« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ ‹ យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៨–២៤ ខែ មេសា
និក្ខមនំ ១៨–២០
« យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក »
សូមអាន និក្ខមនំ ១៨–២០ ហើយកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន អំពីរបៀបជួយសិស្សក្នុងថ្នាក់របស់បងប្អូនឲ្យរៀនសូត្រពីជំពូកទាំងនេះ ។ សូម្បីតែចំណាប់អារម្មណ៍សាមញ្ញៗក៏អាចដឹកនាំទៅរកបទពិសោធន៍រៀនសូត្រដ៏មានអត្ថន័យផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន បងប្អូនអាចសរសេរនៅលើក្ដារខៀនលេខ ១៨, ១៩ និង ២០—ជាជំពូកនៅក្នុងគម្ពីរនិក្ខមនំដែលពួកគេបានអាននៅសប្ដាហ៍នេះ ។ សូមឲ្យសមាជិកក្នុងថ្នាក់សរសេរលេខខគម្ពីរ ដែលពួកគេចង់ពិភាក្សាចេញពីជំពូកនោះដាក់នៅក្បែរលេខជំពូកនីមួយៗ ។ កាលសមាជិកក្នុងថ្នាក់ចែកចាយការយល់ដឹងរបស់ពួកគេ សូមសួរសមាជិកក្នុងថ្នាក់ផ្សេងទៀតថា តើពួកគេមានការយល់ដឹងអំពីវគ្គបទគម្ពីរដូចគ្នានេះឬអត់ ។
បង្រៀនគោលលទ្ធិ
យើងអាចជួយ « ជាជំនួយ » ក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់បាន ។
-
បងប្អូនអាចលើកទឹកចិត្តសិស្សរបស់បងប្អូនឲ្យពិភាក្សាអំពីការប្រឹក្សាដែលយេត្រូបានទូន្មានដល់ម៉ូសេ ( សូមមើល និក្ខមនំ ១៨:១៣–២៦ ) ដោយការសូមឲ្យពួកគេស្រមៃថា ពួកគេកំពុងសន្ទនាជាមួយនរណាម្នាក់ ដែលមានអារម្មណ៍ថា ការហៅបម្រើក្នុងសាសនាចក្រ កាតព្វកិច្ចក្នុងគ្រួសារ ឬការទទួលខុសត្រូវផ្សេងៗទៀតរបស់គាត់គឺ « ហួសកម្លាំង » ហើយថាគាត់នឹង « ថយកម្លាំង » ( និក្ខមនំ ១៨:១៨ ) ។ តើការប្រឹក្សានៅក្នុងនិក្ខមនំ ១៨:១៣–២៦ អាចជួយតាមរបៀបណា ? តើយើងអាចចែកចាយដំបូន្មានបន្ថែមទៀតអ្វីខ្លះ មកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ?
-
ការនិយាយអំពី និក្ខមនំ ១៨:១៣–២៦ អាចផ្ដល់ឱកាសមួយឲ្យពិភាក្សាពីរបៀបដែលការងារបម្រើអាចជួយយើងឲ្យ « បានជាជំនួយដល់ » ថ្នាក់ដឹកនាំរបស់យើងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ( និក្ខមនំ ១៨:២២ ) ។ តើយេត្រូបានផ្ដល់យោបល់ឲ្យម៉ូសេរកមើលបុគ្គលិកលក្ខណៈអ្វីខ្លះ នៅក្នុងអស់អ្នកដែលបម្រើជា « មេ » របស់ប្រជាជន ? ( សូមមើល និក្ខមនំ ១៨:២១ ) ។ ហេតុអ្វីបុគ្គលិកលក្ខណៈទាំងនោះសំខាន់នៅក្នុងការខិតខំរបស់យើង ដើម្បីផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមក ? តើការងារបម្រើដល់សមាជិកគ្រួសារ សមាជិកក្នុងសាសនាចក្រ និងមនុស្សដទៃជួយ « ជាជំនួយដល់ » ថ្នាក់ដឹកនាំសាសនាចក្ររបស់យើងដោយរបៀបណា ? ជាផ្នែកមួយនៃការពិភាក្សារបស់បងប្អូន បងប្អូនអាចបង្ហាញវីដេអូដែលទាក់ទងមួយដែលមាននៅលើគេហទំព័រ ministering.ChurchofJesusChrist.org បាន ។
យើងគួរតែដាក់ព្រះអម្ចាស់ជាទីមួយនៅក្នុងជីវិតរបស់យើង ។
-
តើបងប្អូនអាចគិតអំពីកិច្ចការមួយ ដែលដំណើរការប្រសើរ ពេលយើងបំពេញតាមជំហានដ៏សំខាន់បំផុតមុនគេដែរឬទេ ? ( ឧទាហរណ៍អាចរួមមានការដោះស្រាយសមីការគណិតវិទ្យា ឬការធ្វើតាមរូបមន្ដធ្វើម្ហូបមួយ ) ។ សូមចែកចាយជាមួយសិស្សនូវឧទាហរណ៍មួយចំនួន ដែលបងប្អូនដឹង ហើយសូមឲ្យពួកគេគិតដោយខ្លួនឯង ។ តើការបំពេញតាមជំហានដ៏សំខាន់បំផុតមុនគេ ទាក់ទងនឹងបទបញ្ញតិ្តនៅក្នុង និក្ខមនំ ២០:២–១១ ដោយរបៀបណា ? តើបទបញ្ញត្តិទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីការដាក់ព្រះជាទីមួយនៅក្នុងជីវិតរបស់យើង ? តើមានរឿងអ្វីខ្លះ ដែលយើងអាចត្រូវបានល្បួងឲ្យដាក់ពីមុនទ្រង់ ? ( សម្រាប់ជាឧទាហរណ៍មួយចំនួន សូមមើលសេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ ការរំឭក និក្ខមនំ ២០:២–១១ អាចជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យគិតពិចារណាអំពីការតាំងចិត្តរបស់ពួកគេដើម្បីដាក់ព្រះជាទីមួយ ។
ព្រះគឺប្រកបដោយសេចក្ដីមេត្តាករុណា ។
-
តើបងប្អូនអាចជួយសិស្សក្នុងថ្នាក់របស់បងប្អូនឲ្យយល់អំពីសារសំខាន់នៃបទបញ្ញត្តិទាំងដប់ប្រការនៅជំនាន់របស់យើងដោយរបៀបណា ? បងប្អូនអាចបំបែកសិស្សជាដៃគូ ហើយឲ្យពួកគេអាន និក្ខមនំ ២០:២–១៧ រួចហើយពិភាក្សាពីរបៀបដែលការគោរពតាមបទបញ្ញតិ្តនីមួយៗផ្ដល់ពរជ័យដល់ពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សដែលនៅជុំវិញពួកគេ ។ បងប្អូនក៏អាចមើលវីដេអូ « Obedience to the Ten Commandments » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បានដែរ ។ តើព្រះវរបិតាសួគ៌សន្យាពរជ័យអ្វីខ្លះនឹងយើង ពេលយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ? ( សូមមើល ឧទាហរណ៍ ម៉ូសាយ ២:៤១ ) ។ តើបទបញ្ញត្តិទាំងនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងតាមរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
កុំឲ្យមានព្រះឯណាទៀត ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា មានរឿងប្រៀបធៀបរវាងការថ្វាយបង្គំរូបសំណាកពីសម័យបុរាណ និងអាកប្បកិរិយារបស់មនុស្សនៅសព្វថ្ងៃនេះ ។ លោកមានប្រសាសន៍ថា ៖
« រូបសំណាកគឺនៅក្នុងចំណោមអំពើបាបដ៏ធ្ងន់ធ្ងរបំផុត ។ …
« រូបសំណាកសម័យទំនើប ឬរូបព្រះក្លែងក្លាយអាចមានទម្រង់ដូចជា សម្លៀកបំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូកកំសាន្ដ និងសម្ភារផ្សេងៗជាច្រើនទៀតដែលបានបង្វែរចេញពីផ្លូវទៅកាន់ភាពជាព្រះ ។ …
« វត្ថុអរូបីយប្រៀបបានដូចជាពួកព្រះ ។ កម្រិតសញ្ញាបត្រ និងលិខិត ព្រមទាំងមុខងារអាចក្លាយជារូបបដិមាបាន ។…
« មនុស្សជាច្រើនបានសង់ និងទិញគ្រឿងតុទូដាក់ផ្ទះ ហើយទិញរថយន្ដមុនគេ—រួចហើយឃើញថាពួកគេ ‹ មិនអាចមានលុយ › បង់ដង្វាយមួយភាគក្នុងដប់បាន ។ តើពួកគេគោរពនរណាគេ ? ច្បាស់ណាស់គឺមិនមែនព្រះអម្ចាស់ដែលគង់នៅស្ថានសួគ៌ និងផែនដីនេះទេ ។ …
« មនុស្សជាច្រើនគោរពការបរបាញ់ ដំណើរកំសាន្ដស្ទូចត្រី វិស្សមកាល ពេលវេលាពិចនិចចុងសប្ដាហ៍ និងការចេញទៅក្រៅ ។ អ្នកផ្សេងទៀតមានល្បែងកីឡា បាល់បោះ បាល់ទាត់ ល្បែងប្រកួតសត្វគោជល់ ឬ ការលេងកូនហ្គោលជារូបព្រះរបស់ពួកគេ ។ …
« នៅមានរូបភាពមួយទៀតដែលមនុស្សថ្វាយបង្គំគឺអំណាច និងកិត្យានុភាព ។ … ពួកព្រះទាំងនេះដែលរួមមាន អំណាច ទ្រព្យសម្បត្តិ និងឥទ្ធិពលគឺជាអ្វីដែលគេចង់បានបំផុត ហើយវាពិតដូចជារូបគោមាសរបស់ពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថានដែរ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១៤៦–៤៧ ) ។