« ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ ‹ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១; អ័ប្រាហាំ ៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា
ម៉ូសេ ១; អ័ប្រាហាំ ៣
« នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង »
ពេលអ្នកអានអ្វីដែលព្រះបានមានបន្ទូលទៅកាន់ម៉ូសេ និងអ័ប្រាហាំ សូមពិចារណាពីអ្វីដែលទ្រង់អាចនឹងមានបន្ទូលទៅកាន់អ្នកផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ព្រះគម្ពីរប៊ីបចាប់ផ្ដើមជាមួយនឹងពាក្យ « កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី »( លោកុប្បត្តិ ១:១ ) ។ ចុះតើមានអ្វីខ្លះពីមុន « កាលដើមដំបូង »នេះ ? ហើយហេតុអ្វីបានជាព្រះបង្កើតវត្ថុទាំងនេះ ? តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានប្រទានចម្លើយចំពោះសំណួរទាំងនេះ ។
ឧទាហរណ៍ ទ្រង់បានប្រទានដល់យើងនូវកំណត់ត្រានៃការនិមិត្តមួយដែលអ័ប្រាហាំបានឃើញពីជីវិតរបស់យើងជាវិញ្ញាណ « មុនកំណើតលោកិយ » ( សូមមើលអ័ប្រាហាំ ៣:២២–២៨ ) ។ ព្រះអម្ចាស់ក៏បានប្រទានដល់យើងនូវការបកប្រែដែលបានបំផុសគំនិត ឬការកែប្រាំមួយជំពូកដំបូងនៃ គម្ពីរលោកុប្បត្តិ ដែលត្រូវបានហៅថា គម្ពីរម៉ូសេ—ដែលពុំបានចាប់ផ្តើមជាមួយនឹង « កាលដើមដំបូងឡើយ » ។ ផ្ទុយទៅវិញ វាចាប់ផ្ដើមជាមួយនឹងបទពិសោធន៍ដែលម៉ូសេមាន ដែលផ្ដល់នូវបរិបទមួយចំនួនសម្រាប់ដំណើររឿងការបង្កបង្កើតដ៏ល្បីល្បាញនោះ ។ ព្រះគម្ពីរថ្ងៃចុងក្រោយទាំងនេះរួមគ្នាគឺជាកន្លែងដ៏ល្អមួយដើម្បីចាប់ផ្ដើមការសិក្សារបស់យើងអំពីព្រះគម្ពីរសញ្ញាចាស់ ដោយសារវាលើកឡើងនូវសំណួរសំខាន់ៗមួយចំនួនដែលអាចកំណត់អំណានរបស់យើងដូចជា ៖ តើព្រះជានរណា ? តើយើងជានរណា ? តើកិច្ចការរបស់ព្រះគឺជាអ្វី ហើយតើតួនាទីរបស់យើងនៅក្នុងកិច្ចការនោះគឺជាអ្វី ? ជំពូកដំបូងៗនៃលោកុប្បត្តិអាចមើលឃើញថាជាការឆ្លើយតបរបស់ព្រះអម្ចាស់ទៅកាន់សំណើរបស់ម៉ូសេថា « ឱព្រះអង្គអើយ សូមមានសេចក្ដីមេត្តាករុណាដល់បាវបម្រើរបស់ទ្រង់ផងចុះ ហើយសូមប្រាប់ទូលបង្គំអំពីផែនដីនេះ និងអំពីបណ្ដាជនដែលអាស្រ័យនៅលើទីនោះ និងអំពីផ្ទៃមេឃ » ( ម៉ូសេ ១:៣៦ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ក្នុងនាមជាបុត្រម្នាក់របស់ព្រះ ខ្ញុំមានជោគវាសនាជាព្រះ ។
ប្រធាន ឌៀរថើរ អេហ្វ អុជដូហ្វ បានបង្រៀនថា« មាននូវការភាន់ច្រឡំដែលយើងជួបប្រទះនៅក្នុងជីវិតនេះ កើតចេញពីការពុំយល់ថាតើយើងជានរណា » ( « The Reflection in the Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៩ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្រះវរបិតាសួគ៌ជ្រាបដឹងពីការណ៍នេះ ហើយសាតាំងក៏ដូចគ្នាដែរ ។ សារដំបូងរបស់ព្រះទៅកាន់ម៉ូសេរួមមាននូវសេចក្ដីពិតថា « អ្នកជាបុត្ររបស់យើង » និង « អ្នកនៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង »( ម៉ូសេ ១:៤, ៦ ) ។ ផ្ទុយទៅវិញ សាតាំងបានហៅម៉ូសេគ្រាន់តែជា « កូនមនុស្ស » ប៉ុណ្ណោះ ( ម៉ូសេ ១:១២ ) ។ តើជីវិត និងការសម្រេចចិត្តរបស់អ្នកនឹងមានភាពខុសប្លែកបែបណា ប្រសិនបើអ្នកបានគិតពីខ្លួនឯងដូចជាសាតាំងចង់ឲ្យអ្នកគិត ថាជា « កូន[ប្រុស ឬស្រីនៃ] មនុស្ស » នោះ ? តើការដឹង និងការចងចាំថាអ្នកគឺជាបុត្ររបស់ព្រះផ្ដល់ពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេចខ្លះ ?
