« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ ៖ ‹ ឈប់សិន ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ មេសា
និក្ខមនំ ១៤–១៧
« ឈប់សិន ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា »
សូមគិតអំពីរបៀបដែលបទពិសោធន៍របស់កូនចៅអ៊ីស្រាអែលអនុវត្តចំពោះសមាជិកក្នុងថ្នាក់របស់បងប្អូន ។ តើបទពិសោធន៍មួយណាដែលនឹងមានប្រយោជន៍បំផុត ដើម្បីឲ្យពួកគេពិភាក្សាគ្នា ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
និក្ខមនំ ១៤–១៧ ពោរពេញដោយដំណើររឿងទាំងឡាយដែលត្រូវចងចាំ ។ សមាជិកក្នុងថ្នាក់ម្នាក់អាចគូររូបភាពព្រឹត្តិការណ៍មួយមកពីជំពូកទាំងនេះ ខណៈសមាជិកផ្សេងទៀតក្នុងថ្នាក់សាកទាយថា គាត់កំពុងគូររូបអ្វី ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនពីដំណើររឿងនេះ ។
បង្រៀនគោលលទ្ធិ
ព្រះវរបិតាសួគ៌រំដោះយើង នៅពេលយើងធ្វើតាមព្រះវិញ្ញាណ ។
-
សមុទ្រក្រហមហាក់ដូចជាច្រកទ័លស្លាប់មួយចំពោះពួកសាសន៍អ៊ីស្រាអែល ប៉ុន្ដែព្រះទ្រង់ជ្រាបពីអ្វីៗដែលពួកគេមិនបានដឹង ។ ការអានម្ដងទៀតអំពីដំណើររឿងនៃការឆ្លងកាត់សមុទ្រក្រហមដ៏អព្ភូតហេតុនេះ អាចរំឭកសិស្សក្នុងថ្នាក់អំពីគ្រាដែលព្រះបានរំដោះពួកគេចេញពីការសាកល្បងរបស់ពួកគេ ។ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់រៀនរំឭក និក្ខមនំ ១៤ ហើយចែកចាយអ្វីដែលបំផុសគំនិតពួកគេខ្លាំងបំផុតពីក្នុងដំណើររឿងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងការត្រូវបានរំដោះចេញពីការសាកល្បងផងដែរ ដោយអមនឹងខគម្ពីរមកពីជំពូកនេះ ដែលស្ថាបនាសេចក្ដីជំនឿរបស់ពួកគេថា ព្រះអាចរំដោះយើងបាន ។
-
វាក៏អាចជារឿងគួរឲ្យចាប់អារម្មណ៍ផងដែរដើម្បីអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ រួមគ្នា ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីម៉ូសេ ? តើខគម្ពីរទាំនេះជះឥទ្ធិពលលើរបៀបដែលយើងគិតអំពីព្រឹត្តិការណ៍នៅក្នុង និក្ខមនំ ១៤ យ៉ាងដូចម្ដេច ? តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះ អំពីរបៀបដែលយើងស្វែងរកការដោះលែងចេញពីការសាកល្បងរបស់យើង ? សូមពិចារណាពីអ្វីដែលសេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ »អាចបន្ថែមយោបល់ដល់ការពិភាក្សារបស់បងប្អូនបាន ។
និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧
ព្រះអម្ចាស់នឹងផ្ដល់ឲ្យសម្រាប់តម្រូវការរបស់យើង នៅពេលយើងធ្វើដំណើរក្នុងជីវិតនេះ ។
-
និក្ខមនំ ១៥–១៧ ផ្ដល់ជាដំណើររឿងជាច្រើនដែលអាចស្ថាបនាសេចក្ដីជំនឿរបស់សមាជិកក្នុងថ្នាក់លើព្រះចេស្ដា និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ដើម្បីផ្ដល់ឲ្យសម្រាប់សេចក្ដីត្រូវការខាងរូបកាយ និងខាងវិញ្ញាណរបស់យើង ។ ប្រហែលសមាជិកម្នាក់ៗក្នុងថ្នាក់អាចសិក្សាវគ្គបទគម្ពីរដូចតទៅនេះមួយ ហើយរកមើលសារលិខិតនានាខាងវិញ្ញាណ ៖ និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧ ។ សូមឲ្យសិស្សបីបួននាក់ក្នុងថ្នាក់មានឱកាសចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។ តើយើងអាចប្រើដំណើររឿងទាំងនេះដើម្បីលើកទឹកចិត្តនរណាម្នាក់ ដែលមិនបានបំពេញតាមតម្រូវការខាងសាច់ឈាម ឬខាងវិញ្ញាណដោយរបៀបណា ?
