« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១០–១៦ ខែ មករា
លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥
ការធ្លាក់របស់លោកអ័យដាម និងនាងអេវ៉ា
នៅពេលអ្នកសិក្សា លោកុប្បត្តិ ៣–៤ និង ម៉ូសេ ៤–៥ សូមពិចារណាពីអ្វីដែលព្រះអម្ចាស់កំពុងព្យាយាមបង្រៀនដល់អ្នក ។ សូមកត់ត្រាសេចក្តីពិតទាំងនេះ និងចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក ហើយសូមពិចារណាអំពីការណ៍ទាំងនេះនៅពេញមួយសប្តាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ដំបូង ដំណើររឿងនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា អាចហាក់ដូចជាសោកនាដកម្មមួយ ។ លោកអ័ដាម និងនាងអេវ៉ា ត្រូវបានបណ្តេញចេញពីសួនច្បារអេដែនដីស្រស់ស្អាត ។ ពួកគេត្រូវបានបោះចូលទៅក្នុងពិភពលោកជាកន្លែងដែលមានការឈឺចាប់ ទុក្ខសោក និងសេចក្តីស្លាប់ ( សូមមើល លោកុប្បត្តិ ៣:១៦–១៩ ) ។ ហើយពួកគេត្រូវបានបំបែកចេញពីព្រះវរបិតាសួគ៌របស់ពួកគេ ។ ប៉ុន្តែ ដោយសារតែសេចក្តីពិតដែលបានស្តារឡើងវិញ តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ នៅក្នុងព្រះគម្ពីរម៉ូសេ យើងដឹងថា ដំណើររឿងរបស់លោកអ័ដាម និងនាងអេវ៉ា តាមពិតនោះគឺជាសេចក្តីសង្ឃឹមមួយ—ហើយជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
សួនច្បារអេដែនគឺស្រស់ស្អាត ។ ប៉ុន្តែលោកអ័ដាម និងនាងអេវ៉ា ត្រូវការអ្វីមួយដែលលើសពីភាពស្រស់ស្អាតនៅជុំវិញនោះ ។ ពួកគាត់ត្រូវការ—ហើយយើងត្រូវការ—ឱកាសដើម្បីរីកចម្រើន ។ ការចាកចេញពីសួនច្បារអេដែនគឺជាជំហានដំបូងដ៏ចាំបាច់ឆ្ពោះទៅកាន់ការត្រឡប់ទៅរកព្រះវិញ ហើយនៅទីបំផុតបានប្រែក្លាយដូចជាទ្រង់ ។ នោះមានន័យថា ការប្រឈមមុខនឹងការផ្ទុយគ្នាទាំងឡាយ ការធ្វើខុស ការរៀនប្រែចិត្ត និងការទុកចិត្តទៅលើព្រះអង្គសង្រ្គោះ ដែលដង្វាយធួនរបស់ទ្រង់ធ្វើឲ្យមានការវិវត្ត និង « សេចក្តីអំណរអំពីសេចក្តីប្រោសលោះរបស់យើង » ( ម៉ូសេ ៥:១១ ) ។ ដូច្នេះ នៅពេលអ្នកអានអំពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា សូមកុំគិតតែពីសោកនាដកម្ម ប៉ុន្តែគិតទៅលើឱកាសទាំងឡាយ—គឺមិនមែនលើស្ថានសួគ៌ទេដែលលោកអ័ដាម និងនាងអេវ៉ាបានបាត់បង់នោះទេ ប៉ុន្តែស្ថិតនៅលើសិរីរុងរឿងដែលការជ្រើសរើសរបស់ពួកគាត់ក៏អនុញ្ញាតឲ្យយើងអាចទទួលបានផងដែរ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤; ៥:៤–១២
ការធ្លាក់គឺជាផ្នែកដ៏ចាំបាច់នៃផែនការរបស់ព្រះដើម្បីប្រោសលោះបុត្រាបុត្រីរបស់ទ្រង់ ។
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា បាននាំមកនូវការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណមកកាន់ពិភពលោក ។ វាក៏នាំមកនូវភាពមិនអនុគ្រោះ ទុក្ខសោក និងអំពើបាបផងដែរ ។ ទាំងអស់នេះហាក់ដូចជាមូលហេតុដើម្បីសោកស្តាយចំពោះការធ្លាក់ ។ ប៉ុន្តែ ការធ្លាក់គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ដើម្បីប្រោសលោះ និងលើកតម្កើងបុត្រាបុត្រីរបស់ទ្រង់តាមរយៈ « ការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ( ម៉ូសេ ៥:៧ ) ។ នៅពេលអ្នកសិក្សា លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤; ៥:៤–១២ តើសេចក្តីពិតអ្វីខ្លះដែលអ្នករកឃើញដែលជួយអ្នកឲ្យយល់ពីការធ្លាក់ និងរបៀបដែលដង្វាយធួនរបស់ព្រះគ្រីស្ទ យកឈ្នះលើការធ្លាក់ ? សំណួរបែបនេះអាចជួយ ៖
-
តើការធ្លាក់ប៉ះពាល់ដល់លោកអ័ដាម និងនាងអេវ៉ាយ៉ាងដូចម្ដេចដែរ ? តើវាប៉ះពាល់យ៉ាងណាខ្លះដល់ខ្ញុំ ?
