ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១០—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥ ៖ « អំពី​ការកសាង​គេហដ្ឋាន​របស់​យើង »


« មេរៀន​ទី ១១០—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥ ៖ អំពី​ការកសាង​គេហដ្ឋាន​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៥ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៤–៩៧

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥

« អំពី​ការកសាង​គេហដ្ឋាន​របស់​យើង »

ការសាងសង់​ព្រះវិហារបរិសុទ្ធ ខឺតឡង់

ដោយ​ជា​ផ្នែក​មួយ​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បានបញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។ ប៉ុន្មាន​ខែ​ក្រោយ​មក នៅពេល​ដែល​ពួកបរិសុទ្ធ​នៅតែ​មិន​បាន​ចាប់ផ្តើម​សាងសង់ ព្រះអង្គ​សង្គ្រោះ​បានប្រដៅ​ពួកគេ​ដោយ​ក្ដីស្រឡាញ់ ហើយ​បានរំឭក​ឡើងវិញ​នូវ​បទបញ្ញត្តិ​របស់​ទ្រង់​ដើម្បី​សាងសង់​ព្រះដំណាក់​របស់​ទ្រង់ ។ ដោយ​គោរពប្រតិបត្តិ ពួកបរិសុទ្ធ​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំងឡើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ​ឲ្យ​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព

ដើម្បី​ជួយ​សិស្ស​គិត​អំពី​សារៈសំខាន់​នៃ​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ជួយ​សិស្ស​បង្កើត​សាច់រឿង​ប្រឌិត​មួយ​ពី​យុវជន​ម្នាក់ ដែល​មាន​គម្រោង​ទៅ​ព្រះវិហារបរិសុទ្ធ ប៉ុន្តែ​បានជ្រើសរើស​មិន​ទៅ​វិញ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​បង្ហាញ​ការបំផុសគំនិត​ដូច​ខាងក្រោម ហើយ​សុំ​ឲ្យ​សិស្ស​បំពេញ​ចន្លោះ​ទទេ​ដោយ​មាន​ហេតុផល​ដែល​នរណា​ម្នាក់​អាច​ផ្តល់​ឲ្យ​សម្រាប់​ការ​មិន​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​ពេល​ខ្លះ​យើង​មិន​ផ្តល់​អាទិភាព​ដល់​ការចូល​ព្រះវិហារ​បរិសុទ្ធ ។

ប្រសិនបើ​អ្នក និង​សិស្ស​របស់អ្នក​រស់នៅ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ​ពេក ដើម្បី​អាច​ដាក់​អាទិភាព​ក្នុង​ការចូល​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នក​គ្រាន់តែ​អាច​ចាប់ផ្តើម​មេរៀន​ដោយ​ការ​គ្រាន់តែ​ធ្វើ​ស្វ័យ​វាយតម្លៃ​ដែល​មាន​បន្ទាប់ពី​សកម្មភាព​បំពេញ​ចន្លោះ​ទទេ ។

ខ្ញុំ​ចង់​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ទោះជា​យ៉ាងណា ដោយសារ​តែ  ខ្ញុំ​មិន​បាន​ទៅ ។

សូម​ប្រើ​រង្វាស់​ខាងក្រោម​ដើម្បី​ជញ្ជឹងគិត​ ថា​តើ​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់​ប៉ុនណា​ក្នុង​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រង្វាស់​ពី ១ ដល់ ៥

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​អំឡុងពេល​មេរៀន ដើម្បី​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ផ្តល់​អាទិភាព​ដល់​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ប្រសិនបើ​សិស្ស​របស់អ្នក​មិន​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ក្បែរ​នោះ​ទេ សូម​បត់បែន​មេរៀន​នេះ​ទៅ​តាម​នោះ ដើម្បី​ជួយ​សិស្ស​ទទួល​អារម្មណ៍​នៃ​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃ​ណា​មួយ ។

ព្រះអម្ចាស់​ទ្រង់​វាយផ្ចាល​អ្នក​ទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់

នៅ​ចុង​ខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ប្រជារាស្រ្ត​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ឬ « ដំណាក់​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៩ ) ។ នៅពេល​ព្រះអម្ចាស់​បានបើកសម្តែង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥ នៅ​ខែ​មិថុនា ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធ​បាន​ទិញដី ប៉ុន្តែ​ការសាងសង់​មិន​ទាន់​បាន​ចាប់ផ្តើម​នៅ​ឡើយ​ទេ ។

  • សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:១–៣ ដោយ​រកមើល​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ប្រជារាស្រ្ត​របស់​ទ្រង់ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ព្រះអម្ចាស់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ប្រជារាស្រ្ត​របស់​ទ្រង់​ដោយ​របៀប​ណា ?

វា​ប្រហែលជា​ការល្អ​ក្នុង​ការសួរ​សិស្ស​ថា តើ​ពួកគេ​ដឹង​ថា​ពាក្យ « វាយផ្ចាល » មានន័យ​ដូចម្តេច ។ បើចាំបាច់ សូម​ពន្យល់​ថា « វាយផ្ចាល » មាន​ន័យ​ថា កែតម្រូវ​ដោយ​មាន​ចេតនា​កែលម្អ​អាកប្បកិរិយា ។

ព្រះអម្ចាស់​បាន​បញ្ជា​ប្រជារាស្រ្ត​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:៤, ៨–៩ ដោយ​រកមើល​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​បានបញ្ជា​ឲ្យ​ពួកបរិសុទ្ធ​សាងសង់​ព្រះដំណាក់​របស់​ទ្រង់ ។

  • តើ​ពួកបរិសុទ្ធ​នឹង​ទទួល​បាន​ពរជ័យ​សម្រាប់​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ក្នុងការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

  • តើ​ព្រះវរបិតាសួគ៌​បាន​សន្យា​អ្វី​ជាពិសេស​ដល់​ពួកគេ ?

    នៅពេល​សិស្ស​ចែកចាយ​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះដំណាក់​របស់​ទ្រង់ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងយល់​អំពី​គោលការណ៍​មួយ​ដូចជា ព្រះយេស៊ូវ​គ្រីស្ទ​បញ្ជា​ប្រជារាស្ដ្រ​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​បំពេញ​ការសន្យា​របស់​ព្រះវរបិតាសួគ៌​ក្នុង​ការប្រទាន​អំណាច​ដល់​ពួកគេ ។

  • តើ​អ្នក​គិត​ថា​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដោយ​មាន​ព្រះចេស្ដា​របស់​ព្រះ​មាន​អត្ថន័យ​យ៉ាង​ណា ?

    តាម​តម្រូវការ សូម​ពន្យល់​ថា « អំណោយទាន​ពិសិដ្ឋ » មាន​ន័យ​ថា ផ្តល់​អំណោយ​ដល់​នរណា​ម្នាក់ ។ ដើម្បី​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​ន័យ​ថា​ទទួល​បាន​អំណោយ​ទាន​នៃ​ចំណេះដឹង និង​អំណាច​ខាង​វិញ្ញាណ ។

    រូបតំណាង​ការបំពាក់បំប៉នសូម​សួរ​សំណួរ​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា ៖ សំណួរ​ខាងក្រោម​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ការពិភាក្សា​ក្នុង​ថ្នាក់​ដ៏​មាន​អត្ថន័យ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ សូមមើល​ការបំពាក់​បំប៉ន​ដែល​មាន​ចំណងជើង​ថា « ជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ពួកគេ » ដែល​មាន​នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ​នេះ « ព្យាយាម​ទប់​ខ្លួនឯង​កុំឲ្យ​ឆ្លើយតប​ទៅនឹង​រាល់​មតិយោបល់ និង​សំណួរ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ឆ្លើយតប​វិញ » ។

  • តើ​មាន​វិធី​ខុស​គ្នា​ណា​ខ្លះ​ដែល​ព្រះ​អាច​នឹង​ជ្រើសរើស ដើម្បី​ប្រទានពរ​ដល់​យើង​ដោយ​ព្រះចេស្ដា​របស់​ទ្រង់​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ?

  • តើ​អ្នក​គិត​ថា​ការទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​នឹង​ជះឥទ្ធិពល​ដល់​អ្នក​នៅ​ផ្ទះ សាលារៀន ឬ​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

« អ្នក​នឹង​មាន​អំណាច ដើម្បី​កសាង​គេហដ្ឋាន​នោះ »

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:១១–១៤ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ? តើ​ការណ៍​នេះ​អាច​ជា​ការលើកទឹកចិត្ត​យ៉ាង​ដូចម្តេច ?

រូបតំណាង​សំណៅចែក សូមពិចារណា​បែងចែក​សិស្ស​ជាក្រុម​តូចៗ ។ អ្នក​អាច​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​សំណៅចែក​មួយ​ច្បាប់ « ការពលិកម្ម​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​អំពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅ​លើ​សំណៅចែក ឬ​នៅ​ក្នុង ពួក​បរិសុទ្ធ ភាគ ១ បទដ្ឋាន​នៃ​សេចក្តីពិត ទំព័រ ២១០–២១១២២១ ។

សិស្ស​អាច​រាយ​បញ្ជី​នៅលើ​សំណៅចែក ឬ​នៅលើ​ក្ដារខៀន​នូវ​ការពលិកម្ម​មួយចំនួន​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។ បន្ទាប់មក ពួកគេ​អាច​ពិភាក្សា និង​រាយ​បញ្ជី​នៃ​ការពលិកម្ម​ដែល​យើង​អាច​ធ្វើ​ដើម្បី​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ឬ​រៀបចំ​ខ្លួន​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​នៅក្នុង​ជំនាន់​របស់​យើង ។

ការពលិកម្ម​ទាំងឡាយ​ដែល​ត្រូវ​បាន​ធ្វើ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់

ភ្លាមៗ​បន្ទាប់ពី កណ្ឌទី ៩៥ ត្រូវ​បាន​ទទួល ហៃរុម ស្ម៊ីធ បាន​ចាប់ផ្ដើម​ឈូសឆាយ​ដី​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​សាងសង់ ។ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​គឺជា​បញ្ហា​លំបាក​មួយ ។ មាន​សមាជិក​សាសនាចក្រ​ប្រហែល ១៥០ នាក់​ប៉ុណ្ណោះ​នៅក្នុង​តំបន់​នេះ ។ ពួកគេ​មិន​​មានបទពិសោធន៍ ឬ​ជំនាញ​ដើម្បី​មើល​ការខុសត្រូវ​អគារ​ដ៏​ធំ​បែប​នេះ​នោះ​ទេ ។ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ក៏​នឹង​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​លើ​សាសនាចក្រ និង​សមាជិក​ផងដែរ ។ យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​ទៅ​ធ្វើការ ហើយ​ព្រះអម្ចាស់​បានបំពេញ​តាម​ការសន្យា​របស់​ទ្រង់​ដើម្បី​ប្រទាន​ដល់​ពួក​គេ « អំណាច​ដើម្បី​កសាង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:១១ ) ។ អាតេមុស មៀលលិត ជា​អ្នកប្រែចិត្តជឿ​មកពី​ប្រទេស​កាណាដា និង​ជា​អ្នក​សាងសង់​សំណង់​ដែល​មាន​បទពិសោធន៍​ម្នាក់ បាន​ផ្លាស់​ទៅ​ទីក្រុង ខឺតឡង់ ហើយ​បាន​គ្រប់គ្រង​ការសាងសង់​នេះ ។ អ្នក​ប្រែចិត្តជឿ​ម្នាក់​ទៀត​គឺ ចន ថានណឺ បាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ដ៏​សំខាន់​ចាំបាច់ ។ បុរស ស្ត្រី និង​កុមារ​នៅ​តំបន់​នោះ​បានបរិច្ចាគ ពេលវេលា កម្លាំង​ពលកម្ម និង​ធនធាន​ទាំងឡាយ ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ។ ( សូមមើល Lisa Olsen Tait and Brent Rogers « A House for Our God » នៅក្នុង Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ១៦៧; ពួក​បរិសុទ្ធ ភាគ ១ បទដ្ឋាន​នៃ​សេចក្តីពិត ទំព័រ ២១០–២១១ ) ។

  • តើ​ការពលិកម្ម​អ្វីខ្លះ​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ? តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​ចំពោះ​ការពលិកម្ម​ទាំងនេះ ?

  • តើ​ការពលិកម្ម​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ចូលរួម​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ?

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​ដោយ​ការអធិស្ឋាន​នៅពេល​អ្នក​អាច​ចែកចាយ​ជាមួយ​សិស្ស​នូវ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន ណិលសុន ដែល​បញ្ជាក់​ឡើងវិញ​អំពី​សារៈសំខាន់​នៃ​ការពលិកម្ម ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់​ពរ​ដល់​យើង​ឲ្យ​ធ្វើ​ការពលិកម្ម​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ៖

ប្រធាន រ័សុល អិម ណិលសុន

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​ប្រហែល​ជា​ពុំ​អាច​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​បាន​ទេ ប៉ុន្តែ​ពេលវេលា​ដែល​បងប្អូន​ចំណាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន ។ នៅ​ក្នុង​ស្មារតី​នោះ ខ្ញុំ​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ​ស្គាល់​អំពី​រឿងទាំងឡាយ​ដែល​បងប្អូន​អាច​ទុក​មួយ​អន្លើ​សិន ដើម្បី​បងប្អូន​អាច​ចំណាយ​ពេល​កាន់តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ( រ័សុល អិម ណិលសុន « Let Us All Press On » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៩ )

  • តើ​អ្នក ឬ​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរជ័យ​ដោយ​ការ​ធ្វើ​ពលិកម្ម​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​ដោយ​របៀបណា ?

    ប្រសិនបើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់ទ្រង់ សូម​ពិចារណា​ចែកចាយ​នូវ​របៀប​ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​អ្នក​ដែល​ជា​លទ្ធផល ។ ប្រសិនបើ​អ្នក ឬ​សិស្ស​ណា​មិន​មាន​ឱកាស​ដើម្បី​ចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ នោះ​វីដេអូ « Temples Are A Beacon » ( ២:៥០ ) អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារបរិសុទ្ធ មិន​ថា​ត្រូវ​ធ្វើ​ការពលិកម្ម​ប៉ុនណា​ទេ ។

    2:50

    Temples are a Beacon

    សិស្ស​អា​ចទទួល​បាន​អត្ថប្រយោជន៍​មកពី​ការកត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់មក អ្នក​អាច​ឲ្យ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • តើ​អ្នក​គិតថា ការបង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥ អាច​អនុវត្ត​នៅ​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់​ទ្រង់ ?