« ថ្ងៃទី ២១–២៧ ខែ មីនា ។ និកម្ខនំ ១–៦ ៖ ‹ យើងបានរឭកដល់សេចក្តីសញ្ញារបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ មីនា
និក្ខមនំ ១–៦
« យើងបានរឭកដល់សេចក្តីសញ្ញារបស់យើង »
នៅពេលបងប្អូនអាន និក្ខមនំ ១–៦ សូមគិតពីសិស្សដែលបងប្អូនបង្រៀន ។ តើមានសេចក្ដីពិតអ្វីខ្លះនៅក្នុងជំពូកទាំងនេះ ដែលហាក់មានអត្ថន័យបំផុតចំពោះពួកគេ ? តើបងប្អូននឹងជួយពួកគេឲ្យរកឃើញសេចក្ដីពិតទាំងនេះដោយរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
យោបល់មួយដើម្បីលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន គឺត្រូវសរសេរសំណួរមួយដូចនេះដាក់នៅលើក្ដារខៀន ៖ កាលបងប្អូនអានគម្ពីរ និក្ខមនំ ១–៦ តើបងប្អូនបានកត់សម្គាល់ឃើញអ្វីខ្លះ ដែលបងប្អូនមិនបានកត់សម្គាល់កាលពីមុនមក ? សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរំដោះរបស់យើង ។
-
ទោះបីជាព្រះអង្គសង្គ្រោះមិនត្រូវបានលើកឡើងដោយព្រះនាមនៅក្នុង និក្ខមនំ ១–២ ក្ដី ក៏ដំណើររឿងនេះអាចជួយសមាជិកក្នុងថ្នាក់ឲ្យស្ថាបនាសេចក្ដីជំនឿលើបេសកកម្មរបស់ទ្រង់ ដើម្បីដោះលែងយើងចេញពីសេវកភាពបានដែរ ។ សិស្សក្នុងថ្នាក់អាចស្វែងរកពាក្យ ឬឃ្លានៅក្នុង និក្ខមនំ ១–២ ដែលពិពណ៌នាពីទុក្ខលំបាកដែលពួកសាសន៍អ៊ីស្រាអែលបានជួបប្រទះ ។ តើការពិពណ៌នាទាំងនេះស្រដៀងនឹងសេវកភាពខាងវិញ្ញាណ ឬទុក្ខលំបាកផ្សេងទៀតដែលយើងជួបប្រទះដោយរបៀបណា ? តើកូនចៅអ៊ីស្រាអែលបានស្វែងរកការដោះលែងដោយរបៀបណា ហើយតើព្រះបានឆ្លើយតបនឹងពួកគេយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ និក្ខមនំ ២:២៣–២៥; ៣:៧–៨ ) ។ តើយើងទាញយកព្រះចេស្ដារបស់ព្រះដោយរបៀបណា នៅពេលយើងត្រូវការការដោះលែង ? តើព្រះឆ្លើយតបនឹងការអង្វរសូមជំនួយរបស់យើងតាមរបៀបណា ? សមាជិកក្នុងថ្នាក់អាចរកមើលការយល់ដឹងបន្ថែមទៀតនៅក្នុងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « ការទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ) ។
កាលយើងធ្វើកិច្ចការរបស់ព្រះអម្ចាស់ យើងអាចមានព្រះចេស្ដារបស់ព្រះអម្ចាស់ ។
-
គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យស្រាវជ្រាវ និក្ខមនំ ៣–៤ ដើម្បីរកមើលរបៀបដែលព្រះអម្ចាស់បានឆ្លើយតបនឹងកង្វល់របស់ម៉ូសេ ស្ដីពីកិច្ចការដោះលែងពួកសាសន៍អ៊ីស្រាអែលពីសេវកភាព ។ ប្រសិនបើសមាជិកក្នុងថ្នាក់របស់បងប្អូនបានធ្វើសកម្មភាពនេះនៅផ្ទះ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ ឬបងប្អូនអាចធ្វើសកម្មភាពនេះក្នុងថ្នាក់ ។ ជាពិសេស សមាជិកក្នុងថ្នាក់អាចស្រាវជ្រាវក្នុង និក្ខមនំ ៣:១១–១៨; ៤:១–១៧ ហើយរកមើលកង្វល់របស់ម៉ូសេ និងចម្លើយរបស់ព្រះអម្ចាស់ចំពោះកង្វល់នីមួយៗ ។ តើចម្លើយរបស់ព្រះអម្ចាស់អាចជួយយើង នៅពេលយើងមានមន្ទិលសង្ស័យពីសមត្ថភាពរបស់យើងដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយរបៀបណា ?
