ថ្នាក់​សិក្ខាសាលា
មេរៀនទី ៩៨—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ ៖ ព្រះអង្គសង្រ្គោះ​ប្រមូល​សាសន៍​អ៊ីស្រាអែល


« មេរៀន​ទី ៩៨—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ ៖ ព្រះអង្គសង្រ្គោះ​ប្រមូល​សាសន៍​អ៊ីស្រាអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៦⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩៨ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៥–៨៧

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦

ព្រះអង្គសង្រ្គោះ​ប្រមូល​សាសន៍​អ៊ីស្រាអែល

ការច្រូតកាត់​ស្រូវសាលី

នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​អត្ថន័យ​បន្ថែម​ដល់​ការបកស្រាយ​ដើម​របស់​ទ្រង់​អំពី​រឿងប្រៀបប្រដូច​ពី​ស្រូវសាលី និង​ស្រងែ ( ម៉ាថាយ ១៣:៣៦–៤៣ ) ។ ទ្រង់​បាន​បង្រៀន​អំពី​ការខិតខំ​របស់​ទ្រង់​ដើម្បី​ប្រមូល​មនុស្ស​សុចរិត​ក្នុង​ការរៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ខិតខំ​ចូលរួម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ព្រះអង្គសង្រ្គោះ​ប្រមូលផ្ដុំ​រាស្រ្ត​របស់​ទ្រង់

ព្រះ​យេស៊ូវ គង់​នៅ​កន្លែង​ប្រមូលផ្ដុំ

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧទាហរណ៍​នៃ​មនុស្ស​ដែល​ពួកគេ​ចូលចិត្ត​នៅ​ជិត ហើយ​ហេតុអ្វី ។

បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ចង់​នៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ អំឡុង​ពេល​នៃ​ការបម្រើ​របស់​ទ្រង់​នៅលើ​ផែនដី ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន ដូចជា ម៉ាថាយ ៩:១០; ១៩:១–២, ១៣–១៥; យ៉ូហាន ៦:១–១៤; នីហ្វៃទី៣ ១៧:១–៥ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​មនុស្ស​ចង់​នៅ​ក្បែរ​ព្រះអង្គ​សង្គ្រោះ ?

  • ហេតុអ្វី​អ្នក​គិតថា​ព្រះអង្គសង្រ្គោះ​ចង់​ឲ្យ​មនុស្ស​ប្រមូលផ្ដុំ​ទៅកាន់​ទ្រង់ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​មួយ​ចំនួន​ដែល​បង្រៀន​យើង​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​ប្រមូល​ផ្ដុំ​គ្នា​ទៅកាន់​ទ្រង់ ។ ឧទាហរណ៍ អាច​បញ្ចូល ម៉ាថាយ ១១:២៨–៣០; នីហ្វៃទី៣ ៩:១៣–១៤; ១០:៤–៦ ។

សូម​គិត​អំពី​បំណងប្រាថ្នា​របស់​អ្នក​ផ្ទាល់​ដើម្បី​ធ្វើ​តាម ឬ​ត្រូវ​បាន​ប្រមូលផ្ដុំ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។ សូម​គិត​ផងដែរ​អំពី​បំណងប្រាថ្នា​របស់​អ្នក​ក្នុងការ​ជួយ​ប្រមូល​អ្នក​ដទៃ​មក​រក​ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សារៈសំខាន់​នៃ​ការប្រមូល​ខ្លួនអ្នក និង​អ្នក​ដទៃ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ពាក្យប្រៀប​ប្រដូច​អំពី​ស្រូវសាលី និង​ស្រងែ

សូម​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​ប្រវត្តិសាស្ត្រ​សម្រាប់​វិវរណៈ​ដែល​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ ។

នៅពេល យ៉ូសែប ស្ម៊ីធ និង ហ្វ្រែឌើរិក ជី វិលលាម្ស បាន​ធ្វើការ​លើ​ការបកប្រែ​ព្រះគម្ពីរ​ដ៏​បំផុស​គំនិត ព្រះអង្គ​សង្គ្រោះ​បានបើក​សម្តែង​ការបកស្រាយ​អំពី​រឿង​ប្រៀបប្រដូច​អំពី​ស្រូវសាលី និង​ស្រងែ ។ ការបកប្រែ​នេះ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៦ ។

ពីមុន​អ្នក​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ឧទាហរណ៍​អំពី​ស្រូវសាលី និង​ស្រងែ ។ ពួកគេ​អាច​អាន ម៉ាថាយ ១៣:២៤–៣០ សិស្ស​អាច​ចែកចាយ​សេចក្តីសង្ខេប​នៃ​រឿង​ប្រៀបប្រដូច ឬ​អ្នក​អាច​បង្ហាញ​វីដេអូ « Jesus Declares the Parables of the Wheat and Tares, Mustard Seed, and Leaven » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៣០ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

វា​អាច​មាន​អត្ថប្រយោជន៍​ក្នុងការ​ពន្យល់​ថា ស្រងែ​គឺជា​ប្រភេទ​ស្មៅ​ពុល ។ ស្រូវ និង​ស្រងែ គឺ​មើល​ទៅ​ស្ទើរតែដូចគ្នា នៅពេល​វា​ដុះ​ពន្លក​ចេញមក ប៉ុន្តែ​វា​អាច​មើល​ទៅខុសគ្នា​ពេលវា​ទំ ។ បើ​មនុស្ស​ម្នាក់​ព្យាយាម​ដក​ស្រងែចេញ​មុនពេល​ស្រូវ និង​ស្រងែ​ធំ នោះហាក់ដូចជា​គាត់​បំផ្លាញ​ស្រូវ​អស់​ច្រើន​ផងដែរ ។

2:15
  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ ?