-
សមាជិកក្នុងថ្នាក់ក៏អាចអានខគម្ពីរទាំងនេះ និងរកមើលឧទាហរណ៍ពីការរអ៊ូរទាំផងដែរ ។ តើយើងអាចពន្យល់ដល់នរណាម្នាក់ពីអត្ថន័យនៃការរអ៊ូរទាំយ៉ាងដូចម្ដេច ? តើមានលទ្ធផលណាខ្លះមកពីការរអ៊ូរទាំ ដែលធ្វើឲ្យវាក្លាយជារឿងគ្រោះថ្នាក់នោះ ? ប្រហែលសិស្សក្នុងថ្នាក់អាចចែកចាយដំបូន្មានស្ដីពីរបៀបចៀសវាងការល្បួងឲ្យរអ៊ូរទាំទាស់នឹងព្រះអម្ចាស់ នៅពេលយើងជួបនឹងការសាកល្បងពិបាកនានា ។
-
វាអាចជួយសិស្សក្នុងថ្នាក់បាន ពេលប្រៀបធៀបនំម៉ានាដូចបានពិពណ៌នានៅក្នុង និក្ខមនំ ១៦ ទៅនឹងការចិញ្ចឹមដែលវិញ្ញាណរបស់យើងត្រូវការ ។ តើយើងឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ ? តើមានមេរៀនខាងវិញ្ញាណអ្វីខ្លះ ដែលព្រះអម្ចាស់អាចចង់បង្រៀនសាសន៍អ៊ីស្រាអែល តាមរយៈការបញ្ជូននំម៉ានាតាមរបៀបដែលទ្រង់បានធ្វើនោះ ? ( សូមមើល យ៉ូហាន ៦:៣១–៣៥, ៤៨–៥៨ ) ។ បងប្អូនក៏អាចមើលវីដេអូមួយ ឬច្រើនដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ។
យើងមានពរ នៅពេលយើងគាំទ្រថ្នាក់ដឹកនាំរបស់យើង ។
-
ដំណើររឿងរបស់អើរ៉ុន និងហ៊ើរដែលជួយទ្រដៃរបស់ម៉ូសេ បង្ហាញពីសារសំខាន់នៃការគាំទ្រដល់អ្នកដែលត្រូវបានហៅឲ្យដឹកនាំយើង ។ បងប្អូនអាចអញ្ជើញសិស្សក្នុងថ្នាក់ពីរបីនាក់ឲ្យសម្ដែងតាមបទពិសោធន៍នេះ កាលសិស្សម្នាក់ទៀតអានវាឮៗ ។ តើកិច្ចខិតខំរបស់អើរ៉ុន និងហ៊ើរដែលជួយទ្រដៃរបស់ម៉ូសេ ស្រដៀងគ្នានឹងកិច្ចខិតខំរបស់យើងដើម្បីគាំទ្រថ្នាក់ដឹកនាំរបស់យើងដោយរបៀបណា ? តើយើងបង្ហាញថា យើងគាំទ្រថ្នាក់ដឹកនាំរបស់យើងដោយរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
បងប្អូនអាចទទួលបានការដឹកនាំផ្ទាល់ខ្លួនបាន ។
ស៊ិស្ទើរ មីឈែល ក្រេហ្គ បានបង្រៀន ៖
« ក្នុងនាមជាសិស្សដ៏ស្មោះត្រង់ [ របស់ព្រះអង្គសង្គ្រោះ ] បងប្អូនអាចទទួលការបំផុសគំនិត និងវិវរណៈផ្ទាល់ខ្លួនស្របទៅនឹងបទបញ្ញត្តិរបស់ទ្រង់ ដែលបានរចនាសម្រាប់បងប្អូន ។ ខ្ញុំមានបេសកកម្ម និងតួនាទីដ៏ពិសេសនៅក្នុងជីវិត ហើយនឹងទទួលបានការណែនាំពិសេសដើម្បីបំពេញវា ។
« នីហ្វៃ បងប្រុសរបស់យ៉ារេឌ សូម្បីតែម៉ូសេ ពួកលោកទាំងអស់គ្នាបានឆ្លងកាត់សមុទ្រដ៏ធំធេង—ហើយពួកលោកម្នាក់ៗបានធ្វើឆ្លងវាតាមរបៀបខុសៗគ្នា ។ នីហ្វៃបាន ‹ យកឈើធ្វើរាងសំពៅដ៏វិចិត្រ › [ នីហ្វៃទី១ ១៨:១ ] ។ បងប្រុសយ៉ារេឌបានសង់ភេត្រាដែល ‹ បិទជិតដូចជាចាន › [ សូមមើល អេធើរ ៦:៥–៨ ] ។ ហើយម៉ូសេ ‹ បានដើរលើដីគោកនៅកណ្ដាលសមុទ្រ › [ និក្ខមនំ ១៤:២៩ ] ។
« ពួកលោកម្នាក់ៗបានទទួលការណែនាំផ្ទាល់ខ្លួន ដែលត្រូវបានរចនាដល់ពួកលោក ហើយពួកលោកម្នាក់ៗបានទុកចិត្ត និងប្រព្រឹត្តតាម ។ នៅក្នុងសម្ដីរបស់នីហ្វៃ ព្រះអម្ចាស់មានព្រះទ័យគិតគូរដល់អ្នកដែលគោរពតាម ហើយនឹង ‹ រៀបចំផ្លូវ ដើម្បីឲ្យ [ យើង ] អាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជា › [ នីហ្វៃទី១ ៣:៧ ] ។ សូមកត់សម្គាល់ នីហ្វៃនិយាយថា ‹ ផ្លូវ ›—មិនមែន ‹ ផ្លូវនោះ › នោះទេ ។
តើយើងបានខកខាន ឬទុកចោលការងារផ្ទាល់ពីព្រះអម្ចាស់ដោយសារទ្រង់បានរៀបចំ ‹ ផ្លូវ › ខុសពីផ្លូវមួយដែលយើងរំពឹងទុកឬទេ ? » ( « សមត្ថភាពខាងវិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២១ ) ។
វីដេអូ
នៅក្នុងវីដេអូ « Daily Bread: Pattern » « Daily Bread: Experience » និង « Daily Bread: Change » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បានចែកចាយការយល់ដឹងអំពីអព្ភូតហេតុនំម៉ានា ។