ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ « កាល​ដើម​ដំបូង​ឡើយ​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »


« ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ ‹ កាល​ដើម​ដំបូង​ឡើយ​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣–៩ ខែ មករា ។ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព​ផែនដី និង​ព្រះចន្ទ

ថ្ងៃទី ៣–៩ ខែ មករា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥

« កាល​ដើម​ដំបូង​ឡើយ​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »

ថ្វី​បើ​អ្នក​បាន​អាន​អំពី​ការ​បង្ក​បង្កើត​ពី​មុន​ក្ដី ក៏​មាន​រឿង​ជាច្រើន​ទៀត​ដើម្បី​រៀន​ចេញ​ពី​បទគម្ពីរ​ដែរ ។ សូម​អធិស្ឋាន​សូម​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ស្វែង​រក​ការ​យល់​ដឹង​ថ្មី ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ដោយ​សារ​ពិភពលោក​នៅ​ជុំវិញ​យើង​មាន​ភាព​ស្រស់​ស្អាត ហើយ​អស្ចារ្យ​ខ្លាំង​ណាស់ នោះ​វា​ពិបាក​ដើម្បី​នឹក​ស្រមៃ​ពី​ផែនដី​នេះ​ពេល​វា​បាន « ខូច ហើយ​នៅ​ទទេ » « គ្មាន​រូប​រាងទេ ហើយ​នៅ​ទទេ » ( លោកុប្បត្តិ ១:២; អ័ប្រាហាំ ៤:២ ) ។ រឿង​មួយ​ដែល​ការបង្ក​បង្កើត​បង្រៀន​យើង​គឺ​ថា ព្រះ​អាច​ធ្វើ​អ្វី​ដែល​អស្ចារ្យ​កើត​ចេញ​ពី​អ្វី​មួយ​ដែល​រប៉ាត់រប៉ាយ ។ ការណ៍​នោះ​មាន​ប្រយោជន៍​ដើម្បី​ចងចាំ នៅពេល​ជីវិត​ទំនង​ជា​មាន​ភាព​ចលាចល ។ ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​ព្រះ​ដ៏​បង្ក​បង្កើត ហើយ​កិច្ចការ​ដ៏​ច្នៃ​ប្រឌិត​របស់​ពួក​ទ្រង់​ជាមួយ​នឹង​ពួកយើង​នៅ​មិន​ទាន់​ចាប់​សព្វ​គ្រប់​ទេ ។ ពួក​ទ្រង់​អាច​ធ្វើ​ឲ្យ​ពន្លឺ​ភ្លឺ​ចេញ​ពី​គ្រា​ងងឹត​នៅ​ក្នុង​ជីវិត​របស់​យើង​បាន ។ ពួកទ្រង់​អាច​បង្កើត​គ្រឹះ​ដ៏​រឹង​មាំ​នៅ​កណ្ដាល​សមុទ្រ​ដែល​មាន​ព្យុះ​ភ្លៀង​បក់​បោក​នៅក្នុង​ជីវិត​របស់​យើង ។ ពួក​ទ្រង់​អាច​បង្គាប់​ធាតុ​នានា ហើយ​ប្រសិន​បើ​យើង​គោរព​តាម​ព្រះបន្ទូល​របស់​ពួក​ទ្រង់​ដូចជា​ធាតុ​ទាំងឡាយ នោះ​ពួកទ្រង់​អាច​ផ្លាស់ប្រែ​យើង​ទៅ​ជា​ការ​បង្ក​បង្កើត​ដ៏​ស្រស់​ស្អាត​ដែល​យើង​ត្រូវ​បាន​កំណត់​មក ។ ការណ៍​នោះ​គឺជា​ផ្នែក​មួយ​នៃ​អត្ថន័យ​អំពី​ការ​ត្រូវ​បាន​បង្កើត​តាម​រូប​របស់​ព្រះ ឲ្យ​មាន​ភាព​ដូច​ទ្រង់​( លោកុប្បត្តិ ១:២៦ ) ។ យើង​មាន​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ៖ បាន​តម្កើង​ឡើង មាន​សិរីល្អ ជា​អង្គ​សេឡេស្ទាល ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​លោកុប្បត្តិ សូម​មើល​« លោកុប្បត្តិ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥; អ័ប្រាហាំ ៤:១–២៥

នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បាន​មាន​ប្រសាសន៍​ថា « មិន​ថា​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​ការ​នៃ​ការ​បង្ក​បង្កើត​បែប​ណា​នោះ​ទេ យើង​ដឹង​ថា វា​ពុំ​មែន​ជា​ភាព​ចៃដន្យ​ឡើយ ប៉ុន្តែ​ថា​វា​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ជា​ព្រះវរបិតា ហើយ​បាន​អនុវត្ត​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ »​( « Why Marriage, Why Family » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ៥១ ) ។ ខណៈ​ដែល​មាន​រឿង​ជាច្រើន​ដែល​យើង​មិន​បាន​ដឹង​ឲ្យ​ពិត​ប្រាកដ​ពី​របៀប​ដែល​ពិភព​លោក​នេះ​ត្រូវ​បាន​បង្កើត​ឡើង សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​រៀន​ពី​ការ​បង្ក​បង្កើត​មក​ពី​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង​នៅ​ក្នុង លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥ និង អ័ប្រាហាំ ៤:១–២៥ ។ តើ​អ្នក​សង្កេត​ឃើញ​អ្វី​ខ្លះ​ដែល​ស្រដៀង​គ្នា​នៅ​ក្នុង​ដំណើរ​រឿង​ទាំង​នេះ ? តើ​អ្នក​សង្កេត​ឃើញ​អ្វីខ្លះ​ដែល​ខុស​គ្នា ? តើ​អ្នក​មាន​គំនិត​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​អ្នក​អាន​អំពី​ការ​បង្ក​បង្កើត ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣២–៣៤ ។

ភួយ​ដែល​ពិពណ៌នា​ពី​ជំហាន​ខុសៗ​គ្នា​នៃ​ការ​បង្ក​បង្កើត

ការ​បង្ក​បង្កើត ដោយ ចូន ហ៊ីបប៊ឺត ឌឺតឈី

លោកុប្បត្តិ ១:២៧–២៨; ២:១៨–២៥; ម៉ូសេ ៣:១៨, ២១–២៥; អ័ប្រាហាំ ៥:១៤–១៩

អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ។

« អ័ដាម និង​អេវ៉ា​ត្រូវ​បាន​រួប​រួម​គ្នា​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច » ( រ័សុល អិម ណិលសុន​« Lessons from Eve » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧ ទំព័រ ៨៧ ) ។ ហេតុអ្វី​សេចក្ដី​ពិត​នេះ​មាន​សារៈសំខាន់​ដើម្បី​ដឹង ? សូម​ពិចារណា​ការណ៍​នេះ នៅពេល​អ្នក​អាន លោកុប្បត្តិ ១:២៧–២៨; ២:១៨–២៥; ម៉ូសេ ៣:១៨, ២១–២៥; អ័ប្រាហាំ ៥:១៤–១៩ ។ ប្រសិន​បើ​អ្នក​ចង់​រៀន​បន្ថែម​ទៀត​អំពី​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ផែនការ​របស់​ព្រះ សូម​អាន ហើយ​ពិចារណា​ពី​ធនធាន​ដែល​បាន​ដាក់​ដូចមាន​ខាង​ក្រោម​នេះ ។ តើ​ធនធាន​ទាំង​នេះ​បំផុស​គំនិត​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ​ដើម្បី​កែ​លម្អ​អាពាហ៍ពិពាហ៍​របស់​អ្នក ឬ​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍​ពិពាហ៍​នៅ​ពេល​អនាគត ?