  • តើ​ស្រូវ និង​ស្រងែ​តំណាង​ឲ្យ​អ្វី ? ( សូម​មើល ម៉ាថាយ ១៣:៣៨ ) ។

ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ការបកស្រាយ​អំពី​រឿង​ប្រៀប​ប្រដូច​នេះ

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦:១–៧ ដោយ​រកមើល​និមិត្តរូប​ណាមួយ​ពី​រឿង​ប្រៀបប្រដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​យើង​ឲ្យ​យល់ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​រឿង​ប្រៀបប្រដូច​នេះ​អំពី​ការរៀបចំ​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ?

    បន្ទាប់ពី​សិស្ស​ពីរ​បី​នាក់​បាន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ចង្អុល​បង្ហាញ​សេចក្តីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​កំពុង​ប្រមូល​សាសន៍​អ៊ីស្រាអែល​ពីមុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

  • តើ​ការដឹង​ពី​សេចក្ដីពិត​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ក្ដី​សង្ឃឹម និង​សេចក្ដីសុខសាន្ដ នៅពេល​អ្នក​គិត​អំពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​នេះ​អាច​ដឹកនាំ​ការសម្រេចចិត្ត​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បានចែកចាយ​ពី​របៀប​ដែល​យើង​អាច​ចូលរួម​ជាមួយ​ព្រះអម្ចាស់​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​នេះ ។

18:51
ប្រធាន រ័សុល អិម ណិលសុន

ព្រះអម្ចាស់​កំពុង​តែ​ប្រមូលផ្តុំ​ជនទាំង​ឡាយ​ណា​ដែល​នឹង​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ជា​អង្គ​ដែល​មាន​ឥទ្ធិពល​សំខាន់​បំផុត​នៅ​ក្នង​ជីវិត​របស់​ពួកគេ ។

អស់​ជាច្រើន​សតវត្ស​មក​ហើយ ពួក​ព្យាការី​បាន​ព្យាករណ៍​ពី​ការប្រមូល​ផ្ដុំ​នេះ [ សូម​មើល អេសាយ ១១:១១–១២; នីហ្វៃទី២ ២១:១១–១២; ម៉ូសាយ ១៥:១១ ] ហើយ​វា​កំពុងកើត​ឡើង​ឥឡូវ​នេះ ! ជា​ព្រឹត្តិការណ៍​ដ៏​ចាំបាច់​ដែល​កើតឡើង​ពី​មុន​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះអម្ចាស់ វា​គឺ​ជា កិច្ចការ ដ៏​សំខាន់​បំផុត​ នៅ​ក្នុង​ពិភពលោក​នេះ ! …

នៅ​ពេល​យើង​និយាយ​ពី​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សង​ខាង​នៃ​វាំងនន ប្រាកដណាស់ យើង​សំដៅ​លើ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការពង្សប្រវត្តិ ។ យើង​ក៏​សំដៅ​លើ​ការស្ថាបនា​សេចក្តីជំនឿ និងទីបន្ទាល់​នៅ​ក្នុង​ដួងចិត្ត​នៃ​ជន​ទាំងឡាយ​ណា​ដែល​យើង​រស់នៅ​ជា​មួយ ធ្វើការ​ជាមួយ និង​បម្រើ​ផងដែរ ។ រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់—នៅ​ខាង​វាំងនន ណាមួយក៏ដោយ—​ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជា​មួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​ហើយ ។ ( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ )

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​សេចក្ដីថ្លែងការណ៍​នេះ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ព្រះអម្ចាស់​ប្រមូល​សាសន៍​អ៊ីស្រាអែល ?

« ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ »

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦:១១ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ជួយ​ប្រមូល​មនុស្ស​មករក​ទ្រង់ ។

វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ពន្យល់​ថា ពាក្យ សាសន៍​ដទៃ នៅក្នុង ខទី ១១ អាច​សំដៅ​ទៅ​លើ​អ្នក​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ​ផងដែរ ។

ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាថាយ ៥:១៤–១៦ និង នីហ្វៃទី៣ ១៨:២៤ ។ ពួកគេ​អាច​ចែកចាយ​នូវ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បន្ថែម​ដល់​ការយល់ដឹង​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​ដើម្បី​ធ្វើ​ជា « ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ » ?

  • តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​អ្នក​អាច​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នក​ដទៃ ?

សូម​ពិចារណា​រាយ​បញ្ជី​ពីគំនិត​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ។ ដើម្បី​មើល​ឧទាហរណ៍​ថែមទៀត សូម​បង្ហាញ​វីដេអូ « LightTheWorld—Follow the Example of Jesus Christ. Share His Light—Serve as He Served » (២:១៧ ) ចាប់ពី​នាទី​ទី ០:២៩ ដល់​នាទី​ទី ២:១៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:37

ដាក់​ផែនការ​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ជាមួយ​ព្រះអង្គ​សង្គ្រោះ

សូម​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្តីពិត​ដែល​ពួកគេ​បាន​សិក្សា​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​មួយ ឬ​ទាំងពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ខិតខំ​ធ្វើ ដើម្បី​ប្រមូល​ផ្ដុំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ?

  • តើ​មាន​អ្វី​ជាក់លាក់​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?

រួម​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​របៀប និង​ពេល​ណា​ដែល​អ្នក​នឹង​សម្រេច​គោលដៅ​របស់​អ្នក ។

សិស្ស​ពីរបី​នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​លើ​គោលដៅ​ដែល​ពួកគេ​បានបង្កើត​សម្រាប់​ខ្លួន​ពួកគេ ។