ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨ ៖ វិវរណៈ​នៅក្នុង​សាសនាចក្រ


« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨ ៖ វិវរណៈ​នៅក្នុង​សាសនាចក្រ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧–២៨

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨

វិវរណៈ​នៅក្នុង​សាសនាចក្រ

ហៃរាំ ភេច

នៅ​ឆ្នាំ ១៨៣០ ហៃរាំ ភេច បាន​អះអាង​ថា​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​តាមរយៈ​ត្បូង​ពិសេស​មួយ ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន​រួមទាំង អូលីវើរ ខៅឌើរី ផងដែរ​បាន​ជឿ​លើ​គាត់ ។ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​អំពី​របៀប​រៀបរយ​នៃ​វិវរណៈ​នៅក្នុង​សាសនាចក្រ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​របៀបរៀបរយ និង​អង្គការ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រើ​ដើម្បី​បើក​សម្ដែង​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ​ត្រាប់តាម​របស់​សាតាំង

សូម​ពិចារណា​សរសេរ​ពាក្យ ក្លែងក្លាយ និង​ពាក្យ ពិត ដាក់​នៅលើ​ក្ដារខៀន ។ សូម​បង្ហាញ​របស់​របរ​មួយ​ចំនួន​ដល់​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​ថា តើ​របស់​ទាំងនេះ​ពិត ឬ​ក្លែងក្លាយ ។ ឧទាហរណ៍​មួយ​ចំនួន​អាច​ជា ទូរសព្ទ​ពិត ឬ​ទូរសព្ទ​ក្មេងលេង ប្រាក់​ពិត ឬ​ប្រាក់​ក្លែងក្លាយ ផ្លែឈើ​ពិត ឬ​ផ្លែឈើ​ប្លាស្ទិច និង​អ៊ីម៉ែល​ពិត​មកពី​ធនាគារ ឬ​អ៊ីម៉ែល​ក្លែងក្លាយ​មកពី​នរណាម្នាក់​ដែល​ក្លែង​ធ្វើជា​ធនាគារ ។

  • តើ​អ្នក​អាច​ប្រាប់​បាន​យ៉ាង​ដូចម្ដេច រវាង​របស់​ក្លែងក្លាយ និង​របស់​ពិត​នោះ ?

  • ហេតុអ្វី​វា​អាច​មាន​គ្រោះថ្នាក់​បាន ពេល​ច្រឡំ​របស់​ក្លែងក្លាយ​ថាជា​របស់​ពិត​នោះ ?

  • តើ​ការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​នរណាម្នាក់ ដែល​កំពុង​ព្យាយាម​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

សូម​អាន​សេចក្តី​ណែនាំ​កណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨ ហើយ​ស្វែងរក​ស្ថានភាព​មួយ ដែល​សមាជិក​នៃ​សាសនាចក្រ​ដែល​ទើប​បាន​រៀបចំ​ថ្មី​នេះ ពិបាក​នឹង​ដឹង​ថា​អ្វី​ដែល​ពិត និង​អ្វី​ដែល​ក្លែងក្លាយ ។

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ហៃរាំ ភេច គឺជា​បុរស​ម្នាក់​ដែល​បាន​ឱប​ក្រសោប​ដំណឹងល្អ ហើយ​បាន​ជ្រមុជ​ទឹក​នៅ​ខែ​ដូចគ្នា​នឹង​ខែ​ដែល​សាសនាចក្រ​បាន​រៀបចំ​ឡើង ។ គាត់​ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ប្រាំបី​នាក់​អំពី​ព្រះគម្ពីរ​មរមន​ផងដែរ ហើយ​តែងតែ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​គាត់​អំពី​រឿង​នេះ ។

  • ហេតុអ្វី​អ្នក​គិត​ថា សូម្បីតែ​មនុស្ស​ល្អ​ដូចជា ហៃរាំ ភេច និង អូលីវើរ ខៅឌើរី ក៏អាច​វង្វេង​ដោយសារ​ការធ្វើ​ត្រាប់តាម​របស់​សាតាំង​បាន​ដែរ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ជញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​សាតាំង​អាច​នឹង​ព្យាយាម​បោក​បញ្ឆោត​អ្នក និង​អ្នកដទៃ​ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ និង​ជំនួយ​អ្វីខ្លះ​ដល់​យើង ដើម្បី​កុំ​ឲ្យ​សាតាំង​បោក​បញ្ឆោត​បាន ?

នៅពេល​អ្នក​បន្ដ​ការសិក្សា សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។

ចម្លើយ​របស់​ព្រះអម្ចាស់

ដោយ​បារម្ភ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ស្ថានភាព​នេះ យ៉ូសែប ស្ម៊ីធ បាន​ចំណាយ​ពេល​មួយ​យប់​អធិស្ឋាន ហើយ​ទទួល​បាន​ចម្លើយ​មកពី​ព្រះអម្ចាស់ ។ វិវរណៈ​ដែល​លោក​បាន​ទទួល ត្រូវបាន​កត់ត្រា​ជា គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨ ហើយ​វា​សំដៅ​ទៅ អូលីវើរ ខៅឌើរេរី ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:១–៨, ១១–១៣ ហើយ​រកមើល​សេចក្ដីពិត​នានា ដែល​ព្រះអម្ចាស់​បាន​បង្រៀន អូលីវើរ អំពី​វិវរណៈ ។ ( សូម​ចំណាំ​ថា វិវរណៈ​នៅក្នុង ខទី ៨ អនុវត្ត​ចំពោះ​ការហៅ​របស់ អូលីវើរ ឲ្យ​ផ្សព្វផ្សាយ​ទៅកាន់​ពួកសាសន៍​លេមិន ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល « A Mission to the Lamanites » នៅក្នុង Revelations in Context នៅ​ផ្នែក « Church History » នៃ​បណ្ណាល័យ​ដំណឹងល្អ ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត​ផ្សេងៗ​អំពី​វិវរណៈ ។ សូម​ពិចារណា​សរសេរ​អ្វី​ដែល​ពួកគេ​បាន​ចែកចាយ​ដាក់​នៅលើ​ក្ដារខៀន ។

ប្រសិនបើ​អ្នក​គិត​ថា វា​នឹង​មាន​ប្រយោជន៍ ឬ​ទាក់ទាញ​សិស្ស​កាន់តែ​ខ្លាំង សូម​ពិចារណា​សរសេរ​សេចក្ដីពិត​ដូច​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន និង​ផ្គូផ្គង​សេចក្ដីពិត​នេះ ទៅនឹង​ខគម្ពីរ​ដែល​បង្រៀន​ពី​សេចក្ដីពិត​ទាំងនេះ ។

ព្រះអម្ចាស់​នឹង​ប្រទាន​វិវរណៈ​ដល់​សាសនាចក្រ​ទាំងមូល តែ​តាមរយៈ​ប្រធាន​សាសនាចក្រ​ប៉ុណ្ណោះ ( សូម​មើល ខទី ២ ) ។

ព្រះអម្ចាស់​មិន​ប្រទាន​វិវរណៈ​ដល់​បុគ្គល​ណា ដើម្បី​ដឹកនាំ​នរណាម្នាក់​ដែល​ធ្វើជា​អធិបតី​លើ​ពួកគេ​ឡើយ ( សូម​មើល ខទី ៦–៧ ) ។

ព្រះអម្ចាស់​អាច​ប្រទាន​វិវរណៈ​ឲ្យ​យើង ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​យើង ហើយ​ដើម្បី​ជួយ​ដល់​យើង​ក្នុង​ការហៅ និង​ការចាត់តាំង​របស់​យើង ( សូម​មើល ខទី ៨ ) ។

សាតាំង​អាច​ព្យាយាម​បោក​បញ្ឆោត​យើង តាមរយៈ​វិវរណៈ​ក្លែងក្លាយ ( សូម​មើល ខទី ១១ ) ។

ព្រះអម្ចាស់​អញ្ជើញ​ថ្នាក់ដឹកនាំ​របស់​ទ្រង់​ឲ្យ​ជួយ​កែតម្រូវ​យើង នៅពេល​យើង​ត្រូវបាន​បោក​បញ្ឆោត ( សូម​មើល ខទី ១១ ) ។

សូម​ពិចារណា​សុំ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអម្ចាស់​មកពី​កណ្ឌ​នេះ ។ ពួកគេ​អាច​ចែកចាយ​គោលការណ៍​បន្ថែម​មួយ ដូចជា ៖ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ និង​ប្រជាជន​របស់​ទ្រង់​តាម​របៀប​ដ៏​មាន​របៀប​រៀបរយ​មួយ ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​តែងតែ​ប្រទាន​វិវរណៈ​ស្របតាម​គោលការណ៍​ទាំងនេះ ?

  • តើ​ការដឹងពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​របៀប​ណា ?

នៅក្នុង​សុន្ទរកថា​របស់​លោក « លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់ខ្លួន » អែលឌែល ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ការយល់ដឹង​មួយ​ចំនួន​អំពី​ដំណើរការ​នៃ​ការទទួល​បាន​វិវរណៈ ៖

  1. « យើង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​ក្នុង​ដែន [ ឬ​ដែន​ឥទ្ធិពល ] របស់​យើង​តែ​ប៉ុណ្ណោះ ពុំមែន​ក្នុង​រង្វង់​ឯកសិទ្ធិ [ សិទ្ធិ ឬ​អភ័យ​ឯកសិទ្ធិ ] របស់​អ្នកដទៃ​ឡើយ ។ … »

  2. « គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ​គឺជា​ឯកសិទ្ធិ​របស់​ព្យាការី​ដែល​នៅរស់ ដែល​ទទួល​គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​ពី​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ [ សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៤–៥ ] ។ … »

  3. « វិវរណៈ​ផ្ទាល់ខ្លួន​នឹង​ស្រប​ជាមួយ​បទបញ្ញត្តិ​នៃ​ព្រះ និង​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ … »

  4. « នៅពេល​យើង​ទូល​សូម​វិវរណៈ​ណា​មួយ​ដែល​ព្រះ​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់​រួច​ហើយ នោះ​យើង​នាំ​ឲ្យ​មាន​ការបកស្រាយ​អារម្មណ៍ និង​ការស្ដាប់​ឮ​អ្វី​ដែល​យើង​ចង់​ឮ​ដោយ​ខុស​ឆ្គង » ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១៦–១៧ ) ។

ឧទាហរណ៍

ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​បង្ហាញ​ស្ថានភាព​ដូច​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​នេះ​ថ្នាក់​រួមគ្នា ឬ​ជា​ក្រុម​តូចៗ ។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការលុបចោល ឬ​សម្រប​សម្រួល​ស្ថានភាព​ណាមួយ ដើម្បី​ធ្វើឲ្យ​សកម្មភាព​នេះ​កាន់តែ​ទាក់ទង​នឹង​សិស្ស​របស់​អ្នក ។

សូម​អាន​ស្ថានភាព​ខាងក្រោម​នេះ ហើយ​ស្វែងរក​ខគម្ពីរ ឬ​ឃ្លា​មួយ​មកពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​អ្នក​បាន​សិក្សា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨ ដែល​បង្រៀន​ថា តើ​វា​អាច​ជា​វិវរណៈ​ពិត​ឬ​អត់ ។

  • ព្យាការី​លើក​ទឹកចិត្ត​សាសនាចក្រ​ទាំងមូល​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • សមាជិក​ដែល​មាន​ការព្រួយ​បារម្ភ​មួយ​ក្រុម​បង្រៀន​យ៉ាង​មុតមាំ​ថា ព្រះ​សព្វ​ព្រះទ័យ​ចង់ឲ្យ​សាសនាចក្រ​ធ្វើ​ការផ្លាស់ប្ដូរ​គោលលទ្ធិ ឬ​ផ្លាស់ប្ដូរ​គោលនយោបាយ​មួយ​ទាក់ទង​នឹង​បញ្ហា​លំបាក​មួយ ។

  • សមាជិក​ម្នាក់​ជឿ​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​គាត់​នូវ​អ្វី​ដែល​ប៊ីស្សព​គួរតែ​ធ្វើ​នៅក្នុង​វួដ​របស់​ពួកគេ ។

  • ម្តាយ​របស់​យុវនារី​ម្នាក់​ប្រាប់​នាង​ថា គាត់​មិន​សប្បាយ​ចិត្ត​នឹង​ជម្រើស​ជាក់លាក់​មួយ ដែល​យុវនារី​នោះ​កំពុង​ធ្វើ ។

  • ខណៈ​កំពុង​ដើរលេង​ជាគូ​នៅ​មហាវិទ្យាល័យ យុវមជ្ឈិមវ័យ​ម្នាក់​និយាយ​ថា គាត់​បាន​ទទួល​វិវរណៈ​ថា យុវនារី​ជាក់លាក់​ម្នាក់​គួរតែ​រៀបការ​ជាមួយ​គាត់ ។

    វា​អាច​មាន​តម្លៃ​ដើម្បី​ពន្យល់​ថា វា​សមរម្យ​ក្នុង​ការចែកចាយ​កង្វល់ ឬ​គំនិត​យោបល់​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជាមួយ​អ្នក​ដែល​ធ្វើជា​អធិបតី​លើ​យើង ឬ​នរណាម្នាក់​នៅក្រៅ​តំបន់​បម្រើ​របស់​យើង ប៉ុន្តែ​យើង​ត្រូវតែ​ទទួល​ស្គាល់​ប្រកប​ដោយ​ការគោរព​នូវ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​វិវរណៈ​ស្ដីពី​បញ្ហា​នេះ ។ ឧទាហរណ៍ យុវជន​ម្នាក់​អាច​មាន​អារម្មណ៍​បំផុស​គំនិត​ថា ព្រះអម្ចាស់​បាន​អនុម័ត​ឲ្យ​គាត់​សុំ​យុវនារី​ម្នាក់​រៀបការ​ជាមួយ​គាត់ ប៉ុន្តែ​នាង​មាន​សិទ្ធិ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​របស់​នាង អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​នាង ។