-
ហេតុអ្វីបានជាលោកអ័ដាម និងនាងអេវ៉ាថ្វាយដង្វាយ ? តើដង្វាយទាំងនេះមាននិមិត្តរូបអ្វីខ្លះ ? តើខ្ញុំអាចរៀនអ្វីខ្លះចេញពីព្រះបន្ទូលរបស់ទេវតានៅក្នុងខគម្ពីរទាំងនេះ ?
-
ហេតុអ្វីលោកអ័ដាម និងនាងអេវ៉ា « រីករាយ » បន្ទាប់ពីការធ្លាក់របស់ពួកគាត់ ? តើខ្ញុំរៀនអ្វីខ្លះចេញពីដំណើររឿងទាំងនេះអំពីផែនការរបស់ព្រះដើម្បីប្រោសលោះខ្ញុំតាមរយៈព្រះយេស៊ូវ គ្រីស្ទ ?
ដោយសារព្រះគម្ពីរមរមន និងវិវរណៈថ្ងៃចុងក្រោយដទៃទៀត យើងមានទស្សនៈវិស័យដ៏ពិសេសអំពីការធ្លាក់ ។ ឧទាហរណ៍ សូមពិចារណាអំពីអ្វីដែលព្យាការី លីហៃ បានបង្រៀនក្រុមគ្រួសាររបស់លោកអំពីលោកអ័ដាម និងនាងអេវ៉ា នៅក្នុង នីហ្វៃទី ២ :១៥–២៧ ។ តើការបង្រៀនរបស់លីហៃ បញ្ជាក់ពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន និងជួយយើងយល់ពីមូលហេតុដែលវាមានសារៈសំខាន់យ៉ាងដូចម្តេច ?
សូមមើលផងដែរ កូរិនថូសទី ១ ១៥:២០–២២; ម៉ូសាយ ៣:១៩; អាលម៉ា ១២:២១–៣៧; គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៩–៤៣; មាត្រានៃសេចក្តីជំនឿ ១:៣; ដាល្លិន អេក អូក « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៣–៩៦; ដាល្លិន អេក អូក « Opposition in All Things » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៤–១៧; ជែហ្វ្រី អ័រ ហូឡិន « Where Justice, Love, and Mercy Meet » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៤–៦ ។
តើវាមានន័យយ៉ាងដូចម្តេចដែលលោកអ័ដាមត្រូវ « ត្រួតត្រាលើ » នាងអេវ៉ា ?
នៅពេលខ្លះ វគ្គបទគម្ពីរនេះត្រូវបានយល់ច្រឡំ ដោយមានន័យថាប្តីត្រូវបានរាប់ថាត្រឹមត្រូវក្នុងការប្រព្រឹត្តចំពោះភរិយាដោយមិនសប្បុរស ។ នៅក្នុងសម័យរបស់យើង ព្យាការីរបស់ព្រះអម្ចាស់បានបង្រៀនថា ខណៈដែលស្វាមីគួរតែធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសារដោយសុចរិតភាព នោះគាត់គួរតែឲ្យតម្លៃភរិយារបស់ខ្លួន ជាដៃគូស្មើភាពគ្នា ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » [ ChurchofJesusChrist.org] ) ។ អែលឌើរ ឌេល ជី រេនឡាន់ និងស៊ីស្ទើរ រ៉ូធ លីប៊ឺត រេនឡាន់ បានពន្យល់ថា ស្វាមីដែលសុចរិត « នឹងស្វែងរកធ្វើការងារបម្រើ ទទួលស្គាល់កំហុស និងស្វែងរកការអភ័យទោស គាត់ចូលចិត្តសរសើរ គាត់នឹងគិតពិចារណាពីចំណង់ចំណូលចិត្តរបស់សមាជិកគ្រួសារ គាត់នឹងស្គាល់ពីទម្ងន់ដ៏ធំនៃទំនួលខុសត្រូវដើម្បីផ្តល់ឲ្យ ‹ សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារ › ដល់ក្រុមគ្រួសាររបស់គាត់ គាត់នឹងប្រព្រឹត្តចំពោះភរិយារបស់គាត់ដោយការគោរព និងស្របតាមបំផុត ។… គាត់នឹងប្រសិទ្ធពរដល់គ្រួសាររបស់គាត់ » ( The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ ២០១៨ ] ទំព័រ ២៣ ) ។
