ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥​ម៉ូសេ ៦ ៖ « ចូរ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក »


« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥,ម៉ូសេ ៦ ៖ ‹ ចូរ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥,​ម៉ូសេ ៦ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

អ័ដាម និង​អេវ៉ា​នៅ​ខាងក្រៅ​សួនច្បារ​អេដែន

ប្រសើរ​ជាង ស្ថាន​បរមសុខ ដោយ ឃេន​ឌែល រ៉េ ចនសុន

ថ្ងៃទី ១៧–២៣ ខែ មករា

លោកុប្បត្តិ ៥ ម៉ូសេ ៦

« ចូរ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក »

ការ​រៀបចំ​ខ្លួន​របស់​បងប្អូន​ដើម្បី​បង្រៀន​កាល​ចាប់​ផ្ដើម​សិក្សា លោកុប្បត្តិ ៥ និង ម៉ូសេ ៦ ។ នៅ ពេល​បងប្អូន​ធ្វើ​ដូច្នេះ សូម​ស្តាប់​ការ​បញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​កុមារ​ត្រូវ​រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅលើ​សន្លឹក​ក្រដាស សូម​សរសេរ​ពាក្យ​គន្លឺះ​ដែល​អាច​ជួយ​កុមារ ឲ្យ​ចងចាំ​អំពីអ្វី​ដែល​ពួកគេ បាន​រៀន​នៅ​ផ្ទះ​ក្នុង​សប្តាហ៍នេះ​ឬ​នៅក្នុង​មេរៀន​ថ្នាក់​អង្គកា​បឋម​សិក្សា​កាល​ពីមុន ។ ចូរ​ឲ្យ​កុមារ​ផ្លាស់​វេនគ្នា​ជ្រើសរើស​ពាក្យ​ដោយ​ចៃដន្យ ។ បន្ទាប់​ពី​បាន​ជ្រើសរើស​ពាក្យ​មួយ​រួច​ហើយ សូម​ឲ្យ​កុមារ​ណាម្នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ដែល​ទាក់​ទង​ទៅនឹង​ពាក្យ​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ូសេ ៦:២៧ ,​៣១–៣៤

ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។

ពេល ហេណុក ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​លោក​ព្រួយ​បារម្មណ៍​ថា​លោក​នឹងត្រូវ​បរាជ័យ ។ ប៉ុន្តែ​ព្រះ​បាន​ជួយលោក​ធ្វើ​កិច្ច​ការ​ដ៏អស្ចារ្យ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែក​ចាយ​អំពី​គ្រា​ដែល​ពួកគេ​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ពិបាក​ឬ គួរ​ឲ្យខ្លាច​ចំពោះ​ពួកគេ ។ សូម​ចែកចាយ​ដំណើរ​រឿង​នៃការ​ហៅ​របស់​ហេណុក ដើម្បី​ធ្វើ​ជាព្យាការី ដែល​មាន​នៅក្នុង ម៉ូសេ ៦:២៧ ,​៣១-៣៤ ( សូមមើល​ផងដែរ « ហេណុក​គឺ​ជា​ព្យាការី » នៅក្នុង ដំណើរ​រឿង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ) ។ សូម​បញ្ជាក់​ថាទោះ​បីជា​ហេណុក​មិនមាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ជាព្យាការី​ក្តី​តែ​ព្រះ​បាន​សន្យាថា​នឹង​ជួយ​លោក ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពីរបៀប​មួយ​ចំនួន​ដែល​ព្រះ​ជួយ​យើង នៅពេល​យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យធ្វើ​កិច្ចការ​ពិបាកៗ ។

ម៉ូសេ ៦:៥២

ដំណឹងល្អ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​វិញ ។

ព្រះ​បាន​បង្រៀន​អ័ដាម អំពី​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​ត្រឡប់​ទៅ​ជួប​ទ្រង់​វិញ—ចូរមាន​សេចក្តី​ជំនឿ ប្រែចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូនអាច​ជួយ​កុមារ​ឲ្យ​រៀនសូត្រ​បន្ថែម​អំពី​ការណ៍​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ស្វែងរក​ឬ គូររូបភាព​តំណាង​ឲ្យ​សេចក្តី​ជំនឿ​ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង អំណោយទាន​នៃ​ព្រះវិញ្ញាណ ( សូមមើល​សកម្មភាព​ប្រចាំ​សប្ដាហ៍​នេះ ) ។​ ដាក់​រូបភាព​ជា​ជួរ ដែល​ដឹកនាំ ទៅរក​រូបភាព​របស់​ព្រះ យេស៊ូវ​គ្រីស្ទ ។ សូមអាន ម៉ូសេ ៦:៥២ ដល់​កុមារ ហើយ​សុំ​ឲ្យ​ពួកគេ​ឈរ​ជិត​រូបភាព​ដែល​ត្រឹម​ត្រូវ​នៅពេល​ដែល​ពួកគេ​ឮ​ពាក្យ​ដែល​តំណាង​ឲ្យ​រូបភាពនោះ ( នៅក្នុង​ខនេះ ពាក្យ « ជឿ » គឺ​ប្រើ​សម្រាប់​ពាក្យ « សេចក្តី​ជំនឿ » ) ។

  • ច្រៀង​ចម្រៀង​ដែល​បង្រៀន​គោល​ការណ៍​ក្នុង ម៉ូសេ ៦:៥២ ដូចជា​បទ « ជំនឿ » « បិតា​សូម​ជួយ​កូន »​ ( វគ្គទី ២ )​ « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » និង « ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ  ទំព័រ ៥០–៥១,៥២,៥៣,៥៤ ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា​ការធ្វើ​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​ចម្រៀង នឹង​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះ​វរបិតា​សួគ៌​វិញ ។

ម៉ូសេ ៦:៥៨

ព្រះ​វរ​បិតា​សួគ៌​ចង់​ឲ្យ​ឪពុក​ម្តាយ​បង្រៀន​ដល់​កូនៗ​របស់​ខ្លួន ។

ចាប់​តាំង​ពី​ជំនាន់​របស់​លោក អ័ដាម និង នាងអេវ៉ា​ឪពុក​ម្តាយ​ត្រូវ​បាន​បង្គាប់​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ពួកគេ ។ តើ​បងប្អូន​អាច​ជួយ​លើកទឹកចិត្ត​កុមារ​ឲ្យ​ស្តាប់​និង​ដើរ​តាម​ការ​បង្រៀន​សុចរិត​របស់​ឪពុក​ម្តាយ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ូសេ ៦:៥៨ ដល់​កុមារ ហើយ​បង្ហាញ​រូបភាព​ក្រុម​គ្រួសារ​របស់​អ័ដាម និង​អេវ៉ា​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ សូម​ជួយ​កុមារ​ឲ្យ​ថា​តាម​ឃ្លា « ចូរ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរីដល់​កូនចៅ​របស់​បងប្អូន» ។ សូម​ពន្យល់​ថា​ព្រះ​ចង់​ឲ្យ​ឳពុក​ម្តាយ​គ្រប់រូប​ធ្វើតាម​គំរូ​របស់​ក្រុម​គ្រួសារ​អ័ដាម និង​អេវ៉ា​ដោយ​ការ​បង្រៀន​កូន​ចៅ​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​សួរ​កុមារ​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ នៅ​ពេល​ឳពុក​ម្តាយ​របស់​ពួកគេ​ឬ អ្នក​ដទៃទៀត​បង្រៀន​ដំណឹងល្អ​ដល់​ពួកគេ ។

  • សូម​ជួយ​កុមារ​ផ្គូផ្គង​រូបថត​របស់​ពួកគេ​ជាមួយ​និង​ឳពុក​ម្តាយ​របស់​ពួកគេ ឬ​រូបភាព​កូន​សត្វ​តូចៗ​ជាមួយ​និង​មេ​របស់​វា ។ តើ​ឳពុក​ម្តាយ​អាច​ជួយ​កូនរបស់​ពួកគេ​យ៉ាង​ដូច​ម្ដេច ? តើ​ពួក​គាត់​បង្រៀន​ពួកគេ​អ្វី​ខ្លះ ? សុំ​ឲ្យ​កុមារ​គូរ​រូបភាព​ក្រុម​គ្រួសារ​របស់​ពួកគេ នៅ​ពេល​ដែល​ឳពុក​ម្តាយ​បង្រៀន​កូនៗ ដូច​ជា​ការ​អាន​ព្រះ​គម្ពីរ​ជាមួយគ្នា ការអធិស្ឋាន​ជាមួយគ្នា ឬ​ការ​បរិភោគ​អាហារ​ជាមួយគ្នា ។

    គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

    ឪពុក​ម្តាយ​គួរតែ​បង្រៀន​ដំណឹង​ល្អ​ដល់​កូនៗ​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ូសេ ៦:២៦–៣៤

ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។

ទោះ​បី​ហេណុក​មាន​អារម្មណ៍​ពុំ​ល្អគ្រប់គ្រាន់​ក៏ព្រះ​បាន​ជួយ លោក​ក្នុង​ការបំពេញ​ការហៅ​របស់​លោក​ជាព្យាការី ។ ព្រះ​ក៏​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ធ្វើ​កិច្ចការ​ពិបាកៗ​បាន​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ូសេ ៦:២៦–៣៤ជា​មួយ​កុមារ ។ ហេតុអ្វី​បាន​ជា​ហេណុក មាន​អារម្មណ៍​ថា គាត់​មិន​អាច​ផ្សាយ​ដំណឹងល្អ ( សូមមើល ម៉ូសេ ៦:៣១ ) ។ តើ​ព្រះបាន​ជួយ​ហេណុក​យ៉ាង​ដូចម្តេច​ខ្លះ ? ( សូមមើល ម៉ូសេ ៦:៣២–៣៤៧:១៣ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​រៀបរាប់​ពី​កិច្ចការ​ពិបាកៗ​ដែល​កុមារ​អាយុ​ស្របាល​ពួកគេ​ពេល​ខ្លះ​បាន​ធ្វើ ( ដូច​ជាការ​ធ្វើ​លំហាត់​មក​ពីសាលា ធ្វើល្អ​ដាក់​នរណា​ម្នាក់​ដែល​ចិត្ត​អាក្រក់ ឬនិយាយ​ប្រាប់​ការពិត នៅពេល​ដែល​ពួកគេ​ធ្វើ​ខុស ) ។ ជួយ​កុមារ​ស្រាវ​ជ្រាវ​ឃ្លា​នៅក្នុង ម៉ូសេ ៦:៣២–៣៤ ​ដែល​អាច​ជួយ​ដល់​ពួកគេ ។ សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ព្រះ​បាន​ជួយ​ពួកគេ​ធ្វើ​អ្វីមួយ​ដែល​ពិបាក ។ សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន​ផងដែរ ។

ម៉ូសេ ៦:៥០–៦២

សេចក្តី​ជំនឿ ការប្រែចិត្ត​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​រៀបចំ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ជួប​ព្រះ ។

អ័ដាម​និង ហេណុក បាន​បង្រៀន​ប្រជាជន​របស់​ពួកគេ នូវ​គោលការណ៍ ទីមួយ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ គឺ ៖ សេចក្តីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និង​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ​( សូម​មើលផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ )។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន ម៉ូសេ ៦:៥២, ៥៧ ដើម្បី​ស្វែងរក​គោលការណ៍​និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​រៀបរាប់​នៅក្នុង​មាត្រា​នៃ​សេចក្តី​ជំនឿទី​បួន ។

  • សូម​សរសេរ​មាត្រា​នៃ​សេចក្តី​ជំនឿ​ទី​បួន​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​អាន​មាត្រា​នោះ ។ រួច​ហើយ​លុប​មួយ​​ឬ ពីរ​ពាក្យ​ចេញ បន្ទាប់​មក​សុំ​ឲ្យ​ពួកគេ​អាន​ម្តងទៀត ដោយ​បំពេញ​ពាក្យ​ដែល​បាត់​ពី​ការ​ចងចាំ​របស់​ពួកគេ ។ ធ្វើតាម​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​កុមារ បាន​រៀន​ពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​នេះចាំ ។

  • អញ្ជើញ​កុមារ​សរសេរ​សេចក្តី​ថ្លែង​ខ្លី​មួយ អំពី​សេចក្តី​ជំនឿ​ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក ឬ​ពិធី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ—ជាអ្វី​មួយ​ដែល​ពួកគេ​អាច​ចែក​ចាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។ រាល់​សេចក្តី​ថ្លែង​និមួយៗ​រួម​បញ្ជូល​ទាំង​ព្រះគម្ពីរ​បទ​ពិសោធន៍ និង​ទីបន្ទាល់ ។ សេចក្តី​ថ្លែង​ក៏អាច ពន្យល់​អំពីរបៀប​ដែល​គោល​ការណ៍​អាច​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​វិញ​ផង​ដែរ ។

ម៉ូសេ ៦:៥៧–៥៨

ឪពុកម្តាយ​ទទួល​ខុសត្រូវ​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកគេ ។

ព្រះបាន​ទុក​ព្រះទ័យ​លើ​ឪពុក​ម្តាយ​ឲ្យ​ធ្វើជា​គ្រូបង្រៀន​ដំណឹង​ល្អ​ដំបូង​នៅក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ​ឲ្យ​គាំទ្រ​តួរនាទី​របស់​ឪពុក​ម្តាយ​ពួកគេ​យ៉ាង​ដូច​ម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន ម៉ូសេ ៦:៥៨ តើ​បទបញ្ញត្តិ​អ្វី​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ​ឪពុក​ម្តាយ​ទាំងឡាយ​នៅក្នុង​ខម្ពីរ​នេះ ? សូម​បង្ហាញ​រូបភាព​អ័ដាម និង អេវ៉ា កំពុង​បង្រៀន​កូនចៅ​របស់​ពួកគាត់ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ហើយ​សូម​ឲ្យ​កុមារ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅក្នុង​រូបភាព​នេះ ។ ចូរ​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យ​និយាយ​អំពី សារៈសំខាន់​នៃ​សេចក្ដីពិត ដំណឹងល្អ​ដែលពួកគេ​បាន​រៀន​មក​ពីក្រុម​គ្រួសារ​របស់​ពួកគេ ។

  • សូម​ជួយ​កុមារ​សរសេរ​លិខិត​អរគុណ​ទៅ​កាន់​ឪពុក​ម្តាយ​របស់​ពួកគេ ឬ ដាក់​ផែន​ការ​សាមញ្ញ​ដើម្បី​បង្ហាញ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ឪពុក​ម្តាយ​របស់​ពួកគេ ។ សូម​ច្រៀងចម្រៀង​អំពី​ក្រុម​គ្រួសារ​ដូច​ជា​បទ « យើង​និយាយ​ដោយ​ស្នេហ៍ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០២-១០៣ ) ។ តើ​យើង​អាច​ជួយ​ឪពុក​ម្តាយ​របស់​យើង​បង្កើត​បរិយា​កាស​ជាទីស្រឡាញ់​នៅក្នុង​គេហដ្ឋាន​របស់​យើង​ដោយ​របៀប​ណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​បន្ត​រៀន​សូត្រ​នៅក្រៅ​ថ្នាក់​ដោយ​របៀបណា ? បងប្អូន​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចង​ចាំដំណើរ​រឿង​នៃ​ហេណុក នៅពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ពិបាក​ក្នុង​សប្តាហ៍នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​ទំព័រ​សកម្មភាព ។ ពេល​កុមារ​ផាត់​ពណ៌​ទំព័រ​សកម្មភាព​សូម​រំឭក​គោលការណ៍​នានា​ចេញពី​មេរៀន​នេះ ។ សូម​អាន ពាក្យ​ទាំងឡាយ​នៅលើ​ទំព័រ​ដល់​កុមារ ​ប្រសិន​បើ​ចាំបាច់ ។