« គំនិតដើម្បីពិចារណា ៖ ការអានព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« គំនិតដើម្បីពិចារណា ៖ ការអានព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
គំនិតដើម្បីពិចារណា
ការអានព្រះគម្ពីរសញ្ញាចាស់
ស្វែងរកអត្ថន័យផ្ទាល់ខ្លួន
នៅពេលអ្នកពិចារណាពីឱកាសរបស់អ្នកដើម្បីសិក្សាព្រះគម្ពីរសញ្ញាចាស់នៅឆ្នាំនេះ តើអ្នកមានអារម្មណ៍បែបណា ? អន្ទះសារ ? មិនប្រាកដ ? ភ័យខ្លាច ? អារម្មណ៍ទាំងអស់នោះអាចយល់បាន ។ ព្រះគម្ពីរសញ្ញាចាស់គឺជាការប្រមូលផ្ដុំនៃការសរសេរដ៏ចំណាស់បំផុតមួយនៅក្នុងពិភពលោកនេះ ហើយវាអាចធ្វើឲ្យមានអារម្មណ៍ទាំងរំភើបរីករាយ និងភិតភ័យ ។ ការសរសេរទាំងនេះកើតចេញមកពីវប្បធម៌បុរាណមួយដែលពេលខ្លះវាទំនងជាមានភាពចម្លែក ឬភាពមិនស្រណុកក្នុងចិត្ត ។ ប៉ុន្តែនៅក្នុងការសរសេរទាំងនេះ យើងឃើញមនុស្សជាច្រើនកំពុងមានពិសោធន៍ដែលស្រដៀងគ្នា ហើយយើងស្គាល់បាវចនានៃដំណឹងល្អដែលធ្វើជាសាក្សីពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
ពិតណាស់ មនុស្សដូចជា អ័ប្រាហាំ សារ៉ា ហាណា និងដានីយ៉ែលបានរស់នៅក្នុងជីវិតដែលខុសប្លែកពីយើង ។ ប៉ុន្តែពួកគេក៏ដកពិសោធន៍នូវអំណរនៃគ្រួសារ និងការមិនចុះសម្រុងក្នុងគ្រួសារ គ្រានៃសេចក្ដីជំនឿ និងគ្រានៃភាពមិនច្បាស់លាស់ ព្រមទាំងភាពជោគជ័យ និងភាពបរាជ័យ—ដូចជាយើងគ្រប់គ្នាជួបដែរ ។ សំខាន់ជាងនេះទៅទៀត ពួកគេបានអនុវត្តសេចក្ដីជំនឿ បានប្រែចិត្ត បានចុះសេចក្ដីសញ្ញា មានបទពិសោធន៍ខាងវិញ្ញាណ និងពុំដែលបោះបង់ការខិតខំរបស់ពួកគេដើម្បីគោរពចំពោះព្រះឡើយ ។
ប្រសិនបើអ្នកងឿងឆ្ងល់ថាតើអ្នក និងគ្រួសារអ្នកអាចស្វែងរកអត្ថន័យផ្ទាល់ខ្លួននៅក្នុងព្រះគម្ពីរសញ្ញាចាស់ឆ្នាំនេះដែរឬអត់ សូមគិតពិចារណាពីអ្វីដែលគ្រួសារលីហៃ និងសារ៉ាបានធ្វើ ។ នីហ្វៃបានចែកចាយដំណើររឿងអំពីម៉ូសេ និងការបង្រៀនមកពីអេសាយ ពេលពួកបងប្រុសរបស់គាត់ត្រូវការការលើកទឹកចិត្ត ឬការកែតម្រូវ ឬទស្សនវិស័យ ។ នៅពេលនីហ្វៃ បាននិយាយថា « ព្រលឹងខ្ញុំត្រេកអរចំពោះបទគម្ពីរទាំងឡាយ » ( នីហ្វៃទី ២ ៤:១៥ ) គាត់បាននិយាយអំពីព្រះគម្ពីរដែលឥឡូវនេះជាផ្នែកមួយនៃព្រះគម្ពីរសញ្ញាចាស់ ។
ស្វែងរកព្រះអង្គសង្រ្គោះ
ប្រសិនបើអ្នកងឿងឆ្ងល់ថាតើអ្នក និងគ្រួសាររបស់អ្នកអាចមកជិតព្រះយេស៊ូវ គ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរសញ្ញាចាស់ឬអត់ សូមចាំក្នុងចិត្តថា ព្រះអង្គសង្រ្គោះទ្រង់ផ្ទាល់បានអញ្ជើញយើងឲ្យអានព្រះគម្ពីរសញ្ញាចាស់ ។ នៅពេលទ្រង់បានប្រាប់ដល់ពួកអ្នកដឹកនាំនៃពួកយ៉ូដាថា « គម្ពីរ…ធ្វើបន្ទាល់ពីខ្ញុំ » ( យ៉ូហាន ៥:៣៩ ) ទ្រង់បានមានបន្ទូលអំពីការសរសេរដែលយើងហៅថា ព្រះគម្ពីរសញ្ញាចាស់ ។ ដើម្បីស្វែងរកព្រះអង្គសង្រ្គោះនៅក្នុងអ្វីដែលអ្នកអាន នោះអ្នកអាចត្រូវសញ្ជឹងគិតដោយអំណត់ ហើយស្វែងរកការណែនាំពីខាងវិញ្ញាណ ។ នៅពេលខ្លះ ការលើកឡើងពីទ្រង់ហាក់ដូចជាចំៗ ដូចជានៅក្នុងការប្រកាសរបស់អេសាយ « មានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើង… ហើយគេនឹងហៅព្រះនាមទ្រង់ថា…ម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ។ នៅកន្លែងផ្សេងៗទៀត ព្រះអង្គសង្រ្គោះត្រូវបានចង្អុលបង្ហាញយ៉ាងប៉ិនប្រសប់ តាមរយៈនិមិត្តរូប និងភាពស្រដៀងគ្នា—ឧទាហរណ៍ តាមរយៈការពិពណ៌នានៃការបូជាសត្វពាហនៈ ( សូមមើល លេវីវិន័យ ១:៣–៤ ) ឬដំណើររឿងនៃយ៉ូសែបអភ័យទោសឲ្យពួកបងៗ ហើយបានជួយពួកគេរួចផុតពីគ្រោះទុរភិក្ស ។
ប្រសិនបើអ្នកស្វែងរកសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះអង្គសង្រ្គោះនៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាចាស់ អ្នកនឹងរកឃើញវា ។ ប្រហែលជាកិច្ចការនេះអាចជាគោលបំណងនៃការសិក្សារបស់អ្នកនៅក្នុងឆ្នាំនេះ ។ អធិស្ឋានសូមឲ្យព្រះវិញ្ញាណនឹងដឹកនាំអ្នកឲ្យរកឃើញ ហើយផ្តោតលើវគ្គបទគម្ពីរ ដំណើររឿង និងការព្យាករទាំងឡាយដែលនឹងនាំអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវ គ្រីស្ទ ។
បានការពារដោយព្រះ
សូមកុំរំពឹងថាព្រះគម្ពីរសញ្ញាចាស់មានប្រវត្តិសាស្រ្តរបស់មនុស្សហ្មត់ចត់ និងច្បាស់លាស់ឡើយ ។ នោះមិនមែនជាអ្វីដែលអ្នកនិពន្ធ និងអ្នកចងក្រងដើមព្យាយាមដើម្បីបង្កើតឡើយ ។ កង្វល់ដ៏ធំរបស់ពួកគាត់គឺដើម្បីបង្រៀនអ្វីមួយអំពីព្រះ—អំពីផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ អំពីអត្ថន័យនៃការធ្វើជាប្រជារាស្រ្តក្នុងក្តីសញ្ញារបស់ទ្រង់ និងអំពីរបៀបដើម្បីស្វែងរកការប្រោសលោះនៅពេលយើងបានរស់នៅតាមសេចក្តីសញ្ញារបស់យើង ។ នៅពេលខ្លះពួកគាត់សរសេរវា ដោយការភ្ជាប់ទំនាក់ទំនងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា ដូចដែលពួកគាត់យល់អំពីវា—រួមទាំងដំណើររឿងចេញពីជីវិតនៃពួកព្យាការីដ៏អស្ចារ្យ ។ លោកុប្បត្តិគឺជាគំរូមួយអំពីរឿងនេះ ក៏ដូចជាគម្ពីរយ៉ូស្វេ ពួកចៅហ្វាយ និងពង្សាវតារក្សត្រទី១ និង ពង្សាវតារក្សត្រទី២ ផងដែរ ។ ប៉ុន្តែអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់ផ្សេងៗទៀតមិនមានគោលបំណងធ្វើជាប្រវត្តិសាស្រ្តសោះឡើយ ។ ផ្ទុយទៅវិញ ពួកគាត់បានបង្រៀនតាមរយៈស្នាដៃសិល្បៈដូចជា កំណាព្យ និងអក្សរសាស្រ្ត ។ ទំនុកដំកើង និងសុភាសិតត្រូវនឹងផ្នែកនេះ ។ ហើយបន្ទាប់មក មានពាក្យពេចន៍ដ៏មានតម្លៃនៃពួកព្យាការី ចាប់ពីអេសាយទៅដល់ ម៉ាឡាគី ដែលពួកលោកបាននិយាយពីព្រះបន្ទូលរបស់ព្រះដល់ពួកអ៊ីស្រាអែលពីបុរាណ—ហើយតាមរយៈអព្ភូតហេតុនៃព្រះគម្ពីរប៊ីប នៅតែបន្តនិយាយមកកាន់យើងនៅសព្វថ្ងៃនេះ ។
តើពួកព្យាការី កំណាព្យ និងអ្នកចងក្រងទាំងនេះដឹងថាពាក្យពេចន៍របស់ពួកគាត់នឹងត្រូវបានមនុស្សអានទូទាំងពិភពលោករាប់ពាន់ឆ្នាំ ក្រោយមកដែរឬទេ ? យើងពុំដឹងទេ ។ ប៉ុន្តែយើងស្ញប់ស្ញែងថា នេះជាអ្វីដែលបានកើតឡើងពិតប្រាកដ ។ ប្រជាជាតិបានក្រោកឡើង ហើយដួល ទីក្រុងត្រូវបានដណ្តើមយក ស្តេចដែលមានព្រះជន្មរស់ ក៏បានសុគត ប៉ុន្តែព្រះគម្ពីរសញ្ញាចាស់នៅតែមានជីវិត ពីមួយជំនាន់ទៅកាន់មួយជំនាន់ ពីអ្នកនិពន្ធម្នាក់ទៅអ្នកនិពន្ធម្នាក់ទៀត ពីការបកប្រែមួយទៅការបកប្រែមួយទៀត ។ ពិតប្រាកដណាស់ភាគខ្លះត្រូវបានបាត់ ឬបានកែប្រែ ប៉ុន្តែ ភាគច្រើនត្រូវបានរក្សាទុកដោយអព្ភូតហេតុ ។១
ទាំងអស់នេះគឺគ្រាន់តែជារឿងពីរបីដែលត្រូវចងចាំប៉ុណ្ណោះនៅពេលអ្នកអានព្រះគម្ពីរសញ្ញាចាស់នៅក្នុងឆ្នាំនេះ ។ ប្រហែលជាព្រះបានរក្សាទុកការសរសេរពីបុរាណទាំងនេះ ពីព្រោះទ្រង់ជ្រាបដឹងពីអ្នក ហើយនិងអ្វីដែលអ្នកកំពុងឆ្លងកាត់ ។ ប្រហែលជាទ្រង់បានរៀបចំសារលិខិតខាងវិញ្ញាណសម្រាប់អ្នកនៅក្នុងព្រះបន្ទូលទាំងនេះ អ្វីមួយដែលនឹងធ្វើឲ្យអ្នកខិតកាន់តែជិតទ្រង់ ហើយស្ថាបនាសេចក្តីជំនឿរបស់អ្នកនៅលើផែនការរបស់ទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ។ ប្រហែលជាទ្រង់នឹងដឹកនាំអ្នកទៅកាន់វគ្គបទគម្ពីរ ឬការយល់ដឹងមួយដែលនឹងផ្តល់ពរជ័យដល់នរណាម្នាក់ដែលអ្នកស្គាល់—សារដែលអ្នកនឹងចែកចាយជាមួយមិត្តភក្តិ សមាជិកគ្រួសារ ឬពួកបរិសុទ្ធផ្សេងទៀត ។ មានអ្វីៗជាច្រើនដែលអាចធ្វើទៅបាន ។ តើនោះមិនគួរឲ្យរីករាយទេឬអីដែលគិតអំពីវា ?