« មេរៀនទី ៩៩—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៧ ៖ យ៉ូសែប ស្ម៊ីធ បានព្យាករពីសង្រ្គាម » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៥–៨៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧
យ៉ូសែប ស្ម៊ីធ បានព្យាករពីសង្រ្គាម
ដោយសារភាពចលាចលខាងនយោបាយនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ នោះ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានទៅព្រះដើម្បីដឹងពីព្រះហឫទ័យរបស់ទ្រង់អំពីស្ថានភាពនេះ ។ វិវរណៈដែលទទួលបានបន្ទាប់នោះមានការព្យាករណ៍អំពីសង្គ្រាមជាមួយនឹងសេចក្ដីលម្អិតជាក់លាក់ដែលមានតែព្រះប៉ុណ្ណោះអាចជ្រាបនាពេលនោះ ។ គោលបំណងមេរៀននេះអាចជួយសិស្សយល់ថារាល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះព្យាការីទ្រង់នឹងត្រូវបានបំពេញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បទពិសោធន៍របស់អួរសុន ប្រាត្ត
ដើម្បីជួយសិស្សរៀបចំខ្លួនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧ សូមពិចារណាសង្ខេប ឬអានបទពិសោធន៍ផ្សព្វផ្សាយសាសនាខាងក្រោមរបស់ អួរសុន ប្រាត្ត ។
អួរសុន ប្រាត្ត ជាសមាជិកដំបូងនៃសាសនាចក្រ ដែលបានបម្រើជាសមាជិកក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ពីដើម ។ លោកត្រូវបានហៅឲ្យបម្រើបេសកកម្មជាច្រើនក្នុងជីវិតរបស់លោក ដើម្បីផ្សាយដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅទូទាំងសហរដ្ឋអាមេរិក និងកាណាដា ។ នៅក្នុងការធ្វើដំណើររបស់លោក លោកបានយកច្បាប់ចម្លងនៃវិវរណៈជាក់លាក់មួយដែល យ៉ូសែប ស៊្មីធ បានទទួលពីព្រះអម្ចាស់ក្នុងឆ្នាំ ១៨៣២ ។ ទោះបីជាការព្យាករដែលមាននៅក្នុងវិវរណៈមិនទាន់បានបំពេញក៏ដោយ ក៏អែលឌើរ ប្រាត្ត បានចែកចាយវាជាញឹកញាប់ជាមួយអ្នកដទៃដែរ ។ ជាញឹកញាប់គេសើចចំអកដល់លោក នឹកឃើញគ្រានោះ មនុស្សនិយាយថាការព្យាករនោះគឺ « មិនសមហេតុផលទាល់តែសោះ » ហើយថាលោកគឺជា « ជនរងគ្រោះនៃអ្នកក្លែងបន្លំ » ( អួរសុន ប្រាត្ត Journal of Discourses ១៨:២២៤–២២៥ ) ។
-
ប្រសិនបើអ្នកជា អួរសុន ប្រាត្ត តើអ្នកគិតថាប្រតិកម្មរបស់មនុស្សនឹងមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ?
ការព្យាករមកពីព្រះអម្ចាស់
ការព្យាករដែល អួរសុន ប្រាត្ត ចែកចាយជាមួយអ្នកដទៃត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧ ។ វាប្រហែលជាល្អសម្រាប់សិស្សក្នុងការស្វែងយល់ពីព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រដែលមាននៅក្នុងក្បាលកណ្ឌ មុនពេលអានការព្យាករនេះ ។
ជួយអ្នកសិក្សាស្វែងរកគោលលទ្ធិដំណឹងល្អ និងគោលការណ៍ទាំងឡាយ ៖ សម្រាប់ការអនុវត្តបន្ថែមអំពីការណ៍នេះ សូមមើលការបំពាក់បំប៉នក្រោមចំណងជើងថា « រៀនគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនអ្នក » ដែលមាននៅក្នុង ការបំពាក់បំប៉នជំនាញអភិវឌ្ឍន៍ ៖ បង្រៀនគោលលទ្ធិ ។ សូមពិចារណាអនុវត្តជំនាញនេះដោយការបង្កើតសំណួរត្រិះរិះស្រាវជ្រាវ ដែលជួយសិស្សឲ្យមើលឃើញគោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អដោយខ្លួនឯង ហើយដែលមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:១–៤ ហើយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទ បានបើកសម្តែងតាមរយៈព្យាការីរបស់ទ្រង់ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ ថានឹង « កើតឡើងនៅពេលឆាប់ៗ » ?
-
តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីខគម្ពីរទាំងនេះ ?
សូមផ្តល់ឱកាសដល់សិស្សដើម្បីចែកចាយសេចក្ដីពិតផ្សេងៗដែលពួកគេរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ បន្ថែមលើអ្វីដែលពួកគេបានលើកឡើង សូមជួយពួកគេដឹងថា ព្រះអម្ចាស់អាចបើកសម្តែងព្រឹត្តិការណ៍នាពេលអនាគតចំពោះយើងតាមរយៈពួកព្យាការីរបស់ទ្រង់ ។
សូមអានខគម្ពីរមួយចំនួន ឬទាំងអស់ខាងក្រោម ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះតម្រិះរបស់ព្រះអម្ចាស់ ។
-
តើអ្នកបានរៀនអ្វីខ្លះ ? ហេតុអ្វីអ្នកគិតថាវាមានអត្ថប្រយោជន៍ដើម្បីយល់ពីការណ៍ទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើចំណេះដឹងនេះមានឥទ្ធិពលលើទំនុកចិត្តអ្នកលើទ្រង់ដោយរបៀបណា ?
សេចក្តីជំនឿលើព្រះអម្ចាស់ និងការព្យាកររបស់ទ្រង់
សូមអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះ ដើម្បីជួយសិស្សយល់ពីអ្វីដែលបានកើតឡើង បន្ទាប់ពីព្រះអម្ចាស់បានបើកសម្ដែងព្រឹត្តិការណ៍ដែលកើតឡើងនៅពេលអនាគតទាំងនេះដល់ យ៉ូសែប ស្ម៊ីធ ។
នៅដើមឆ្នាំ ១៨៣៣ មិនយូរប៉ុន្មានបន្ទាប់ពីបានផ្ដល់ឲ្យការព្យាកររបស់ យ៉ូសែប ស្ម៊ីធ នោះមានការខ្វែងគំនិតគ្នាដែលបានបង្ហាញឲ្យឃើញថា សង្រ្គាមអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗនេះនៅអាមេរិកអាចត្រូវបានដោះស្រាយដោយសន្តិវិធី ។
-
តើអ្នកគិតថាអ្នកអាចនឹងមានសំណួរអ្វីខ្លះ ប្រសិនបើអ្នកបានដឹងពីការព្យាកររបស់ យ៉ូសែប ស្ម៊ីធ នៅពេលនោះ ?
អួរសុន ប្រាត្ត បានរំឭកពីគំនិតដែលគាត់មាន នៅពេលដែលវាមិនច្បាស់អំពីរបៀប ឬពេលណាដែលការព្យាករនឹងត្រូវបានបំពេញ ។
ខ្ញុំដឹងថាការព្យាករនេះគឺពិត ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ហើយបានប្រទានវិវរណៈដល់ខ្ញុំ ។ ខ្ញុំក៏ដឹងអ្វីដែរទាក់ទងនឹងទេវភាពនៃកិច្ចការនេះ ។ ពីមួយឆ្នាំទៅមួយឆ្នាំកន្លងផុតទៅ ខណៈពេលដែលអ្នកស្គាល់គ្នាមួយចំនួនដែលខ្ញុំធ្លាប់បានស្គាល់ពីមុននឹងនិយាយថា « តើការព្យាករនោះនឹងក្លាយទៅជាអ្វី ? វានឹងមិនអាចបំពេញបានឡើយ » ។ ខ្ញុំនិយាយថា « រង់ចាំសិនទៅ ព្រះអម្ចាស់មានពេលវេលាកំណត់របស់ទ្រង់ » ។ ( អួរសុន ប្រាត្ត Journal of Discourses ១៨:២២៤–២២៥ )
-
តើអ្វីដែលអ្នកចាប់អារម្មណ៍មកពីការឆ្លើយតបរបស់ អួរសុន ប្រាត្ត ?
-
តើគាត់ជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿ និងរក្សាទស្សនវិស័យដ៏អស់កល្បមួយដោយរបៀបណា ?
