« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ ‹ តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ? › »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ កុម្ភៈ
លោកុប្បត្តិ ១៨–២៣
« តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ? »
កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមចាំក្នុងចិត្តថា សមាជិកជាច្រើនក្នុងថ្នាក់អាចបានមានបទពិសោធន៍ដ៏មានអត្ថន័យដោយខ្លួនគេហើយ កាលពួកគេបានអាន លោកុប្បត្តិ ១៨–២៣ ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តពួកគេឲ្យចែកចាយបទពិសោធន៍ និងការយល់ដឹងទាំងនេះ ? សូមពិចារណាអនុញ្ញាតឲ្យការយល់ដឹងទាំងនោះមានឥទ្ធិពលលើការពិភាក្សាក្នុងថ្នាក់ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ជាញឹកញាប់ ការសាកល្បង និងឧបសគ្គរបស់យើងក្លាយជាគ្រាដ៏សំខាន់នៅក្នុងជីវិតរបស់យើង ។ លោកុប្បត្តិ ១៨–២៣ ពិពណ៌នាពីគ្រាបែបនោះបីបួនដងនៅក្នុងជីវិតរបស់អ័ប្រាហាំ និងឡុត ។ ប្រហែលសមាជិកក្នុងថ្នាក់អាចចែកចាយខគម្ពីរមួយ ដែលពួកគេបានរកឃើញអំឡុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេនៅសប្ដាហ៍នេះ ដែលរៀបរាប់ពីគ្រាដ៏សំខាន់ដែលអាចកើតមានដល់អ័ប្រាហាំ ។ រួចហើយពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀនចេញពីការណ៍នេះ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់បំពេញសេចក្ដីសន្យារបស់ទ្រង់តាមពេលវេលារបស់ទ្រង់ផ្ទាល់ ។
-
ដំណើររឿងនៅក្នុងខគម្ពីរទាំងនេះអាចបំផុសគំនិតដល់សមាជិកក្នុងថ្នាក់ដែលងឿងឆ្ងល់ថា តើសេចក្ដីសន្យារបស់ព្រះចំពោះពួកគេនឹងត្រូវបានបំពេញដែរឬអត់ ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយ វាអាចមានប្រយោជន៍ដើម្បីអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរំឭកជាមួយនរណាម្នាក់ផ្សេងទៀតនៅក្នុងថ្នាក់អំពីដំណើររឿងនៃសេចក្ដីសន្យារបស់ព្រះចំពោះអ័ប្រាហាំ និងសារ៉ានៅក្នុង លោកុប្បត្តិ ១៧:៤, ១៥–២២; ១៨:៩–១៤ និងការបំពេញតាមការសន្យាទាំងនោះនៅក្នុង លោកុប្បត្តិ ២១:១–៧ ។ ពីក្នុងខគម្ពីរទាំងនេះ តើសមាជិកក្នុងថ្នាក់ចាប់អារម្មណ៍លើអ្វី ? តើយើងអាចទាញយកសេចក្ដីពិតអ្វីខ្លះ ចេញពីបទពិសោធន៍របស់អ័ប្រាហាំ និងសារ៉ាដើម្បីចែកចាយជាមួយនឹងមិត្តម្នាក់ ដែលបាត់បង់សេចក្ដីសង្ឃឹមថា ព្រះនឹងបំពេញតាមសេចក្ដីសន្យារបស់ទ្រង់ ? តើមានបទគម្ពីរផ្សេងទៀត ឬបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះដែលយើងអាចចែកចាយបាន ? ( ឧទាហរណ៍ សូមមើល រ៉ូម ៨:២៨; ហេព្រើរ ១១; មរមន ៩:១៩–២១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៤ ) ។ តើសមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍អ្វីខ្លះ ដែលបញ្ជាក់ថា ការសន្យារបស់ព្រះបានបំពេញនៅក្នុងជីវិតរបស់ពួកគេ ? តើយើងអាចគាំទ្រសេចក្ដីជំនឿរបស់យើងដោយរបៀបណា នៅពេលពរជ័យដែលបានសន្យានោះ អាចមិនទាន់បានទទួលនៅក្នុងជីវិតនេះ ? ( សូមមើល ហេព្រើរ ១១:៨–១៣ ) ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងគួរតែគេចចេញពីភាពទុច្ចរិត ហើយកុំបែរមើលក្រោយឡើយ ។
-
តើបងប្អូនមានអារម្មណ៍ថា សមាជិកក្នុងថ្នាក់អាចរៀនមេរៀនអ្វីខ្លះមកពីដំណើររឿងរបស់គ្រួសារឡុត ដែលបានរត់ភៀសខ្លួនពីក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ? មេរៀនដែលអាចរៀនមួយគឺបានណែនាំនៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ប្រហែលបងប្អូនអាចចែកចាយវាជាមួយសិស្សក្នុងថ្នាក់ ក្រោយពីសង្ខេបព្រឹត្តិការណ៍នានាដែលបានពិពណ៌នានៅក្នុង លោកុប្បត្តិ ១៩:១៥–២៦ ។ តើដោយវិធីណា ឬក្នុងស្ថានភាពបែបណា ដែលពេលខ្លះយើង « ងាកបែរមើលទៅក្រោយវិញ » ( ខទី ២៦ ) នៅពេលយើងគួរតែមើលទៅមុខដោយសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះនោះ ? ប្រហែលជាសិស្សក្នុងថ្នាក់អាចចែកចាយពីបទពិសោធន៍ ដែលបង្ហាញពីសារសំខាន់ក្នុងការមិនងាកបែរមើលទៅក្រោយវិញ ។ តើ លូកា ៩:៦២ បន្ថែមអ្វីខ្លះទៅលើការយល់ដឹងរបស់យើងអំពីគោលគំនិតនេះ ?
ឆន្ទៈរបស់អ័ប្រាហាំដើម្បីបូជាអ៊ីសាកគឺជាភាពដូចគ្នានៃព្រះ និងព្រះរាជបុត្រារបស់ទ្រង់ ។
-
ដំណើររឿងអំពីអ័ប្រាហាំថ្វាយកូនប្រុសរបស់លោកជាយញ្ញបូជាមួយ អាចបង្រៀនយើងអំពីពលិកម្មរបស់ព្រះវរបិតាសួគ៌ដើម្បីលះបង់ព្រះរាជបុត្រារបស់ទ្រង់ ។ របៀបមួយដើម្បីយល់ពីដំណើររឿងនេះគឺ ត្រូវចាត់ឲ្យសិស្សពាក់កណ្ដាលថ្នាក់ពិចារណាពី លោកុប្បត្តិ ២២:១–១៤ ចេញពីទស្សនវិស័យរបស់អ័ប្រាហាំ និងព្រះជាព្រះវរបិតា ខណៈសិស្សពាក់កណ្ដាលថ្នាក់ទៀតពិចារណាពីដំណើររឿងនេះចេញពីទស្សនវិស័យរបស់អ៊ីសាក និងព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សក្នុងថ្នាក់ចែកចាយការយល់ដឹងនានាដែលពួកគេទទួលបាន ។ ជាពិសេស តើសមាជិកក្នុងថ្នាក់រៀនបានអ្វីខ្លះ ដែលធ្វើឲ្យការដឹងគុណរបស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅឡើង ? ជាផ្នែកមួយនៃការពិភាក្សានេះ បងប្អូនអាចបង្ហាញរូបភាពអ័ប្រាហាំយកអ៊ីសាកទៅបូជា ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ៩ ) ឬបង្ហាញវីដេអូ « Akedah (The Binding) » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ធនធានបន្ថែមទាំងឡាយ
« សេចក្ដីជំនឿតែងតែចង្អុលទៅរកអនាគតជានិច្ច » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន ៖
« វាអាចទៅរួចដែលថា ប្រពន្ធរបស់ឡុត ងាកត្រឡប់មើលក្រោយដោយការអាក់អន់ចិត្តនឹងព្រះអម្ចាស់ចំពោះអ្វីដែលទ្រង់បានសុំឲ្យនាងបោះបង់ចោលនោះ ។ … ដូច្នេះ វាមិនត្រឹមតែថា នាងបានងាកមើលក្រោយនោះទេ តែនាងបានងាកបែរមើលទៅក្រោយទាំងអាល័យ ។ សរុបមក ការជាប់ចិត្តនឹងអតីតកាលរបស់នាងបានគាបសង្កត់លើទំនុកចិត្តរបស់នាងទៅពេលអនាគត ។ …
« … ខ្ញុំសូមអង្វរដល់អ្នកកុំឲ្យរស់នៅក្នុងថ្ងៃដែលបានកន្លងផុតទៅនាពេលនេះ ហើយក៏កុំចង់បានអ្វីឥតប្រយោជន៍មកពីម្សិលមិញដែរ ប៉ុន្ដែវាល្អដែលបទពិសោធន៍អតីតកាលទាំងនោះអាចកើតមាន ។ អតីតកាលគឺជាអ្វីដែលយើងត្រូវរៀនពីវា ប៉ុន្ដែមិនរស់នៅក្នុងវាទេ ។ យើងក្រឡេកក្រោយមើលអ្វីដែលល្អបំផុត ចេញពីបទពិសោធន៍ល្អនោះ ពុំមែនផេះផង់ទេ ។ ហើយនៅពេលយើងបានរៀននូវអ្វីដែលយើងចាំបាច់ត្រូវរៀន ហើយបាននាំយកមកជាមួយយើងនូវអ្វីដែលល្អបំផុត ដែលយើងបានជួបប្រទះ នោះយើងសម្លឹងមើលទៅមុខ ហើយចងចាំថា សេចក្ដីជំនឿតែងតែចង្អុលទៅរកអនាគតកាលជានិច្ច ។ …
« … [ ភរិយារបស់ឡុត ] មិនបានមានសេចក្ដីជំនឿទេ ។ នាងបានសង្ស័យសមត្ថភាពរបស់ព្រះអម្ចាស់ក្នុងការផ្ដល់អ្វីមួយដែលល្អប្រសើរជាងអ្វីដែលនាងបានមានរួច ។ ជាក់ស្ដែង នាងបានគិតថា គ្មានអ្វីដែលនៅខាងមុខអាចល្អដូចនឹងអ្វីដែលនាងបានចាកចោលនោះទេ ។ …
« … ការរស់នៅក្នុងជីវិតអតីតកាល រួមទាំងកំហុសពីអតីតកាល គឺមិនមែនជារឿងត្រឹមត្រូវនោះទេ ! វាមិនមែនជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើយ » ( « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៤, ២៦–២៧ ) ។