« មេរៀនទី ១០៨—គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១៩–៥៣ ៖ ការទទួលពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្រ្គោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១៩–៥៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១៩–៥៣
ការទទួលពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្រ្គោះ
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ ព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីរបៀបដែលយើងអាចទទួលបានពន្លឺ និងសេចក្តីពិតបន្ថែមទៀតដែលមកពីទ្រង់ ។ មេរៀននេះអាចជួយសិស្សមានគម្រោងទទួលបានពន្លឺ និងសេចក្តីពិតរបស់ព្រះបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្លឺផ្ទុយនឹងភាពងងឹត
អែលឌើរ ធីម៉ូស៊ី ជេ ឌីឆេស នៃពួកចិតសិបនាក់បានរៀបរាប់ពីបទពិសោធន៍ដែលលោក និងកូនប្រុសរបស់លោកមានពេលកំពុងចូលទៅក្នុងរូងភ្នំដ៏ជ្រៅមួយ ។
Light Cleaveth unto Light
ដោយមិនបានដឹងមុន ពន្លឺ [ នៅក្នុងរូងភ្នំ ] ស្រាប់តែប្រែជាងងឹតឈឹងភ្លាមៗ ។ កាលព្យួរខ្លួននៅលើទីជ្រៅបំផុត យើងបានព័ទ្ធជុំវិញទៅដោយភាពងងឹតស្លុបរហូតដល់យើងមិនអាចមើលឃើញដៃរបស់យើងដែលកាន់ខ្សែពួរនៅចំពោះមុខយើងឡើយ ។ សំឡេងមួយបន្លឺឡើងភ្លាមៗថា « ប៉ាប៉ា នៅឯណា ? »
ខ្ញុំបានឆ្លើយតបវិញថា « ប៉ានៅទីនេះកូនប្រុស ប៉ានៅទីនេះទេ » ។
ការបាត់បង់ពន្លឺដែលមិនបានរំពឹងទុកបង្ហាញថាបើគ្មានភ្លើងអគ្គិសនីទេភាពងងឹតក្នុងរូងភ្នំនោះ គឺមើលមិនឃើញឡើយ ។ ពិតណាស់ យើង « បានធ្លាក់ចូលក្នុង »ភាពងងឹត ។ ( ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៣ )
-
តើអារម្មណ៍បែបណាខ្លះដែលមនុស្សមានទាក់ទងទៅនឹងភាពងងឹត ?
-
តើមានពាក្យ ឬឃ្លាអ្វីខ្លះដែលពិពណ៌នាថា តើពន្លឺមានសភាពបែបណា ?
អែលឌើរ ឌីឆេស បានពិពណ៌នាអំពីសភាពដែលវាមានចំពោះលោក និងកូនប្រុសរបស់លោក នៅពេលពន្លឺក្នុងរូងភ្នំត្រូវបានមានឡើងវិញ ។
Light Cleaveth unto Light
នៅពេលពន្លឺត្រឡប់មកវិញ នោះភាពងងឹតបានបាត់ភ្លាម ភាពងងឹតតែងតែចុះចាញ់ពន្លឺជានិច្ច សូម្បីតែពន្លឺដែលតិចបំផុតក្តី ។ កូនប្រុសខ្ញុំ និងខ្ញុំបានចងចាំអំពីភាពងងឹតដែលយើងមិនធ្លាប់ស្គាល់ កាន់តែដឹងគុណចំពោះពន្លឺ និងការធានាថាយើងមិននៅម្នាក់ឯងក្នុងទីងងឹតទេ ។
ការចុះទៅក្នុងរូងភ្នំរបស់យើងមានលក្ខណៈស្រដៀងគ្នាទៅនឹងដំណើរជីវិតរបស់យើងក្នុងជីវិតរមែងស្លាប់នេះ ។ ( « Light Cleaveth unto Light » ទំព័រ ១១៣ )
-
តើអ្នកបានសម្គាល់ឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងរឿងនេះ និងដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់ ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:៣៦ ដោយស្វែងរកពាក្យដែលពិពណ៌នាអំពីសិរីល្អរបស់ព្រះ ។
-
តើពន្លឺ និងសេចក្តីពិតដែលមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកក្នុងដំណើររបស់អ្នកឆ្លងកាត់ជីវិតរមែងស្លាប់ដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតថា តើពន្លឺ ឬឥទ្ធិពលរបស់ព្រះដែលពួកគេទទួលអារម្មណ៍ក្នុងជីវិតបច្ចុប្បន្ននេះមានកម្រិតណា ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យគិតអំពីរបៀបដែលជីវិតរបស់ពួកគេអាចខុសគ្នាយ៉ាងណា ប្រសិនបើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ។
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ ព្រះអង្គសង្គ្រោះបានបង្រៀនអំពីអាកប្បកិរិយាដែលអាចបង្កើន ឬបន្ថយការទទួលបានពន្លឺ និងសេចក្តីពិតដែលមកពីទ្រង់ ។ នៅពេលសិស្សសិក្សា សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបង្រៀនដែលអាចជួយពួកគេទទួលបានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គសង្គ្រោះបន្ថែមទៀតនៅក្នុងជីវិតពួកគេ ។
ព្រះយេស៊ូវគ្រីស្ទបង្រៀនយើងអំពីរបៀបទទួលពន្លឺរបស់ទ្រង់
សូមពិចារណាបង្ហាញតារាងខាងក្រោម ហើយសូមអញ្ជើញសិស្សឲ្យចម្លងវាចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សអាចបំពេញសកម្មភាពសិក្សាជាមួយដៃគូ ឬក្រុមតូចៗ ។
បង្កើនពន្លឺ និងសេចក្តីពិត |
បន្ថយពន្លឺ និងសេចក្តីពិត |
---|---|
សូមអានខគម្ពីរដែលបានរាយបញ្ជីនៅក្នុងតារាងនេះ ហើយរកមើលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលពិពណ៌នាអំពីរបៀបដែលយើងអាចបង្កើន ឬបន្ថយពន្លឺ និងសេចក្តីពិតរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ។ សូមកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរនីមួយៗ ។
-
តើពរជ័យអ្វីខ្លះដែលមានចំពោះអ្នកដែលស្វែងរកពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកនឹងសង្ខេបការរកឃើញរបស់អ្នកសម្រាប់ជួរឈរនីមួយៗក្នុងតារាងរបស់អ្នកជាសេចក្តីថ្លែងការណ៍នៃសេចក្ដីពិតដោយរបៀបណា ?
សិស្សអាចឲ្យនិយមន័យសេចក្តីពិតស្រដៀងទៅនឹងខាងក្រោមនេះ ៖ យើងបង្កើនពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង នៅពេលយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ( ខគម្ពីរ ២០, ២៨ ) ។ ការមិនគោរពប្រតិបត្តិអាចបណ្ដាលឲ្យយើងបាត់បង់ពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះចេញពីជីវិតរបស់យើង ( ខទី ៣៩ ) ។
-
តើអ្នកគិតថា ការគោរពតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះអាចជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការយល់ដឹងពីសេចក្ដីពិតយ៉ាងដូចម្ដេច ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរមុន សូមពិចារណាបង្ហាញ ឬគូររូបភាពខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេមើលឃើញការបង្រៀនមកពី គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ តំណាងឲ្យនៅក្នុងនេះ ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា នៅពេលយើងគោរពតាមព្រះបញ្ញត្តិនៃព្រះ នោះយើងត្រូវបានប្រទានពរដោយពន្លឺរបស់ព្រះអង្គសង្គ្រោះកាន់តែច្រើននៅក្នុងជីវិតយើង ដែលនឹងបង្កើនសមត្ថភាពរបស់យើងក្នុងការយល់ ឬដឹងពីសេចក្តីពិត ។ នៅពេលយើងមិនគោរពតាមបទបញ្ញត្តិ នោះយើងបាត់បង់ពន្លឺរបស់ព្រះអង្គសង្គ្រោះ ហើយសមត្ថភាពក្នុងការយល់ ឬដឹងពីសេចក្តីពិតថយចុះ ។
-
តើការយល់ដឹងអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះមកពីខគម្ពីរទាំងនេះ អាចជះឥទ្ធិពលដល់ជម្រើសដែលយើងធ្វើដោយរបៀបណា ?
ការបង្កើនពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង
-
តើមានអ្វីជាក់លាក់ខ្លះដែលបានជួយ ឬអាចជួយអ្នកឲ្យទទួលបានពន្លឺរបស់ព្រះអង្គសង្គ្រោះបន្ថែមទៀតក្នុងជីវិតរបស់អ្នក ?
