« មេរៀនទី ៨១—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–៣១ ៖ ការបង្រៀន និងការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–៣១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១
ការបង្រៀន និងការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន
ការរៀនសូត្រដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជួយរៀបចំកូនៗឲ្យប្រឈមមុខនឹងឧបសគ្គ និងការល្បួងក្នុងជីវិតបាន ដោយមានសេចក្ដីជំនឿលើព្រះអង្គសង្រ្គោះ ។ ឪពុកម្ដាយមានសក្តានុពលវិសេសដើម្បីជួយកូនៗរបស់ខ្លួនឲ្យរៀនសូត្រដំណឹងល្អ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការបង្គាប់របស់ព្រះអម្ចាស់ឲ្យឪពុកម្ដាយបង្រៀនដំណឹងល្អដល់កូនៗរបស់ពួកគេនៅក្នុងផ្ទះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជំនួយនៅក្នុងដំណើរជីវិតរមែងស្លាប់របស់យើង
-
តើមានអ្វីខ្លះ ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យដើម្បីជួយយើងឲ្យរៀនអំពីទ្រង់ ហើយស្វែងរកផ្លូវឆ្លងកាត់ឧបសគ្គក្នុងជីវិតរមែងស្លាប់នេះ ?
-
តើអ្នកទទួលបានពរជ័យយ៉ាងណា ដោយសារឥទ្ធិពលមួយក្នុងចំណោមឥទ្ធិពលទាំងនេះ ?
-
ហេតុអ្វីអ្នកគិតថា ឪពុកម្ដាយ ឬអាណាព្យាបាលអាចមានឥទ្ធិពលក្នុងការជួយកូនៗឲ្យទប់ទល់នឹងឧបសគ្គក្នុងជីវិតរមែងស្លាប់នេះបាន ?
មានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងស្ថានភាពគ្រួសារ ។ មនុស្សមួយចំនួនដូចជានីហ្វៃជាដើម បានកើតមកពីឪពុកម្ដាយដែលបានខិតខំព្យាយាមណែនាំពួកគេឲ្យធ្វើតាមព្រះអង្គសង្រ្គោះ ( សូមមើល នីហ្វៃទី១ ១:១ ) ។ អ្នកខ្លះដូចជាប្រធាន រ័សុល អិម ណិលសុន ឬអែលឌើរ ដេវីឌ អេ បែដណា និង ឃ្វីនថិន អិល ឃុក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានធំឡើងជាមួយឪពុក ឬម្ដាយដែលមិនមែនជាសមាជិកសាសនាចក្រ ឬដែលមិនមែនជាសមាជិកសកម្មនៅក្នុងសាសនាចក្រ ។ អ្នកផ្សេងទៀតដូចជាប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានបាត់បង់ឪពុកតាំងពីនៅក្មេងម្ល៉េះ ។ យុវវ័យមួយចំនួនបានធំឡើងនៅឆ្ងាយពីឪពុកម្តាយរបស់ពួកគេ ដូចជា ម៉ូសេ ( សូមមើល និក្ខមនំ ២:១០ ) និង សាំយ៉ូអែល ជាដើម ( សូមមើល សាំយូអែល ទី១ ១:២៤–២៨ ) ។ ហើយនៅមានអ្នកខ្លះទៀត ដូចជា អ័ប្រាហាំ និង លិមហៃ ជាដើម ដែលមានឪពុក ឬម្ដាយខិតខំយ៉ាងសកម្មដើម្បីធ្វើអំពើអាក្រក់ ( សូមមើល អ័ប្រាហាំ ១:១–១៧, ២៧; ម៉ូសាយ ៧:៩; ១១:១–៥ ) ។
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមរៀបរាប់អំពីស្ថានភាពគ្រួសាររបស់អ្នក ។ សូមជញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងរៀនមកពីបទពិសោធន៍គ្រួសាររបស់អ្នក ។ អ្នកអាចសរសេរអារម្មណ៍របស់អ្នកអំពីការធ្វើជាឪពុកម្ដាយនាពេលអនាគត និងរបៀបដែលអ្នកអាចចង់ចិញ្ចឹមកូន ។
អ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យឪពុកម្ដាយបង្រៀនកូនៗរបស់ពួកគេ
ខណៈជួបជុំគ្នាសម្រាប់សន្និសីទមួយនៅរដ្ឋអូហៃអូ បុរសបួននាក់បានស្វែងរកការដឹកនាំពីព្រះអម្ចាស់តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ បន្ទាប់ពីបានផ្តល់ដំបូន្មានមួយចំនួនដល់បុរសទាំងនេះអំពីកាតព្វកិច្ចរបស់ពួកគេហើយ ព្រះអម្ចាស់បានប្រទានដំបូន្មានទូទៅបន្ថែមទៀតដល់ក្រុមគ្រួសារទាំងអស់ដែលជាផ្នែកមួយនៃក្រុងស៊ីយ៉ូន ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យឪពុកម្ដាយបង្រៀនកូនៗរបស់ពួកគេ ។
-
ប្រសិនបើមនុស្សមិនមានដំណឹងល្អនៅក្នុងផ្ទះរបស់ខ្លួនទេ តើព្រះអម្ចាស់បានប្រទានវិធីអ្វីផ្សេងទៀតសម្រាប់ពួកគេ ដើម្បីបានរៀនអំពីគោលការណ៍ទាំងនេះ ?
-
តើនរណាបានបង្រៀនអ្នកអំពីគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះ នៅពេលអ្នកបានធំឡើង ? តើអ្នកមានអនុស្សាវរីយ៍អ្វីដែរឬទេ កាលដែលពួកគេបានបង្រៀនអ្នក ? ប្រសិនបើមាន តើមានអនុស្សាវរីយ៍អ្វីខ្លះ ?
-
តើគោលការណ៍ក្នុងខគម្ពីរទាំងនេះបានជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ឬតើវាអាចជះឥទ្ធិពលយ៉ាងដូចម្ដេច ?
ការអនុវត្ត គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–៣១
សកម្មភាព ក
យុវជនម្នាក់មានឪពុកម្ដាយដែលខិតខំធ្វើជាគំរូនៃការធ្វើតាមព្រះអង្គសង្រ្គោះ ប៉ុន្តែជារឿយៗ គាត់ត្អូញត្អែរនៅពេលឪពុកម្ដាយរបស់គាត់អញ្ជើញគាត់ឲ្យសិក្សា ឬអធិស្ឋានជាគ្រួសារ ។ គាត់ហាក់មិនអើពើនឹងពួកគាត់ ឬលេងទូរសព្ទរបស់គាត់ នៅពេលដែលពួកគាត់ព្យាយាមផ្តល់ដំបូន្មានដល់គាត់ ។
-
តើការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ អាចជួយគាត់ឲ្យយល់ពីព្រះទ័យរបស់ព្រះអម្ចាស់ អំពីអ្វីដែលឪពុកម្ដាយរបស់គាត់កំពុងព្យាយាមធ្វើដោយរបៀបណា ?
-
តើបទគម្ពីរអ្វីខ្លះដែលអាចណែនាំគាត់ឲ្យឆ្លើយតបបានល្អប្រសើរជាងនេះចំពោះស្ថានភាពនេះ ? ( ឧទាហរណ៍មួយចំនួនរួមមាន អេភេសូរ ៦:១–៣; ម៉ូសាយ ៤:១៤–១៥ និងគំរូរបស់ព្រះអង្គសង្គ្រោះនៅអាយុ ១២ ឆ្នាំនៅក្នុង លូកា ២:៥១–៥២ ) ។
-
តើគាត់អាចគាំទ្រដល់ឪពុកម្ដាយរបស់គាត់តាមរបៀបណាខ្លះ ? តើទង្វើទាំងនេះអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាខ្លះនៅក្នុងគ្រួសាររបស់គាត់ ?
សកម្មភាព ខ
ឪពុកម្តាយរបស់យុវនារីម្នាក់បានលែងលះគ្នា ។ នាងចែកពេលវេលារបស់នាងសម្រាប់ពួកគាត់ទាំងពីរនាក់ ។ ម្តាយរបស់នាងលេងសើចអំពីសាសនាចក្រ ហើយមិនរំពឹងថា កូនស្រីរបស់គាត់នឹងធ្វើតាមការបង្រៀនដំណឹងល្អនៅពេលនៅផ្ទះរបស់គាត់ឡើយ ។ ឪពុករបស់នាងលើកទឹកចិត្តនាងឲ្យរស់នៅតាមដំណឹងល្អ ហើយចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថ្នាក់សិក្ខាសាលា សាសនាចក្រ និងយុវវ័យ ។ បើប្រៀបធៀបទៅនឹងការនៅជាមួយម្តាយរបស់នាង ជីវិតជាមួយឪពុករបស់នាងមានអារម្មណ៍ថាតឹងរឹង និងរឹតត្បឹតជាង ។
-
តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ អាចជួយណែនាំយុវនារីនេះបានយ៉ាងដូចម្ដេច ?
សូមអាន និកម្ខនំ ២០:១២ ។
-
តើយុវនារីរូបនេះអាចគោរពទាំងឪពុកទាំងម្ដាយរបស់នាងតាមរបៀបណាខ្លះ ខណៈដែលនៅតែធ្វើតាមព្រះអម្ចាស់ ?
-
តើគំនិត និងការបង្រៀនផ្សេងទៀតណាខ្លះមកពីថ្នាក់ដឹកនាំសាសនាចក្រ ឬបទពិសោធន៍អ្វីផ្សេងទៀតដែលអាចជួយនាងបាន ?
សកម្មភាព គ
យុវជនម្នាក់មានជីវិតយុវវ័យដ៏លំបាកខ្លាំងមួយ ហើយលែងនៅជាមួយឪពុកម្ដាយរបស់គាត់ទៀតហើយ ។ វាឈឺចាប់ណាស់សម្រាប់គាត់ក្នុងការគិតអំពីពួកគាត់ ។
-
តើវាមានប្រយោជន៍យ៉ាងណាដែរ សម្រាប់យុវជននេះ ដើម្បីជញ្ជឹងគិតពីមនុស្សដទៃដែលព្រះអម្ចាស់បានបញ្ជូនមកឲ្យបង្រៀនគាត់ពីគោលការណ៍នានា ដែលមានចែងនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ ?
-
តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ អាចជួយយុវជនរូបនេះឲ្យរៀបចំខ្លួនសម្រាប់អនាគតរបស់គាត់យ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់សកម្មភាពនេះ សូមជ្រើសរើសគោលការណ៍មួយដែលព្រះអម្ចាស់បានបញ្ជាឲ្យឪពុកម្ដាយបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១ ហើយបន្ទាប់មក សូមស្វែងរកខគម្ពីរមួយនៅក្នុងបទគម្ពីរនេះ ដែលអ្នកអាចប្រើដើម្បីបង្រៀនអំពីគោលការណ៍នោះបាន ។ សូមចែកចាយអំពីរបៀបដែលគោលការណ៍នេះអាចជួយដល់យុវវ័យនៅសព្វថ្ងៃនេះបាន ។