ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ ៖ « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់នៅ​ទីនេះ​ហើយ »


« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ ៖ ‹ ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់នៅ​ទីនេះ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ ទីអាហ្វ័ណា ម៉ិកស៊ិក

ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា

លោកុប្បត្តិ ២៨–៣៣

« ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់នៅ​ទីនេះ​ហើយ »

កាល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​គោលការណ៍​ណាមួយ​នៅក្នុង លោកុប្បត្តិ ២៨–៣៣ ដែល​អាច​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ យោបល់​ខាងក្រោម​នេះ​អាច​បន្ថែម​ទៅលើ​ការសិក្សា និង​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​បងប្អូន​បាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ពរជ័យ​មួយ​នៃ​ការបាន​ជួបជុំ​គ្នា​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​គឺ​ថា សមាជិក​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ស្វែងរក​អត្ថន័យ​នៅក្នុង​បទគម្ពីរ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ជាមួយ​នរណាម្នាក់ ដែល​អង្គុយ​នៅក្បែរ​ពួកគេ អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ​នៅ​សប្ដាហ៍​នេះ ។ បងប្អូន​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ជាមួយនឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។ ការណ៍​នេះ​អាច​បង្កើត​ឲ្យ​មាន​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​បងប្អូន ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លោកុប្បត្តិ ២៨:១០–២២

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​អត្ថន័យ​នៅក្នុង​បទពិសោធន៍​របស់​យ៉ាកុប​នៅ​ឯ​បេត-អែល ដូច​ដែល​បាន​រៀបរាប់​នៅក្នុង លោកុប្បត្តិ ២៨:១០–២២ ដោយ​របៀបណា ? ពួកគេ​អាច​ចាប់ផ្ដើម​ដោយ​ការរំឭក លោកុប្បត្តិ ២៧:៤១–៤៥; ២៨:១–៥ និង​ពិចារណា​ពី​ជីវិត​របស់​យ៉ាកុប​នៅពេល​នោះ ។ តើ​យ៉ាកុប​អាច​មាន​អារម្មណ៍​យ៉ាង​ណា ? រួចហើយ សមាជិក​ក្នុង​ថ្នាក់​អាច​អាន លោកុប្បត្តិ ២៨:១០–២២ ។ តើ​បទពិសោធន៍​នេះ​បាន​ប្រទានពរ​ដល់​យ៉ាកុប​យ៉ាង​ដូចម្ដេច ? តើ​លោក​អាច​ទទួល​បាន​ការលួងលោម​យ៉ាង​ដូចម្ដេច ? តើ​បទពិសោធន៍​របស់​យ៉ាកុប​អាច​បំផុស​គំនិត​យើង នៅពេល​យើង​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ? សិស្ស​ក្នុង​ថ្នាក់​ក៏​អាច​ច្រៀង អាន ឬ​ស្ដាប់​បទ « សូម​នៅ​ជិត​ព្រះអង្គ » ដែល​ផ្អែក​លើ​ខគម្ពីរ​ទាំងនេះ ( ទំនុក​តម្កើង ល.រ. ៤៩ ) ។ ពួកគេ​អាច​ចែកចាយ​ឃ្លា​នានា​មកពី​បទ​នេះ ឬ​មកពី លោកុប្បត្តិ ២៨:១០–២២ ដែល​រំឭក​ពួកគេ​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ពេល​ព្យាយាម​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។

  • ជណ្ដើរ​ដែល​យ៉ាកុប​បាន​ឃើញ​នៅក្នុង​សុបិន​របស់​លោក ជារឿយៗ​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ប្រហែល​បងប្អូន​អាច​បង្ហាញ ឬ​គូរ​រូប​ជណ្ដើរ​មួយ និង​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក លោកុប្បត្តិ ២៨:១០–២២ ហើយ​និយាយ​អំពី​អ្វី​ដែល​ជណ្ដើរ​នៅក្នុង​សុបិន​របស់​យ៉ាកុប​នេះ បង្រៀន​យើង​អំពី​ព្រះវិហារ​បរិសុទ្ធ ។ តើ​យើង​រកឃើញ​អ្វីខ្លះ​ទៀត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​រំឭក​យើង​អំពី​ពរជ័យ ដែល​យើង​ទទួល​បាន​ដោយសារតែ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ? ( សូមមើល « About the Temple Endowment » និង « About a Temple Sealing » [ នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ] ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹងគិត​ពី​ការសន្យា​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ដែល​ព្រះអម្ចាស់​បានធ្វើជាមួយ​នឹង​យ៉ាកុប​សារជាថ្មី​នោះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន លោកុប្បត្តិ ២៨:១០–១៥ ហើយ​ជជែក​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ​នៅពេល​បច្ចុប្បន្ន ( សូមមើល​ផងដែរ លោកុប្បត្តិ ១២:២–៣ ) ។ ពួកគេ​ក៏​អាច​អាន​សេចក្ដី​ថ្លែងការណ៍​មកពី​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផងដែរ ហើយ​រកមើល​ពរជ័យ​ដែល​កើត​មកពី​ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា ។ តើ​យ៉ាកុប​មាន​ពរជ័យ​យ៉ាង​ដូចម្ដេច តាមរយៈ​ការទទួល​បាន​សេចក្ដី​សន្យា​ដែល​មាន​នៅក្នុង លោកុប្បត្តិ ២៨:១០–១៥ ? តើ​យើង​ឃើញ​ទំនាក់ទំនង​អ្វីខ្លះ រវាង​ព្រឹត្តិការណ៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ និង​ព្រឹត្តិការណ៍​នៅក្នុង លោកុប្បត្តិ ២៩ និង ៣០ ( យ៉ាកុប​បាន​រៀបការ និង​កំណើត​កូនៗ​របស់​លោក ) ? តើ​ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​យើង​ដោយ​របៀប​ណា នៅពេល​យើង​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ?

