« គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤ ៖ ‹ ធ្វើឡើងដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៧–២៨
« ធ្វើឡើងដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង »
ក្រោយពីការរៀបចំសាសនាចក្រនៅខែ មេសា ឆ្នាំ ១៨៣០ មក ការបៀតបៀនដល់សមាជិកសាសនាចក្រនៅតែបន្ត ។ នៅថ្ងៃមួយ ពេលដែល យ៉ូសែប ស្ម៊ីធ កំពុងធ្វើដំណើរទៅយកស្រាទំពាំងបាយជូរមកប្រើប្រាស់សម្រាប់ពិធីសាក្រាម៉ង់ នោះទូតនាំសារសួគ៌ាមួយអង្គបានបញ្ឈប់លោក ហើយបានចែកចាយសេចក្ដីពិតដែលមានបំណងដើម្បីជួយដល់ពួកបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សឲ្យត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មិត្តរបស់អ្នកនិយាយទៅកាន់អ្នកថា « គ្រប់គ្នានិយាយថា ពិធីសាក្រាម៉ង់សំខាន់ខ្លាំងណាស់ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា វាមិនសំខាន់ខ្លាំងចំពោះខ្ញុំទេ ។ តើមានអ្វីខ្លះដែលខ្ញុំមិនបានយល់ ? »
សូមជញ្ជឹងគិតពីបទពិសោធន៍ថ្មីៗរបស់អ្នកក្នុងការទទួលទានសាក្រាម៉ង់ ។ តើបទពិសោធន៍របស់អ្នកជាមួយនឹងពិធីសាក្រាម៉ង់មានអត្ថន័យដែរឬទេ ? ហេតុអ្វីមានន័យ ឬហេតុអ្វីមិនមានន័យ ?
នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ សូមស្វែងរកសេចក្ដីពិតដែលអាចណែនាំអ្នក និងអ្នកដទៃឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យ និងអានុភាពនៅក្នុងពិធីសាក្រាម៉ង់ ។
ពិធីសាក្រាម៉ង់ ៖ អ្វីដែលសំខាន់ និងអ្វីដែលមិនសំខាន់
នៅខែ សីហា ឆ្នាំ ១៨៣០ នូវល និង សាលី ណៃត៍ បានធ្វើដំណើរពីទីក្រុងខូលស្វីល រដ្ឋញូវយ៉ក ដើម្បីទៅសួរសុខទុក្ខព្យាការី យ៉ូសែប ស្ម៊ីធ និងភរិយារបស់លោក អិមម៉ា នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ ទាំង អិមម៉ា និង សាលី សុទ្ធតែធ្លាប់បានទទួលបុណ្យជ្រមុជទឹករួចហើយ ប៉ុន្តែដោយសារការបៀតបៀនពីសំណាក់មនុស្សកំណាច នោះពួកគាត់មិនត្រូវបានបញ្ជាក់ជាសមាជិកសាសនាចក្រ ហើយក៏មិនបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែរ ។ មុនពេលគ្រួសារ ណៃត៍ បានត្រឡប់ទៅផ្ទះវិញ យ៉ូសែប និងមិត្តរបស់លោកបានសម្រេចចិត្តទទួលទានសាក្រាម៉ង់រួមគ្នា ហើយធ្វើពិធីបញ្ជាក់ ។
ដោយចាំពីសាវតានេះក្នុងចិត្ត សូមអានក្បាលកណ្ឌ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ ដើម្បីមើលថា តើវិវរណៈនេះត្រូវបានទទួលយ៉ាងដូចម្ដេច ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–២ ដោយរកមើលអ្វីដែល យ៉ូសែប បានរៀនអំពីពិធីសាក្រាម៉ង់ ។
ទេវតាបានបើកសម្ដែងសារលិខិតរបស់ព្រះអង្គសង្គ្រោះឲ្យចងចាំថា ព្រះកាយរបស់ព្រះអង្គសង្គ្រោះ « បានដាក់ចុះ ដើម្បីអ្នក » ហើយព្រះលោហិតរបស់ទ្រង់ « បានច្រួចដើម្បីការផ្ដាច់ បាបទាំងឡាយរបស់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:២ បានបន្ថែមការគូសបញ្ជាក់ ) ។
13:39
ដើម្បីសង្កត់ធ្ងន់លើការបង្រៀនរបស់ទ្រង់ នោះព្រះអម្ចាស់បានព្យាករថា ទ្រង់នឹងចាត់ចែងពិធីសាក្រាម៉ង់នៅពេលខាងមុខ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៥ ដើម្បីមើលការព្យាករ ។ ( សូមមើលផងដែរ លូកា ២២:១៨ ) ។
សូមអានត្រួសៗក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៦–១៤ ដើម្បីមើលថា តើនរណាផ្សេងទៀតដែលនឹងត្រឡប់មកវិញ ។
សូមធ្វើសកម្មភាពខាងក្រោមនេះពីរ ឬបី ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។
-
សូមរាយបញ្ជីសេចក្ដីពិតអំពីព្រះអង្គសង្រ្គោះ ដែលអ្នកគិតថានឹងមានអានុភាពខ្លាំងដែលត្រូវចងចាំ អំឡុងពិធីសាក្រាម៉ង់ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីបទពិសោធន៍នានា នៅពេលដែលព្រះអង្គសង្គ្រោះបានជួយដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ។ សូមពន្យល់ពីមូលហេតុដែលវាអាចមានប្រយោជន៍ ដើម្បីចងចាំបទពិសោធន៍បែបនេះនៅអំឡុងពិធីសាក្រាម៉ង់ ។
-
សូមរាយបញ្ជីបទគម្ពីរ ឬទំនុកតម្កើងអំពីព្រះអង្គសង្រ្គោះ និងពលិកម្មរបស់ទ្រង់សម្រាប់អ្នក ដែលអ្នកមានអារម្មណ៍ថានឹងមានប្រយោជន៍ដើម្បីធ្វើការជញ្ជឹងគិតនៅអំឡុងពិធីសាក្រាម៉ង់ ។ សូមពិចារណារួមបញ្ចូលវគ្គ ឬឃ្លាជាក់លាក់ដែលអ្នករកឃើញដែលមានប្រយោជន៍ជាពិសេសចំពោះអ្នក និងមូលហេតុ ។
-
សូមពិចារណាពីតម្រូវការរបស់អ្នកផ្ទាល់ខ្លួន ដើម្បីមានពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ ការណ៍នេះអាចរួមមាន ការជញ្ជឹងគិតអំពីសេចក្ដីសញ្ញាផ្ទាល់ខ្លួនរបស់អ្នកជាមួយព្រះអម្ចាស់ និងអំពើបាបនានានៃការប្រព្រឹត្តកំហុស ( នៅពេលយើងធ្វើអ្វីដែលយើងមិនគួរធ្វើ ) ឬការលុបលាងកំហុស ( នៅពេលយើងមិនធ្វើអ្វីដែលយើងគួរធ្វើ ) ដែលតម្រូវឲ្យមានការប្រែចិត្ត ។
-
សូមរាយបញ្ជីការរំខាននានាដែលអាចកើតឡើង ដែលអ្នកត្រូវចៀសវាងអំឡុងពិធីសាក្រាម៉ង់ និងមូលហេតុដែលអ្នកមានអារម្មណ៍ថា អ្នកគួរតែចៀសវាងពីវា ដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យជាងនេះជាមួយនឹងពិធីសាក្រាម៉ង់ ។
-
សូមរាយបញ្ជីពីរបៀបផ្សេងទៀត ដែលអ្នកអាចផ្ដោតទៅលើព្រះអង្គសង្រ្គោះនៅអំឡុងពិធីសាក្រាម៉ង់ និងមូលហេតុដែលរបៀបទាំងនោះអាចមានប្រយោជន៍ ។
អធិស្ឋានជ្រើសរើសនូវអ្វីដែលអ្នកនឹងធ្វើ ដើម្បីទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ នៅថ្ងៃអាទិត្យក្រោយនេះ ។ រៀបផែនការពីរបៀបអនុវត្តសកម្មភាពនោះ ។ ពិចារណាពីរបៀបដែលការធ្វើបែបនេះនៅក្នុងការប្រជុំសាក្រាម៉ង់បីបួនលើកក្រោយ អាចជះឥទ្ធិពលដល់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ស្វែងរកជំនួយពីទ្រង់ទាំងទ្វេ នៅពេលអ្នកព្យាយាមធ្វើតាមផែនការរបស់អ្នក ។