« មេរៀនទី ៨០—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧ ៖ ទីបន្ទាល់នៃសេចក្ដីពិត » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ថ្នាក់ដឹកនាំសាសនាចក្រជាច្រើនបានគាំទ្រការបោះពុម្ពវិវរណៈដែលព្យាការីយ៉ូសែប ស្ម៊ីធបានទទួល និងយល់ថា វិវរណៈទាំងនេះគឺបានមកពីព្រះ ។ អ្នកផ្សេងទៀតបានផ្តោតទៅលើភាពមិនល្អឥតខ្ចោះ ដែលពួកគេបានឃើញនៅក្នុងវិវរណៈនេះ ហើយជាលទ្ធផល ពួកគេមិនច្បាស់ថា វិវរណៈទាំងនេះគឺបានមកពីព្រះអម្ចាស់ឬអត់នោះទេ ។ មេរៀននេះអាចជួយបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
របៀបទទួល និងពង្រឹងទីបន្ទាល់
នៅចុង ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ មានកម្រងវិវរណៈមួយមកពីព្រះអម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចទទួលបានច្បាប់ចម្លងវិវរណៈទាំងនេះ ។ ព្រះអម្ចាស់បានបើកសម្ដែងថា ពួកគេត្រូវបោះពុម្ពវិវរណៈទាំងនេះទៅជាគម្ពីរមួយ ។ ដូចជាព្រះគម្ពីរមរមនដែរ ព្រះគម្ពីរនៃព្រះបញ្ញត្តិ ( ដែលក្រោយមកបានបោះពុម្ពជាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ) ត្រូវមាននូវទីបន្ទាល់ទាំងឡាយមកពីសាក្សីទាំងឡាយ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួនមានការស្ទាក់ស្ទើរក្នុងការថ្លែងទីបន្ទាល់ ពួកគេមានការព្រួយបារម្ភជាមួយការប្រើភាសាមួយចំនួន ហើយចង់កែលម្អវាឲ្យប្រសើរឡើង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧:១–៥ ហើយស្វែងរកអ្វីដែលព្រះអម្ចាស់បានចែកចាយជាមួយបុរសទាំងនេះ ។
-
តើអ្នកគិតថា ហេតុអ្វីពួកគេត្រូវស្តាប់ឮការណ៍នេះ ?
-
តើសេចក្តីពិតដំណឹងល្អអ្វីខ្លះ ដែលអ្នកអាចរកឃើញចេញពីខគម្ពីរទាំងនេះ ?
-
តើអ្នកគិតថា ការណ៍នេះអាចជួយយើងបានយ៉ាងដូចម្ដេច នៅពេលយើងកំពុងស្វែងរក ឬកំពុងពិបាកទទួលបានទីបន្ទាល់នោះ ?
-
ហេតុអ្វីអ្នកគិតថា « សេចក្ដីខ្លាចនៅក្នុងចិត្ត [ យើង ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦១:៣ ) អាចរារាំងយើងមិនឲ្យទទួលបានពរជ័យ ?
-
នៅក្នុង ខទី ៥ តើព្រះអម្ចាស់បានទទួលស្គាល់អ្វីខ្លះអំពី យ៉ូសែប ស្ម៊ីធ ? ទោះជាព្យាការីមិនល្អឥតខ្ចោះ ឬប្រកបដោយវោហាសព្ទក្ដី ហេតុអ្វីវាអាចជារឿងមិនឈ្លាសវៃដើម្បីព្យាយាម « ថ្លែងបានប្រសើរជាងភាសារបស់លោក » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦១:៥ ) ។
ការយកឈ្នះលើឧបសគ្គដោយមានជំនួយរបស់ព្រះអម្ចាស់
ព្រះអម្ចាស់ស្គាល់ចិត្តយើង ហើយអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គនានាដែលរារាំងដល់ទីបន្ទាល់របស់យើងបាន ។ នៅក្នុងករណីនេះ ព្រះអម្ចាស់បានប្រទានឧបសគ្គមួយសម្រាប់ពួកអែលឌើរនៃសាសនាចក្ររបស់ទ្រង់ ដើម្បីជួយពួកគេឲ្យទទួលបាន « ទីបន្ទាល់មួយនៃសេចក្ដីពិត » ( ខទី ៤ ) អំពីវិវរណៈដែលបានទទួលដោយ យ៉ូសែប ស្ម៊ីធ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧:៦–៩ ដោយស្វែងរកព័ត៌មានលម្អិតអំពីការសាកល្បងរបស់ព្រះអម្ចាស់ ។
-
តើពួកគេត្រូវជ្រើសរើសវិវរណៈប្រភេទណា ? ( សូមមើល ខទី ៦ ) ។
-
តើពួកគេត្រូវជ្រើសរើសមនុស្សប្រភេទណា ? ( សូមមើល ខទី ៦ ) ។
-
តើបុគ្គលនេះត្រូវបានអញ្ជើញឲ្យសរសេរអ្វីខ្លះ ? ( សូមមើល ខទី ៧ ) ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេជោគជ័យ ? ( សូមមើល ខទី ៧ ) ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេបរាជ័យ ? ( សូមមើល ខទី ៨–៩ ) ។
-
តើអ្នកគិតថា មេរៀនមួយចំនួនដែលបុរសទាំងនេះបានរៀនមកពីបទពិសោធន៍នេះមានអ្វីខ្លះ ?
-
តើបទពិសោធន៍នេះបង្ហាញថា ព្រះអម្ចាស់បានស្គាល់ពួកគេ និងអាចជួយដល់ទីបន្ទាល់របស់ពួកគេបានយ៉ាងដូចម្ដេច ?
ព្រះអម្ចាស់បានបន្តសន្យាអំពីបទពិសោធន៍ខាងវិញ្ញាណកាន់តែអស្ចារ្យជាងនេះទៅទៀត ចំពោះបុរសទាំងនេះបើសិនជាពួកគេនឹង « កម្ចាត់ខ្លួន [ ពួកគេ ] ចេញពីសេចក្ដីច្រណែន និងសេចក្ដីខ្លាច ហើយបន្ទាបខ្លួន [ ពួកគេ ] នៅចំពោះយើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៧:១០ ) ។
របៀបដែលសេចក្ដីពិតនេះអនុវត្តនៅសព្វថ្ងៃនេះ
សូមស្រមៃថា មាននរណាម្នាក់ដែលអ្នកស្គាល់កំពុងពុះពារក្នុងការជឿថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
សូមគិតអំពីរបៀបដែលអ្នកអាចជួយបុគ្គលនេះបាន ដោយការធ្វើដូចខាងក្រោមនេះ ៖
-
សូមសរសេរអ្វីដែលអ្នកនឹងនិយាយ ដើម្បីជួយពួកគេឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮការអធិស្ឋានរបស់យើង ដឹងពីចិត្តរបស់យើង ហើយអាចប្រទានដល់យើងនូវទីបន្ទាល់មួយអំពីព្យាការី និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ប្រសិនបើអាចធ្វើទៅបាន អ្នកអាចចង់រួមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនណាមួយ ឬបទពិសោធន៍របស់មនុស្សដែលជិតដិតនឹងអ្នក ដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ ។
-
សូមប្រើព្រះគម្ពីរ ដំណើររឿងក្នុងព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីចែកចាយរឿងចំនួនដែលយើងអាចធ្វើបាន ដើម្បីបង្កើនទីបន្ទាល់របស់យើងអំពីព្យាការី និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឧទាហរណ៍មួយចំនួនរួមមាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨; ២១:៤–៦; មរ៉ូណៃ ១០:៤–៥ ) ។ សូមចែកចាយពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរជ័យដល់យើងដោយសារទង្វើទាំងនេះ ។