដើម្បីរក្សាព័ត៌មានចេញពីសៀវភៅរំឭករបស់អ្នកនៅលើគេហទំព័រ FamilySearch.org ។
-
ម៉ូសេ ៦:៥៣–៦២ ។តើយើងអាចឆ្លើយសំណួររបស់លោកអ័ដាមដែលមាននៅក្នុង ម៉ូសេ ៦:៥៣ យ៉ាងដូចម្តេច ? តើយើងរកឃើញចម្លើយអ្វីខ្លះនៅក្នុង ខទី ៥៧–៦២ ?
-
ម៉ូសេ ៦:៥៩ ។តើវាមានអត្ថន័យយ៉ាងដូចម្តេចដើម្បី « កើតម្ដងទៀតទៅក្នុងនគរស្ថានសួគ៌ » ? តើយើងអាចធ្វើអ្វីដើម្បីបន្តកើតម្តងទៀតនៅក្នុងជីវិតរបស់យើង ? ដើម្បីជាជំនួយ សូមមើល អាលម៉ា ៥:៧–១៤, ២៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កើតម្តងទៀត កើតពីព្រះ » scriptures.ChurchofJesusChrist.org; ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦២ ) ។
-
ម៉ូសេ ៦:៦១ ។តើយើងបានរៀនអ្វីខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធចេញពីខគម្ពីរនេះ ?
-
ម៉ូសេ ៦:៦៣ ។តើមានរឿងអ្វីខ្លះ ដែល « ធ្វើទីបន្ទាល់អំពី [ ព្រះគ្រីស្ទ ] » ? ( សូមមើល ផងដែរ នីហ្វៃទី ២ ១១:៤ ) ។ សូមពិចារណាអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយអ្វីមួយដែលពួកគេមើលឃើញ « នៅស្ថានសួគ៌ខាងលើ » ឬ « នៅលើផែនដី » ដែលជួយពួកគេរៀនអំពីព្រះយេស៊ូវ គ្រីស្ទ ។ ឧទាហរណ៍ តើដើមឈើ ដុំថ្ម ឬ ព្រះអាទិត្យរំឮកយើងពីព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ? តើចំណងជើងដែលថា « ទឹករស់ » និង « នំបុ័ងនៃជីវិត » បង្រៀនយើងអំពីទ្រង់អ្វីខ្លះ? ( យ៉ូហាន ៤:១០–១៤; ៦:៣៥ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។