ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃសៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា


« បុព្វកថា​នៃសៀវភៅ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា »⁠ សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« បុព្វកថា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

បុព្វកថា​នៃសៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យុវវ័យ​កំពុង​ឈរ​នៅ​ខាង​មុខ​ថ្នាក់

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​គឺ « ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ការផ្លាស់ប្រែ​ចិត្ត​ជឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន រៀបចំ​ក្រុមគ្រួសារ និង​អ្នក​ដទៃទៀត​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ( « គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា » [ ឆ្នាំ ២០២២ ], នៅលើ​គេហទំព័រ ChurchofJesusChrist.org).

ដើម្បី​ជួយ​សម្រេច​គោលបំណង​នេះ សៀវភៅ​សិក្សា​នេះ​ផ្តល់​ឲ្យ​សិស្ស​នូវ​បទពិសោធន៍​នៃ​ការ​រៀនសូត្រ​ជាច្រើន​តាមរយៈ​មេរៀន​ពីរ​ប្រភេទ​ផ្សេងគ្នា ៖ មេរៀន​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មេរៀន​នៃ​ការរៀបចំ​ជីវិត ។ មេរៀន​គោលលទ្ធិ និង​សេចក្តីសញ្ញា​ដែល​ត្រូវ​គ្នា​នឹង​បណ្តុំ​បទគម្ពីរ​បាន​គូស​បញ្ជាក់​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​ ចូរមក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ។ មេរៀន​នៃ​ការរៀបចំ​ជីវិត​ជួយ​សិស្ស​ឲ្យ​រៀន​ទាញយក​កម្លាំង​មកពី ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ប្រឈមមុខ​ទាំងឡាយ​ក្នុង​ជីវិត ។

តាមរយៈ​ការប្រើ​ការផ្ដល់យោបល់​ក្នុង​ការ​បង្រៀន​ដែលមាន​នៅក្នុង​មេរៀន​ទាំងពីរ​ប្រភេទនេះ និងការ​ធ្វើតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ នោះ​អ្នកអាច​ជួយ​សិស្ស​ឲ្យ​ទាញយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​ជីវិត​របស់​ពួកគេ—រួមទាំង​ខាងវិញ្ញាណ ខាងសង្គម ខាងបញ្ញា និង​ខាង​រូបកាយ ។​ អ្នក​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​អនាគត​របស់ពួកគេ​ដោយ​សេចក្តី​ជំនឿ ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​នេះ​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​អនឡាញ​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org,​ជាកន្លែង​ដែល​អ្នក​អាច​ស្វែងរក PDF ដែល​អាច​ទាញយក​សៀវភៅ​សិក្សា​បាន ។ វា​ក៏មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។ ប្រសិនបើ​អ្នក​ចង់​ប្រើ​សៀវភៅ​សិក្សា​ដែលបាន​បោះពុម្ព សូម​ស្នើសុំ​វា​មកពីអ្នក​សម្របសម្រួល ឬ​អ្នក​គ្រប់គ្រង​កម្មវិធី​ក្នុង​មូលដ្ឋាន​របស់​អ្នក ។

ឧបករណ៍​ទាំងឡាយ​ដែល​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន

មិនថា​មេរៀន​ប្រភេទណា​ដែល​អ្នក​កំពុង​បង្រៀន​នោះទេ មាន​ឧបករណ៍​មួយ​ចំនួន​ដែល​នឹង​ជួយ​អ្នក​រៀបចំ​ ។

ព្រះគម្ពីរ

ការ​សិក្សា​បណ្តុំ​បទគម្ពីរ​ដែល​មាន​មក​ជាមួយ ចូរ​មក​តាម​ខ្ញុំ គឺជា​វិធី​ដ៏​សំខាន់​មួយ​សម្រាប់​រៀបចំ​ដើម្បី​បង្រៀន​សិស្ស ។ មេរៀន​ដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ត្រូវការ​គ្រូបង្រៀន​ដែល​បំផុសគំនិត ដែលសិក្សា​ព្រះគម្ពីរ​ជាទៀងទាត់ ហើយ​ស្វែងរក​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ អ្នក​អាច​មាន​ទំនុកចិត្ត​ថា ព្រះវរបិតាសួគ៌​នឹង​បំផុសគំនិត​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​អំពី​របៀប​កែសម្រួល​សម្ភារ​ទាំងនេះ​ទៅនឹង​តម្រូវការ​សិស្ស​របស់​អ្នក ។

