« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប › ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ មីនា
លោកុប្បត្តិ ៣៧–៤១
« ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប »
វាមិនត្រូវបានរៀបចំដើម្បីឲ្យបងប្អូនបង្រៀនតាមសកម្មភាពទាំងអស់ ដែលមាននៅក្នុងគម្រោងមេរៀននេះឡើយ ។ នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមអធិស្ឋានថា ព្រះវិញ្ញាណនឹងជួយបងប្អូនឲ្យដឹងថា តើសកម្មភាពណាមួយ ( បើមាន ) នៅក្នុងគម្រោងមេរៀននេះដែលនឹងបំពេញតាមតម្រូវការរបស់សិស្សក្នុងថ្នាក់បងប្អូនបានល្អបំផុត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ បងប្អូនអាចអញ្ជើញពួកគេឲ្យរកមើលឃ្លាមួយនៅក្នុង លោកុប្បត្តិ ៣៧–៤១ ដែលបង្ហាញពីមេរៀន ឬគោលការណ៍មួយដែលពួកគេមានអារម្មណ៍ថាសំខាន់ ។
បង្រៀនគោលលទ្ធិ
លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤០:១–១៩; ៤១:៩–៤៥
« ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប » នៅក្នុងគ្រាលោកមានឧបសគ្គ ។
-
ដូចជាយ៉ូសែបដែរ សមាជិកក្នុងថ្នាក់របស់បងប្អូនអាចជួបនឹងការសាកល្បងដ៏ពិបាកជាច្រើន ។ ដើម្បីជួយសិស្សឲ្យរកឃើញការបំផុសគំនិតពីគំរូរបស់យ៉ូសែប បងប្អូនអាចបំបែកពួកគេជាបីក្រុម ហើយសូមក្រុមនីមួយៗឲ្យពិនិត្យមើលវគ្គបទគម្ពីរមួយដូចតទៅនេះ ៖ លោកុប្បត្តិ ៣៩; ៤០:១–១៩ ឬ ៤១:៩–៤៥ ។ រួចហើយ ក្រុមនីមួយៗអាចចែកចាយរបៀបដែលព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងយ៉ូសែបនៅក្នុងពេលលោកប្រឈមមុខនឹងឧបសគ្គ ។ នៅពេលដែលសមរម្យ សិស្សក្នុងថ្នាក់អាចចែកចាយបទពិសោធន៍នានា នៅពេលដែលព្រះអម្ចាស់ទ្រង់បានគង់នៅជាមួយនឹងពួកគេអំឡុងពេលសាកល្បងដ៏ពិបាកមួយ ។ តើយើងអាចរៀនដើម្បីមើលឃើញវត្តមានរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងឲ្យកាន់តែច្បាស់ដោយរបៀបណា ?
-
មេរៀនដោយប្រើវត្ថុនេះ អាចជួយបង្ហាញពីរបៀបដែលយើងអាចងើបផុតពីឧបសគ្គ ៖ ដាក់វត្ថុស្រាលមួយ ដូចជាបាល់ប្លាស្ទិចតូចមួយនៅបាតប្រអប់មួយ ដែលមានអង្ករ ឬគ្រាប់សណ្ដែកចាក់បំពេញដល់ពាក់កណ្ដាល ។ សូមអញ្ជើញនរណាម្នាក់ឲ្យអង្រួនប្រអប់នោះថ្នមៗ រហូតដល់បាល់នោះអណ្ដែតមកខាងលើ ។ តើយ៉ូសែបគឺដូចជាបាល់នេះដោយរបៀបណា ? សមាជិកក្នុងថ្នាក់អាចចែកចាយឧទាហរណ៍នានា ដែលព្រះអម្ចាស់បានជួយយ៉ូសែបឲ្យងើបផុតពីឧបសគ្គនៅក្នុង លោកុប្បត្តិ ៣៧:៥–១១; ៣៩; ៤០:១–១៩; ៤១:៩–៤៥ ។ ពួកគេក៏អាចចែកចាយពីគ្រា ដែលព្រះអម្ចាស់បានជួយពួកគេតាមរបៀបស្រដៀងគ្នានេះផងដែរ ។
-
បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ច្រៀង ឬអានពាក្យនៅក្នុងទំនុកតម្កើងមួយអំពីការរើសយកជម្រើសសុចរិត ដូចជាបទ « ធ្វើអ្វីដែលត្រូវ » ( ទំនុកតម្កើង ល.រ. ១៤៧ ) ។ បន្ទាប់មក សមាជិកក្នុងថ្នាក់អាចស្វែងរកការយល់ដឹង ឬឃ្លានានានៅក្នុង លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤០:១–១៩; ៤១:៩–៤៥ ដែលបង្ហាញពីសារលិខិតរបស់ទំនុកតម្កើងនេះ ។ តើយ៉ូសែបមានពរជ័យយ៉ាងណា នៅពេលលោកបានធ្វើអ្វីដែលត្រូវ ទោះជាលោកមានឧបសគ្គក្ដី ? តើព្រះអម្ចាស់បានប្រទានពរដល់យើង ក្នុងពេលយើងមានឧបសគ្គដោយសារការធ្វើរឿងត្រឹមត្រូវនៅពេលណា ?
លោកុប្បត្តិ ៣៧:៥–១១; ៤០; ៤១:១–៣៨
ប្រសិនបើយើងមានចិត្តស្មោះត្រង់ នោះព្រះអម្ចាស់នឹងដឹកនាំ ហើយបំផុសគំនិតយើង ។
-
ទោះជាមិនមែនថាគ្រប់គ្នាទទួលបានវិវរណៈផ្ទាល់ខ្លួនតាមរយៈការសុបិន្ដក្ដី ក៏មានរឿងជាច្រើនដែលយើងអាចរៀនបានអំពីវិវរណៈ ចេញមកពីបទពិសោធន៍របស់យ៉ូសែប អ្នកបម្រើរបស់ផារ៉ោន និងផារ៉ោនដែរ ។ បងប្អូនអាចអញ្ជើញឲ្យសិស្សក្នុងថ្នាក់រំឭក លោកុប្បត្តិ ៣៧:៥–១១; ៤០:៥–៨; ៤១:១៤–២៥, ៣៧–៣៨ ហើយចែកចាយអ្វីមួយ ដែលពួកគេបានរៀនអំពីវិវរណៈ ។ បងប្អូនក៏អាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលបានជួយពួកគេឲ្យរៀបចំខ្លួនដើម្បីទទួល យល់ និងអនុវត្តតាមវិវរណៈផងដែរ ។
ដោយមានជំនួយពីព្រះអម្ចាស់ នោះយើងអាចគេចពីការល្បួងបាន ។
-
បងប្អូនអាចសូមឲ្យសិស្សក្នុងថ្នាក់ចែកចាយអ្វីដែលពួកគេបានរៀនអំពីការទប់ទល់នឹងការល្បួង នៅពេលពួកគេអាន លោកុប្បត្តិ ៣៩ នៅសប្ដាហ៍នេះ ។ តើយ៉ូសែបបានធ្វើអ្វីខ្លះ ដើម្បីយកឈ្នះលើការល្បួង ? ( សូមមើល ខទី ៧–១២ ) ។ វីដេអូ « Leave the Party » និង « Dare to Stand Alone » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ផ្ដល់ជាឧទាហរណ៍អំពីមនុស្សដែលបានទប់ទល់នឹងការល្បួង ។ សូមពិចារណាសូមឲ្យសមាជិកក្នុងថ្នាក់ធ្វើបញ្ជីមួយអំពីរឿងដែលយើងអាចធ្វើបាន ដើម្បីទាញយកព្រះចេស្ដារបស់ព្រះ នៅពេលយើងប្រឈមមុខនឹងការល្បួង ។ ( សមាជិកក្នុងថ្នាក់អាចរកឃើញយោបល់នានានៅក្នុង ម៉ាថាយ ៤:១–១១ឬបទគម្ពីរដែលបានមាននៅក្រោមប្រធានបទ« ល្បួង, សេចក្ដីល្បួង »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ [ នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។
-
តើបងប្អូនអាចប្រើគំរូរបស់យ៉ូសែប ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យទប់ទល់នឹងការល្បួងឲ្យប្រព្រឹត្តអំពើបាបខាងផ្លូវភេទដោយរបៀបណា ? បន្ថែមលើការរំឭក លោកុប្បត្តិ ៣៩:១–២០ សិស្សក្នុងថ្នាក់អាចមើលវីដេអូ « Chastity: What Are the Limits ? »( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬអាននៅក្នុង « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] ទំព័រ ២៦–២៧ ) ។ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀនអំពីការទប់ទល់នឹងគំនិត ពាក្យសម្ដី និងសកម្មភាពដែលនាំទៅរកអំពើបាបខាងផ្លូវភេទ ។ ការរំឭក « ការប្រែចិត្ត » ( នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ទំព័រ ២៩–៣០ ) អាចជួយសិស្សក្នុងថ្នាក់ឲ្យយល់ពីឱកាស ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើងប្រែចិត្ត ។
យើងគួរតែរៀបចំខ្លួនសម្រាប់ការលំបាកដែលអាចកើតមាន ។
-
បងប្អូនអាចសូមឲ្យសិស្សក្នុងថ្នាក់ម្នាក់ពិពណ៌នាពីសុបិន្ដរបស់ផារ៉ោន ( សូមមើល លោកុប្បត្តិ ៤១:១៥–២៤ ) ហើយសិស្សម្នាក់ទៀតចែកចាយការបកស្រាយរបស់យ៉ូសែប ( សូមមើល ខទី ២៥–៣២ ) ។ តើយ៉ូសែបបានស្នើឲ្យធ្វើអ្វីខ្លះ ? ( សូមមើល ខទី ៣៣–៣៦, ៤៧–៤៩ ) ។ តើដំណើររឿងនេះផ្ដល់ជាមេរៀនអ្វីខ្លះដល់ជំនាន់របស់យើង ? ( សូមមើល ការប្រឹក្សារបស់ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
ធនធានបន្ថែមទាំងឡាយ
ការរៀបចំខ្លួនសម្រាប់គ្រាលំបាក ។
ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បានមានប្រសាសន៍ថា « យើងសូមជំរុញចិត្តបងប្អូនឲ្យចំណាយដោយសមរម្យ លត់ដំខ្លួនឯងក្នុងការទិញ ដើម្បីចៀសវាងពីបំណុល ។ សូមបង់ផ្ដាច់បំណុលឲ្យបានលឿនតាមដែលបងប្អូនអាចធ្វើបាន ។ … សូមមានប្រាក់បម្រុងទុក ទោះជាវាតិចក្ដី » ( « To the Boys and to the Men » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៤ ) ។