ព្រះគម្ពីរ
ម៉ូសេ 2


ជំពូក​ទី ២

(មិថុនា–តុលា ១៨៣០)

ព្រះ​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី — គឺ​ជីវិត​គ្រប់​ប្រភេទ​ត្រូវ​បាន​បង្កើត​ឡើង — ព្រះ​ទ្រង់​បង្កើត​មនុស្ស ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ត្រួតត្រា​លើ​គ្រប់​ការណ៍​ទាំង​អស់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ មើល​ចុះ យើង​បើក​សម្ដែង​ដល់​អ្នក​អំពី​ផ្ទៃ​មេឃ​នេះ និង​ផែនដី​នេះ ចូរ​កត់​នូវ​ព្រះ​បន្ទូល​ដែល​យើង​មាន​បន្ទូល​ចុះ។ យើង​ជាដើម និង​ជា​ចុង ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ដោយ​សារ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ទើប​យើង​បាន​បង្កើត​របស់​ទាំង​នេះ​មក មែន​ហើយ គឺ​នៅ​ដើមដំបូង​ឡើយ យើង​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដែល​អ្នក​ឈរ​លើ។

ហើយ​ផែនដី​គ្មាន​រូបរាង ហើយ​នៅ​ទទេ ហើយ​យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ងងឹត​គ្រប​លើ​ផ្ទៃ​នៃ​ជម្រៅ​ទឹក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​រេរា​នៅ​ពីលើ​ផ្ទៃ​ទឹក ត្បិត​យើង​ជា​ព្រះ។

ហើយ​យើង​ជា​ព្រះ បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ហើយ​ក៏​មាន​ពន្លឺ​ឡើង។

ហើយ​យើង​ជា​ព្រះ បាន​ឃើញ​ពន្លឺ​នោះ ហើយ​ពន្លឺ​នោះ​ល្អ។ ហើយ​យើង​ជា​ព្រះ​បាន​ញែក​ពន្លឺ​ចេញ​ពី​ងងឹត។

ហើយ​យើង​ជា​ព្រះ បាន​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ងងឹត យើង​បាន​ហៅថា​ជា​យប់ ហើយ​ការណ៍​នេះ​យើង​ធ្វើ​ឡើង ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​ចេស្ដា​របស់​យើង ហើយ​ការណ៍​នោះ​ក៏​មាន​ដូច្នោះ ដូចដែល​យើង​បាន​មាន​បន្ទូល​មក ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ១។

ហើយ​ជា​ថ្មី​ទៀត យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្ដាល​ទឹក ហើយ​ក៏​មាន​ដូច្នោះ ដូចដែល​យើង​បាន​មាន​បន្ទូល​មក ហើយ​យើង​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​វា​ញែក​ទឹក​ចេញ​ពី​គ្នា ហើយ​ក៏​មាន​ដូច្នោះ។

ហើយ​យើង​ជា​ព្រះ ក៏​ធ្វើ​ប្រឡោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ហើយ​ក៏​មាន​ដូច្នោះ ដូច​ដែល​យើង​បាន​មាន​បន្ទូល​មក។

ហើយ​យើង​ជា​ព្រះ​បាន​ហៅ​ប្រឡោះ​នោះ​ថា​ជា​មេឃ ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ២។

ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ក៏​មាន​ដូច្នោះ ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​ដីគោក​ឡើង ហើយ​ក៏​មាន​ដូច្នោះ។

១០ហើយ​យើង​ជា​ព្រះ បាន​ហៅ​ដីគោក​នោះ​ថា​ជា​ផែនដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​យើង​ហៅថា​ជា​សមុទ្រ ហើយ​យើង​ជា​ព្រះ​បាន​ឃើញ​ថា​របស់​គ្រប់​យ៉ាង​ដែល​យើង​បាន​ធ្វើ​ឡើង​សុទ្ធ​តែ​ល្អ។

១១ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​ផែន​ដីដុះ​តិណជាតិ​ឡើង គឺជា​ពួក​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់ និង​ដើម​ឈើ ដែល​មាន​ផ្លែ​តាម​ពូជ និង​ដើម​ឈើ​ដែល​មាន​ផ្លែ គឺ​មាន​គ្រាប់​ក្នុង​ផ្លែ​នៅ​លើ​ផែនដី ហើយ​ក៏​មាន​ដូច្នោះ ដូចដែល​យើង​បាន​មាន​បន្ទូល​មក។

១២ហើយ​ផែនដី​ក៏​ដុះ​តិណជាតិ​ឡើង ជា​ពួក​ស្មៅ និង​រុក្ខជាតិ​គ្រប់​មុខ​ដែល​មាន​គ្រាប់​តាម​ពូជ​វា និង​ដើម​ឈើ​ដែល​មាន​ផ្លែ គឺ​មាន​គ្រាប់​ក្នុង​ផ្លែ​តាម​ពូជ​វា ហើយ​យើង​ជា​ព្រះ​បាន​ឃើញ​ថា​របស់​គ្រប់​យ៉ាង​ដែល​យើង​បាន​ធ្វើ​ឡើង​នោះ​សុទ្ធ​តែ​ល្អ

១៣ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ៣។

១៤ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ ហើយ​សម្រាប់​ទុក​ជាទី​សម្គាល់ និង​សម្រាប់​ជា​រដូវ និង​សម្រាប់​ជា​ថ្ងៃ និង​សម្រាប់​ជា​ឆ្នាំ

១៥ហើយ​ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី ហើយ​ក៏​មាន​ដូច្នោះ។

១៦ហើយ​យើង​ជា​ព្រះ​បាន​ធ្វើ​ពន្លឺ​ធំ​ជា​ពីរ​តួ មួយ​ដែល​ធំ​ជាង នោះ​សម្រាប់​ត្រួត​ក្នុង​ពេល​ថ្ងៃ ហើយ​មួយ​ដែល​តូច​ជាង សម្រាប់​ត្រួត​ក្នុង​ពេល​យប់ ហើយ​ពន្លឺ​ដែល​ធំ​ជាង​នោះ​គឺជា​ព្រះ​អាទិត្យ ហើយ​ពន្លឺ​ដែល​តូច​ជាង​នោះ​គឺជា​ព្រះ​ចន្ទ ហើយ​ព្រម​ទាំង​តារា​ទាំង​ឡាយ ក៏​បាន​ធ្វើ​ឡើង តាម​ព្រះ​បន្ទូល​របស់​យើង​ដែរ។

១៧ហើយ​យើង​ជា​ព្រះ បាន​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ឯ​ផ្ទៃ​មេឃ ដើម្បី​នឹង​បំភ្លឺ​មក​លើ​ផែនដី

១៨ហើយ​ព្រះ​អាទិត្យ​ត្រួត​ក្នុង​ពេល​ថ្ងៃ ហើយ​ព្រះ​ចន្ទ​ត្រួត​ក្នុង​ពេល​យប់ ហើយ​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ងងឹត ហើយ​យើង​ជា​ព្រះ​បាន​ឃើញ​ថា​របស់​គ្រប់​យ៉ាង​ដែល​យើង​បាន​ធ្វើ​ឡើង​នោះ​សុទ្ធ​តែ​ល្អ

១៩ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ៤។

២០ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​ទឹក​មាន​ពោរ​ពេញ​ទៅ​ដោយ​មច្ឆាជាតិ​រវើក​ជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​ពី​លើ​ដី​នៅ​នា​អាកាស។

២១ហើយ​យើង​ជា​ព្រះ បាន​បង្កើត​ត្រី​បាឡែន​ដ៏​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក ដែល​ទឹក​ទាំង​ឡាយ​បាន​នាំ​មក​ជា​បរិបូរ​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ​តាម​ពូជ​ដែរ ហើយ​យើង​ជា​ព្រះ​បាន​ឃើញ​ថា​របស់​គ្រប់​យ៉ាង ដែល​យើង​បាន​បង្កើត​ឡើង​នោះ​សុទ្ធ​តែ​ល្អ។