តើខគម្ពីរ ឬឃ្លាអ្វីខ្លះនៅក្នុង ម៉ូសេ ១ ដែលផ្ដល់ឲ្យអ្នកនូវអារម្មណ៍មួយនៃតម្លៃដ៏ទេវភាពរបស់អ្នក ?
ខ្ញុំអាចតតាំងនឹងឥទ្ធិពលរបស់សាតាំងបាន ។
ដូចដែល ម៉ូសេ ១ បង្ហាញយ៉ាងច្បាស់ នោះបទពិសោធន៍ខាងវិញ្ញាណដ៏មានអនុភាពទាំងឡាយពុំលើកលែងឲ្យយើងរួចផុតពីការល្បួងឡើយ ។ ពិតណាស់ ល្បិចកលមួយរបស់សាតាំងគឺល្បួងយើងឲ្យសង្ស័យចំពោះបទពិសោធន៍ទាំងនោះ ឬអ្វីដែលយើងបានរៀនមកពីបទពិសោធន៍ទាំងនោះ ។ នៅពេលអ្នកអានអំពីការឆ្លើយតបរបស់ម៉ូសេទៅកាន់សាតាំងនៅក្នុងខទី ១២–២៦ តើអ្នករៀនអ្វីខ្លះដែលអាចជួយអ្នកឲ្យបន្តមានភក្ដីភាពចំពោះទីបន្ទាល់ដែលអ្នកបានទទួល ? តើអ្វីទៅដែលជួយអ្នកឲ្យតតាំងនឹងការល្បួងផ្សេងៗទៀតរបស់សាតាំង ? ( ឧទាហរណ៍ សូមមើល ខទី ១៥ និង១៨ ) ។
ដោយផ្អែកទៅលើអ្វីដែលអ្នករៀន នោះអ្នកអាចដាក់ផែនការមួយសម្រាប់ការតតាំងនឹងការល្បួង ។ ឧទាហរណ៍ អ្នកអាចបំពេញប្រយោគនេះ « ពេលខ្ញុំត្រូវបានល្បួងឲ្យ នោះខ្ញុំនឹង » ។
សូមមើលផងដែរ ម៉ាថាយ ៤:១–១១; ហេលេមិន ៥:១២ ហ្គារី អ៊ី ស្ទីវិនសិន « Deceive Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៩៣–៩៦ « I Am a Son of God » (វីដេអូ) ChurchofJesusChrist.org ។
កិច្ចការ និងសិរីល្អរបស់ព្រះគឺដើម្បីជួយខ្ញុំទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
បន្ទាប់ពីបានឃើញការនិមិត្តមួយអំពីការបង្កបង្កើតរបស់ព្រះ ម៉ូសេបានទូលការស្នើសុំមួយទៅកាន់ព្រះអម្ចាស់ថា « សូមប្រាប់ទូលបង្គំថា … ម្ដេចក៏មានការណ៍ទាំងនេះ » ( ម៉ូសេ ១:៣០ ) ។ តើអ្វីទៅដែលធ្វើឲ្យអ្នកមានចំណាប់អារម្មណ៍ទៅលើការឆ្លើយតបរបស់ព្រះអម្ចាស់នៅក្នុង ម៉ូសេ ១:៣១–៣៩ ?
អ័ប្រាហាំក៏មានបទពិសោធន៍ជាការនិមិត្តមួយផងដែរ ដែលបានកត់ត្រានៅក្នុង អ័ប្រាហាំ ៣ ។ តើអ្នករកឃើញអ្វីខ្លះនៅក្នុង ខទី ២២–២៦ ដែលវាអាចជួយឆ្លើយតបទៅនឹងសំណើរបស់ម៉ូសេ ?
សូមពិចារណាសរសេរសេចក្ដីពិតផ្សេងទៀតដែលម៉ូសេ និងអ័ប្រាហាំបានរៀននៅក្នុងការនិមិត្តរបស់ពួកលោក ដូចជា ៖ សេចក្ដីពិតអំពីព្រះ អំពីខ្លួនពួកលោក និងអំពីគោលបំណងនៃការបង្កបង្កើតរបស់ព្រះ ។ តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលទៅលើរបៀបដែលអ្នកមើលខ្លួនឯង និងពិភពលោកជុំវិញអ្នកយ៉ាងដូចម្ដេច ?