សិស្សអាចពិភាក្សាសំណួរពីមុនជាមួយដៃគូ ឬជាក្រុមតូចៗ មុនពេលចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ អ្នកក៏អាចនឹងពិចារណាក្នុងការប្រើសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ដើម្បីជួយសិស្សគិតអំពីគំនិតទាំងឡាយ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយឧទាហរណ៍ទាំងឡាយនៃរបៀបដែលយើងអាចដកពិសោធន៍ពន្លឺរបស់ព្រះអង្គសង្រ្គោះ ។
អ្នកកាន់ពន្លឺស្ថានសួគ៌
រាល់ពេលដែលដួងចិត្តរបស់អ្នកបង្វែរទៅរកព្រះដោយការអធិស្ឋានដ៏រាបសា នោះអ្នកទទួលបានការដកពិសោធន៍នូវពន្លឺរបស់ទ្រង់ ។ រាល់ពេលដែលអ្នកស្វែងរកព្រះបន្ទូល និងព្រះទ័យរបស់ទ្រង់នៅក្នុងបទគម្ពីរ នោះពន្លឺនឹងបំភ្លឺឡើងកាន់តែចែងចាំង ។ រាល់ពេលដែលអ្នកសង្កេតឃើញនរណាម្នាក់ខ្វះខាត ហើយលះបង់ភាពសុខស្រួលរបស់អ្នកដើម្បីឈោងទៅជួយដោយក្ដីស្រឡាញ់ នោះពន្លឺនឹងរីកធំខ្លាំងឡើងៗ ។ រាល់ពេលដែលអ្នកបដិសេធការល្បួង ហើយជ្រើសរើសភាពបរិសុទ្ធ រាល់ពេលដែលអ្នកស្វែងរក ឬផ្ដល់ការអភ័យទោស រាល់ពេលដែលអ្នកថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដោយក្លាហាន នោះពន្លឺបណ្ដេញភាពងងឹត ហើយទាក់ទាញដល់អ្នកដទៃដែលកំពុងស្វែងរកពន្លឺ និងសេចក្តីពិតផងដែរ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៧៩ )
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តចែកចាយនូវរបៀបដែលពួកគេពិភាក្សាអំពីគំនិតដែលបានធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតពួកគេផ្ទាល់ ។ ដោយជាផ្នែកនៃការពិភាក្សានេះ សូមពិចារណាបង្ហាញ « Finding Christ during Difficult Times » ( ៤:៣៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកអាចអញ្ជើញសិស្សឲ្យកត់សម្គាល់ពីរបៀបដែលអវត្តមាន និងការបន្ថែមនូវពន្លឺរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលលើយុវជននៅក្នុងវីដេអូនេះ ។
Finding Christ During Difficult Times
ការអនុវត្តការបង្រៀនរបស់ព្រះអង្គសង្រ្គោះ
សូមអញ្ជើញសិស្សឲ្យពិចារណាដោយការអធិស្ឋានអំពីរបៀបដែលពួកគេអាចបង្កើនពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតពួកគេ នៅពេលពួកគេឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតអ្វីខ្លះដើម្បីចាប់ផ្តើមធ្វើ ដើម្បីយាងអញ្ជើញសេចក្តីពិត និងពន្លឺរបស់ព្រះអង្គសង្គ្រោះបន្ថែមទៀតមកក្នុងជីវិតរបស់អ្នក ? តើមានអ្វីខ្លះដែលអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យឈប់ធ្វើ ?
-
តើអ្នកអាចជួបប្រទះឧបសគ្គអ្វីខ្លះនៅពេលអ្នកចាប់ផ្តើម ឬបញ្ឈប់សកម្មភាពទាំងនេះ ? តើអ្នកអាចដោះស្រាយឧបសគ្គដែលអ្នកបានរកឃើញដោយរបៀបណា ?
ដើម្បីបញ្ចប់មេរៀន សូមពិចារណាចែកចាយអារម្មណ៍របស់អ្នកអំពីអំណាចនៃពន្លឺ និងសេចក្តីពិតរបស់ព្រះគ្រីស្ទ បាននាំមកក្នុងជីវិតរបស់អ្នក ។ សូមអញ្ជើញសិស្សឲ្យខិតខំបង្កើនពន្លឺរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់ពួកគេ តាមរយៈអ្វីដែលពួកគេបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើថ្ងៃនេះ ។