សូម​មើល​ផង​ដែរ ម៉ាថាយ ១៩:៤–៦; កូរិនថូស​ទី ១ ១១:១១ លីនដា ខេ ប៊ើតុន « We’ll Ascend Together » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ២៩–៣២ « ក្រុម​គ្រួសារ ៖​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពិភពលោក » ChurchofJesusChrist.org ។

លោកុប្បត្តិ ២:២–៣; ម៉ូសេ ៣:២–៣; អ័ប្រាហាំ ៥:២–៣

ព្រះ​បាន​ប្រទាន​ពរ ហើយ​ញែក​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ ។

ព្រះ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ទៅ​ជា​បរិសុទ្ធ ហើយ​ទ្រង់​សុំ​ឲ្យ​យើង​រក្សា​ថ្ងៃ​នោះ​ឲ្យ​បរិសុទ្ធ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ថ្ងៃ​ឈប់​សម្រាក​គឺជា​ពេល​វេលា​របស់​ព្រះ ជា​ពេល​ដ៏​ពិសិដ្ឋ​មួយ ដែល​បាន​ញែក​ចេញ​ជា​ពិសេស​សម្រាប់​ការ​ថ្វាយ​បង្គំ​ទ្រង់ ព្រមទាំង​សម្រាប់​ការ​ទទួល និង​ការ​ចងចាំ​ចំពោះ​ការ​សន្យាដ៏​មហិមា និង​មានតម្លៃ​របស់​ទ្រង់ » ( « Exceeding Great and Precious Promises » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៩២ ) ។ តើ​អ្នក​អាច​ប្រើសេចក្ដី​ថ្លែង​ការណ៍​នេះ និង លោកុប្បត្តិ ២:២–៣; ម៉ូសេ ៣:២–៣;ឬ អ័ប្រាហាំ ៥:២–៣ ដើម្បី​ពន្យល់​ដល់​មនុស្ស​ម្នាក់​ពី ហេតុផល​ដែល​អ្នក​ជ្រើស​រើស​គោរព​ចំពោះ​ថ្ងៃ​ឈប់​សម្រាក​យ៉ាង​ដូច​ម្ដេច ? តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក​ចំពោះ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​របស់​ទ្រង់​ឲ្យ​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច ?

សូម​មើល​ផង​ដែរ អេសាយ ៥៨:១៣–១៤; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៣ « The Sabbath Is a Delight » ( វីដេអូ ) ChurchofJesusChrist.org ។

family study icon

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥; អ័ប្រាហាំ ៤:១–២៥ ។តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការរៀន​អំពី​ការ​បង្ក​បង្កើត​មាន​ភាព​រីករាយ​សម្រាប់​គ្រួសារ​របស់​អ្នក​តាម​របៀប​ណា ? អ្នក​អាច​នាំ​គ្រួសារ​របស់​អ្នក​ទៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​ខាង​ក្រៅ​រក​វត្ថុ​ដែល​បាន​បង្កើត​ឡើង​នៅ​អំឡុង​គ្រា​នៃ​ដំណើររឿង​អំពី​ការ​បង្ក​បង្កើត ដូចជា ផ្កាយ ដើម​ឈើ និង​សត្វ​ពាហនៈ ។ អ្នក​ក៏​អាច​បង្ហាញ​រូបភាព​ពី​វត្ថុ​ដែល​បាន​បង្កើត​នៅ​ក្នុង​គ្រា​នីមួយៗ ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ដាក់​រូបភាព​ទាំង​នោះ​តាម​លំដាប់​លំដោយ បន្ទាប់​ពី​អាន​ដំណើរ​រឿង​មួយ​អំពី​ការ​បង្ក​បង្កើត​រួម​គ្នា ។ តើ​ការ​បង្ក​បង្កើត​ទាំង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

លោកុប្បត្តិ ១; ម៉ូសេ ២; អ័ប្រាហាំ ៤ ។វិធី​មួយ​ដើម្បី​ចាប់ផ្ដើម​ដំណើរ​រឿង​អំពី​ការ​បង្ក​បង្កើត​គឺ​អញ្ជើញ​គ្រួសារ​របស់​អ្នក​ឲ្យ​ស្វែង​រក​នៅ​ក្នុង លោកុប្បត្តិ ១ម៉ូសេ ២ ថាតើ​ព្រះ​ហៅ​វត្ថុ​ដែល​ទ្រង់​បាន​បង្កើត​ថា « ល្អ » ប៉ុន្មាន​ដង ។ តើ​ការណ៍​នេះ​ណែនាំ​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​ការ​បង្ក​បង្កើត​របស់​ព្រះ—រួម​ទាំង​ខ្លួន​យើង​ផង​ដែរ ? តើ​យើង​​រៀន​អ្វីខ្លះ​មកពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង អ័ប្រាហាំ ៤ ?

លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–២៧ ។ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ថា​យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​របស់​ព្រះ ? តើ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង មនុស្ស​ដទៃ និង​ព្រះ​យ៉ាង​ដូច​ម្ដេចខ្លះ ?

ប្រសិនបើ​អ្នក​មាន​កូនតូចៗ អ្នក​អាចចង់​អាន​ជាមួយគ្នា ម៉ូសេ ២:២៧ ហើយ​លេងល្បែង​ងាយៗ ៖ បង្ហាញ​រូបភាព​ដែល​ពិពណ៌នា​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ដូចជា រូបភាព ៩០ នៅក្នុង​សៀវភៅ​រូបភាព​ដំណឹងល្អ ( ឆ្នាំ ២០០៩ ) ហើយ​សូម​ឲ្យ​សមាជិក​គ្រួសារ​ប្តូរវេនគ្នា​ចង្អុល​ទៅ​ផ្នែកនៃព្រះកាយ​របស់​ព្រះវរបិតាសួគ៌ ឬ​រាងកាយ​របស់​ព្រះយេស៊ូវ ។ បន្ទាប់មក សមាជិកគ្រួសារ​ដទៃទៀត​អាច​ចង្អុល​ផ្នែក​ដូចគ្នា​នោះ​នៅលើ​រូបកាយ​របស់​ពួកគេ ។

លោកុប្បត្តិ ១:២៨; ម៉ូសេ ២:២៨; អ័ប្រាហាំ ៤:២៨ ។« ព្រះបញ្ញាត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់ទ្រង់​ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើផែនដី នោះ​នៅតែ​ឲ្យ​ប្រតិបត្តិ​នៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ChurchofJesusChrist.org ) ។ សមាជិក​គ្រួសារ​អាច​សម្តែង​ពី​របៀប​ពន្យល់​សេចក្តីជំនឿ​របស់យើង​អំពី​បទបញ្ញត្តិ​នេះ​ទៅ​ដល់​អ្នក​ដែល​ពុំបាន​ស្គាល់​សេចក្តីពិត​នេះ ឬ​អ្នក​ដែល​មានជំនឿ​ផ្សេង ។

លោកុប្បត្តិ ១:២៨; ម៉ូសេ ២:២៨; អ័ប្រាហាំ ៤:២៨ ។តើ​វា​មានន័យ​យ៉ាងណា​ដើម្បី « មានអំណាចលើ…ជីវិត​ផង​ទាំងឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង » ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:១៦–២១ ) ។ តើ​ក្រុមគ្រួសារ​របស់យើង​បំពេញ​ទំនួលខុសត្រូវ​របស់យើង​ដើម្បី​ថែរក្សា​ផែនដី​នេះ​យ៉ាងដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបានស្នើ ៖ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​យើង ។ បន្ទាប់ពី​អាន​វគ្គ​បទគម្ពីរ​មួយ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​អនុវត្ត​តាម​វគ្គបទគម្ពីរ​នេះ​ទៅនឹង​ជីវិត​របស់ពួកគេ ។ ឧទាហរណ៍ តើ ម៉ូសេ ៣:១–៣ អនុវត្ត​ទៅនឹង​ការប្រតិបត្តិ​ថ្ងៃឈប់សម្រាក​នៅរាល់​សប្តាហ៍​របស់​យើង​យ៉ាងដូចម្តេច ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២១ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​ឈរនៅ​លើ​ពពក

ការបង្កបង្កើត ដោយ អានី ហែនរី ណេឌើរ