ទិដ្ឋភាព​ទូទៅ

ទិដ្ឋភាព​ទូទៅ​គឺ​ត្រូវបាន​ផ្តល់​ជូន​នៅដើម​សប្តាហ៍​នីមួយៗ​នៃ​មេរៀន ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​នៅដើម​នៃ​ផ្នែក​នីមួយៗ​នៃ​មេរៀន​ការរៀបចំ​ជីវិត ។ ទិដ្ឋភាព​ទូទៅ​ទាំងនេះ​ផ្តល់​ព័ត៌មាន​មេរៀន-ជាក់លាក់​ដើម្បី​ជួយអ្នក​រៀបចំខ្លួន​បង្រៀន​រួមមាន ៖

  • គោលបំណង​មេរៀន

  • គំនិត​សម្រាប់​ការរៀបចំ​​សិស្ស

  • បញ្ជី​នៃ​មេរៀន​ដែល​មាន​ប្រើ​វត្ថុតំណាង សំណៅ​ចែក រូបភាព វីដេអូ ឬ​សម្ភារ​ផ្សេងៗ​ទៀត​ដែល​ប្រហែលជា​ត្រូវ​រៀបចំ​ទុកជាមុន

ការពិនិត្យមើល​ទិដ្ឋភាព​ទូទៅ​មុនពេល​អ្នក​បង្រៀន​មេរៀន ដែល​ត្រូវគ្នា​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​សម្ភារ​ណា​ដែលត្រូវ​រៀបចំ​ទុកជាមុន ។

សូម​ស្វែងរក​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​សម្រាប់​មេរៀន​សប្តាហ៍​ក្រោយ​ដែល​អ្នក​នឹង​បង្រៀន ។

  • តើ​អ្នក​រកឃើញ​ព័ត៌មាន​អ្វីខ្លះ​នៅទីនេះ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​ដឹងទុក​ជាមុន ?

  • តើ​អ្នក​អាចប្រើ​ព័ត៌មាន​នេះ​ដោយ​របៀបណា​នៅពេល​អ្នករៀបចំ​ខ្លួន​ដើម្បី​បង្រៀន ?

គន្លឹះ​ក្នុង​ការបង្រៀន

ទិដ្ឋភាព​ទូទៅ​នីមួយៗ​នៅ​ខាងដើម​មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា មាន​នូវ​គន្លឺះ​ក្នុង​ការបង្រៀន​ដែល​ពន្យល់​អំពី​ការអនុវត្ត ឬ​គោលការណ៍​ណែនាំ​ដកស្រង់មកពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង សាសនាចក្រ ។ គន្លឹះ​ទាំងនេះ​ត្រូវបាន​គូសសម្គាល់​ដោយ​រូបតំណាង​នេះ ៖ ​រូបតំណាង​ការបំពាក់បំប៉ន ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រៀម​ខ្លួន​រួច​ហើយ សូម​ព្យាយាម​ធ្វើតាម​ការអនុវត្ដ និង​គោលការណ៍​ទាំងនេះ​នៅពេល​កំពុង​បង្រៀន ។ អ្នក​នឹង​សម្គាល់​ឃើញ​ថា​ការដាក់បញ្ចូល​ការ​ផ្ដល់យោបល់​ទាំងនេះ​អាច​ជួយ​កែលម្អ​សមត្ថភាព​បង្រៀន​របស់​អ្នក ។

គន្លឹះ​ក្នុង​ការបង្រៀន​នៅក្នុង​ទិដ្ឋភាព​ទូទៅ​នីមួយៗ ចង្អុល​បង្ហាញ​ដល់​អ្នក​ទៅកាន់​​លំនាំ​នៃ​ការអនុវត្ត​ និង​គោលការណ៍​ដែល​បាន​ផ្ដល់​អនុសាសន៍ ។ សូមរកមើល​រូបតំណាង​ការបំពាក់បំប៉ន​ក្នុង​មេរៀន​នោះ រូបតំណាង​ការបំពាក់បំប៉នដើម្បី​ស្វែងរក​ឧទាហរណ៍​អំពី​​នៃ​ពាក្យ​គន្លឹះ ។ ចំណុង​ទាំងនេះ​ក៏​ជួយ​ចង្អុល​បង្ហាញ​អ្នក​ទៅកាន់ ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ដែលអាច​ជួយ​អ្នក​រៀន​បន្ថែម​ទៀត​អំពី​ការអនុវត្ត​ការបង្រៀន ឬ​គោលការណ៍​ដែល​បាន​សង្កត់ធ្ងន់ ។ បើ​ពេលវេលា​របស់​អ្នក​អំណោយផល ហើយ​មាន​លទ្ធភាព សូម​ពិចារណា​ប្រើការ​បណ្តុះបណ្តាល​ទាំងនេះ​ជាផ្នែក​នៃ​ការរៀបចំ​មេរៀន​របស់​អ្នក ។

