ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៤ ៖ « យើង​មាន​បន្ទូល​ដល់​អ្នក »


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៤ ៖ ‹ យើង​មាន​បន្ទូល​ដល់​អ្នក › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៣៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣–២៤

« យើង​មាន​បន្ទូល​ដល់​អ្នក »

ក្មេងជំទង់​កំពុង​អធិស្ឋាន​នៅជិត​ព្រះគម្ពីរ​ដែល​បើក

បន្ទាប់​ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខែ មេសា ឆ្នាំ ១៨៣០ ភ្លាមៗ​ពួក​បរិសុទ្ធ​បាន​ប្រឈម​នឹង​ការបៀតបៀន​យ៉ាង​ខ្លាំង ។ ទោះបីជា​មាន​ឧបសគ្គ​ទាំងនេះ​ក៏​ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​បានបន្ត​ពង្រឹង​សាសនាចក្រ ហើយ​ប្រទាន​ដំបូន្មាន​ផ្ទាល់ខ្លួន​ដល់​អស់​អ្នក​ដែល​ប្រាថ្នា​ចង់​ដឹង​ពី​ព្រះហឫទ័យ​របស់​ទ្រង់​ដោយ​ស្មោះ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​ពួកគេ ហើយ​នឹង​ប្រទាន​ការដឹកនាំ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ស្វែងរក​ការណែនាំ

សូម​ពិចារណា​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ចម្លើយ​របស់​ពួកគេ​ដោយ​ស្ងប់ស្ងាត់ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ដំបូន្មាន​ដ៏​មាន​តម្លៃ​ដែល​ពួកគេ​បាន​ទទួល​ពី​បុគ្គល​នេះ ហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ ។

  • តើ​អ្នក​ណា​ដែល​ស្គាល់​អ្នក​ច្បាស់​ជាង​គេ ?

  • តើ​ពួកគេ​ដឹង​អ្វីខ្លះ​អំពី​អ្នក ?

  • តើ​ពួកគេ​មិន​ដឹង​អ្វី​អំពី​អ្នក ?

ទោះបី​ជា​សិស្ស​អាច​ទទួល​បាន​ដំបូន្មាន​ដ៏​មាន​តម្លៃ​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាច្រើន​ក៏ដោយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ប្រភព​នៃ​ដំបូន្មាន​ដ៏ល្អ​បំផុត ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ការខិតខំ​បច្ចុប្បន្ន​របស់​ពួកគេ​ក្នុង​ការស្វែងរក​ដំបូន្មាន​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ពួកគេ​មាន​អារម្មណ៍​ថា​ការខិតខំ​របស់​ពួកគេ​គ្រប់គ្រាន់​ហើយ ឬ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​ធ្វើការ​កែតម្រូវ​ទៀត ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​សំណួរ​ទាំងនេះ​ពេញ​មួយ​មេរៀន ។

ព្រះអម្ចាស់​ស្គាល់​អ្នក

យ៉ូសែប ស្ម៊ីធ និង​អ្នក​ដទៃ​ទៀត​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ទាក់ទង​នឹង​តួនាទី​របស់​ពួកលោក​នៅក្នុង​សាសនាចក្រ​ដែល​ទើប​បាន​ស្ដារឡើងវិញ ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៤ មាន​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​របស់​ពួកលោក​ក្នុង​ការទទួល​បាន​ការណែនាំ​ពី​ព្រះ ។

សូម​ពិចារណា​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​យើង​ម្នាក់ៗ ហើយនឹង​ប្រទាន​ដំបូន្មាន​ដល់​យើង ស្រប​តាម​បំណងប្រាថ្នា និង​កាលៈទេសៈ​របស់យើង ។

នៅពេល​សិស្ស​ពិភាក្សា​អំពី​គោលការណ៍​នេះ អ្នក​អាច​ចង្អុល​បង្ហាញ​ថា យើង​អាច​ទទួល​បាន​ដំបូន្មាន​មកពី​ព្រះ​តាម​រយៈ​ការអធិស្ឋាន ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី ឪពុកម្ដាយ ថ្នាក់​ដឹកនាំ​មជ្ឈិមវ័យ​ដែល​គួរ​ឲ្យ​ទុកចិត្ត ។ ល ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣:១–៦ ដោយ​រកមើល​ភស្ដុតាង​នៃ​សេចក្តីពិត​នេះ ។

  • តើ​អ្នក​បាន​រកឃើញ​ភស្តុតាង​អ្វី ?