២២ហើយ​យើង​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ថា ៖ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​នៅ​ក្នុង​ទឹកសមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចម្រើន​ឡើង​នៅ​ផែនដី​ដែរ

២៣ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ៥។

២៤ហើយ​យើង​ជា​ព្រះ បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​ផែនដី​មាន​ពោរ​ពេញ​ទៅ​ដោយ​ចតុប្បាទ​ជាតិ​តាម​ពូជ គឺជា​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ ហើយ​ក៏​មាន​ដូច្នោះ

២៥ហើយ​យើង​ជា​ព្រះ​បាន​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដីគោក​តាម​ពូជ​ដែរ ហើយ​យើង​ជា​ព្រះ​បាន​ឃើញ​ថា​គ្រប់​របស់​ទាំង​នេះ​សុទ្ធ​តែ​ល្អ។

២៦ហើយ​យើង​ជា​ព្រះ បាន​មាន​បន្ទូល​ទៅ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​បាន​គង់នៅ​ជាមួយ​នឹង​យើង ចាប់​តាំង​ពី​ដើម​ដំបូង​មក​ថា ៖ ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ក៏​មាន​ដូច្នោះ។ ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ថា ៖ ចូរ​ឲ្យ​ពួក​គេ​មាន​អំណាច​ត្រួតត្រា​លើ​ត្រី​សមុទ្រ និង​លើ​សត្វ​ហើរ​លើ​អាកាស និង​លើ​សត្វ​ជើង​បួន និង​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​លើ​សត្វ​លូន​វារ ដែល​វារ​នៅ​ផែនដី​ផង។

២៧ហើយ​យើង​ជា​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​យើង គឺ​ដូច​ជា​រូប​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង នោះ​យើង​បាន​បង្កើត​គេ​មក គឺជា​ប្រុស​ជា​ស្រី យើង​បាន​បង្កើត​ពួក​គេ​ឡើង។

២៨ហើយ​យើង​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួក​គេ ហើយ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា ៖ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ហើយ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​ត្រួតត្រា​លើ​ត្រី​សមុទ្រ និង​លើ​សត្វ​ហើរ​លើ​អាកាស និង​លើ​ជីវិត​ផង​ទាំង​ឡាយ​ដែល​កម្រើក​នៅ​ផែនដី​ផង។

២៩ហើយ​យើង​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​បុរស​ថា ៖ មើល​ចុះ យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​គ្រប់​ទាំង​តិណជាតិ​មាន​គ្រាប់​ពូជ ដែល​ដុះ​នៅ​ផែនដី និង​គ្រប់​ទាំង​ដើម​ឈើ​ទាំង​ឡាយ ដែល​កើត​ផ្លែ​មាន​គ្រាប់​ពូជ របស់​ទាំង​នោះ​នឹង​ទៅ​ជា​អាហារ​ដល់​អ្នក។

៣០ហើយ​ចំពោះ​អស់​ទាំង​សត្វ​នៅ​លើ​ផែនដី និង​ចំពោះ​សត្វ​ហើរ​លើ​អាកាស និង​ចំពោះ​គ្រប់​សត្វ​ទាំង​ឡាយ ដែល​លូន​វារ​នៅ​លើ​ផែនដី ដែល​យើង​បាន​ឲ្យ​មាន​ជីវិត​ទាំង​ប៉ុន្មាន នោះ​នឹង​ត្រូវ​ប្រទាន​គ្រប់​តិណជាតិ​ល្អៗ​ឲ្យ​ធ្វើ​ជា​អាហារ ហើយ​ក៏​មាន​ដូច្នោះ គឺ​ដូចដែល​យើង​បាន​មាន​បន្ទូល​មក។

៣១ហើយ​យើង​ជា​ព្រះ បាន​ទត​គ្រប់​ទាំង​របស់​ដែល​យើង​បាន​ធ្វើ​នោះ ហើយ​មើល​ចុះ របស់​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​នោះ​សុទ្ធ​តែ​ល្អ​ប្រពៃ ហើយ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី ៦ ៕