សូម​ពិនិត្យមើល​គន្លឹះ​ក្នុង​ការបង្រៀន នៅក្នុង​ទិដ្ឋភាព​ទូទៅ​សម្រាប់​មេរៀន​ក្នុង​សប្តាហ៍​បន្ទាប់​ដែល​អ្នក​នឹង​បង្រៀន ។ តើ​អ្នក​អាច​ព្យាយាម​អនុវត្ត​តាម​យោបល់​នេះ​នៅក្នុង​មេរៀន​បន្ទាប់​ដោយ​របៀបណា ?

ការផ្ដល់យោលបល់​ស្តីពី​ល្បឿន​បង្រៀន

ទិដ្ឋភាព​ទូទៅ​សម្រាប់​មេរៀន​នីមួយៗ​នៃ​មេរៀន​នៃ​ការរៀបចំ​ជីវិត រួមមាន​ការផ្តល់យោលបល់​អំពី​ល្បឿន​បង្រៀន ។ យោបល់​ទាំងនេះ​ផ្ដល់​ជា​គំនិត​អំពី​មេរៀន​ទាំងនេះ​ថា​អាច​បញ្ចូល​ទៅត្រង់ណា​នៅ​ក្នុង​សេចក្ដី​ណែនាំ​ស្ដីពី​ល្បឿន​បង្រៀន ។ អ្នក​សម្របសម្រួល និង​អ្នក​គ្រប់គ្រង​កម្មវិធី​អាច​ប្រើការ​ផ្តល់យោបល់​ទាំងនេះ កាលណា​ពួកគេ​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។

ការរៀបចំ​សិស្ស

ទិដ្ឋភាព​ទូទៅ​នីមួយៗ​ក៏​ដាក់បញ្ចូល​យោបល់​សម្រាប់​ការជួយ​សិស្ស​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​ពួកគេ​សម្រាប់​មេរៀន​នីមួយៗផងដែរ ។ អ្នក​អាច​មើល​គំនិត​ទាំងនេះ​នៅ​ដើម​សប្តាហ៍ ហើយ​សម្រេចចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​គំនិត​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​សិស្ស​របស់​អ្នក​បានល្អ​បំផុត ។ អ្នក​មិន​ចាំបាច់​ប្រើ​គ្រប់​យោបល់​ទាំងអស់​អំពី​ការ​រៀបចំ​សិស្ស​នោះទេ ។ អ្នក​អាច​បត់បែន​វា ឬ​បង្កើត​គំនិត​ផ្ទាល់​ខ្លួន​របស់អ្នកបាន ។ យោបល់​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់ឲ្យ​សិស្ស​នូវ​បទពិសោធន៍​សិក្សា​មួយ​ថ្ងៃ​មុន ឬ​ច្រើន​ជាង​នេះ ។

សូម​ពិនិត្យមើល​គំនិត​សម្រាប់​ការរៀបចំ​​សិស្ស​នៅក្នុង​ទិដ្ឋភាព​ទូទៅ​សម្រាប់​មេរៀន​ក្នុង​សប្តាហ៍​បន្ទាប់​ដែល​អ្នក​នឹង​បង្រៀន ។ សូម​ពិចារណា​អំពី​គំនិត​មួយណា​ដែល​អ្នក​នឹង​ប្រើ កែសម្រួល ឬ​មិន​ប្រើ ។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​រៀបចំ តើ​អ្នក​នឹង​ចែកចាយ​គំនិត​រៀបចំ​នេះ​ជាមួយ​ពួកគេ​ដោយ​របៀបណា ? អ្នក​អាច​ចែកចាយ​វា​ដោយ​ផ្ទាល់​មាត់ ឬ​បង្ហាញ​វា​នៅ​ចុងបញ្ចប់​ថ្នាក់​មុន ។ ឬ​ប្រសិន​បើ​សមស្រប សូម​ផ្ញើ​វា​តាមរយៈ​អ៊ីមែល ឬ​កម្មវិធី​ផ្ញើសារ ។

