ថ្នាក់​សិក្ខាសាលា
មេរៀនទី ១១១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧ ៖ ស៊ីយ៉ូន—ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ


« មេរៀន​ទី ១១១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧ ៖ ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១១ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៤—៩៧

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៧

ស៊ីយ៉ូន—ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ

ក្មេងស្រី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ខណៈ​កំពុង​ជួបប្រទះ​ការបៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ ពួកបរិសុទ្ធ​នៅ​ដែនដី​ស៊ីយ៉ូន ( ស្រុក​ចាកសុន រដ្ឋ​មិសសួរី ) ចង់​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​អំពី​ពរជ័យ​នៃ​ការមានចិត្ត​ល្អ​សុទ្ធសាធ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ទឹកសុទ្ធ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ជាមួយ​នឹង​មេរៀន​ដែល​មាន​ប្រើ​វត្ថុ​ដោយ​ការប្រើ​ទឹក ។ សូម​បង្ហាញ​ទឹកសុទ្ធ​ដល់​ថ្នាក់ ហើយ​ពិភាក្សា​អំពី​ពរជ័យ​នៃ​ទឹកសុទ្ធ និង​ផលវិបាក​នៃ​ការប្រើប្រាស់​ទឹក​មិន​សុទ្ធ ។ អ្នក​អាច​ជួយ​សិស្ស​ប្រៀបធៀប​ពរជ័យ​នៃ​ទឹកសុទ្ធ​ទៅនឹង​ពរជ័យ​នៃ​ការមាន​ចិត្ត​ល្អ​សុទ្ធសាធ ។

ចាក់​ទឹក​ចូល​ក្នុង​កែវ
  • តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ចំពោះ​ការ​មាន​ទឹក​ដែល​ស្អាតហើយ​សុទ្ធ ?

  • នៅពេល​ដែល​ទឹក​មិន​សុទ្ធ តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​បន្សុទ្ធ​វា ?

  • តើ​ទឹកសុទ្ធ​អាច​ប្រៀបធៀប​នឹង​ចិត្ត​ល្អ​សុទ្ធសាធ​បាន​ដោយ​របៀបណា ?

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧ ព្រះអម្ចាស់​បាន​បង្ហាញ​ពី​ព្រះរាជបំណង​របស់​ទ្រង់​ឲ្យ​ប្រជារាស្រ្ត​របស់​ទ្រង់​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​អ្នក ។ សូម​ស្វែងរក​ការបំផុសគំនិត​ដើម្បី​យល់​ពី​ពរជ័យ​នៃ​ការអនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​បន្សុទ្ធ​ចិត្ត​របស់​អ្នក ។

ស៊ីយ៉ូន​គឺជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ

ពួក​អែលឌើរ​មួយ​ក្រុម​នៅ « ស៊ីយ៉ូន » ជា​ឈ្មោះ​មួយ​ដែល​នៅពេល​នោះ​ត្រូវ​បាន​ប្រើ​នៅពេល​និយាយ​ពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ចង់​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់ យ៉ូសែប ស្ម៊ីធ ដើម្បី​ស្វែងរក​ចម្លើយ ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ផែនការ​ដ៏​អស្ចារ្យ​សម្រាប់​សាលា សាសនាចក្រ និង​សូម្បីតែ​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ដែនដី​ស៊ីយ៉ូន ។ ដើម្បី​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​បរិសុទ្ធ ហើយ​ទទួល​យក​ទ្រង់ ព្រះអម្ចាស់​បាន​ប្រៀបធៀប​ពួកគេ​ទៅនឹង​ដើមឈើ​ពីរ ៖ មួយ​ដើម​ដែល​នឹងត្រូវ​កាប់បំផ្លាញ និង​មួយទៀត​ដែល​មាន​ផ្លែ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១–១០ ) ។ ដូច​ដែល​ព្រះអម្ចាស់​បាន​ហៅ​ប្រជាជន​ហេណុក​ថា ស៊ីយ៉ូន ( សូមមើល ម៉ូសេ ៧:១៨ ) ព្រះអម្ចាស់​ចង់​ហៅ​ពួក​បរិសុទ្ធ​របស់​ទ្រង់​នៅ​សម័យ​ចុងក្រោយ​ថា ស៊ីយ៉ូន ដែរ ។ ទ្រង់​ចង់​ឲ្យ​ពួកគេ​ក្លាយ​ដូចជា​ទ្រង់ មិន​គ្រាន់តែ​រស់នៅ​កន្លែង​មួយ​ឈ្មោះ​ស៊ីយ៉ូន​ប៉ុណ្ណោះ​ទេ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:២១ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​​ស៊ីយ៉ូន ។

អ្នក​អាច​នឹង​ចង់​សរសេរ​ថា ស៊ីយ៉ូន​គឺជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ នៅលើ​ក្ដារខៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ដែល​បង្រៀន​សេចក្ដីពិត​នេះ ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយ​សំណួរ​ខាងក្រោម អ្នក​អាច​ណែនាំ​ពួកគេ​ទៅ ម៉ូសាយ ៥:២អាលម៉ា ១៣:១២ ។

  • តើ​អ្នក​គិត​ថា ​ចិត្ត​ល្អ​សុទ្ធសាធ​មាន​ន័យ​យ៉ាងដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​អ្វីដែល​យើង​អាច​ធ្វើ​ដើម្បី​បាន​បរិសុទ្ធ ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះអម្ចាស់​ពុំ​រំពឹង​ភាព​ល្អឥតខ្ចោះ​ពី​យើង អំឡុង​ពេល​នៃ​ការ​រីកចម្រើន​អស់កល្បជានិច្ច​របស់​យើង​នេះ​ឡើយ ។ ប៉ុន្តែ​ទ្រង់​រំពឹង​ឲ្យ​យើង​កាន់តែ​បាន​បរិសុទ្ធ ។ ការប្រែចិត្ត​ប្រចាំថ្ងៃ គឺជា​ច្រកទ្វារ​ទៅ​កាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង ។ ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​ឲ្យ​អ្នក​យល់​អំពី​បរិសុទ្ធ​ភាព​អ្វីខ្លះ ?

ពរជ័យ​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១០–២១ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៧:១០–១២ ដោយ​ស្វែងរក​សេចក្តី​ណែនាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​វា​អាច​ជួយ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ?

ការណ៍​នេះ​ប្រហែល​ជា​កន្លែង​ដ៏​ល្អ​មួយ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ក្នុង​ការស្វែងរក​បញ្ជី​នៅក្នុង​ព្រះគម្ពីរ ។ សិស្ស​អាច​រាយ​បញ្ជី​ពរជ័យ​ដែល​នឹង​មកពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

អ្នក​ក៏​អាច​គូរ​គ្រោង​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ក្ដារខៀន​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​វា​ដោយ​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​អំពី​ពរជ័យ​របស់​ព្រះអម្ចាស់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១៣–២១ ដោយ​រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បានពិពណ៌នា​ដែល​ទាក់ទង​នឹង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

  • តើ​ពរជ័យ​ទាំងនេះ​អាច​លើក​ទឹកចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ​យ៉ាង​ដូចម្ដេច ?

សិស្ស​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា​ពរជ័យ​មួយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​គឺ​ថា​មាន​ចិត្ត​ល្អ​សុទ្ធ​សាធ « នឹង​បានឃើញ​ព្រះ » ( ខទី ១៦ ) ។ អ្នក​ប្រហែលជា​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់​ខគម្ពីរ​នេះ​ទៅនឹង ទំនុក​ដំកើង ២៤:៣–៥ និង ម៉ាថាយ ៥:៨ ហើយ​សួរ​សិស្ស​អំពី​ទំនាក់ទំនង​អ្វី​ដែល​ពួកគេ​កត់សម្គាល់​នៅក្នុង​ខគម្ពីរ​ទាំងនេះ រវាង​ការមាន​ចិត្ត​ល្អ​សុទ្ធសាធ និង​ការមើលឃើញ​ព្រះ ។

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ដកស្រង់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១៥–១៧ ហើយ​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ការមើលឃើញ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

16:22
ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រាប់​យ៉ាង​ច្បាស់ថា យើង​អាច « មើល​ឃើញ » ព្រះអង្គសង្គ្រោះ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ន័យថា យើង​ស្គាល់​ទ្រង់ ។ ប្រធាន ណិលសុន បានមានប្រសាសន៍​ដូចនេះ​ថា « យើង​យល់​ដឹង​អំពី​ទ្រង់ ។ យើង​យល់​អំពី​កិច្ចការ​របស់​ទ្រង់ និង​សិរី​ល្អ​របស់​ទ្រង់ ។ ហើយ​យើង​ចាប់ផ្ដើម​ទទួល​អារម្មណ៍​ឥទ្ធិពល​ជា​និរន្តរ​អំពី​ជីវិត​ដែល​គ្មាន​ប្រៀបផ្ទឹម​របស់​ទ្រង់ » [ Teachings of Russell M. Nelson ( ឆ្នាំ ២០១៨ ) ទំព័រ ៣៦៩ ] ។

បើ​បងប្អូន ឬ​ខ្ញុំ​ទៅ​ព្រះវិហារបរិសុទ្ធ​ដោយ​ពុំ​មាន​ភាពបរិសុទ្ធ​គ្រប់គ្រាន់ នោះ​យើង​នឹង​មិន​អាច​មើលឃើញ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នូវ​ការបង្រៀន​ខាង​វិញ្ញាណ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​យើង​អាច​ទទួល​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឡើយ ។ ( ហែនរី ប៊ី អាវរិង « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៣០ )

  • តើ​ការសន្យា​នេះ​អាច​លើក​ទឹកចិត្ត​នរណា​ម្នាក់​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធដើម្បី​ចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ការ​មាន​ចិត្ត​ល្អ​សុទ្ធសាធ

អ្នក​អាច​ជួយ​សិស្ស​ពិភាក្សា​អំពី​របៀប​ដែល​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​វិហារបរិសុទ្ធ អាច​ជួយ​យើង​វាយ​តម្លៃ​ប្រសិនបើ​យើង​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។ ប្រហែលជា​សិស្ស​ពីរបី​នាក់​ដែល​ទើប​តែ​បាន​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ អាច​ចែកចាយ​ថា​តើ​ការឆ្លើយ​សំណួរ​ទាំង​នោះ​មាន​លក្ខណៈ​បែប​ណា​សម្រាប់​ពួកគេ ។ អ្នក​ក៏​អាច​ផ្ដល់​ការអញ្ជើញ​ដូច​ខាងក្រោម​ផងដែរ ។

សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ អាច​រក​បាន​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ។ សូម​ចំណាយពេល​ជញ្ជឹងគិត​អំពី​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ។ សូម​គិត​អំពី​របៀប​ដែល​ចម្លើយ​របស់​អ្នក​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នៃ​បេះដូង​របស់​អ្នក ។

សូម​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សំណួរ​ទាំងនេះ​នៅក្នុង​ថ្នាក់ ។ នៅពេល​សិស្ស​បាន​ជញ្ជឹងគិត​ពី​សំណួរ​នីមួយៗ​រួចហើយ អ្នក​អាច​នឹង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ជ្រើសរើស​រឿង​មួយ ឬ​ពីរ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដែល​អាច​ជួយ​បន្សុទ្ធ​ចិត្ត​របស់​ពួកគេ​បាន ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ៖

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​បន្សុទ្ធ​ចិត្ត​របស់​អ្នក ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​វា​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ទាំង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​ចិត្ត​អ្នក​បាន​ល្អ​សុទ្ធសាធ ?