« មេរៀនទី ១០៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៧–១៤១ ៖ ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៧–១៤១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨
ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង
នៅក្នុងផ្នែកនេះនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ព្រះអម្ចាស់បានបើកសម្តែងគោលការណ៍នៃការរៀនសូត្រ និងបានបង្គាប់ យ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀតឲ្យរៀបចំសាលារបស់ពួកព្យាការី ។ អស់អ្នកដែលចូលរៀននៅក្នុងសាលានេះគឺត្រូវស្វែងរកប្រាជ្ញា « ចេញពីសៀវភៅដ៏ល្អៗបំផុត » និងរៀនជាមួយគ្នា « ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ) ។ មេរៀននេះអាចជួយសិស្សឲ្យរៀនដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងស្ថានភាពផ្សេងៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំរៀន
-
ហេតុអ្វីវាសំខាន់ដើម្បីទទួលបានចំណេះដឹងទាំងខាងលោកិយ និងខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង ?
-
តើការរៀនមុខវិជ្ជាសាលាដូចជាគណិតវិទ្យា ឬវិទ្យាសាស្ត្រអាចខុសពីការសិក្សាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើវាអាចដូចគ្នាយ៉ាងដូចម្ដេច ?
នៅខែ មករា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ និងពួកអ្នកកាន់បព្វជិតភាពផ្សេងទៀតដែលរស់នៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ បានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ក្នុងការរៀបចំសាលាមួយឈ្មោះថា សាលារបស់ពួកព្យាការី ។ នៅរដូវរងាឆ្នាំ ១៨៣៣ សមាជិកនៃសាលានេះបានជួបប្រជុំនៅបន្ទប់ខាងលើក្នុងហាង នូវល ខេ វិតនី ។ ក្រោយមក ពួកលោកបានជួបគ្នានៅការិយាល័យបោះពុម្ពរបស់សាសនាចក្រ និងព្រះវិហារបរិសុទ្ធ ខឺតឡង់ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៧–៨០ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យពួកអ្នកកាន់បព្វជិតភាពទាំងនេះធ្វើការសិក្សា ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
យោងតាម ខទី ៨០ ហេតុអ្វីបានជាព្រះអម្ចាស់បានណែនាំបុរសទាំងនេះឲ្យសិក្សាមុខវិជ្ជាទាំងនេះឲ្យបានទូលំទូលាយបែបនេះ ។
-
តើការរៀនការណ៍ទាំងនេះអាចជួយយើងរៀបចំខ្លួនបម្រើព្រះអម្ចាស់តាមរបៀបណាខ្លះ ?
ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ដោយរកមើលនូវរបៀបដែលយើងត្រូវតែស្វែងរកការរៀនសូត្រ ។
16:24
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
ព្រះអម្ចាស់បានបង្រៀនយើងអំពីរបៀបចម្រើនសេចក្ដីជំនឿរបស់យើងដោយការស្វែងរក « ការរៀនសូត្រ សូម្បីតែដោយការសិក្សា និងដោយសារសេចក្ដីជំនឿផង » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ បានបន្ថែមការបញ្ជាក់ ] ។ យើងពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយ « តែងតែចងចាំទ្រង់ជានិច្ច » [ ម៉រូណៃ ៤:៣ ] ។ បន្ថែមពីលើនោះ សេចក្ដីជំនឿរបស់យើងចម្រើនឡើងគ្រប់ពេល ដែលយើង អនុវត្ត សេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។
ឧទាហរណ៍ រាល់ពេលដែលយើងមានជំនឿដើម្បីគោរពតាមក្រឹត្យវិន័យរបស់ទ្រង់—ទោះជាពេលដែលគំនិតលោកិយមិនឲ្យតម្លៃយើង—ឬរាល់ពេលដែលយើងមិនព្រមធ្វើតាមការកម្សាន្ដ ឬជំនឿដែលធ្វើឡើងដើម្បីបំបាក់សេចក្ដីសញ្ញា នោះយើងកំពុង អនុវត្ត សេចក្ដីជំនឿរបស់យើង ដែលនឹងនាំឲ្យ ចម្រើន សេចក្ដីជំនឿរបស់យើងហើយ ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
-
តើអ្នកគិតថា ការរៀនសូត្រដោយសេចក្ដីជំនឿអាចអនុវត្តក្នុងឱកាសសិក្សាផ្សេងៗគ្នាយ៉ាងដូចម្ដេច ( ដូចជាគេហដ្ឋាន សាលា ថ្នាក់សិក្ខាសាលា និងព្រះវិហារ ) ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩–១២៦ ដោយស្វែងរកការប្រឹក្សាពីព្រះអម្ចាស់ ដែលអាចបង្កើនសមត្ថភាពរបស់យើងក្នុងការរៀន ដោយការសិក្សា និងដោយសេចក្តីជំនឿ ។
-
សូមជ្រើសរើសផ្នែកមួយនៃជីវិតរបស់អ្នក ដែលអ្នកអាចកែលម្អការខិតខំរបស់អ្នកក្នុងការរៀនដោយសេចក្ដីជំនឿ ( ដូចជា គេហដ្ឋាន សាលារៀន ថ្នាក់សិក្ខាសាលា និងព្រះវិហារ ) ។
-
តើអ្នកគិតថា ការរៀនដោយសេចក្ដីជំនឿអាចជួយអ្នកក្នុងផ្នែកនេះដោយរបៀបណា ?
-
តើអ្នកនឹងខិតខំធ្វើអ្វីខ្លះ ដើម្បីរៀនសូត្រដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?