សេចក្ដី​ណែនាំ​អំពី​ការបង្រៀន

ពេញមួយ​មេរៀន​នីមួយៗ អ្នក​នឹង​សម្គាល់​ឃើញ​ប្រអប់​ដែល​មាន​សេចក្ដី​ណែនាំ​សម្រាប់​គ្រូបង្រៀន ។ សេចក្ដី​ណែនាំ​អំពី​ការបង្រៀន ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​រៀបចំ​ខ្លួន​បង្រៀន ។ សេចក្តី​ណែនាំ​នេះ អាច​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​សកម្មភាព​រៀន​សូត្រ​ដែល​បានស្នើ​នៅក្នុង​មេរៀន​នេះ ។ សេចក្ដីណែនាំ​ទាំងនេះ​អាច​ពន្យល់​អំពី​គោលបំណង​នៃ​សកម្មភាព​មេរៀន ឬ​ផ្តល់​យោបល់​អំពី​របៀប​បត់បែន​មាតិកា​មេរៀន​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ឲ្យ​កាន់តែប្រសើរ​ឡើង ។ យោបល់​ទាំងនេះ​អាច​រួមបញ្ចូល​វិធីសាស្រ្ត​ សំណួរ ឬ​សកម្មភាព​ផ្សេងៗ​​ដែល​ជួយ​អ្នកឲ្យ​កែសម្រួល​មាតិកា និង​សកម្មភាព​តាម​ការចាំបាច់ ។

សូម​ពិនិត្យមើល​ឡើងវិញ​នូវ​សេចក្ដីណែនាំ​អំពី​ការបង្រៀន​មួយ​ចំនួន​នៅ​ក្នុង​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​ក្នុង​ពេល​ឆាប់ៗ​នេះ ។ តើ​ការបត់បែន​អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​ដោយ​ផ្អែក​លើ​សេចក្ដី​ណែនាំ​អំពី​ការ​បង្រៀន​ដែល​អ្នក​រក​ឃើញ ?

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​នីមួយៗ​មាន​គំនិត​អំពី​​របៀប​ដែល​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ អ្នក​មិន​តម្រូវ​ឲ្យ​ប្រើ​សកម្មភាព​ការរៀនសូត្រ​ដែល​បានផ្តល់​ជូន​នេះ​ទាំងអស់​នៅក្នុង​មេរៀន​ដែល​អ្នក​បង្រៀន​នោះទេ ។

ដើម្បី​ឲ្យ​សិស្ស​របស់​អ្នក​មាន​បទពិសោធន៍​ល្អ​បំផុត​​តាម​ដែល​អាច​ធ្វើទៅបាន អ្នក​គួរតែ​ប្រើ​មាតិកា​នៅក្នុង​ផ្នែក​នេះ​ធ្វើ​ជា​ការណែនាំ​ជាជាង​​ប្រើអត្ថបទ ។ ប្រសិនបើ​អ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា វា​អាច​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​ដោយ​ធ្វើតាម​សកម្មភាព​ការរៀនសូត្រ​ដែល​បាន​ផ្តល់​ជូន​ឲ្យ​បាន​ដិតដល់ ។ ជាមួយបទពិសោធន៍​កាន់តែ​ច្រើន អ្នក​នឹង​មាន​សមត្ថភាព​ក្នុងការ​កែសម្រួល​មាតិកា​នៃ​សៀវភៅ​សិក្សា​នេះ​ឱ្យសមស្រប​បំផុត ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​អ្នកបាន​កាន់តែ​ប្រសើរ ។

សកម្មភាព​រៀនសូត្រ​ដែល​បាន​ស្នើ​ជាច្រើន​នឹង​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា ។ សៀវភៅកំណត់ហេតុ​ការ​សិក្សាជា PDF ដែល​សិស្ស​អាច​ប្រើ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org/si/seminary/manuals ។ សូម​ទាក់ទង​អ្នក​សម្របសម្រួល ឬ​អ្នក​គ្រប់គ្រង​កម្មវិធី​របស់​អ្នក​ដើម្បី​ទទួល​បាន​ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព​នៃ​សៀវភៅ​កំណត់ហេតុ​នេះ​សម្រាប់​ថ្នាក់​របស់​អ្នក ប្រសិន​បើ​អ្នក​ចង់​បាន ។

រូបតំណាង​ការបំពាក់បំប៉ន សម្រាប់​ជំនួយ​ដើម្បី​ដឹង​អំពី​របៀប​ក្នុង​ការដាក់បញ្ចូល​សកម្មភាព​រៀនសូត្រ​ដែល​បានស្នើ​ជាមួយនឹង​សម្ភារ​កម្មវិធី​សិក្សា​ឲ្យ​មាន​តុល្យភាព ដើម្បី​បំពេញ​តាមតម្រូវការ​របស់​សិស្សឲ្យ​កាន់តែ​ប្រសើរ សូមមើល « ការបំពាក់បំប៉ន​ស្តីពី​ការទទួល​យក បន្ទាប់​មក​កែសម្រួល​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា » នៅក្នុង​វគ្គបណ្តុះបណ្តាល​កម្មវិធី​សិក្សា​ថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ ) ។ វា​អាច​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​បញ្ចប់​ការបំពាក់បំប៉ន​នេះ​ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ​សិក្សា ។

ធនធាន​បន្ថែម​ទាំងឡាយ

មេរៀន​ភាគច្រើន​មាន​នូវ​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » នៅ​ចុងបញ្ចប់​នៃ​មេរៀន​នោះ ។ ផ្នែកនេះ​ដាក់បញ្ចូល​ព័ត៌មាន​ដែល​អាច​ជួយ​ឲ្យ​ការរៀនសូត្រ​កាន់តែ​មាន​ភាពស៊ីជម្រៅ ។ អ្នក​អាច​ស្វែងរក​ចម្លើយ​ដែល​អាច​មាន​ចំពោះ​សំណួរ​ដែល​សិស្ស​អាច​សួរ ឬ​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​អ្នក​ប្រហែលជា​ចង់ដាក់​បញ្ចូល​ក្នុង​មេរៀន ។ ផ្នែក​នេះ​អាច​ប្រើបាន​លុះត្រាតែ​អ្នក​ចូលប្រើ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​បណ្ណាល័យ​ដំណឹង​ល្អ​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » មិន​បាន​ដាក់បញ្ចូល​នៅក្នុង​កំណែ PDF របស់​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​នោះទេ ។

សូម​មើល​ថាតើ​មេរៀន​ដែល​អ្នក​បង្រៀន​បន្ទាប់​មាន​ដាក់​បញ្ជូល « ធនធាន​បន្ថែម​ទាំងឡាយ » ដែរ​ឬទេ ។ តើ​មាន​សំណួរ ចម្លើយ ឬ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ចែកចាយ​ជាមួយ​សិស្ស​របស់​អ្នក​ដែរ​ឬទេ ?

សកម្មភាព​រៀនសូត្រ​បន្ថែម

ផ្នែកនេះ​ក៏​មាន​ដាក់បញ្ចូល​នៅចុង​បញ្ចប់​នៃ​មេរៀន​ដែរ ដែល​មាន​គំនិត​បន្ថែម​សម្រាប់​ការទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ​ផងដែរ ។ សកម្មភាព​រៀនសូត្រ​ទាំងនេះ​រួម​មាន របៀប​ដើម្បី​សម្រប​សកម្មភាព​បច្ចុប្បន្ន​ក្នុង​មេរៀន ឬ​របៀប​បង្រៀន​សម្ភារ ដែល​មិន​បាន​បញ្ចូល​ក្នុង​មេរៀន​នេះ ។ សកម្មភាព​រៀនសូត្រ​បន្ថែម​ត្រូវបាន​ដាក់បញ្ចូល​តែ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​តែប៉ុណ្ណោះ ប្រសិនបើ​អ្នក​កំពុង​ចូល​ប្រើវា​តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​បណ្ណាល័យ​ដំណឹងល្អ​តាម​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ផ្នែក​នេះ​មិន​បាន​ដាក់បញ្ចូល​នៅក្នុង​កំណែ PDF នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ទេ ។

ប្រសិនបើ​មេរៀន​បន្ទាប់​របស់​អ្នក​ដាក់បញ្ចូល​ផ្នែក​« សកម្មភាព​រៀនសូត្រ​បន្ថែម » សូម​ពិនិត្យមើល​សកម្មភាព​ទាំងនេះ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​ដើម្បី​ប្រើ​ជាមួយ​សិស្ស​របស់​អ្នក​បន្ថែម​ពី​លើ ឬ​ជំនួស​ឲ្យសកម្មភាព​រៀនសូត្រ​ដែល​មាន​ក្នុង​សម្ភារ​មេរៀន​នេះ ?

មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មេរៀន​នៃ​ការរៀបចំ​ជីវិត

សិស្ស​គួរ​តែ​បាន​រៀន​ទាំង​មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មេរៀន​នៃ​ការរៀបចំ​ជីវិត​ពេញ​មួយ​ឆ្នាំ ។ ជាទូទៅ យើង​នឹង​បង្រៀន​​មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​បី​មេរៀន​ក្នុង​មួយ​សប្ដាហ៍ ខណៈដែល​​មេរៀន​នៃ​ការរៀ​បចំ​ជីវិតគួរតែ​បង្រៀន​ពីរមេរៀនក្នុង​មួយ​សប្តាហ៍ ។ ប្រហែល​ជា​មាន​សប្តាហ៍​ដែល​តម្រូវ​ឲ្យ​អ្នក​កែសម្រួល​ការរំពឹងទុក​ទូទៅ​ទាំងនេះ ។

ព័ត៌មាន​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពីគោលបំណង និង​វិធី​អនុវត្ត​មេរៀន​ទាំង​ពីរ​ប្រភេទ​នេះ ។

មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា

មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ដែល​ត្រូវ​គ្នា​នឹង​បណ្តុំ​បទគម្ពីរ​ដែល​បាន​គូស​បញ្ជាក់​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង ចូរមក​តាម​ខ្ញុំ ។ មេរៀន​ទាំង​នេះ​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​មាន​បទពិសោធន៍ការសិក្សា​ដ៏​ស៊ី​ជម្រៅ​​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ មេរៀន​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ក៏ដាក់បញ្ចូល​មេរៀន​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ផងដែរ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អាទិភាព​សំខាន់​មួយ​សម្រាប់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ លទ្ធផល​ទាំងនេះ​រួម​មាន​ការជួយ​សិស្ស​ឲ្យ ៖

  • រៀន និង​អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

  • ចេះចាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វគ្គ​បទគម្ពីរ​នោះ​បង្រៀន ។

ការចេះ​ស្ទាត់​វគ្គ​បទគម្ពីរ​ដែល​បានជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​មាន​ន័យ​ថា​សិស្ស​នឹង ៖

  • ស្គាល់ ហើយ​យល់​អំពីគោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងនេះ ។

  • ពន្យល់​គោលលទ្ធិ​ឲ្យ​បាន​ច្បាស់ៗ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ទាក់ទង​នានា ។

  • អនុវត្ត​តាម​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​ពួកគេ និង​ក្នុង​ការឆ្លើយតប​ចំពោះ​គោលលិទ្ធ និង​បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​សង្គម និង​បញ្ហា​ប្រវត្តិសាស្ត្រ និង​សំណួរ​ទាំងឡាយ​របស់​ពួកគេ ។

  • ចងចាំ និង​ដឹង​ពី​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងឡាយ ។

កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។ អ្នក​ប្រហែលជា​ចង់​ប្រើ​កម្មវិធី​នេះនៅក្នុង​ថ្នាក់ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ទាញយក​កម្មវិធី​នេះតាម​ឧបករណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ប្រសិន​បើ​អាច​ធ្វើ​បាន ។ មាន​កម្មវិធី​សម្រាប់​ឧបករណ៍ iOS និង Android ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គោលបំណង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូមមើល « What Is Doctrinal Mastery? » ( ៣:៥៦ ), មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

4:3
មេរៀន ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ

មេរៀន​ការអនុវត្ដ​ចំណេះចំណាន​ខាងគោលលទ្ធិ មាន​បំណង​ជួយ​សិស្ស​ដើម្បី​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅរកការសម្រេចបាន​នូវ​លទ្ធផល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

រូបតំណាង​ការបំពាក់បំប៉ន សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ជួយ​សិស្សឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូមមើល​« ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » ដែលមាន​នៅក្នុង ការបំពាក់បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់សិក្ខាសាលា ។ វា​អាច​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​បញ្ចប់​ការបំពាក់បំប៉ន​នេះ​ក្នុង​រយៈ​ពេល​ពីរបី​សប្តាហ៍​បន្ទាប់ពី​អ្នក​បញ្ចប់​ការបំពាក់បំប៉ន « ការបំពាក់បំប៉ន​ស្តីពីការទទួល​យក បន្ទាប់​មក​កែសម្រួល​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា » ។

មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក

ការវាយតម្លៃ​គឺជា​ផ្នែក​សំខាន់​នៃ​ការរៀនសូត្រ ។ ឱកាស​ដើម្បី​សម្រាក និង​ពិចារណា​អំពី​ការរៀនសូត្រ​អាច​ជា​បទពិសោធន៍​វិជ្ជមានមួយ​សម្រាប់​សិស្ស និង​ជំរុញ​ពួកគេ​ក្នុង​ការ​បន្ត​រីកចម្រើន និង​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រកការក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ការវាយ​តម្លៃ​ការរៀនសូត្រ​របស់ពួកគេ សិស្ស​ក្លាយជា​អ្នក​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​សិក្សា និង​មាន​ការ​ទទួលខុសត្រូវ​បន្ថែមទៀត​សម្រាប់​ការរៀនសូត្រ​របស់ពួកគេ ។

មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី ពន្យល់​អំពី​គោលលទ្ធិ​គន្លឹះ​ ចេញពី​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ពិចារណា​អំពី​អាកប្បកិរិយា ​និង​បំណងប្រាថ្នា​របស់​ពួកគេ​ ហើយ ចែកចាយ​ការរីកចម្រើន​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​អាកប្បកិរិយា​​ដែល​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​សិស្ស​កាន់តែ​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេរៀន​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​រីករាយ ពេល​ពួកគេ​ស្គាល់​ការរីកចម្រើន​របស់​ពួកគេ និង​ស្វែងរក​កត្តា​នានា​ដើម្បី​រីកចម្រើន​បន្ថែម​សម្រាប់​ពេល​អនាគត ។ ដើម្បី​ទទួល​បានក្រេឌីត​​សម្រាប់​វគ្គសិក្សា សិស្ស​នឹង​ត្រូវ​ចូល​រួម​រៀន​យ៉ាង​ហោច​ណាស់​មួយ​មេរៀន​នៃ​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ក្នុង​ពាក់​កណ្តាល​នៃ​វគ្គ​នីមួយៗ ។

សិស្ស​ដែល​មិន​បាន​ចូល​រួម​ក្នុង​មេរៀន​ណាមួយ​ក្នុង​ចំណោម​មេរៀន​ទាំងនេះ ក្នុង​អំឡុង​ពេល​ពាក់កណ្តាល​នៃ​វគ្គ​សិក្សា​នឹង​ត្រូវ​បញ្ចប់​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក សម្រាប់​វគ្គសិក្សា​ពាក់កណ្តាល​នីមួយៗ​តាម​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​​ក្រេឌីត​សម្រាប់វគ្គ​សិក្សា​នោះ ។ បានដាក់បញ្ចូល​ទៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ​គឺ មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ចំនួន​ពីរ​មេរៀន ។ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ផ្នែក​ទី ១ » អាច​ឲ្យ​សិស្ស​ប្រើ​ដើម្បី​ជំនួស​ការវាយតម្លៃ​សម្រាប់​វគ្គ​ពាក់កណ្ដាល​ទី​មួយ​នៃ​វគ្គសិក្សាដែល​បាន​ខកខាន ។ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ផ្នែក​ទី ២ » អាច​ឲ្យ​សិស្ស​ប្រើ​ដើម្បី​ជំនួស​ការវាយតម្លៃ​សម្រាប់​វគ្គ​ពាក់កណ្ដាល​ទី​ពីរ​នៃ​វគ្គសិក្សា ។ អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ការវាយតម្លៃ​នេះ ហើយ​ឲ្យ​ពួក​គេ​បញ្ចប់​វា​ជាមួយ​មិត្ត​រួមថ្នាក់ផ្សេងទៀត ឬ​សមាជិក​គ្រួសារ​ ។ នៅពេល​ពួកគេ​បញ្ចប់ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយអ្នក​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ចេញមកពីបទពិសោធន៍​នេះ ។ ការវាយតម្លៃ​នេះ​អាច​ផ្ដល់​ឱកាស​ដល់​អ្នក​ដើម្បី​បម្រើ​ដល់​សិស្ស​ទាំងនេះ ហើយ​អបអរ​នូវ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ​ជាមួយ​ពួកគេ ។ សូម​ដាក់​ក្រេឌីតឲ្យ​ពួកគេ​ចំពោះ​ការវាយតម្លៃ​ពាក់កណ្តាល​នៃ​វគ្គសិក្សា​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ។

រូបតំណាង​ការបំពាក់បំប៉ន សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​អនុវត្ត​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក សូមមើល « ការបំពាក់​បំប៉ន​អំពី​ការវាយ​តម្លៃ » នៅក្នុង ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ។ វា​អាច​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​បញ្ចប់​ការបំពាក់បំប៉ន​នេះ​ក្នុង​រយៈ​ពេល​ពីរបី​សប្តាហ៍​បន្ទាប់​ពី​អ្នក​បញ្ចប់ « ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » ។