យើងគួរតែបង្ហាញគារវភាពចំពោះអ្វីៗ និងទីកន្លែងដ៏បរិសុទ្ធ ។
-
តើបងប្អូនអាចប្រើគំរូរបស់ម៉ូសេ ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាមួយអំពីរបៀបដែលយើងគួរតែធ្វើការណ៍ដ៏ពិសិដ្ឋដោយរបៀបណា ? ឧទាហរណ៍ ក្រោយពីអាន និក្ខមនំ ៣:៥ រួមគ្នាហើយ បងប្អូនអាចបង្ហាញវត្ថុ ឬរូបភាពដ៏ពិសិដ្ឋនៃការណ៍៍ដ៏ពិសិដ្ឋនានា ( ដូចជាព្រះគម្ពីរ ឬព្រះវិហារបរិសុទ្ធ ) និងវត្ថុ ឬរូបភាពទូទៅនៃការណ៍ទូទៅទាំងឡាយ ( ដូចជាសៀវភៅដែលមិនទាក់ទងនឹងសាសនា ឬអគារធម្មតា ) ។ សមាជិកក្នុងថ្នាក់អាចនិយាយអំពីរឿងផ្សេងទៀត ដែលពួកគេគិតថាជារឿងពិសិដ្ឋ ហើយចែកចាយពីរបៀបដែលពួកគេបង្ហាញគារវភាពចំពោះរឿងទាំងនោះ ( សូមមើលផងដែរ លេវីវិន័យ ១៩:៣០; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១០–១២ ) ។ ហេតុអ្វីក៏ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងប្រព្រឹត្តនឹងរឿងពិសិដ្ឋទាំងនេះដោយគារវភាព ?
ព្រះរាជបំណងរបស់ព្រះអម្ចាស់នឹងត្រូវបានបំពេញតាមពេលវេលារបស់ទ្រង់ផ្ទាល់ ។
-
វាអាចធ្វើឲ្យយើងបាក់ទឹកចិត្ត នៅពេលកិច្ចខិតខំដ៏ស្មោះសរបស់យើងដើម្បីធ្វើការណ៍ល្អហាក់មិនមានផលអ្វី—ប្រហែលមិត្តម្នាក់មិនឆ្លើយតបនឹងកិច្ចខិតខំផ្ដល់ការងារបម្រើរបស់យើង ឬការអធិស្ឋានរបស់យើងសម្រាប់ក្មេងដែលវង្វេងវង្វាន់ម្នាក់ហាក់មិនមានចម្លើយ ។ ដើម្បីរៀនអំពីបទពិសោធន៍ស្រដៀងគ្នាមួយដែលម៉ូសេបានមាន សមាជិកក្នុងថ្នាក់អាចអាន និក្ខមនំ ៥:៤–៩, ២០–២៣ ។ តើព្រះអម្ចាស់បានជួយម៉ូសេឲ្យយកឈ្នះលើអារម្មណ៍បាក់ទឹកចិត្តរបស់លោកដោយរបៀបណា ? ( សូមមើល និក្ខមនំ ៦:១–១៣ ) ។ សមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍នានា នៅពេលដែលពួកគេមិនបានឃើញលទ្ធផលភ្លាមៗចេញពីកិច្ចខិតខំរបស់ពួកគេដើម្បីបម្រើព្រះអម្ចាស់ ។ តើបទពិសោធន៍របស់ម៉ូសេនៅក្នុងជំពូកទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីរបៀបដែលយើងអាចឆ្លើយតបនឹងស្ថានភាពស្រដៀងគ្នានេះ ? ( សូមមើលផងដែរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
ធនធានបន្ថែមទាំងឡាយ
យើងបម្រើមនុស្សដទៃជំនួសឲ្យព្រះអម្ចាស់ ។
ប្រធាន ចយ ឌី ចូនស៍ បានប្រាប់ពីរបៀបដែលគាត់ និងស្វាមីរបស់គាត់បានបម្រើដោយស្មោះត្រង់នៅក្នុងការចាត់តាំងការងារបម្រើមួយ ប៉ុន្ដែមិនបានឃើញជោគជ័យមកពីកិច្ចខិតខំរបស់ពួកគាត់ឡើយ ។ គូស្វាមីភរិយានេះបានសញ្ជឹងគិត ហើយបានអធិស្ឋានសូមការដឹកនាំ ។ ដោយរៀបរាប់ពីចម្លើយចំពោះការអធិស្ឋានរបស់ពួកគាត់ នោះប្រធានចូនស៍បានពោលថា
« យើងបានដឹងថា យើងបានព្យាយាមដោយស្មោះត្រង់ដើម្បីបម្រើគ្រួសារនេះ និងបម្រើប៊ីស្សពរបស់យើង ប៉ុន្តែយើងត្រូវសួរខ្លួនយើងថា តើយើងពិតជាបម្រើដោយសារសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់ដែរឬទេ ។ ស្តេចបេនយ៉ាមីនបានបញ្ជាក់ច្បាស់អំពីភាពខុសប្លែកនេះ ពេលទ្រង់បានថ្លែងថា ‹ មើលចុះ យើងសូមប្រាប់អ្នកថា ពីព្រោះយើងបានប្រាប់អ្នកថា យើងបានចំណាយពេលវេលានៃជីវិតយើងក្នុងការបម្រើអ្នក នោះយើងពុំមានបំណងចង់អួតអាងឡើយ ដ្បិត យើងគ្រាន់តែនៅក្នុងការបម្រើដល់ព្រះតែប៉ុណ្ណោះ › [ ម៉ូសាយ ២:១៦; បានបន្ថែមការគូសបញ្ជាក់ ] ។
« ដូច្នេះ តើនរណាដែលស្តេចបេនយ៉ាមីនបម្រើពិតប្រាកដនោះ ? គឺព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។ ការស្គាល់បុគ្គល និងមូលហេតុក្នុងការបម្រើមនុស្សដទៃជួយយើងឲ្យយល់ថា ការបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតនៃសេចក្តីស្រឡាញ់គឺជាភក្តីភាពចំពោះព្រះ » ( « សម្រាប់ព្រះអម្ចាស់ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥០ ) ។