ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជាដរាប »


« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជាដរាប › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ស្ដូប​ថ្ម​បាន​រមៀល​ចេញពី​មាត់ផ្នូរ

រូប​គំនូរ​ផ្នូរ​ទទេ ដោយ ម៉ារីណា គ្រីឆេងកូ

ថ្ងៃទី ១១–១៧ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជាដរាប »

កាល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មាន​អំណរគុណ​កាន់តែ​ខ្លាំង​ឡើង និង​មាន​ទីបន្ទាល់​កាន់តែ​ជ្រាលជ្រៅ​អំពី​ពលិកម្ម​ដ៏​ធួន និង​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ប្រហែល​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ ឬ​គ្រួសារ​របស់​ពួកគេ​បាន​ធ្វើ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​អំឡុង​រដូវកាល​បុណ្យ​អ៊ីស្ទើរ​នេះ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​យកឈ្នះ​លើ​សេចក្ដី​ស្លាប់ នោះ​យើង​នឹង​រស់​ម្ដងទៀត​ផងដែរ ។

  • ដោយសារ​ថ្ងៃនេះ​គឺជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ សូម​ពិចារណា​ដល់​ការរំឭក​ដំណើររឿង​ក្នុង​បទគម្ពីរ​អំពី​បុណ្យ​អ៊ីស្ទើរ​ដំបូង​—​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល យ៉ូហាន ២០:១–១៧ ) ។ បងប្អូន​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​ប្រាប់​ដំណើររឿង​នោះ​ជា​ពាក្យ​សម្ដី​របស់​គាត់​ផ្ទាល់ ។ បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « He Is Risen » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ដែរ ។ សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​រីករាយ​នឹង​ការច្រៀង​បទ​ចម្រៀង​ក្នុង​ទំនុក​តម្កើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការអាន​បទគម្ពីរ​ដែល​ទាក់ទង​ផងដែរ ( សេចក្ដី​យោង​មាន​នៅ​ខាងក្រោម​បទ​នីមួយៗ​នៅក្នុង​ទំនុក​តម្កើង ) ។ រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត​មកពី​ទំនុក​តម្កើង និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • ដើម្បី​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​មាន​អំណរគុណ​ដល់​របៀប​ដែល​ព្រះគម្ពីរ​សញ្ញា​ចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​បទគម្ពីរ​នៅក្នុង​តារាង​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ក៏ដូចជា​វគ្គ​ព្រះគម្ពីរ​មរមន​ដែល​អម​មក​ជាមួយ​នឹង​តារាង​នេះ​ផងដែរ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់​មកពី​វគ្គ​បទគម្ពីរ​ទាំងនេះ ? ហេតុអ្វី​វា​មាន​តម្លៃ​ដើម្បី​ដឹង​ពី​ការព្យាករ​ទាំងនេះ ?

យើង​អាច​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ មាន​នូវ​បញ្ជី​បទគម្ពីរ​មួយ ដែល​ពិពណ៌នា​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ​ដែល​កើតមាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​បាន​អាន​បទគម្ពីរ​ទាំងនេះ​នៅ​ផ្ទះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​បទគម្ពីរ​នេះ ។ ឬ បងប្អូន​អាច​អាន​បទគម្ពីរ​ពីរ​បី​រួមគ្នា​ក្នុង​ថ្នាក់ ហើយ​និយាយ​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ​ដែល​យើង​មាន​ដោយសារតែ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។ តើ​យើង​អាច​ចែកចាយ​ពរជ័យ​ទាំងនេះ​ជាមួយ​មនុស្ស​ដែល​អាច​កំពុង​ពិបាក​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ​នៅក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ? បងប្អូន​ក៏​អាច​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​អាន​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « អំណរ និង ការរស់រាន​ខាង​វិញ្ញាណ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) អំឡុង​សប្ដាហ៍​ពីមុន​ថ្ងៃ​បង្រៀន ហើយ​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វី​ដែល​សារលិខិត​នេះ​បង្រៀន​អំពី​ការរកឃើញ​សេចក្ដី​អំណរ​នៅក្នុង​ព្រះអង្គ​សង្គ្រោះ ។