ព្រះនឹងទទួលយកដង្វាយរបស់ខ្ញុំ ប្រសិនបើខ្ញុំថ្វាយវាដោយសុឆន្ទៈ និងបេះដូងគោរពប្រតិបត្តិ ។
លោកអ័ដាម និងនាងអេវ៉ា បានរៀនថា ការបូជាសត្វគឺជានិមិត្តរូបនៃការបូជាដ៏ធួននៃព្រះគ្រីស្ទ ហើយវាបានធ្វើឲ្យការណ៍នេះ « បានប្រាប់គ្រប់ការណ៍ទាំងអស់ដល់ពួកកូនប្រុសកូនស្រីរបស់ពួកគេ » ( ម៉ូសេ ៥:១២ ) ។ នៅពេលអ្នកសិក្សា ម៉ូសេ ៥:៤–៩, ១៦–២៦ សូមពិចារណាពីឥរិយាបទខុសគ្នានៃកូនប្រុសពីរនាក់របស់ពួកគេ គឺ កាអ៊ីន និងអេបិល ចំពោះការបូជានេះ ។ ហេតុអ្វីព្រះអម្ចាស់ទទួលយកការបូជារបស់អេបិល ប៉ុន្តែមិនទទួលយកការបូជារបស់កាអ៊ីន ?
តើការបូជាប្រភេទណាដែលព្រះអម្ចាស់សុំពីអ្នក ? តើមានអ្វីនៅក្នុង ម៉ូសេ ៥:៤–៩, ១៦–២៦ ដែលផ្លាស់ប្តូររបៀបដែលអ្នកគិតអំពីការបូជាទាំងនេះដែរឬទេ ?
សូមមើលផងដែរ ទំនុកដំកើង ៤:៥; កូរិនថូសទី ២ ៩:៧; អោមណៃ ១:២៦; នីហ្វៃទី ៣ ៩:១៩–២០; មរ៉ូណៃ ៧:៦–១១; គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨; ជែហ្វ្រី អ័រ ហូឡិន « Behold the Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៤–៤៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លោកុប្បត្តិ ៣; ម៉ូសេ ៤តើអ្នកអាចធ្វើអ្វីដើម្បីជួយក្រុមគ្រួសាររបស់អ្នកឲ្យយល់ដឹងកាន់តែប្រសើរឡើងពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ? អ្នកអាចថតចម្លងរូបភាពចេញពី « លោកអ័ដាម និងនាងអេវ៉ា » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) និងកាត់វាចេញមក ។ បន្ទាប់មកអ្នកអាចធ្វើការជាមួយគ្នាដើម្បីផ្គុំរូបភាពតាមលំដាប់លំដោយ នៅពេលអ្នកពិភាក្សាពីបទពិសោធន៍របស់លោកអ័ដាម និងនាងអេវ៉ា ។ ហេតុអ្វីការធ្លាក់មានសារៈសំខាន់នៅក្នុងផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតាសួគ៌ ? សូមមើលវីដេអូ « The Fall » ( ChurchofJesusChrist.org ) អាចជួយឆ្លើយសំណួរនេះបាន ។
-
ម៉ូសេ ៤:១–៤ ។តើយើងរៀនអ្វីខ្លះអំពីព្រះ ព្រះយេស៊ូវគ្រីស្ទ និងសាតាំងចេញពីខគម្ពីរទាំងនេះ ? ហេតុអ្វីសិទ្ធិជ្រើសរើសមានសារៈសំខាន់ចំពោះផែនការរបស់ព្រះដែលសាតាំងចង់បំផ្លាញសិទ្ធិជ្រើសរើសនេះ ?
-
ម៉ូសេ ៥:៥–៩ ។តើព្រះបានបញ្ជាលោកអ័ដាម និងនាងអេវ៉ា ឲ្យធ្វើអ្វីដើម្បីជួយពួកគេគិតអំពីព្រះអង្គសង្រ្គោះ ? តើព្រះបានប្រទានអ្វីដល់យើងដើម្បីជួយយើងគិតអំពីព្រះអង្គសង្រ្គោះ ?
-
ម៉ូសេ ៥:១៦–៣៤ ។តើវាមានអត្ថន័យយ៉ាងណាដើម្បីធ្វើជា « អ្នកថែរក្សាប្អូន » ? តើយើងអាចថែរក្សាគ្នាបានល្អប្រសើរជាគ្រួសារយ៉ាងដូចម្តេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « ជ្រើសរើសផ្លូវត្រូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ។