« មេរៀនទី ១៤៥—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤ ៖ សេចក្តីប្រកាសមួយទាក់ទងនឹងរដ្ឋាភិបាល » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដ សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីឆ្លើយតបនឹងការបៀតបៀន និងការចោទប្រកាន់អំពីជំនឿរបស់សាសនាចក្រ ថ្នាក់ដឹកនាំសាសនាចក្របានសរសេរឯកសារមួយដើម្បីបញ្ជាក់អំពីគោលជំហររបស់សាសនាចក្រចំពោះរដ្ឋាភិបាល និង សាសនា ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃសេរីភាពខាងសាសនា និងការគោរពតាមច្បាប់របស់រដ្ឋាភិបាលក្នុងប្រទេសដែលពួកគេរស់នៅ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បទពិសោធន៍របស់ប្រធាន ណិលសុន ជាមួយស្ដេចមួយអង្គ
ដើម្បីចាប់ផ្តើមថ្នាក់រៀន សូមពិចារណាសង្ខេបកថាខណ្ឌខាងក្រោម ហើយអានសេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន ដូចខាងក្រោមនេះ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « The Book of Mormon: What Would Your Life Be Like without It? » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:១៦ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
2:3
ប្រធាន ណិលសុន ពន្យល់អំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនបង្រៀនអំពីព្រះគ្រីស្ទ ហើយលើកទឹកចិត្តពួកយើងឲ្យសិក្សាព្រះគម្ពីរនេះរៀងរាល់ថ្ងៃប្រកបដោយការអធិស្ឋាន ។
នៅឆ្នាំ ១៩៨៦ ប្រធាន រ័សុល អិម ណិលសុន ជាវាគ្មិនសម្រាប់កម្មវិធីមួយនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងអាក្រា ប្រទេស ហ្គាណា ។ បន្ទាប់ពីសុន្ទរកថារបស់ប្រធាន ណិលសុន មានស្ដេចកុលសម្ព័ន្ធមួយអង្គបានដើរសំដៅមករកលោក ហើយបានសួរសំណួរអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន ណិលសុន បានចែកចាយគំនិតយោបល់ដកស្រង់ចេញពី នីហ្វៃទី៣ ដែលបានធ្វើឲ្យស្តេចអង្គនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
បន្ទាប់ពីដកពិសោធន៍អានុភាពនៃបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងនីហ្វៃទី៣ មកស្ដេចអង្គនោះបានប្រកាសថា « បើខ្ញុំត្រូវបានប្រែចិត្តជឿចូលក្នុងសាសនាចក្រ ខ្ញុំនឹងនាំកុលសម្ព័ន្ធទាំងមូលមកជាមួយខ្ញុំ » ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )
មុននឹងចែកចាយចម្លើយខាងក្រោមនេះមកពីប្រធាន ណិលសុន សូមផ្អាកសួរសិស្ស តើពួកគេអាចមានប្រតិកម្មយ៉ាងណា ប្រសិនបើពួកគេកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាក្នុងចំណោមប្រជាជនរបស់ស្ដេចអង្គនេះ ហើយបានឮទ្រង់បានមានបន្ទូលបែបនេះ ។
ប្រធាន ណិលសុន បានឆ្លើយតបថា« ព្រះករុណាថ្លៃវិសេសវាពុំដំណើរការបែបនោះឡើយ » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ២០១៧ ៦១ ) ។
តើអ្នកដឹងអ្វីខ្លះអំពីផែនការរបស់ព្រះវរបិតាសួគ៌ដែលអាចជួយពន្យល់ការឆ្លើយតបរបស់ប្រធាន ណិលសុន ?
ទោះបីជាស្ដេចអង្គនោះប្រហែលជាមានបំណងល្អក៏ដោយ ហេតុអ្វីបានជាវាជាការចាំបាច់ថាការប្រែចិត្តជឿរបស់មនុស្សចំពោះដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាជម្រើសបុគ្គល ?
ប្រសិនបើសិស្សមានការងឿងឆ្ងល់អំពីអ្វីផ្សេងទៀតដែលប្រធាន ណិលសុន បានមានប្រសាសន៍ទៅកាន់សេ្តច សូមចែកចាយនូវអ្វីដែលលោកបានបង្រៀន « ការប្រែចិត្តជឿគឺជារឿងរបស់បុគ្គលម្នាក់ៗ ។ … បុគ្គលម្នាក់ៗទទួលសាក្សី និងទីបន្ទាល់មួយអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( « The Book of Mormon: What Would Your Life Be Like Without It? » ទំព័រ ៦១ ) ។
សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំរបស់ព្រះវរបិតាសួគ៌អំឡុងពេលរៀនមេរៀននេះនាថ្ងៃនេះ អំពីមូលហេតុដែលវាសំខាន់សម្រាប់ពួកគេដើម្បីមានសេរីភាពក្នុងការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទស្របតាមបំណងប្រាថ្នារបស់ពួកគេផ្ទាល់ ។ ផងដែរ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីសារៈសំខាន់នៃការគោរពតាមច្បាប់ដែនដី និងការគោរពដល់អ្នកដែលមានជំនឿខុសគ្នាពីពួកគេ ។ អ្នកប្រហែលជាចង់ផ្ដល់ពេលឲ្យសិស្សសរសេរពីគំនិតរបស់ពួកគេអំពីគំនិតមួយ ឬច្រើនចេញពីគំនិតទាំងនេះមុននឹងបន្តទៅមុខទៀត ។
សារៈសំខាន់នៃរដ្ឋាភិបាល និងសាសនា
នៅក្នុង ឆ្នាំ ១៨៣០ សមាជិកសាសនាចក្របានប្រឈមមុខនឹងការបៀតបៀន ដែលជាផ្នែកនៃការយល់ខុសថាពួកគេនឹងមិនគោរពតាមច្បាប់របស់រដ្ឋាភិបាលក្នុងនាមជាសាសនានោះទេ ។ ដើម្បីជួយបញ្ជាក់អំពីការតាំងចិត្តរបស់ពួកបរិសុទ្ធក្នុងការធ្វើតាមច្បាប់នៃដែនដី រួមជាមួយនឹងការអនុវត្តសេរីភាពខាងសាសនា នោះថ្នាក់ដឹកនាំសាសនាចក្របានសរសេរសេចក្ដីប្រកាសអំពីជំនឿដែលឥឡូវនេះស្គាល់ថាជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៤ ។
ដើម្បីជួយសិស្សឲ្យយល់អំពីខ្លឹមសារនៃកណ្ឌនេះ សូមពិចារណាបែងចែកសិស្សទៅជាគូៗ ។ ដៃគូនីមួយៗអាចត្រូវបានចាត់ឲ្យផ្តោតទៅលើសេចក្តីពិតមួយក្នុងចំណោមសេចក្ដីពិតពីរខាងក្រោមនេះ ៖
យើងជឿលើការគោរពតាមច្បាប់របស់រដ្ឋាភិបាលដែលយើងរស់នៅ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤:១, ៣, ៥–៦ ) ។
យើងជឿលើសេរីភាពខាងសាសនា និងមនសិការ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤:២, ៤–៥, ៧ ) ។
ដៃគូនីមួយៗអាចអានខគម្ពីរដែលទាក់ទងនឹងសេចក្ដីពិតរបស់ពួកគេ ដោយស្វែងរកពាក្យ និងឃ្លាដែលគាំទ្រ ឬបញ្ជាក់អំពីសេចក្ដីពិតនោះ ។ ដៃគូទាំងឡាយអាចចែកចាយអំពីអ្វីដែលពួកគេបានរៀនជាមួយគ្នា ។
នៅពេលសិស្សបានធ្វើការចែកចាយជាមួយដៃគូរបស់ពួកគេរួចហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យឆ្លើយសំណួរដូចខាងក្រោមនេះ ៖
ដើម្បីជួយសិស្សស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ និងយល់កាន់តែច្បាស់អំពីសេចក្ដីពិតនៅក្នុងមេរៀននេះ សូមពិចារណាធ្វើដូចខាងក្រោមនេះ ៖
សូមបំបែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ ក្រុមនីមួយៗអាចសិក្សា និងពិភាក្សាអំពីសំណៅចែកទីមួយ ។ បន្ទាប់មក អ្នកអាចរៀបចំសិស្សជាក្រុមថ្មីដើម្បីសិក្សា និងពិភាក្សាអំពីសំណៅចែកទីពីរ ។
ជាជម្រើស ពាក់កណ្តាលក្រុមអាចសិក្សាអំពីសំណៅចែកមួយ ហើយពាក់កណ្តាលទៀតអាចសិក្សាអំពីសំណៅចែកផ្សេងទៀត ។ បន្ទាប់មកក្រុមទាំងអស់អាចចែកចាយអ្វីដែលពួកគេបានរៀនជាមួយក្រុមមួយដែលបានសិក្សាអំពីសំណៅចែកផ្សេងទៀត ។
សូមអានសាច់រឿងដូចតទៅនេះ ។
ដាឡាកំពុងបម្រើបេសកកម្មនៅកន្លែងមួយដែលរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យចែកចាយដំណឹងល្អនៅខាងក្រៅអគារព្រះវិហារឡើយ ។ នាងមានអារម្មណ៍ស្មុគស្មាញដោយសារនាងដឹងថា មានមនុស្សនៅក្នុងទីក្រុងនេះដែលនឹងទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើនាងអាចនិយាយដោយបើកចំហអំពីរឿងនេះ ។ នាងកំពុងពិចារណាអំពីការនិយាយស្ងាត់ៗទៅកាន់មនុស្សនៅតាមផ្លូវដើម្បីបង្រៀនពួកគេអំពីព្រះអង្គសង្គ្រោះ ។
សូមអានឯកសារដូចខាងក្រោមនេះដោយគិតអំពីរបៀបដែលពួកគេអាចជួយដាឡា ឲ្យយល់អំពីអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យនាងធ្វើ ។
ដើម្បីស្វែងយល់អំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបទៅនឹងជម្លោះដែលអាចកើតមានរវាងរដ្ឋាភិបាល និងសាសនា សូមអាន ម៉ាថាយ ២២:១៥–២២ និងសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ៖
ខណៈពេលដែលអ្នកជឿទាំងអស់គោរពតាមច្បាប់ដ៏ទេវភាព មនុស្សភាគច្រើនក៏ទទួលស្គាល់ថាច្បាប់ស៊ីវិលក៏ត្រូវបានតែងតាំងពីព្រះផងដែរ ។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់បានឆ្លើយថា « ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ » ( ម៉ាថាយ ២២:២១ ) ។ ដូចបានបង្រៀន យើងត្រូវតែគោរពតាមប្រព័ន្ធច្បាប់ ទាំងពីរ ឲ្យអស់ពីលទ្ធភាព ។ នៅពេលមានជម្លោះ យើងត្រូវតែខិតខំស្វែងរកការចុះសម្រុងនឹងគ្នា ។ នៅពេលដែលវាពិតជាមិនអាចផ្សះផ្សាបាន យើងគួរតែចូលរួមជាមួយនឹងអ្នកដទៃដែលមានគំនិតដូចគ្នាក្នុងការខិតខំផ្លាស់ប្តូរច្បាប់ស៊ីវិល ដើម្បីឲ្យចុះសម្រុងនឹងគោលលទ្ធិរបស់ព្រះ។ ក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់ យើងត្រូវពិចារណាឲ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្ត—នៅក្នុងកាលៈទេសៈដ៏កម្របំផុត—គឺមិនរើសអើងគ្នានោះទេ ។ ( ដាល្លិន អេក អូក « The Boundary between Church and State » [ សុន្ទរកថាដែលបានផ្ដល់នៅសន្និសីទសាលាក្រុង ទីក្រុងសាក្រាម៉ង់តូ ប្រចាំឆ្នាំលើកទី២/មហាសន្និបាតបព្វជិត នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ ] នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org )
សូមឆ្លើយសំណួរខាងក្រោមនេះ ។
តើអ្នកបានរៀនអ្វីខ្លះដែលអាចជួយដាឡា ឲ្យយល់ថានាងគួរតែគោរពច្បាប់ក្នុងប្រទេសដែលនាងកំពុងបម្រើ ?
ហេតុអ្វីអ្នកគិតថាការគោរពតាមច្បាប់ក្នុងប្រទេសដែលអ្នករស់នៅគឺជាគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមឆ្លើយសំណួរខាងក្រោមនេះ ។
តើអ្នកបានពិភាក្សាអំពីសាសនា ឬជំនឿខាងវិញ្ញាណជាមួយនរណាម្នាក់ដែលមានជំនឿខុសពីអ្នកនៅពេលណា ?
តើពួកគេបានឆ្លើយតបចំពោះជំនឿរបស់អ្នកយ៉ាងដូចម្តេច ? តើអ្នកឆ្លើយតបនឹងជំនឿរបស់ពួកគេដោយរបៀបណា ?
សូមពិចារណាអំពីសាច់រឿងខាងក្រោម ។
លៀមគឺជាសមាជិកក្រុមបាល់ទាត់របស់សាលាគាត់ ។ សមាជិកក្រុមរបស់គាត់ម្នាក់ឈ្មោះហ្សេន មានពិធីសាសនាផ្ទាល់ខ្លួនដែលគាត់ធ្វើមុនពេលប្រកួតម្ដងៗ ។ ហ្សេនគឺជាមនុស្សតែម្នាក់គត់ក្នុងក្រុមដែលកាន់សាសនារបស់គាត់ ។ សមាជិកក្រុមផ្សេងទៀតបានកត់សម្គាល់ឃើញអ្វីដែលហ្សេនធ្វើ និងបានចាប់ផ្តើមសើចចំអកគាត់អំពីរឿងនេះ ។ លៀមដឹងថាសាសនារបស់ហ្សេន ពេលខ្លះមនុស្សនៅក្នុងសហគមន៍ឃើញថាវាគឺជារឿងអវិជ្ជមាន ។
សិក្សាឯកសារខាងក្រោមនេះ ដោយគិតអំពីរបៀបដែលវាអាចអនុវត្តចំពោះស្ថានភាពរបស់លៀម និងចំពោះការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយមនុស្សដែលមានជំជឿខុសពីអ្នក ។
ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បានបង្រៀន ៖
ប្រសិនបើវាបង្ហាញថា ខ្ញុំបានស្ម័គ្រចិត្តស៊ូស្លាប់ដើម្បី« មរមន »ខ្ញុំមានចិត្តក្លាហាននឹងប្រកាសចំពោះស្ថានសួគ៌ថា ខ្ញុំពិតជាត្រៀមខ្លួនជាស្រេចដើម្បីស្លាប់ក្នុងការការពារសិទ្ធិរបស់ពួកប្រែសប៊ីធារាន ពួកបាទីស្ទ ឬបុរសល្អនៃនិកាយផ្សេងទៀត ដ្បិតគោលការណ៍តែមួយដែលនឹងជាន់ឈ្លីសិទ្ធិនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក៏នឹងជាន់ឈ្លីសិទ្ធិ … នៃនិកាយណាមួយទៀតដែលពុំសូវមានប្រជាប្រិយភាព និងមានភាពទន់ខ្សោយពេកក្នុងការការពារខ្លួនផងដែរ ។
នេះជាក្ដីស្រឡាញ់នៃសេរីភាព ដែលបំផុសគំនិតព្រលឹងខ្ញុំ—គឺសេរីភាពខាងសង្គម និងខាងសាសនាចំពោះពូជសាសន៍មនុស្សទាំងពួង ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៥ )
តើអ្នកអាចចែកចាយអ្វីខ្លះជាមួយលៀម ដែលអាចជួយគាត់ឲ្យឆ្លើយតបទៅនឹងស្ថានភាពរបស់គាត់បាន ?
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកប្រព្រឹត្តចំពោះអស់អ្នកដែលជឿខុសពីអ្នក ?
បន្ទាប់ពីក្រុមទាំងឡាយមានឱកាសរៀនអំពីសំណៅចែកទាំងពីររួចហើយ សូមពិចារណាផ្តល់ឱកាសដល់ពួកគេដើម្បីពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ឬសួរសំណួរអំពីអ្វីដែលពួកគេបានសិក្សា ។
ប្រសិនបើគិតថាវាមានប្រយោជន៍ដើម្បីពិភាក្សាបន្ថែមទៀតអំពីអ្វីដែលសិស្សបានរៀនអំពីសេចក្ដីពិតទាំងពីរ សូមពិចារណាអំពីការប្រើសំណួរដូចខាងក្រោមនេះ ។
តើមនុស្សម្នាក់អាចក្រោកឈរការពារជំនឿរបស់ខ្លួនបានយ៉ាងដូចម្ដេច ខណៈដែលកំពុងគោរពជំនឿខុសៗគ្នារបស់អ្នកដទៃ ?
តើការគោរពតាមច្បាប់អាចបង្កើនសមត្ថភាពរបស់យើងក្នុងការធ្វើតាមផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
តើអ្នកគិតថាមានរបៀបសមរម្យអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យមានសេរីភាពខាងសាសនានៅក្នុងច្បាប់ប្រទេសដែលអ្នករស់នៅ ?
អ្នកអាចបញ្ចប់មេរៀននេះដោយអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សពីរបីនាក់អាចចែកចាយអ្វីដែលពួកគេបានសរសេរ ។
តើអ្នកគិតថាព្រះវរបិតាសួគ៌ចង់ឲ្យអ្នកធ្វើអ្វីខ្លះជាមួយអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការរក្សាសេរីភាពខាងសាសនា អ្នកអាចបង្ហាញវីដេអូខាងក្រោមនេះបាន ។
4:4
Religious freedom allows societies to function with greater health, harmony, prosperity, and stability. Protecting religious freedom includes being civil, tolerant, and respectful of others’ beliefs.
អ្នកអាចជួយសិស្សពិភាក្សាគ្នាអំពីវីដេអូនេះជាមួយនឹងសំណួរដូចខាងក្រោមនេះ ។
ហេតុអ្វីសេរីភាពខាងសាសនាសំខាន់ចំពោះសង្គម ? ហេតុអ្វីបានជាអ្នកគិតថាវាសំខាន់នៅក្នុងផែនការរបស់ព្រះ ?
តើនៅពេលណាដែលអ្នកបានឃើញនរណាម្នាក់ប្រព្រឹត្តដោយសុជីវធម៌ ការអត់ឱន និងការគោរព នៅពេលប្រឈមមុខនឹងជំនឿខុសៗគ្នា ?
ហេតុអ្វីអ្នកគិតថាវាសំខាន់ដែលក្មេងជំទង់ត្រូវយល់អំពីរឿងនេះ ?
សូមពិចារណាបែងចែកសិស្សទៅជាក្រុមតូចៗ ។ សូមអញ្ជើញក្រុមតូចៗនីមួយៗឲ្យស្រមៃថាពួកគេ និងអ្នកដទៃកំពុងផ្លាស់ទៅកាន់កោះមួយដែលគ្មានមនុស្សរស់នៅ ជាកន្លែងដែលពួកគេនឹងចាប់ផ្ដើមរដ្ឋាភិបាលផ្ទាល់ខ្លួន ។ សិស្សអាចជ្រើសរើសឈ្មោះមួយសម្រាប់ប្រទេសរបស់ខ្លួន ព្រមទាំងច្បាប់មួយចំនួនដែលពួកគេគិតថានឹងមានសារៈសំខាន់ក្នុងការបង្កើត ។ អ្នកអាចសួរសិស្សថា ហេតុអ្វីវាមានសារៈសំខាន់ក្នុងការបង្កើតច្បាប់អំពីសេរីភាពខាងសាសនា ។
សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤:១–២ ដោយស្វែងរកមូលហេតុដែលព្រះបានបង្កើតរដ្ឋាភិបាល និងមូលហេតុដែលរដ្ឋាភិបាលមានសារៈសំខាន់ ។
តើមានទំនាក់ទំនងអ្វីខ្លះរវាងច្បាប់របស់រដ្ឋាភិបាល និងសមត្ថភាពរបស់ប្រជាជនក្នុងការថ្វាយបង្គំព្រះដោយស្មោះត្រង់ ?
តើអ្នកមានអំណរគុណចំពោះច្បាប់ ឬសិទ្ធិអ្វីខ្លះនៅក្នុងប្រទេសរបស់អ្នក ?
តើអ្នកគិតថាសង្គមនឹងមានលក្ខណៈបែបណាបើគ្មានរដ្ឋាភិបាល ឬ ច្បាប់ ?
សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤:៦ ដោយស្វែងរកពាក្យដែលបានប្រើដើម្បីពិពណ៌នាថាសង្គមអាចទៅជាយ៉ាងណាបើគ្មានច្បាប់ឬរដ្ឋាភិបាល ។