ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨

ទិដ្ឋភាព​ទូទៅ

នៅ​ចុង​ខែ ធ្នូ ឆ្នាំ ១៨៣២ និង​ដើម​ខែ មករា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​បើកសម្ដែង​សារលិខិត​មួយ​ដែល យ៉ូសែប ស្ម៊ីធ បាន​ចាត់ទុកថា​ជា « ស្លឹក​អូលីវ » ។ សារលិខិត​នៃ​សេចក្តី​សុខសាន្ត​នេះ​មកពី​ព្រះអម្ចាស់​បាន​លាតត្រដាង​សេចក្តីពិត​ជាច្រើន​អំពី​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច រួម​ទាំង​អំណាច​ដែល​ទ្រង់​គ្រប់គ្រង​ការបង្ក​បង្កើត​របស់​ទ្រង់ និង​សេចក្ដីពិត​អំពី​ក្រឹត្យវិន័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អំពី​ការរស់ឡើងវិញ ហើយ​ថា​ក្រឹត្យវិន័យ​ដែល​យើង​គោរពតាម​កំណត់​នូវ​សិរីល្អ​ដែល​យើង​ទទួល​បាន​នៅពេល​ដែល​បានរស់ឡើងវិញ ។ ទ្រង់​បានអញ្ជើញ​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់ ។ ទ្រង់​បាន​បញ្ជា​ប្រជារាស្រ្ត​របស់ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ហើយ​បានប្រទាន​ការណែនាំ​ឲ្យ​រៀបចំ​សាលា​របស់​ពួក​ព្យាការី ។

រូបតំណាង​ការបំពាក់បំប៉ន ការវាយ​តម្លៃ​ការយល់ដឹង​របស់​សិស្ស ៖ ចំណេះដឹង​របស់​សិស្ស​អំពី​ប្រធានបទ​ដំណឹងល្អ​អាច​ខុសៗ​គ្នា ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​កំណត់​ថាតើ​ពួកគេ​យល់ដឹង​អំពី​អ្វីមួយ​បាន​ប៉ុន្មាន​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន ។ ការអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ឬ​សួរ​ថា​តើ​ពួកគេ​មាន​សំណួរ​ដែរ​ឬ​ទេ អាច​ជួយ​អ្នក​កំណត់​ផ្នែក​នៃ​មេរៀន​នេះ​ដែល​ពួកគេ​ត្រូវ​ផ្តោត​ទៅលើ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក ⁠« ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​រួច​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ដទៃ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏អាច​​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១៤–៤១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១–១៣, ៤១–៥០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹង​គុណ​កាន់តែ​ខ្លាំង​ចំពោះ​ឥទ្ធិពល​នៃ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លៀត​ពេល​មើល​ទៅ​លើ​មេឃ​ពេល​យប់ ឬ​ស្វែងរក​រូបភាព​នៃ​លំហ​នៅលើ​អនឡាញ ហើយ​ជញ្ជឹងគិត​អំពី​ភាពអស្ចារ្យ​របស់​ព្រះ​ដូច​ដែល​បាន​ឃើញ​ក្នុង​សកលលោក​ដែល​មើលឃើញ​នេះ ។

  • សំណៅ​ចែក ៖ « ពន្លឺ​នៃ​ព្រះគ្រីស្ទ ( ផ្នែក​ទី ១ និង ផ្នែក​ទី ២ ) »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១៤–៤១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ពួកគេ​អាច​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​បញ្ជី​ខ្លី​មួយ​អំពី​របៀប​ដែល​ក្រឹត្យវិន័យ​ផ្តល់​ប្រយោជន៍​ដល់​ជីវិត​របស់​យើង ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៥១–៩៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទទួល​បាន​ពរជ័យ​នៃ​ការចូល​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទូល​សួរ​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ទទួល​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ទ្រង់ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • វីដេអូ ៖ « How I #HearHim: Elder Dale G. Renlund » ( ៣:០០ )

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៧៦-៨០, ១១៧–១៤១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ស្ថានភាព​ផ្សេងៗ ។

  • ការរៀបចំ​សិស្ស ៖ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្កើន​សេចក្តីជំនឿ​លើ​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មករៀន​ដោយ​បាន​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំនិត​ទាំងនេះ និង​រីកចម្រើន​ជាមួយ​ថ្នាក់ ។

  • វីដេអូ ៖ « Embrace the Future with Faith » ( ១៦:២៤ សូមមើល​ពី​នាទី​ទី ១០:២៨ ដល់ ១១:២០ )

  • សម្ភារ ៖ កាបូប​សិស្ស និង​ក្រដាស​មួយ​ចំនួន