  • តើ​ភស្តុតាង​នេះ​ជះ​ឥទ្ធិពល​លើ​ការយល់ដឹង​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រេនកូ ដែល​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​បង្រៀន ៖

ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រានកូ

ព្រះវរបិតាសួគ៌​ក៏​ស្គាល់​អ្នក​ផងដែរ ។ ទ្រង់​ជ្រាបពី​កន្លែង​ដែល​អ្នក​នៅ និង​ស្គាល់​អ្នក ហើយ​ដឹង​ពី​តម្រូវការ​អ្នក ។ ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់អ្នក ។ មិន​ថា​អ្នក​មាន​អារម្មណ៍​ឯកោ​បែប​ណា​នោះ​ទេ ទ្រង់​គង់​នៅ​ទីនោះ​ជានិច្ច ។ អ្នក​ពុំ​នៅ​ឯកោ​ឡើយ ។ ​អ្នក​អាច​បែរ​ទៅ​រក​ទ្រង់​បាន ។ ( គ្រីស្ទីណា ប៊ី ហ្វ្រានកូ « Heavenly Father Knows You » Friend ខែ មិថុនា ឆ្នាំ ២០១៨ ទំព័រ ១៦ )

  • តើ​ព្រះ​ប្រទាន​ដំបូន្មាន​ដល់​យើង​ស្រប​តាម​បំណង​ប្រាថ្នា និង​កាលៈទេសៈ​របស់​យើង​ដោយ​របៀប​ណា ?

ទ្រង់​ទាំងទ្វេ​អាច​ដឹកនាំ​ជីវិត​របស់ខ្ញុំ

រូបតំណាង​ក្រាហ្វិកសំណៅចែក​ដែល​ភ្ជាប់​មក​ជាមួយ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​ការណែនាំ​ដល់​ពួកគេ​បាន ស្រប​តាម​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​ពិចារណា​បែងចែក​សិស្ស​ជា​គូ ឬ​ក្រុម​តូចៗ ហើយ​ផ្តល់​ឲ្យ​សំណៅ​ចែក​មួយ​ច្បាប់​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​អ្នក​ដែល​ពួកគេ​នឹង​រៀន​អំពី ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

អ្នក​ក៏​អាច​ពិចារណា​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​រៀន​ពី​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ផងដែរ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៤ ៖ ដំបូន្មាន​មក​ពី​ព្រះអម្ចាស់

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលាគោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៤

សូម​ជ្រើសរើស​អាន​យ៉ាង​ហោចណាស់​អំពី​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម​មនុស្ស​ខាងក្រោម​នេះ ៖ សូម​រកមើល​ឃ្លា​នានា​នៅក្នុង​ខគម្ពីរ​នេះ ដែល​ទាក់ទង​នឹង​ការសង្ខេប​ប្រវត្តិសាស្រ្ត ។ ការណ៍​នេះ​អាច​ជួយ​អ្នកឲ្យ​មើលឃើញ​ភស្តុតាង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្គាល់​មនុស្ស​ម្នាក់ៗ ហើយ​បានប្រទាន​ដំបូន្មាន​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

អូលីវើរ ខៅឌើរី

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣:១–២; ២៤:១០–១២

អូលីវើរ ខៅរី

អូលីវើរ គឺជា​គ្រូ​បង្រៀន ។ គាត់​បាន​ធ្វើ​ជា​ស្មៀន​សរសេរ​ឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ នៅពេល​បកប្រែ​ព្រះគម្ពីរ​មរមន ។ គាត់​គឺជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​បីនាក់​នៃ​ព្រះគម្ពីរ​មរមន ហើយ​ជា​អែលឌើរ​ទីពីរ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ ។ គាត់​បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នឹង​គ្រួសារ វិតមើរ និង​មិត្តភក្តិ​ផ្សេងទៀត​របស់គាត់​នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ។ នៅ​ឱកាស​ជាច្រើន សេចក្តី​ឆ្មើងឆ្មៃ​របស់​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ រួម​ទាំង​ពេល​ដែល​គាត់​បាន​សរសេរ​ទៅ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ទាក់ទង​នឹង​ផ្នែក​នៃ​វិវរណៈ​ដែល​គាត់​មិន​យល់ស្រប​ផងដែរ ។ សេចក្តី​ឆ្មើងឆ្មៃ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ចាកចេញ​ពី​សាសនាចក្រ​មួយ​រយៈ​ចន្លោះ​ឆ្នាំ ១៨៣៨ និង ១៨៤៧ ។

ហៃរុម ស៊្មីធ

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣:៣

ហៃរុម ស៊្មីធ

ហៃរុម គឺជា​បងប្រុស​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហៃ​រុម ស្ម៊ីធ បាន​ជួយ​ក្នុង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​ដោយ​ការ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​នឹង​អ្នក​បោះពុម្ព ។ គាត់​មាន​បំណង​ប្រាថ្នា​ដ៏​មហិមា​ក្នុង​ការផ្សព្វផ្សាយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ប៉ុន្តែ​គាត់​ត្រូវ​បាន​សុំ​ឲ្យ​រង់ចាំ ហើយ​រៀបចំ​ខ្លួន​ដោយ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​សិន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:២១–២២ ) ។ គាត់​បាន​បម្រើ​ជា​ប្រធាន​នៃសាខា​ទីមួយ​របស់​សាសនាចក្រ​នៅ ខូស្វីល រដ្ឋនូវយ៉ោក ។ ហៃរុម បានបំពេញ​កាតព្វកិច្ច​របស់​គាត់​ចំពោះ​សាសនាចក្រ ហើយ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ពេញមួយ​ជីវិត​របស់គាត់ ។

យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣:៦–៧

យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយ​បាន​បង្ហាញ​ដល់​លោក​នូវ​សន្ដាន​ចិត្ត​ដ៏ល្អ ។ គាត់បាន​ផ្ដល់​សម្ភារ​ទៅដល់​ព្យាការី ខណៈ​ដែល​លោក​ធ្វើការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ គាត់​មាន​បំណង​ចង់​ទទួលពិធី​បុណ្យ​ជ្រមុជទឹក​ជាមួយ​អ្នកដទៃ​ទៀត នៅថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង ប៉ុន្តែ​គាត់​បាន​រង់ចាំ​សិន ដោយសារ​គាត់​ចង់​សិក្សា​ព្រះគម្ពីរ​មរមន​បន្ថែម ។ ភ្លាមៗ​បន្ទាប់ពី​បាន​ទទួល​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣ យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ បាន​ជ្រើសរើស​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ គាត់​នៅតែ​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៃ​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់ ។

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៤:១–៩

ព្យាការី យ៉ូសែប ស៊្មីធ

យ៉ូសែប ស៊្មីធ ជុញ្ញ័រ គឺជា​ព្យាការី​របស់​ព្រះអម្ចាស់ ។ នៅ​ខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែប​បាន​រៀបចំ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ ។ ភ្លាមៗ​នោះ សាសនាចក្រ​ថ្មី​បាន​ប្រឈមមុខ​នឹង​ការបៀតបៀន ។ យ៉ូសែប ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​រឿង​មិន​ពិត ហើយ​ក៏​ត្រូវបាន​ដោះលែង​មក​វិញ ។ លោក​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​លោក ហើយ​ដឹកនាំ​សាសនាចក្រ​នៅពេល​ជាមួយ​គ្នា ។ « កាល​លោក​រវល់​ជាមួយ​ព្រះវិហារ​ថ្មី លោក​ត្រូវ​ដាំ​ដំណាំ​ក្នុងពេល​ឆាប់ៗ ប្រសិន​បើ​លោក​ចង់​ច្រូតកាត់​បាន​ជោគជ័យ​នា​រដូវ​ស្លឹកឈើ​ជ្រុះ​នោះ ។ ការ​បង់​ប្រាក់​របស់​លោក​ទៅ​ឪពុក​របស់ អិមម៉ា នៅ​កសិដ្ឋាន​គឺ​យឺត​ពេល​ទៅ​ហើយ ហើយ​ប្រសិនបើ​ដំណាំ​របស់​លោក​បរាជ័យ នោះ​លោក​នឹង​ត្រូវ​រក​វិធី​ផ្សេងទៀត​ដើម្បី​សង​បំណុល​របស់​លោក » ( ពួក​បរិសុទ្ធ ១:៩០ ) ។

បន្ទាប់ពី​សិស្ស​បញ្ចប់​ការសិក្សា​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ភស្តុតាង​ដែល​ពួកគេ​បាន​រក​ឃើញ​ថា ព្រះអម្ចាស់​ស្គាល់​បុគ្គល​ទាំងនេះ ។

អ្នក​អាច​បង្ហាញ​វីដេអូ « Heavenly Father Knows Me » ( ៣:១៨ ) ដើម្បី​ជួយ​សិស្ស​រៀបចំ​គំនិត និង​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

3:18

Heavenly Father Knows Me

After a trial of her faith, a young woman receives a witness that Heavenly Father truly does answer prayers.

សំណួរ​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​នៃ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។ សូម​ពិចារណា​ផ្តល់​ពេល​វេលា​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សិស្ស​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មិន​ស្គាល់​ពួកគេ​ទេ ។ សូម​ធានា​ដល់​សិស្ស​ម្នាក់ៗ​ថា ទ្រង់​ពិតជា​ស្គាល់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្វែងរក​ជំនួយ និង​ការណែនាំ​ពី​ព្រះអម្ចាស់ ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​អ្នក ហើយ​ដឹង​អំពី​អ្នក ?

  • តើ​ការណ៍​នេះ​មាន​អានុភាព​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​ទាំងទ្វេ​ដោយ​របៀប​ណា ?

  • តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អ្នក​គិត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ដល់​អ្នក​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​ដែល​ពួកគេ​ស្គាល់​បាន​មាន ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រាប​ដឹង​អំពី​ពួកគេ ។ សូម​រំឭក​សិស្ស​ថា​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ឬ​ពិសិដ្ឋ​ពេក ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​ផ្ទាល់ខ្លួន ឬ​ចែកចាយ​បទពិសោធន៍​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​យើង​ម្នាក់ៗ ហើយ​នឹង​ផ្តល់​ដំបូន្មាន​ដល់​យើង ស្រប​តាម​បំណង​ប្រាថ្នា និង​កាលៈទេសៈ​របស់​យើង ។