ការជ្រើសរើសឈរជាមួយព្រះអម្ចាស់
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាមួយដៃគូ ឬក្រុមតូច មុនពេលពួកគេចែកចាយចម្លើយរបស់ពួកគេជាមួយថ្នាក់ ។
-
តើមានស្ថានភាពអ្វីខ្លះដែលអាចតម្រូវឲ្យនរណាម្នាក់ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដើម្បីឆ្លើយតបនឹងសារលិខិតរបស់ព្យាការីនៅថ្ងៃនេះ ?
សូមលើកទឹកចិត្តសិស្សឲ្យជញ្ជឹងគិតពីឆន្ទៈរបស់ពួកគេដើម្បីឈរជាមួយនឹងព្យាការីរបស់ព្រះអម្ចាស់ នៅពេលពួកគេបង្រៀនពីអ្វីដែលអ្នកដទៃមិនយល់ស្រប ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧–៣៨ និង ២១:៤–៦ ។ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ ទោះបីជាអ្នកផ្សេងទៀតមិនយល់ស្របនឹងពាក្យរបស់ពួកលោកក៏ដោយ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ដើម្បីជួយសិស្សឲ្យទទួលស្គាល់ថា សេចក្តីជំនឿ និងការអត់ធ្មត់ជាញឹកញាប់ត្រូវបានតម្រូវឲ្យមាន ដើម្បីមើលឃើញការសម្រេចបានការព្យាកររបស់ព្រះអម្ចាស់ សូមពិចារណាលើការចែកចាយព័ត៌មានប្រវត្តិសាស្ត្រលម្អិតខាងក្រោម ។
ទោះបីជា យ៉ូសែប ស្ម៊ីធ មិននៅមានជីវិត ដើម្បីមើលឃើញការបំពេញនៃការព្យាករនេះក៏ដោយ ប៉ុន្តែផ្នែកមួយនៃការព្យាករត្រូវបានបំពេញជិត ៣០ ឆ្នាំបន្ទាប់ពីបានទទួលការព្យាករនេះ ។ ជម្លោះនេះបានចាប់ផ្តើមនៅរដ្ឋ ខារ៉ូឡាញណា ខាងត្បូង ហើយរដ្ឋភាគខាងត្បូង និងភាគខាងជើងបានប្រយុទ្ធគ្នាទៅវិញទៅមកពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ ។ ដូចជាការព្យាករ ភាគខាងត្បូងបានអំពាវនាវដល់ចក្រភពអង់គ្លេសឲ្យជួយ ហើយមនុស្សជាច្រើនដែលធ្លាប់ជាទាសករបានប្រយុទ្ធនឹងអតីតចៅហ្វាយនាយរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:១–៤ ) ។ មនុស្សជាច្រើនបានស្លាប់អំឡុងពេលសង្រ្គាមនេះ ។ ដូចដែលបានពិពណ៌នានៅក្នុងការព្យាករនេះ សង្រ្គាមជាបន្តបន្ទាប់បានកើតឡើងនៅក្នុងប្រទេសនានាជុំវិញពិភពលោក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៦–៧ ) ។
ឈរនៅទីបរិសុទ្ធ
សិស្សខ្លះអាចមានអារម្មណ៍មិនច្បាស់លាស់ ឬភ័យខ្លាច នៅពេលពួកគេគិតអំពីសង្រ្គាម និងការបំផ្លិចបំផ្លាញដែលបានពិពណ៌នានៅក្នុងការព្យាករណ៍នេះ ។ សូមពន្យល់ថា ព្រះបន្ទូលចុងក្រោយរបស់ព្រះអម្ចាស់នៅក្នុងវិវរណៈនេះផ្តល់នូវការប្រឹក្សាដែលអាចជួយយើងក្នុងអំឡុងពេលមានបញ្ហានាថ្ងៃចុងក្រោយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៨ ដោយស្វែងរកដំបូន្មានរបស់ព្រះអម្ចាស់ ។
-
តើទីបរិសុទ្ធអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានដល់យើង ដែលអាចជួយអ្នករកឃើញសេចក្តីសុខសាន្ត និងសុវត្ថិភាពនៅក្នុងពិភពលោករបស់យើង ?
សូមពិចារណាពីការពន្យល់ថា ការនៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ គឺជាវិធីមួយដែលយើងអាច « ឈរ … ក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ » ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងឡាយដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ហើយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ណាមួយដែលពួកគេបានទទួល ។