  • បងប្អូន​អាច​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​របៀប​ជួយ​មនុស្ស​ដទៃ​ឲ្យ​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ​នៅក្នុង​ព្រះគ្រីស្ទ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​—​ប្រហែល​ជា​នរណាម្នាក់​ដែល​ពួកគេ​ផ្ដល់​ការងារ​បម្រើ​—​ដែល​អាច​ត្រូវការ​ការគាំទ្រ និង​ការបម្រើ​របស់​ពួកគេ ឬ​សូម្បី​គ្រាន់តែ​ជា​ការស្ដាប់​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​យោង​ទៅ​បទគម្ពីរ ( ដូចជា​បទគម្ពីរ​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) កាល​ពួកគេ​ពិចារណា​ពី​ការបម្រើ ដែល​ពួកគេ​អាច​ផ្ដល់ ឬ​ទីបន្ទាល់​ដែល​ពួកគេ​អាច​ចែកចាយ​ដើម្បី​ពង្រឹង​ដល់​អស់​អ្នក​ដែល​នៅជុំវិញ​ខ្លួន​គេ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ចែកចាយ​យោបល់​របស់​ពួកគេ​អំពី​ការបម្រើ ដូចដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។

ព្រះគ្រីស្ទ​នៅលើ​ឈើ​ឆ្កាង

ថ្ងៃ​ដ៏​អាប់អួរ​នៅ​គាល់កូថា ដោយ ជេ ឃើក រីឆាដ

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​អំពើបាប សេចក្ដីស្លាប់ ការសាកល្បង និង​ភាព​ទន់ខ្សោយ​ទាំងឡាយ ។

  • របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹងគិត​ពី​ពរជ័យ ដែល​កើត​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជា​ការសរសេរ​ចំណងជើង​ដូចនេះ​នៅលើ​ក្ដារខៀន ៖ អំពើបាប ការស្លាប់ ការសាកល្បង និង ភាពទន់ខ្សោយ ។ សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់​អាច​អាន​ខគម្ពីរ​មួយ​ពី​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​រឿង​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ ។ សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​របស់​ពួកគេ​នៅក្រោម​ចំណងជើង​មួយ ឬ​ច្រើន​នៅលើ​ក្ដារខៀន ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • ដំណើររឿង និង​រឿងប្រៀប​ប្រដូច​នានា​អាច​ជួយ​យើង​ឲ្យ​យល់ដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​ចែកចាយ​ដំណើររឿង ឬ​រឿង​ប្រៀបធៀប​មួយ​នៅក្នុង​សារលិខិត​របស់​អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស « ការពាល់​របស់​ព្រះអង្គ​សង្គ្រោះ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩០–៩២ ) ឬ សារលិខិត​របស់​ស៊ិស្ទើរ នីល អែហ្វ ម៉ារ៉ត « ការចងភ្ជាប់​នឹង​ព្រះ និង​ការជួសជុល​ការបាក់បែក » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០–១២ ) ។ តើ​ដំណើររឿង ឬ​រឿង​ប្រៀបធៀប​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើការ​ជា​ដៃគូ​ដើម្បី​គិត​អំពី​ដំណើររឿង ឬ​រឿង​ប្រៀបធៀប​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • តើ​យើង​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ដូច​តទៅ​នេះ​អំពី​តម្លៃ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ៖ អេសាយ ៥៣:៣–៥; ម៉ូសាយ ៣:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦–១៩ ? តើ​ព្រះវរបិតាសួគ៌​របស់​យើង​បាន​បង់​តម្លៃ​អ្វីខ្លះ ? ( សូមមើល យ៉ូហាន ៣:១៦ ) ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បទគម្ពីរ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​អរគុណ​ដល់​សិស្ស​របស់​បងប្អូន ។ « សូម​កុំ​ផ្តោតអារម្មណ៍តែ​លើ​មេរៀន​ខ្លាំង​ពេក រហូត​ដល់​បងប្អូន​ភ្លេច​អរគុណ​ដល់​អ្នករៀន​ចំពោះ​ការចូលរួម​ចំណែក​របស់​ពួកគេ ។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​ថា បងប្អូន​មាន​អំណរគុណ​ចំពោះ​ការស្ម័គ្រចិត្ត​របស់​ពួកគេ​ដើម្បី​ចែកចាយ​អំពី​គំនិត​យោបល់ និង​ទីបន្ទាល់​របស់​ពួកគេ​នោះ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៣ ) ។