យ៉ាកុប និង​អេសាវ​ឱប​គ្នា

រូបគំនូរ យ៉ាកុប និង​អេសាវ​ឱប​គ្នា ដោយ រ៉ូប៊ឺត ធី បារ៉ែត

លោកុប្បត្តិ ៣២–៣៣

ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើការខ្វែងគំនិត​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ។

  • លោកុប្បត្តិ ៣២–៣៣ អាច​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់ ដែល​ចង់​រកឃើញ​ការព្យាបាល​ក្នុង​ចំណងទាក់ទង​គ្រួសារ​របស់​ពួកគេ​បាន ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​សង្ខេប​ព្រឹត្តិការណ៍​នានា​ដែល​បាន​កត់ត្រា​នៅក្នុង លោកុប្បត្តិ ២៧ ឲ្យ​​ខ្លីៗ ។ គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ រួមមាន​សំណួរ​នានា​ឲ្យ​គិត​ពិចារណា​ពេល​សិក្សា លោកុប្បត្តិ ៣២–៣៣ ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​ជ្រើសរើស​យក​សំណួរ​ទាំងនេះ​មួយ ហើយ​ស្វែងរក​ចម្លើយ​នៅក្នុង​ជំពូក​នេះ ។ ពួកគេ​ក៏​អាច​ស្ម័គ្រចិត្ត​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​មាន​ក្នុង​ការពង្រឹង​ចំណង​ទាក់ទង​ដែល​ប្រេះឆា​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ជួយ​ពួកគេ ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​គឺ​ជា​បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

« នៅឯ​បុណ្យ​ជ្រមុជទឹក យើង​ចុះ​សេចក្តី​សញ្ញា​ថា​នឹង​បម្រើ​ព្រះអម្ចាស់ ហើយ​រក្សា​បទបញ្ញត្តិ​ទ្រង់ ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​រំឭក​ពី​សេចក្ដី​សញ្ញា​នោះ ហើយ​ប្រកាស​ពី​ឆន្ទៈ​របស់​យើង​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការណ៍​នេះ យើង​ក្លាយជា​បុត្រា និង​បុត្រី​របស់​ទ្រង់ ហើយ​ស្គាល់​ថា​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ។ ទ្រង់​គឺ​ជា​ព្រះវរបិតា​នៃ​ជីវិត​ថ្មី​របស់​យើង ។ ទីបំផុត នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ យើង​អាច​ក្លាយជា​ទាយាទ​រួមគ្នា​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​គ្រួសារ​ដ៏​អស់កល្ប ដូច​ដែល​ធ្លាប់​បាន​សន្យា​ដល់​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​កូនចៅ​របស់​ពួកលោក ។ ហេតុដូច្នេះ​ហើយ អាពាហ៍ពិពាហ៍​សេឡេស្ទាល​គឺជា​សេចក្ដី​សញ្ញា​នៃ​ការលើក​តម្កើង​ឡើង ។

« នៅពេល​យើង​ដឹង​ថា យើង​គឺជា​កូនចៅ​ក្នុង​សេចក្ដីសញ្ញា យើង​ដឹង​ថា​យើង​ជា​នរណា និង​អ្វី​ដែល​ព្រះ​រំពឹង​ចង់​បាន​ពី​យើង ។ « ក្រឹត្យវិន័យ​របស់​ទ្រង់​បាន​កត់​ទុក​ក្នុង​ចិត្ត​របស់​យើង​ហើយ ។ ទ្រង់​គឺ​ជា​ព្រះ​របស់​ពួក​យើង ហើយ​ពួកយើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ។ កូនចៅ​ក្នុង​សេចក្ដីសញ្ញា​ដែល​ធ្វើ​តាម​ទ្រង់​យ៉ាង​រឹងមាំ ទោះបីជា​នៅក្នុង​កណ្ដាល​ឧបសគ្គ​ក្ដី ។ នៅពេល​គោលលទ្ធិ​នោះ​ត្រូវបាន​ឆ្លាក់​យ៉ាង​ជ្រៅ​នៅក្នុង​ដួងចិត្ត​របស់យើង នោះ​ខ្សែ​នៃ​សេចក្ដីស្លាប់​ត្រូវ​រំងាប់ ហើយ​ការខំប្រឹង​ខាងវិញ្ញាណ​របស់យើង​ត្រូវបាន​ពង្រឹង » ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ជួយ​អ្នករៀន​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត ។ « ការប្រែចិត្ត​ជឿពិត​មាន​ច្រើន​ជាង​ការគ្រាន់តែ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដែល​បញ្ជាក់​សេចក្ដីពិត​ដល់​ព្រលឹង​របស់​យើង គឺ​យើង​ត្រូវ​តែ​ធ្វើតាម​សេចក្ដីពិត​ទាំងនោះ​ផងដែរ ។ បន្ថែម​លើ​ការជួយ​អ្នករៀន​ឲ្យ​មាន​អារម្មណ៍ និង​ស្គាល់​ព្រះវិញ្ញាណ សូម​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​ទទួល​បាន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។