សូមមើល topics.ChurchofJesusChrist.org ។
តើមនុស្សផ្សេងទៀតក្រៅពីអ័ប្រាហាំ « ត្រូវបានរើសតាំងពីមុន [ពួកគេ] ចាប់កំណើតមកម្ល៉េះ » មែនទេ ?
« នៅក្នុងពិភពវិញ្ញាណនៃជីវិតមុនផែនដីនេះ ព្រះបានតែងតាំងវិញ្ញាណមួយចំនួនឲ្យបំពេញតាមបេសកកម្មពិសេសនានាអំឡុងពេលជីវិតរមែងស្លាប់របស់ពួកគេ ។ នេះហៅថា ការតែងតាំងពីមុនកំណើតលោកិយ ។ … គោលលទ្ធិនៃការតែងតាំងទុកជាមុនអនុវត្តចំពោះសមាជិកគ្រប់រូបក្នុងសាសនាចក្រ ពុំមែនគ្រាន់តែចំពោះព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់នោះទេ » ( Gospel Topics « Foreordination », topics.ChurchofJesusChrist.org ) ។
តើយើងទទួលបានគម្ពីរម៉ូសេ និងអ័ប្រាហាំដោយរបៀបណា ?
គម្ពីរម៉ូសេគឺជាផ្នែកដំបូងនៃការបកប្រែដ៏បំផុសគំនិតរបស់យ៉ូសែប ស្ម៊ីធអំពីព្រះគម្ពីរប៊ីប ។ គម្ពីរអ័ប្រាហាំត្រូវបានបើកសម្ដែងដល់យ៉ូសែប ស្ម៊ីធអំឡុងពេលលោកធ្វើការជាមួយនឹងក្រាំងប្របុសទាំងឡាយនៃពួកអេស៊ីព្ទ ។ គម្ពីរទាំងនេះ ដែលសព្វថ្ងៃមាននៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ផ្ដល់ព័ត៌មានយ៉ាងច្រើនអំពីម៉ូសេ អ័ប្រាហាំ និងពួកព្យាការីផ្សេងទៀតដែលពុំមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ (topics.ChurchofJesusChrist.org ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ូសេ ១:២–៦; អ័ប្រាហាំ ៣:១១–១២ ។អ្នកអាចអញ្ជើញសមាជិកគ្រួសារឲ្យស្វែងរកឃ្លានៅក្នុងបទចម្រៀង « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ) ដែលទាក់ទងនឹងសេចក្តីពិតដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។
-
ម៉ូសេ ១:៤, ៣០–៣៩ ។តើគ្រួសាររបស់អ្នករីករាយនឹងការមើលនូវផលមួយចំនួន « ផលនៃដៃរបស់ [ព្រះ] » ដែរឬទេ ? ( ខទី ៤ )។ ប្រហែលជាអ្នកអាចអានខគម្ពីរទាំងនេះនៅក្នុងសួនច្បារមួយ ឬអង្គុយនៅក្រោមមេឃដែលមានផ្កាយដ៏ច្រើននាពេលយប់ ។ បន្ទាប់មក អ្នកអាចពិភាក្សាពីហេតុផលដែលព្រះបានបង្កើតពិភពលោកនេះ និងអំពីរបៀបដែលយើងចូលរួមនៅក្នុង « កិច្ចការ និងសិរីល្អ [របស់ទ្រង់] »( ខទី ៣៩ ) ។
-
ម៉ូសេ ១:១៨ ។តើយើងអាចចែកចាយពាក្យទូន្មានអ្វីខ្លះដើម្បីជួយគ្នា « វិនិច្ឆ័យរវាង » ព្រះ និងសាតាំង ? ( សូមមើលផងដែរ មរ៉ូណៃ ៧:១២–១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៣–២៤ ) ។
-
អ័ប្រាហាំ ៣:២៤–២៦ ។អ្នកអាចផ្ដល់ការងារដ៏លំបាកមួយ ប៉ុន្តែមានភាពរីករាយដល់សមាជិកគ្រួសារ ដែលអនុញ្ញាតឲ្យពួកគេបង្ហាញថាពួកគេអាចធ្វើតាមសេចក្ដីណែនាំនានាបាន ដូចជា ការបត់ក្រដាសធ្វើជាយន្តហោះ ឬការធ្វើតាមរូបមន្តម្ហូបណាមួយ ។ តើសកម្មភាពនេះស្រដៀងគ្នាទៅនឹងគោលបំណងនៃជីវិតរមែងស្លាប់របស់យើងដូចដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « ខ្ញុំជាកូនរបស់ព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ។