« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ ៖ សេចក្ដីសញ្ញាត្រូវបានរំឭកជាថ្មី » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២១–២៧ ខែ កុម្ភៈ ។ លោកុប្បត្តិ ២៤–២៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ កុម្ភៈ
លោកុប្បត្តិ ២៤–២៧
សេចក្ដីសញ្ញាត្រូវបានរំឭកជាថ្មី
នៅពេលបងប្អូនអាន លោកុប្បត្តិ ២៤–២៧ សូមអធិស្ឋានដើម្បីដឹងពីរបៀបដែលបងប្អូនអាចលើកទឹកចិត្តសិស្សក្នុងថ្នាក់ ឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការរៀនសូត្រពីបទគម្ពីរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យចែកចាយការយល់ដឹងរបស់ពួកគេអំពី លោកុប្បត្តិ ២៤–២៧ បងប្អូនអាចអញ្ជើញពួកគេឲ្យជ្រើសរើសបទគម្ពីរជាក់លាក់មួយ ដែលបានបំផុសគំនិតពួកគេ ហើយសរសេរវាលើក្រដាសមួយសន្លឹក ។ សូមប្រមូលក្រដាសនោះមក ហើយជ្រើសរើសបីបួនខមកអាន ហើយពិភាក្សារួមគ្នាក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍គឺចាំបាច់ណាស់ចំពោះផែនការដ៏អស់កល្បរបស់ព្រះ ។
-
សារសំខាន់ដែលអ័ប្រាហាំបានផ្ដោតលើពេលស្វែងរកភរិយាឲ្យអ៊ីសាក ផ្ដល់ជាឱកាសមួយដើម្បីពិភាក្សាអំពីសារសំខាន់នៃអាពាហ៍ពិពាហ៍ក្នុងសេចក្ដីសញ្ញានៅក្នុងផែនការរបស់ព្រះសម្រាប់យើង ។ ដើម្បីចាប់ផ្ដើមការពិភាក្សា សមាជិកក្នុងថ្នាក់អាចអានត្រួសៗក្នុង លោកុប្បត្តិ ២៤ ហើយចែកចាយការណ៍ដែលព្រះអម្ចាស់បានធ្វើ ដើម្បីជួយនាំអ៊ីសាក និងរេបិកាឲ្យបានរៀបការនឹងគ្នា ។ ហេតុអ្វីអាពាហ៍ពិពាហ៍សំខាន់ចំពោះព្រះអម្ចាស់ ? ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យពិភាក្សាពីសំណួរនេះ បងប្អូនអាចចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន ដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ជាមួយនឹងពួកគេបាន ។ តើយើងអាចជួយធានាថា ព្រះរាជបំណងរបស់ព្រះអំពីអាពាហ៏ពិពាហ៍នឹងបានសម្រេចដោយរបៀបណា ?
-
សូមសួរសិស្សក្នុងថ្នាក់ថា តើពួកគេបានឃើញគុណសម្បត្តិអ្វីខ្លះនៅក្នុងប្ដីប្រពន្ធ ឪពុកម្ដាយ ឬគូស្វាមីភរិយាដែលបានរៀបការផ្សេងទៀត ដែលបានរួមចំណែកធ្វើឲ្យមានអាពាហ៍ពិពាហ៍ដ៏ស្មោះត្រង់ និងរីករាយមួយ ។ ដំណើររឿងនៅក្នុង លោកុប្បត្តិ ២៤ បង្ហាញពីគុណសម្បត្តិនានា ដែលអាចជួយបុគ្គលម្នាក់ឲ្យបង្កើតសុភមង្គលនៅក្នុងអាពាហ៍ពិពាហ៍—និងផ្នែកផ្សេងទៀតក្នុងជីវិតបាន ។ ឧទាហរណ៍ នៅក្នុង ខទី ១២ យើងរៀនអំពីការត្រូវបានដឹកនាំដោយការអធិស្ឋាន ហើយនៅក្នុង ខទី ១៩ យើងរៀនអំពីការខិតខំបន្ថែមទៀតក្នុងការបម្រើ ។ តើមានគោលការណ៍ផ្សេងទៀតអ្វីខ្លះដែលអាចរកឃើញនៅក្នុងជំពូកទាំងនេះ ? សិស្សក្នុងថ្នាក់ក៏អាចមើលនៅក្នុង« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ផងដែរ ។
យើងអាចជ្រើសរើសរវាងការពេញចិត្តភ្លាមៗ និងសេចក្ដីដែលមានតម្លៃខ្លាំងជាង ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញមេរៀនផ្ទាល់ខ្លួនចេញពីបទពិសោធន៍របស់យ៉ាកុប និងអេសាវដោយរបៀបណា ? យោបល់មួយគឺ ត្រូវអញ្ជើញពួកគេឲ្យធ្វើបញ្ជីពីរនៅលើក្ដារខៀន—បញ្ជីមួយអំពីពរជ័យដ៏អស់កល្ប ដែលព្រះសព្វព្រះទ័យចង់ប្រទានឲ្យយើង ហើយបញ្ជីមួយទៀតអំពីការណ៍ខាងលោកិយដែលបង្វែរយើងចេញពីពរជ័យទាំងនោះ ។ រួចហើយ សមាជិកក្នុងថ្នាក់អាចអាន លោកុប្បត្តិ ២៥:២៩–៣៤ ហើយជំនួស « មរតកច្បង » ដោយអ្វីមួយចេញពីបញ្ជីទីមួយ និង « សម្ល » ដោយអ្វីមួយចេញពីបញ្ជីទីពីរ ។ តើអារក្សព្យាយាមបញ្ចុះបញ្ចូលយើងឲ្យប្ដូរពរជ័យរបស់ព្រះ នឹងអ្វីៗដែលមិនសូវមានតម្លៃដោយរបៀបណា ? សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យផ្ដល់ដំបូន្មានដល់គ្នាទៅវិញទៅមក ស្ដីពីរបៀបផ្ដោតលើព្រះអង្គសង្គ្រោះ និងពរជ័យដ៏អស់កល្បដែលទ្រង់ប្រទានដល់យើង ។
ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពទឹករស់ ។
-
លោកុប្បត្តិ ២៦ លើកឡើងជាច្រើនដងថា អ៊ីសាក និងគ្រួសាររបស់លោកត្រូវជីកអណ្ដូងដើម្បីរកទឹក ហើយជាញឹកញាប់ ការណ៍នេះតម្រូវឲ្យមានការខិតខំយ៉ាងខ្លាំង ។ ការពិតនេះអាចជួយបងប្អូនឲ្យបង្រៀនសមាជិកក្នុងថ្នាក់អំពីកិច្ចខិតខំដែលតម្រូវឲ្យមាន ដើម្បីនាំមកនូវ « ទឹករស់ » របស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង ( សូមមើល យ៉ូហាន ៤:១០ ) ។ ប្រហែលបងប្អូនអាចបង្ហាញការណ៍នេះ ដោយការគូររូបប្រភពទឹកមួយដែលបានគ្របបាំងដោយដីកខ្វក់ច្រើនដាក់នៅលើក្ដារខៀន ។ សិស្សក្នុងថ្នាក់អាចប្ដូរវេនគ្នាលុបដីនោះចោលខ្លះ ពេលពួកគេពិពណ៌នាពីរបៀបដែលពួកគេអាចរកឃើញទឹករស់របស់ព្រះអង្គសង្គ្រោះ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកខគម្ពីរនានា ដែលទាក់ទងទៅនឹងរឿងដែលពួកគេចែកចាយ ។
ធនធានបន្ថែមទាំងឡាយ
អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារគឺជាការបង្កបង្កើតរបស់ព្រះ ។
អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បានផ្ដល់មូលហេតុមួយចំនួនអំពីមូលហេតុដែលអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារមានសារសំខាន់យ៉ាងខ្លាំងចំពោះផែនការរបស់ព្រះ ៖
« គ្រួសារដែលស្ថាបនាឡើងនៅលើអាពាហ៍ពិពាហ៍ដែលមានបុរសម្នាក់ និងស្ត្រីម្នាក់ បង្កើតជាស្ថានភាពដ៏ល្អបំផុតសម្រាប់ផែនការរបស់ព្រះដើម្បីរីកចម្រើន—ស្ថានភាពសម្រាប់កំណើតកូនៗ ដែលកើតមកនៅក្នុងបរិសុទ្ធភាព ហើយស្លូតត្រង់មកពីព្រះ និងជាបរិស្ថានសម្រាប់ការរៀនសូត្រ និងការរៀបចំខ្លួនដែលពួកគេនឹងត្រូវការសម្រាប់មានជីវិតរមែងស្លាប់ដោយជោគជ័យ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ ។ ចំនួនអប្បបរមានៃក្រុមគ្រួសារ ដែលស្ថាបនានៅលើអាពាហ៍ពិពាហ៍ដូច្នេះគឺសំខាន់ ដើម្បីធ្វើឲ្យសង្គមមានជីវិតរស់រាន និងរីកស្គុះស្គាយ ។ …
« … ប៉ុន្ដែការប្រកាសរបស់យើងចំពោះតួនាទីនៃអាពាហ៍ពិពាហ៍ និងគ្រួសារពុំផ្អែកលើវិទ្យាសាស្ត្រសង្គមទេ តែផ្អែកលើសេចក្ដីពិតដែលពួកគេគឺជាការបង្កបង្កើតរបស់ព្រះ ។ គឺជាទ្រង់នេះហើយ ដែលបានបង្កើតអ័ដាម និងអេវ៉ាតាមរូបអង្គទ្រង់តាំងពីដំបូងមក ជាបុរស និងស្ត្រី ហើយបានភ្ជាប់ពួកគេជាស្វាមី និងភរិយា ដើម្បីក្លាយជា ‹ សាច់តែមួយ › និងដើម្បីចម្រើនជាច្រើនឡើងឱ្យមានពាសពេញលើផែនដី ។ បុគ្គលម្នាក់ៗមានរូបកាយតាមរូបអង្គព្រះ ប៉ុន្តែវាស្ថិតក្នុងតំណចំណងអាពាហ៍ពិពាហ៍ នៃបុរស និងស្ត្រីជាតែមួយ ដែលយើងទទួលបាននូវអត្ថន័យពេញលេញបំផុតនៃការមានរូបកាយតាមរូបអង្គនៃព្រះ—ជាបុរស និងស្ត្រីនោះ ។ … អាពាហ៍ពិពាហ៍បែបនេះគឺពិត … ជាផ្នែកមួយនៃផែនការនៃសុភមង្គល ដូចជាការធ្លាក់ និងដង្វាយធួនដែរ » ( « ហេតុអ្វីអាពាហ៍ពិពាហ៍ ហេតុអ្វីគ្រួសារ » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។