ថ្នាក់​សិក្ខាសាលា
មេរៀន ទី ១៤៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣:៤១–៥៦ ៖ « តើ​អ្នក​ណា​ហ្ន៎ ដែល​ចុះ​មក​ពី​ព្រះ ? »


« មេរៀន​ទី ១៤៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣:៤១–៥៦ ៖ ‹ តើ​អ្នក​ណា​ហ្ន៎ ដែល​ចុះ​មក​ពី​ព្រះ ? › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤១–៥៦ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី សញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៤៤ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣–១៣៤

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤១–៥៦

« តើ​អ្នក​ណា​ហ្ន៎ ដែល​ចុះ​មក​ពី​ព្រះ ? »

ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្រ្គោះ

នៅ​ពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ យាង​ត្រឡប់​មក​វិញ ពួក​អ្នក​ស្មោះ​ត្រង់​បាន​រៀបចំ​ខ្លួន​សម្រាប់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៥៦ ) ។ ការ​បង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣ អាច​ជួយ​យើង​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ទ្រង់ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​គុណលក្ខណៈ និង​ចរិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​បង្ហាញ​រូបភាព​មួយ​ដែល​ពិពណ៌នា​អំពី​ការយាង​មក​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សិស្ស​ក៏​អាច​ពិពណ៌នា ឬ​ប្រសិន​បើ​អាច​បង្ហាញ​រូបភាព​នៃ​ការយាង​មក​លើក​ទីពីរ​របស់​ទ្រង់​បាន​ផងដែរ ។

សូម​ជញ្ជឹងគិត​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ខណៈ​កំពុង​ស្រមៃមើល​ថា​តើ​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​សភាព​បែប​ណា ។

15:32
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្តី​ជំនឿ​របស់​យើង​រីក​ចម្រើន​នៅ​ពេល​យើង​រំពឹង​ចាំ​ថ្ងៃ​ដ៏​រុងរឿង​នៃ​ការវិល​ត្រឡប់​មក​ផែនដី​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ គំនិត​អំពី​ការយាង​មក​របស់​ទ្រង់​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​រំភើប​ណាស់ ។ វា​នឹង​ក្លាយជា​ការណ៍​អស្ចារ្យ​ណាស់ ! ព្រំដែន និង​ភាព​ធំ​សម្បើម ភាព​ធំធេង និង​សិរី​រុងរឿង​នេះ​នឹង​មាន​លើស​ពី​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់​ដែល​ធ្លាប់​បាន​ឃើញ ឬ​បាន​ជួប​ប្រទះ ។ ( នែល អិល អាន់ឌើរសិន « Thy Kingdom Come » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២២ )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ? តើ​អ្នក​អាច​ប្រើ​ពាក្យ​បន្ថែម​អ្វី​ខ្លះ​ដើម្បី​ពិពណ៌នា​អំពី​ការយាង​មក​ជា​លើក​ទីពីរ ?

    សូម​ពន្យល់​សិស្ស​ថា ក្រោយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:១០ ) ទ្រង់​បានបើកសម្តែង​បន្ថែម​ទៀត​អំពី​បុគ្គលិកលក្ខណៈ និង​គុណលក្ខណៈ​របស់​ទ្រង់ ។ ទ្រង់​បាន​ចែកចាយ​រឿង​នានា​ដែល​នឹង​ត្រូវ​បើកសម្តែង​នៅ​ពេល​ទ្រង់​យាង​មក ហើយ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​ដល់​ការយាង​មក​នោះ ។

    បន្ទាប់​មក​អ្នក​អាច​បង្ហាញ​សំណួរ​ដូច​ខាង​ក្រោម​នេះ​ម្ដង​មួយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ដោយ​ស្ងៀម​ស្ងាត់​នូវ​ចម្លើយ​របស់​ពួកគេ ។

  • នៅពេល​ខ្ញុំ​គិត​អំពី​ការយាង​មក​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ តើ​ជា​ធម្មតា​ខ្ញុំ​ផ្តោត​ខ្លាំង​ទៅ​លើ ព្រឹត្តិការណ៍ ដែល​នឹង​កើត​ឡើង ឬ​ទៅ​លើ បុគ្គល ដែល​កំពុង​ត្រឡប់​មកកាន់​ផែនដី​វិញ ?

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា ប្រសិន​បើ​ខ្ញុំ​ផ្តោត​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាង​ព្រឹត្តិការណ៍​ជុំវិញ​ការត្រឡប់​មក​វិញ​របស់​ទ្រង់​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់​នៅ​ពេល​ពួកគេ​សិក្សា​នៅ​ថ្ងៃ​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី អ្វី ដែល​នឹង​កើត​ឡើង​នៅ​ការយាង​មក​ជា​លើក​ទី​ពីរ និង​អំពី នរណា ដែល​នឹង​ត្រឡប់​មក​វិញ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចម្លង​តារាង​ខាង​ក្រោម​នេះ​ចូលទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សិស្ស​អាច​ធ្វើការ​ជា​ដៃគូ ដោយ​ដៃ​គូ​នីមួយៗ​បំពេញ​ជួរ​ឈរ​ផ្សេង​គ្នា ។ បន្ទាប់​ពី​មាន​ពេល​គ្រប់​គ្រាន់ ដៃ​គូ​ទាំងឡាយ​អាច​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ និង​បំពេញ​ជួរ​ឈរ​ផ្សេង​ទៀត ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤២–៥៣ ហើយ​កត់ត្រា​ទុក​នៅក្នុង​ជួរ​ឈរ​ដែល​ត្រឹមត្រូវ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ការយាង​មក​លើក​ទីពីរ ?

អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ប្រសិន​បើ​សិស្ស​មាន​សំណួរ​អំពី​ឃ្លា « ការ​គួរ​ស្ញែង​ខ្លាច » នៅក្នុង ខទី ៤៣ សូម​ពន្យល់​ថា ការ​គួរស្ញែងខ្លាច អាច​មាន​ន័យ​ថា ដែល​អាក្រក់ ឬ​ដែល​ធ្ងន់ធ្ងរ ។ ប្រសិន​បើ​សិស្ស​មាន​សំណួរ​អំពី​សម្លៀកបំពាក់​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ៤៦–៤៨ សូម​ពិចារណា​ចែកចាយ​នូវ​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ ព្រះ​យេស៊ូវ​នឹង​គ្រង « ព្រះ​ពស្ត្រ ពណ៌​ក្រហម​ដើម្បី​តំណាង​ឲ្យ​ព្រះលោហិត​ទ្រង់ ដែល​បាន​ហូរ​ចេញ​ពី​គ្រប់​រន្ធញើស » ( « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ១០ ) ។

គុណលក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ

បន្ទាប់​ពី​សិស្ស​ចែកចាយ​ជាមួយ​ដៃគូ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​បញ្ចូល​ក្នុង​តារាង​របស់​ពួកគេ​ហើយ សូម​ពិចារណា​សរសេរ « ព្រះយេស៊ូវ​គ្រីស្ទ … » នៅ​លើ​ក្ដារខៀន ។ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឡើង​មក​កាន់​ក្ដារខៀន និង​បំពេញ​ឃ្លា​ជាមួយ​ចម្លើយ​របស់​ពួកគេ ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​អ្នក​បង្រៀន​បទគម្ពីរ ៖ ដើម្បី​រៀន​បន្ថែម​អំពី​ការ​ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូម​មើល​ការបំពាក់​បំប៉ន​ដែល​មាន​ចំណង​ជើង​ថា « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ដែល​មាន​នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​អំពី​ការ​អនុវត្ត​ជំនាញ « បង្កើត​សំណួរ​ស្រាវជ្រាវ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​អត្ថ​ន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​អ្នក ?

    សិស្ស​អាច​រកឃើញ​សេចក្តី​ពិត​ដូច​តទៅ​នេះ ៖

    • ព្រះយេស៊ូវ​គ្រីស្ទ …

    • … គឺ​យុត្តិធម៌ និង​មាន​ព្រះចេស្តា ( សូមមើល ខទី ៤៤–៤៥, ៥០–៥១ ) ។

    • … ប្រទាន​រង្វាន់​សម្រាប់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់ ( សូមមើល ខទី ៤៥ ) ។

    • … ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ ( សូមមើល ខទី ៤៧ ) ។

    • … បង្ហាញពី​សេចក្ដី​សប្បុរស និង​សេចក្តីល្អ ( សូមមើល ខទី ៥២ ) ។

    • … យល់​ពី​សេចក្ដី​ទុក្ខ​វេទនា​របស់​យើង ( សូមមើល ខទី ៥៣ ) ។

    • … ទទួល​រង​បន្ទុក​របស់​យើង លើក​យើង ហើយ​ប្រោសលោះ​យើង​ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ( សូមមើល ខទី ៥៣ ) ។

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​ឃ្លា​ដែល​បង្រៀន​នូវ​សេចក្ដីពិត​ទាំងនេះ ។

  • តើ​ការយល់​ដឹង​អំពី​គុណលក្ខណៈ និង​ចរិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​ការពិពណ៌នា​ទាំង​នេះ​អំពី​ព្រះគ្រីស្ទ ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​ដោយ​របៀបណា ?

ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ចរិក​លក្ខណៈ​របស់​ព្រះអង្គ​សង្រ្គោះ

សកម្មភាព​ខាង​ក្រោម​នេះ​អាច​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​បង្ហាញ​ជំហាន​បី​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សកម្មភាព​នេះ ។

មុន​ពេល​សិស្ស​ចាប់​ផ្ដើម​សកម្មភាព​នោះ អ្នក​អាច​ផ្តល់​ឧទាហរណ៍​មួយ ដូចជា​ឧទាហរណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង​ជំហាន​បី​ខាងក្រោម ។

  1. ជ្រើស​រើស​គុណ​លក្ខណៈ ឬ​ចរិក​លក្ខណៈ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣ ដែល​អ្នក​ចង់​រៀន​បន្ថែម​ទៀត ។ សរសេរ​វា​នៅ​ផ្នែក​ខាង​លើ​នៃ​ក្រដាស​ស​មួយ ។

  2. នៅ​លើ​ក្រដាស​របស់​អ្នក សូម​សរសេរ​សាច់រឿង​មួយ​ដែល​រៀបរាប់​អំពី​នរណា​ម្នាក់​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការយល់ដឹង​អំពី​ចរិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. សូម​បញ្ចូល​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ដោយ​អ្នកដឹកនាំ​សាសនាចក្រ​ដែល​ធ្វើ​ឲ្យ​អ្នក​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ពី​ចរិកលក្ខណៈ​នេះ​នៅលើ​ក្រដាស​របស់​អ្នក ។ ( ដើម្បី​ទទួល​បានជំនួយ អ្នក​អាច​រកមើល​គុណលក្ខណៈ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​ស្វែងរក​វា​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ) ។

ដោយការប្រើ​គំនិត​ដូច​ខាងក្រោម​នេះ សូម​ពិចារណា​ធ្វើ​បង្ហាញ​ពី​ជំហាន​នីមួយៗ​នៃ​សកម្មភាព​នេះ​ជាមួយ​ថ្នាក់​ទាំងមូល ៖

  • ជំហាន​ទី ១ ៖ សរសេរ​ពាក្យ​ទាំង​នោះ យុត្តិធម៌ និង មាន​ព្រះចេស្តា នៅ​លើ​ក្ដារខៀន ឬ​គូរ​រង្វង់​មូល​ជុំវិញ​ពាក្យ​ទាំងនោះ ប្រសិន​បើ​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​អំឡុង​ពេល​សកម្មភាព​មុន ។

  • ជំហាន​ទី ២ ៖ សូម​ដាក់​បង្ហាញ​សាច់រឿង​ដូច​តទៅ​នេះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អំពី​មូលហេតុ​ដែល​យុវវ័យ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ដូច​សាំ ។ សូម​សួរ​ថា តើ​ការដឹង​ថា​ព្រះយេស៊ូវ​យុត្តិធម៌ និង​មាន​ព្រះចេស្តា អាច​ផ្ដល់​សេចក្តី​សង្ឃឹម​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​បែប​នោះ​ដោយ​របៀបណា ។

សាំ​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​វា​ពិបាក​ណាស់​ដោយ​មាន​អំពើ​ទុច្ចរិត​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​នេះ ។ គាត់​ស្ទើរ​តែ​មាន​អារម្មណ៍​ថា​អំពើ​អាក្រក់​កំពុងតែ​យក​ឈ្នះ​ទៅហើយ ។ គាត់​នឿយ​ហត់​ពី​ការបៀតបៀន និង​ការល្បួង​ដែល​នៅ​ជុំវិញ​គាត់ ។

ជំហាន​ទី ៣ ៖ សូម​សរសេរ នីហ្វៃទី១ ២២:១៥–១៧ នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ដោយ​ស្វែងរក​អ្វី​ដែល​នីហ្វៃ បាន​បង្រៀន​អំពី​ព្រះចេស្តា និង​សេចក្តីយុត្តិធម៌​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សុំ​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នីហ្វៃ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ដូច​សាំ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​រើស​ចរិក​លក្ខណៈ​ផ្សេងៗ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ចេញពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣ ហើយ​បំពេញ​ជំហាន​ទី ១–៣ នៃ​សកម្មភាព​នេះ ក្នុង​ក្រុម​តូចៗ ( ឬ​រៀងៗខ្លួន​បើ​ពួកគេ​ចង់​ធ្វើ​បែប​នេះ ) ។

    បន្ទាប់ពី​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញ​ជំហាន​បីដំបូង​ហើយ សូម​ណែនាំ​ក្រុម​ឲ្យ​ប្តូរ​ក្រដាស​ជាមួយ​ក្រុម​ផ្សេងទៀត ។ បន្ទាប់​មក​បង្ហាញ​ជំហាន​ទី ៤–៦ ខាង​ក្រោម ។

    1. សូម​អាន​ចរិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ សាច់រឿង និង បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​នៅ​លើ​ក្រដាស​នោះ ។

    2. បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ក្រុម​របស់​អ្នក​ហើយ សូម​សរសេរ​នៅ​លើ​ក្រដាស​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា ការ​យល់​ដឹង​អំពី​ចរិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​បុគ្គល​ដែល​នៅ​ក្នុង​សាច់រឿង​នោះ ។

    3. ស្វែងរក និង​ដាក់​បញ្ចូល​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បន្ថែម ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​បុគ្គល​ម្នាក់​នេះ​បាន ។

សូម​អញ្ជើញ​ក្រុម​ទាំងឡាយ​ឲ្យ​ប្រគល់​ក្រដាស​នោះ​ទៅ​ឲ្យ​ក្រុម​ដើម​វិញ និង​អាន​នូវ​អ្វី​ដែល​បាន​បន្ថែម​ទៅ​ក្នុង​ក្រដាស​របស់​ពួកគេ ។ សូម​អញ្ជើញ​សមាជិក​ម្នាក់​នៃ​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ថ្នាក់រៀន​នូវ​ការយល់ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួកគេ​ទទួល​បាន​មកពី​សកម្មភាព​នេះ ។

គុណ​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​អ្នក

សូម​ពិចារណា​ចែកចាយ​នូវ​ចរិក​លក្ខណៈ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ចរិក​លក្ខណៈ​ដែល​ពួកគេ​បានសិក្សា​នៅ​ថ្ងៃ​នេះ និង​ដើម្បី​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ការយល់​ដឹង​អំពី​ចរិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃនេះ​អាច​ពង្រឹង​អ្នក​ក្នុង​ជីវិត​របស់​អ្នក​នៅពេលនេះ​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ចរិក​លក្ខណៈ​ទាំង​នោះ ?

ដើម្បី​បញ្ចប់ សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរបី​នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នូវ​អារម្មណ៍​ផ្សេង​ទៀត​ដែល​ពួកគេ​មាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។