« មេរៀនទី ៨២—គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ៖ ការឆ្លើយតបទៅកាន់អ្នកដែលរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
ការឆ្លើយតបទៅកាន់អ្នកដែលរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ
នៅរដូវរងារឆ្នាំ ១៨៣១ លិខិតដែលមានព័ត៌មានមិនពិតអំពី យ៉ូសែប ស្ម៊ីធ និងសាសនាចក្រត្រូវបានចែកចាយនៅតំបន់ខឺតឡង់ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ព្រះអង្គសង្គ្រោះបានបង្គាប់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើដំណើរទៅទូទាំងតំបន់ ដើម្បីកែតម្រូវព័ត៌មានក្លែងក្លាយនេះ ( សូមមើល ខទី ១–២ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះនឹងឲ្យយើងឆ្លើយតប នៅពេលមានមនុស្សរិះគន់ជំនឿរបស់យើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងការរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ
ការបៀតបៀនបានកើនឡើងយ៉ាងខ្លាំងសម្រាប់ យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធនៅទីក្រុងខឺតឡង់នៅរដូវរងារ ឆ្នាំ ១៨៣១ ។ ពួកបរិសុទ្ធមួយចំនួនបានចាប់ផ្ដើមចាកចេញពីសាសនាចក្រ រួមទាំង អែសរ៉ា ប៊ូត និង ស៊ីម៉ូនស៍ រៃឌើរ ផងដែរ ។ ប៊ូត បានចាប់ផ្តើមបោះពុម្ពលិខិតវាយប្រហារ យ៉ូសែប និងព្យាយាមផ្តួលរំលំកិច្ចការរបស់ព្រះអម្ចាស់ ( សូមមើល History, 1838–1856 [Manuscript History of the Church], volume A-1, 153–54 នៅលើគេហទំព័រ josephsmithpapers.org ) ។ យ៉ូសែប បានទូលសូមដំបូន្មានមកពីព្រះអម្ចាស់ ហើយក៏ទទួលបាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១ នេះ ។
-
តើអ្នកអាចចង់ឆ្លើយតបទៅនឹងការវាយប្រហារមកលើសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ និង យ៉ូសែប ស្ម៊ីធ ដោយរបៀបណា ?
-
តើយើងអាចដឹងអំពីរបៀបដ៏ល្អបំផុតដោយរបៀបណា ដើម្បីដោះស្រាយស្ថានការណ៍នានា នៅពេលអ្នកដទៃរិះគន់ជំនឿរបស់យើង ឬចែកចាយព័ត៌មានមិនពិតអំពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកគិតថា នៅពេលណាដែលវាប្រសើរជាងដើម្បីមិនខ្វល់នឹងការរិះគន់នោះ ?
សូមជញ្ជឹងគិតថា តើអ្នកមានទំនុកចិត្តប៉ុណ្ណាដែរ ដែលដឹងពីរបៀបដែលព្រះយេស៊ូវចង់ឲ្យអ្នកឆ្លើយតប ។ នៅពេលអ្នកសិក្សា សូមរកមើលរបៀបផ្សេងៗដែលព្រះអង្គសង្គ្រោះបង្រៀនយើងឲ្យឆ្លើយតប ។
ព្រះអង្គសង្គ្រោះបង្រៀនយើងឲ្យនិយាយ និងចែកចាយដំណឹងល្អរបស់ទ្រង់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១:១–៣ ហើយសូមរកមើលរបៀបដែលព្រះអង្គសង្គ្រោះចង់ឲ្យ យ៉ូសែប និង ស៊ីឌនី ឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ដែលបានរីករាលដាលអំពីសាសនាចក្រនៅពេលនោះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
-
យោងតាម ខទី ១ តើព្រះអង្គសង្គ្រោះបានផ្ដល់អ្វីខ្លះ ដើម្បីជួយដល់ យ៉ូសែប និង ស៊ីឌនី ឲ្យដឹងអំពីរបៀបឆ្លើយតប ?
-
តើដំបូន្មានរបស់ព្រះអង្គសង្គ្រោះអាចជួយដល់យើងនៅជំនាន់របស់យើងបានយ៉ាងដូចម្ដេច ?
-
ហេតុអ្វីអ្នកគិតថា ការប្រើព្រះគម្ពីរ និងការធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណគឺជាវិធីដ៏ល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ?
-
តើឥទ្ធិពលរបស់ព្រះវិញ្ញាណអាចជះឥទ្ធិពលទៅលើរបៀបដែលយើងឆ្លើយតបទៅនឹងការរិះគន់តាមរបៀបណាខ្លះ ?
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រើនិមិត្តសញ្ញាបទគម្ពីរនៃព្រួញភ្លើង ដើម្បីពិពណ៌នាអំពីការរិះគន់របស់អ្នកដទៃមកលើជំនឿរបស់យើង ។ នៅពេលអ្នកសិក្សាសេចក្ដីថ្លែងការណ៍នេះ សូមគិតអំពីអ្វីដែលអ្នកអាចបន្ថែមទៅក្នុងបញ្ជី « ការឆ្លើយតបតាមរបៀបរបស់ព្រះអង្គសង្គ្រោះ » ។
ដោយសារខែលនៃសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងកា្លយទៅជាអ្នកដែលផ្សះផ្សាគេ អាចរំលត់ … អស់ទាំងព្រួញឆេះទាំងឡាយរបស់មារសត្រូវ [ សូមមើល អេភេសូរ ៦:១៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៣:៨ ] ។ …
តើអ្នកដែលផ្សះផ្សាគេអាចធ្វើឲ្យព្រួញភ្លើងស្ងប់ និងរលត់ទៅដោយរបៀបណា ? ប្រាកដណាស់គឺ មិនមែនរុញរានៅចំពោះមុខអ្នកដែលទិតៀនយើងនោះទេ ។ ប៉ុន្តែ យើងនៅតែជឿជាក់លើជំនឿរបស់យើង ហើយចែកចាយជំនឿរបស់យើងជាមួយនឹងជំហរដ៏រឹងមាំ ប៉ុន្តែត្រូវគ្មានកំហឹង ឬគ្មានការនិន្ទាគ្នាជាប់ជានិច្ច ។ …
អ្នកដែលផ្សះផ្សាគេគឺជាអ្នកដែលមិនប្រឆាំង ពួកគេគឺជាអ្នកបញ្ចុះបញ្ចូលតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
តើអ្វីទៅដែលផ្តល់ឲ្យយើងនូវកម្លាំងពីខាងក្នុង ដើម្បីធ្វើឲ្យព្រួញភ្លើងនោះត្រជាក់ ស្ងប់ស្ងាត់ និងរលត់ដែលបាញ់ឆ្ពោះទៅរកសេចក្តីពិតដែលយើងស្រឡាញ់ ? កម្លាំងនោះចេញមកពីសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីជំនឿរបស់យើងទៅលើព្រះបន្ទូលរបស់ទ្រង់ ។ ( នែល អិល អាន់ឌើរសិន « ការធ្វើតាមព្រះយេស៊ូវ ៖ ជាអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៧–១៨ )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧១:៤–៧ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន នៅក្នុងស្ថានភាពជាក់លាក់នេះ ដើម្បីដោះស្រាយព័ត៌មានមិនពិតដែលបានបោះពុម្ពផ្សាយ ។
អនុវត្តការឆ្លើយតបតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សូមចែកចាយរបៀបផ្សេងគ្នាមួយចំនួន ដែលអ្នកអាចឆ្លើយតបទៅនឹងស្ថានភាពនីមួយៗដូចខាងក្រោមតាមរបៀបដូចជាព្រះគ្រីស្ទ ៖
-
អ្នកចុះផ្សាយរូបភាពព្រះវិហារបរិសុទ្ធមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមាននរណាម្នាក់ឆ្លើយតប ដោយរិះគន់សាសនាចក្រថាមានបទដ្ឋានខ្ពស់សម្រាប់ការចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
-
នៅឯការជួបជុំគ្រួសារមួយ មានពូម្នាក់និយាយរឿងមិនល្អអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
-
មិត្តម្នាក់អះអាងថា វាជារឿងល្ងង់ខ្លៅដែលជឿលើព្រះ ដែលអ្នកមិនអាចបង្ហាញថាមានពិតមែនផងនោះ ។
-
នរណាម្នាក់នៅឯកន្លែងការងាររបស់អ្នកប្រាប់សហការីរបស់អ្នកថា ពួកបរិសុទ្ធថ្ងៃចុងក្រោយមិនមែនជាពួកគ្រីស្ទានទេ ។
តាមពេលវេលាកំណត់របស់ព្រះអង្គសង្គ្រោះផ្ទាល់
យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានគោរពតាមវិវរណៈដែលពួកលោកបានទទួល ។ ពួកលោកបានធ្វើដំណើរពេញទូទាំងតំបន់នោះ ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងកែតម្រូវព័ត៌មានក្លែងក្លាយដែលបានរីករាលដាលនោះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១:៨–១១ ហើយរកមើលការធានាអះអាងដែលព្រះអង្គសង្រ្គោះប្រទានដល់មនុស្សទាំងអស់ ដែលការពារសាសនាចក្ររបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងកិច្ចការរបស់ទ្រង់ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលគ្មានសំឡេង ឬគ្រឿងសស្ដា្រវុធណាមួយឡើងទាស់នឹងយើងបាននោះ ( សូមមើល ខទី ៩–១០ ) ?