មេរៀន​នៃ​ការរៀបចំ​ជីវិត

មេរៀន​នៃ​ការរៀបចំ​ជីវិត​ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ដើម្បី​អនុវត្ដ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី ៖

  • ទប់ទល់​នឹង​សំណួរ​ពិបាកៗ និង​ឧបសគ្គ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត

  • ធ្វើ​ការជ្រើសរើស​ដ៏​បំផុស​គំនិត ដោយ​ប្រើ​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្យាការី​របស់​ទ្រង់

  • ស្ថាបនា​ភាពខ្លួនទីពឹងខ្លួន​ដើម្បី​ចិញ្ចឹម​បីបាច់​ខ្លួនឯង និង​​គ្រួសារ ។

  • មាន​សុខភាព​ខាង​ផ្លូវកាយ និង​ខាងសតិអារម្ម៍​ល្អ​កាន់តែ​ប្រសើរឡើង ។

  • អភិវឌ្ឍ​ជំនាញ​ទាំងឡាយ​ដើម្បី​ជោគជ័យ​នៅក្នុង​សាលា

  • ដាក់​ផែនការ​រៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ។

  • រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​បម្រើ​ក្នុងសាសនាចក្រ ។

  • រៀបចំ​ខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ព្យាយាម​បង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ពីរ​មេរៀន​ជារៀងរាល់​សប្តាហ៍ ។ សប្តាហ៍​ខ្លះ​អ្នក​អាច​បង្រៀន​ច្រើន​ជាង​សប្ដាហ៍​នេះ និង​សប្ដាហ៍​ផ្សេង​ទៀត​ដែល​អ្នក​អាច​បង្រៀន​តិច ប៉ុន្តែ​ជា​មធ្យម​អ្នក​គួរ​តែ​ព្យាយាម​បង្រៀន​ពីរ​មេរៀន​ក្នុង​មួយ​សប្ដាហ៍​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើទៅ​បាន ។ ការណ៍នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​បាន​រៀន​មេរៀន​នីមួយៗ​ក្នុង​អំឡុង​ឆ្នាំ​សិក្សា ។ ជា​ធម្មតា វា​មិន​ចាំបាច់​សម្រាប់​អ្នក​ក្នុង​ការ​បង្រៀន​មេរៀន​ទាំង​នេះ​តាម​លំដាប់​ជាក់លាក់​នោះទេ ទោះបី​ជា​មាន​មេរៀន​មួយ​ចំនួន​ដែល​ទាក់​ទងទៅ​នឹង​គំនិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​មុន​ក៏​ដោយ ។

ទិដ្ឋភាព​ទូទៅ​សម្រាប់​ប្រភេទ​នីមួយៗ​នៃ​មេរៀន​នៃ​ការរៀបចំ​ជីវិត អាច​ជា​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ការ​ជួយ​អ្នក​ធ្វើ​ការសម្រេច​ចិត្ត​អំពី​ពេលណា​ដើម្បី​បង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ជាក់លាក់ ។ ទិដ្ឋភាព​ទូទៅ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មើលឃើញ​យ៉ាង​ឆាប់រហ័ស​នូវ​គោលបំណង​នៃ​មេរៀន​នៃ​ការរៀបចំ​ជីវិត​ផ្សេងៗ ព្រមទាំង​ពិចារណា​អំពីយោបល់ស្តីពី​ល្បឿន​​ដែល​អាចបង្រៀន​មេរៀន​ទាំងនោះ​ក្នុង​ឆ្នាំ​នេះ ។

សូម​ប្រាកដ​ថា​នឹង​ទទួល​បាន​ច្បាប់​ចម្លង​នៃ​សេចក្តីណែនាំ​ស្តីពី​ល្បឿន​បង្រៀន ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​ដោយ​អ្នក​សម្រប​សម្រួល ឬ​អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​អ្នក ។

រូបតំណាង​ការបំពាក់បំប៉ន អ្នក​ក៏​អាច​នឹង​ចង់​ពិគ្រោះ​យោបល់ « ការបំពាក់បំប៉ន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន » នៅ​ក្នុង​ការបំពាក់បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រប​តាម​សេចក្តីណែនាំ​ស្តីពី​ល្បឿន​បង្រៀន​របស់​អ្នក​ទៅ​នឹង​តម្រូវ​ការ​​សិស្ស​របស់​អ្នក ។