    សម្រាប់​ឧទាហរណ៍​អំពី​ជីវិត​ពិត​របស់​នរណាម្នាក់ ដែល​គិត​ថា ពួកគេ​បាន​ទទួល​វិវរណៈ​នៅក្រៅ​គោលការណ៍​ទាំងនេះ សូមមើល​វីដេអូ​នេះ « A Framework for Personal Revelation » ពី​នាទី​ទី ៤:១៤ ដល់​នាទី​ទី ៥:០៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

    12:41

    លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន

    អែលឌើរ រេនឡាន់ បង្រៀន​អំពី​របៀប​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដើម្បី​ចៀសវាង​ពីការ​បោក​បញ្ឆោត។

  • តើ​ការជឿ​លើ​ការធ្វើ​ត្រាប់តាម​របស់​សាតាំង​ក្នុង​ស្ថានភាព​មិន​ត្រឹមត្រូវ​ណាមួយ​ខាងលើ​នេះ អាច​ទាញ​យើង​ឲ្យ​ចេញ​ឆ្ងាយពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

    ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹងពី​សារៈសំខាន់​នៃ​វិវរណៈ​ដែល​បាន​ប្រទាន​ដោយ​ព្រះអម្ចាស់ តាម​របៀប​របស់​ទ្រង់ និង​តាម​របៀប​រៀបរយ​របស់​ទ្រង់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​យ៉ាង​ហោច​ណាស់​ពីរ​ក្នុង​ចំណោម​សំណួរ​ដូច​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​ការយល់ដឹង​ពី​របៀប​រៀបរយ​ដែល​ព្រះអម្ចាស់​ប្រើ​សម្រាប់​វិវរណៈ​របស់​ទ្រង់ អាច​ជា​ពរជ័យ​មួយ​សម្រាប់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ តាមរយៈ​វិវរណៈ​ទៅកាន់​ព្យាការី អ្នកដឹកនាំ​ស្តេក ឬ​អ្នកដឹកនាំ​វួដ ឬ​ឪពុក ឬ​ម្ដាយ​នៅពេល​ណា​ដែរ ?

  • តើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​វិវរណៈ​មកពី​ព្រះអម្ចាស់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដែល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ផ្ដល់​ការងារ​បម្រើ ឬ​ធ្វើការ​បម្រើ​នៅពេល​ណា​ដែរ ?

  • តើ​អ្នក​ទទួល​បាន​ពរជ័យ ដោយសារ​វិវរណៈ​មកពី​ព្រះអម្ចាស់​ដែល​មាន​សម្រាប់​តែ​អ្នក​នៅពេល​ណា ?

សូម​ពិចារណា​សុំឲ្យ​សិស្ស​ជ្រើសរើស​ចម្លើយ​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ល្អ​ក្នុង​ការចែកចាយ ។ សិស្ស​អាច​ចែកចាយ​ជា​ថ្នាក់​រួមគ្នា ឬ​សម្រាប់​ភាពចម្រុះ​គ្នា សិស្ស​អាច​ស្វែងរក​នរណាម្នាក់​ដែល​ពួកគេ​មិន​បាន​ចែកចាយ​ជាមួយ​នាពេល​ថ្មីៗ​នេះ ហើយ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ ។ អ្នកណា​ក៏ដោយ​ដែល​ពួកគេ​ជ្រើសរើស ក៏​អាច​ចែកចាយ​បាន​ផងដែរ ។ តាម​ដែល​ពេលវេលា​អនុញ្ញាត សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ឱកាស​ចែកចាយ​ជាមួយ​សិស្ស​ដទៃ​ទៀត ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ស្ដាប់ឮ​ពី​អ្នកដទៃ ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ កាល​ពួកគេ​ធ្វើ​ដូច្នោះ សូម​រកមើល​វិធី​ដើម្បី​គូស​បញ្ជាក់​ពី​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ក្នុង​ការបើក​សម្ដែង​សេចក្ដីពិត​ដល់​យើង ។ អ្នក​ក៏​អាច​គូសបញ្ជាក់​ពី​ព្រះឆន្ទៈ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​យល់ពី​របៀប​រៀបរយ និង​ការរៀបចំ​ដែល​ទ្រង់​ប្រើ​ផងដែរ ។

អូលីវើរ ខៅឌើរី បាន​ទទួល​យក​វិវរណៈ​នេះ ហើយ​បន្ទាប់ពី​ការបញ្ចុះ​បញ្ចូល​ជាច្រើន​មក ហៃរាំ ភេច និង​អ្នកផ្សេងទៀត​បាន​បោះបង់​វិវរណៈ​មិន​ត្រឹមត្រូវ​ទាំងនោះ​ចោល ។

ដើម្បី​បញ្ចប់ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ។