« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ ៖ ‹ ព្រះទ្រង់សម្រេចជាការល្អ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ មីនា
លោកុប្បត្តិ ៤២–៥០
« ព្រះទ្រង់សម្រេចជាការល្អ »
អែលឌើរ ដេវីឌ អេ បែដណា បានមានប្រសាសន៍ថា « ការយល់ដឹងខាងវិញ្ញាណដែលបងប្អូន និងខ្ញុំមានពរជ័យឲ្យទទួលបាននោះ … មិនអាចផ្ដល់ឲ្យទៅមនុស្សម្នាក់ទៀតបានទេ » ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៧ ) ។ តើបងប្អូននឹងជួយសមាជិកក្នុងថ្នាក់ឲ្យទទួលបានការយល់ដឹងខាងវិញ្ញាណសម្រាប់ខ្លួនគេដោយរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីផ្ដល់ឱកាសឲ្យសិស្សក្នុងថ្នាក់ចែកចាយអំពីអ្វីមួយ ដែលពួកគេឃើញថាមានអត្ថន័យនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ បងប្អូនអាចសួរសំណួរទាំងនេះនៅពេលចាប់ផ្ដើមបង្រៀន ៖ តើខគម្ពីរអ្វីខ្លះនៅក្នុងជំពូកទាំងនេះ ដែលទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូន ? តើបងប្អូនឃើញថា ខ្លួនឯងអានខគម្ពីរមួយណាច្រើនដង ? តើខគម្ពីរណាដែលបងប្អូនបានចែកចាយជាមួយនរណាម្នាក់ ? តើខគម្ពីរណាដែលបាននាំឲ្យមានការពិភាក្សាដ៏មានអត្ថន័យជាមួយគ្រួសារ ឬមិត្តរបស់បងប្អូន ?
បង្រៀនគោលលទ្ធិ
ការអភ័យទោសនាំមកនូវសេចក្ដីសុខសាន្ត ។
-
មុនពេលបងប្អូនចាប់ផ្ដើមការពិភាក្សាមួយអំពីអ្វីដែលបទពិសោធន៍របស់យ៉ូសែបបង្រៀនអំពីការអភ័យទោស វាអាចមានប្រយោជន៍ បើសូមឲ្យនរណាម្នាក់សង្ខេបដំណើររឿងនៅក្នុង លោកុប្បត្តិ ៣៧; ៣៩–៤៥ ។ ហេតុអ្វីវាអាចជារឿងពិបាកចំពោះយ៉ូសែប ដែលត្រូវអភ័យទោសឲ្យបងប្រុសរបស់លោក ? តើបទពិសោធន៍ ឬឥរិយាបថអ្វីខ្លះដែលអាចផ្ដល់កម្លាំងឲ្យយ៉ូសែបអភ័យទោសបាន ? ( សូមមើល ឧទាហរណ៍ លោកុប្បត្តិ ៤៥:១–១៥ ឬ ៥០:១៥–២១ ) ។ តើគំរូរបស់យ៉ូសែបអាចជួយយើងឲ្យកាន់តែមានការអភ័យទោសដោយរបៀបណា ?
វីដេអូ « Forgiveness: My Burden Was Made Light » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ផ្ដល់ជាគំរូដ៏បំផុសគំនិតមួយទៀតអំពីការអភ័យទោស ។ តើព្រះអង្គសង្រ្គោះជួយយើងឲ្យអភ័យទោសដល់មនុស្សដទៃយ៉ាងដូចម្តេច ?
-
តើមានពរជ័យអ្វីខ្លះ ដែលបានកើតពីការអភ័យទោសរបស់យ៉ូសែបឲ្យបងប្រុសរបស់លោក ? វាអាចជារឿងគួរឲ្យចាប់អារម្មណ៍ដើម្បីប្រៀបធៀបទំនាក់ទំនងក្នុងគ្រួសាររបស់យ៉ាកុបនៅដើមដំណើររឿងនេះ ( សូមមើល ឧទាហរណ៍ លោកុប្បត្តិ ៣៧:៣–១១ ) ទៅនឹងស្ថានភាពរបស់ពួកគេនៅចុងបញ្ចប់ ( សូមមើល លោកុប្បត្តិ ៤៥:៩–១៥; ៥០:១៥–២១ ) ។ តើការអភ័យទោសមានសារសំខាន់បែបណាខ្លះនៅក្នុងការផ្លាស់ប្ដូរគ្រួសាររបស់យ៉ូសែប ? តើរឿងនេះអាចខុសគ្នាយ៉ាងណាទៅ បើយ៉ូសែបមិនបានស្ម័គ្រចិត្តអភ័យទោសទេនោះ ? បងប្អូនអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ដល់យោបល់ពីរបៀបនានា ដែលដំណើររឿងនេះអាចជួយក្រុមគ្រួសារនាសព្វថ្ងៃនេះឲ្យយកឈ្នះលើការឈ្លោះប្រកែកគ្នា និងការច្រណែន ។
លោកុប្បត្តិ ៤៥:៥–១១; ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ )
កិច្ចការរបស់យ៉ូសែប ម៉ូសេ និង យ៉ូសែប ស្ម៊ីធ ថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ដោយមានពន្លឺបន្ថែមនៃដំណឹងល្អដែលបានស្ដារឡើងវិញ យើងដឹងថា យ៉ូសែបដែលបានដោះលែងគ្រួសាររបស់លោកចេញពីគ្រោះទុរភិក្ស ក៏បានព្យាករអំពីពរជ័យដ៏អស្ចារ្យដែលនឹងកើតមានតាមរយៈម៉ូសេ និងយ៉ូសែប ស្ម៊ីធ នៅថ្ងៃណាមួយផងដែរ ។ ហើយព្យាការីទាំងអស់នេះចង្អុលបង្ហាញយើងទៅកាន់ព្រះរំដោះដ៏អស្ចារ្យរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យឃើញព្រះអង្គសង្គ្រោះនៅក្នុងការងារបម្រើរបស់ព្យាការីទាំងបីរូបនេះ បងប្អូនអាចគូរតារាងមួយនៅលើក្ដារខៀន ដែលស្រដៀងនឹងតារាងដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ សមាជិកក្នុងថ្នាក់អាចធ្វើការរួមគ្នាដើម្បីបំពេញតារាងនេះ ។ រួចហើយ ពួកគេអាចបន្ថែមជួរឈរដែលរៀបរាប់អំពីកិច្ចការរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ ម៉ូសេ និងយ៉ូសែប ស្ម៊ីធ ដោយប្រើអ្វីដែលពួកគេបានរៀនមកពី លោកុប្បត្តិ ៤៥:៥–១១ និង ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ តើការងារបម្រើរបស់ព្យាការីទាំងនេះធ្វើទីបន្ទាល់ និងចង្អុលបង្ហាញទៅបេសកកម្មរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ? ( សម្រាប់ជាឧទាហរណ៍មួយចំនួននៃភាពស្រដៀងគ្នារវាងជីវិតរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ និងជីវិតរបស់ព្រះអង្គសង្គ្រោះ សូមមើល លោកុប្បត្តិ ៣៧:៣ និង ម៉ាថាយ ៣:១៧; លោកុប្បត្តិ ៣៧:២៦–២៨ និង ម៉ាថាយ ២៦:១៤–១៦; លោកុប្បត្តិ ៤៥:៥–៧ និង លូកា ៤:១៨; និង លោកុប្បត្តិ ៤៧:១២ និង យ៉ូហាន ៦:៣៥; សូមមើលផងដែរ ម៉ូសេ ៦:៦៣) ។
ព្រះអាចជួយយើងឲ្យរកឃើញនូវអត្ថន័យនៅក្នុងការសាកល្បងរបស់យើង ។
-
ទោះជាវាមិនច្បាស់ពីពេលវេលាដែលលោកឆ្លងកាត់ការសាកល្បងដ៏ធ្ងន់ធ្ងររបស់លោកក្ដី ក៏យ៉ូសែបអាចមើលត្រឡប់ទៅឧបសគ្គរបស់លោកនៅស្រុកអេស៊ីព្ទនៅទីបញ្ចប់ ហើយឃើញថា « ព្រះទ្រង់សម្រេចជាការល្អ » ( លោកុប្បត្តិ ៥០:២០ ) ។ ប្រសិនបើយើងអាចទៅជួបនឹងយ៉ូសែប ខណៈលោកស្ថិតនៅក្នុងរណ្ដៅ ឬនៅក្នុងគុក តើយើងអាចលួងលោមលោកយ៉ាងណាទៅ ? តើគំនិតដែលបានបង្ហាញនៅក្នុង លោកុប្បត្តិ ៥០:១៩–២១ អាចជួយយើងអំឡុងពេលនៃការសាកល្បងដោយរបៀបណា ? ប្រហែលជាសិស្សក្នុងថ្នាក់ស្ម័គ្រចិត្តនិយាយអំពីរបៀបដែលព្រះបានប្រទានពរដល់ពួកគេ ទោះជាតាមរយៈបទពិសោធន៍ដ៏ពិបាកដែលពួកគេបានមានក្ដី ។ សម្រាប់ឧទាហរណ៍មួយ សូមមើលវីដេអូ « Unto All the World: The Sam Family » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២ បន្ថែមដល់ការយល់ដឹងរបស់យើងអំពីគោលការណ៍នេះយ៉ាងណាខ្លះ ?
ធនធានបន្ថែមទាំងឡាយ
ជីវិតរបស់ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ។
ជីវិតរបស់យ៉ូសែបនៃអេស៊ីព្ទ ម៉ូសេ និង យ៉ូសែប ស្ម៊ីធ អាចរំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទ ។ សមាជិកក្នុងថ្នាក់អាចបំពេញតារាងនេះ រួចហើយបន្ថែមជួរឈរសម្រាប់យ៉ូសែបនៃស្រុកអេស៊ីព្ទ ( សូមមើល លោកុប្បត្តិ ៤៥:៥–១១ ) ម៉ូសេ ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤, ២៩, ៣៤–៣៦ [ នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) និង យ៉ូសែប ស្ម៊ីធ ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៦–២៨, ៣០–៣៣ [ នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) ។
ព្រះយេស៊ូវគ្រីស្ទ | |
---|---|
តើនរណាត្រូវបានដោះលែង ? | |
តើពួកគេត្រូវបានដោះលែងចេញពីអ្វី ? | |
តើមានអ្វីបានកើតឡើង ដើម្បីដោះលែងពួកគេ ? |