« បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ( ឆ្នាំ២០២៣ )
« បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ៖ បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទមិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ
បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ
បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
កំណត់និយមន័យ
នៅពេលយើងព្យាយាមជួយសិស្សឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ នោះពួកគេអាចស្គាល់ និងស្រឡាញ់ទ្រង់ ។ របៀបមួយដើម្បីបង្កើតសំណួរស្រាវជ្រាវដែលជួយសិស្សឲ្យរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ ឬបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ គឺត្រូវបញ្ចូលចំណុចដូចតទៅនេះនៅក្នុងសំណួររបស់អ្នក ៖ ( ១ ) វគ្គបទគម្ពីរ ( ២ ) អ្វីដែលអ្នកចង់ឲ្យសិស្សស្វែងរក ( តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ ឬបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ) និង ( ៣ ) របៀបសិស្សនឹងរកឃើញចំណុចទាំងនេះដោយខ្លួនពួកគេ ។ សំណួរទាំងនេះគួរត្រូវបានសួរ ពីមុនអ្នកឲ្យសិស្សអានវគ្គបទគម្ពីរ ដើម្បីឲ្យសិស្សរៀបចំខ្លួនស្វែងរកអ្វីដែលពួកគេអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
សូមពិនិត្យមើលសំណួរខាងក្រោមនេះ ហើយសូមកត់សម្គាល់អំពីរបៀបដែលសំណួរទាំងនេះដាក់បញ្ចូលនូវវគ្គបទគម្ពីរ អ្វីដែលសិស្សនឹងស្វែងរក និងរបៀបដែលសិស្សនឹងរកឃើញវាដោយខ្លួនពួកគេ ៖
-
ពេលអ្នកអានដំណើររឿងអំពីសាសន៍សាម៉ារីចិត្តល្អនៅក្នុង លូកា ១០:២៥–៣៧ តើមានគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកអាចមើលឃើញ ?
-
ពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ សូមស្វែងរកព្រះបរមងារ និងតួនាទីបីផ្សេងគ្នារបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកមានអារម្មណ៍ថាទាក់ទងទៅនឹងអ្វីដែលអ្នកត្រូវការក្នុងពេលនេះនៅក្នុងជីវិតរបស់អ្នក ។
-
ពេលអ្នកអាន កិច្ចការ ៣:១–៧ តើអ្នកសម្គាល់ឃើញអ្វីខ្លះអំពីពេត្រុស ដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមអានខគម្ពីរខាងក្រោមនេះ ហើយសម្រាប់បណ្ដុំខគម្ពីរនីមួយៗ សូមសរសេរសំណួរស្រាវជ្រាវមួយ ដែលជួយសិស្សឲ្យរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះអំពីការប្រែក្លាយជាគ្រូបង្រៀនម្នាក់ដូចជាព្រះគ្រីស្ទចេញពីបទពិសោធន៍នេះ ?
-
តើការធ្វើបែបនេះអាចជួយសិស្ស និងការពិភាក្សាក្នុងថ្នាក់របស់យើងឲ្យផ្តោតកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
រួមបញ្ចូល
-
ដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុងការអនុវត្ត សូមគិតអំពីកាលៈទេសៈ និងតម្រូវការសិស្សរបស់អ្នក ពេលអ្នកសិក្សាដើម្បីរៀបចំមេរៀនរបស់អ្នកនៅសប្តាហ៍នេះ ។ ជាមួយនឹងវគ្គបទគម្ពីរមួយនៅក្នុងមេរៀនរបស់អ្នក សូមសរសេរសំណួរស្រាវជ្រាវមួយ ដែលនឹងជួយសិស្សឲ្យរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយពួកគេផ្តោតលើទ្រង់ ។ សូមកត់ត្រាសំណួរទាំងឡាយដែលផុសឡើងក្នុងចិត្តរបស់អ្នក ហើយប្រសិនបើមានពេល សូមអនុវត្តសួរសំណួរទាំងនោះទៅកាន់នរណាម្នាក់ ពីមុនអ្នកសួរសំណួរទៅសិស្សណាម្នាក់នៅក្នុងថ្នាក់ ។ ការណ៍នេះនឹងជួយអ្នកចម្រាញ់សំណួររបស់អ្នក ពីមុនអ្នកប្រើសំណួរនោះជាមួយសិស្សរបស់អ្នក ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
ជំនាញ
សួរសំណួរដែលអនុញ្ញាតឲ្យសិស្សស្វែងរកតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចមាននៅក្នុងជីវិតរបស់ពួកគេ ។
កំណត់និយមន័យ
គ្រូបង្រៀនអាចផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ដោយការសួរសំណួរដែលអនុញ្ញាតឲ្យសិស្សស្វែងរកតួនាទីអ្វីដែលទ្រង់អាចមាននៅក្នុងជីវិតរបស់ពួកគេ ។ សំណួរទាំងនេះអាចប្រើដើម្បីអញ្ជើញសិស្សឲ្យស្វែងរកតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទមុន ឬបន្ទាប់ពីអានវគ្គបទគម្ពីរ ឬពាក្យសម្ដីរបស់ពួកព្យាការី ។ សំណួរទាំងនេះគួរតែចង្អុលបង្ហាញសិស្សទៅកាន់ប្រភពមួយ ដោយអញ្ជើញពួកគេឲ្យស្វែងរកតួនាទីដែលព្រះអង្គសង្គ្រោះអាចមាននៅក្នុងជីវិតរបស់ពួកគេ ហើយជួយពួកគេឲ្យជញ្ជឹងគិតពីរបៀបដែលវាអាចអនុវត្តចំពោះពួកគេបាន ។ នៅពេលដែលគ្រូបង្រៀនអាចធ្វើឲ្យសិស្សស្វែងរកថា តើតួនាទីអ្វីដែលព្រះអង្គសង្គ្រោះអាចមាននៅក្នុងជីវិតរបស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេឲ្យមើលឃើញថា តើព្រះយេស៊ូវគ្រីស្ទអាចមានទំនាក់ទំនងយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ហើយពួកគេនឹងចង់ពង្រឹងភាពជាដៃគូជាមួយទ្រង់ឲ្យកាន់តែស៊ីជម្រៅ នៅពេលពួកគេប្រឈមនឹងឧបសគ្គផ្ទាល់ខ្លួន។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
នេះជាឧទាហរណ៍មួយចំនួនអំពីសំណួរដែលអ្នកអាចសួរ ដើម្បីសុំឲ្យសិស្សឲ្យស្វែងរកតួនាទីដែលព្រះយេស៊ូវគ្រីស្ទអាចមាននៅក្នុងជីវិតរបស់ពួកគេ ៖
-
ដោយផ្អែកលើការសន្យាទាំងនេះពីអែលឌើរ ខៀរ៉ុន តើព្រះយេស៊ូវគ្រីស្ទអាចមានតួនាទីអ្វីនៅក្នុងជីវិតរបស់អ្នក ដែលអ្នកអាចទទួលបាននាពេលនេះ ?
-
តើតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងជីវិតរបស់នីហ្វៃ ( នីហ្វៃទី១ ៧:១៦–១៨ ) អាចអនុវត្តចំពោះអ្នកក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នកដោយរបៀបណា ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមសរសេរសំណួរដែលនឹងជួយសិស្សឲ្យស្វែងរកតួនាទី ដែលព្រះយេស៊ូវគ្រីស្ទអាចមាននៅក្នុងជីវិតរបស់ពួកគេសម្រាប់ស្ថានភាពខាងក្រោមនេះ ៖
-
សិស្សម្នាក់ចែកចាយបទគម្ពីរដូចតទៅនេះ ៖ « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? » ( នីហ្វៃទី៣ ៩:១៣ ) ។
-
អ្នកចែកចាយសម្រង់សម្ដីខាងក្រោមនេះមកពីប្រធាន រ័សុល អិម ណិលសុន ៖ « នៅពេលយើងព្យាយាមរស់នៅតាមក្រឹត្យវិន័យកាន់តែខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ នោះដួងចិត្ត និងធម្មជាតិជាមនុស្សរបស់យើងនឹងចាប់ផ្តើមផ្លាស់ប្តូរ ។ ព្រះអង្គសង្គ្រោះ លើក យើងឡើងផុតពីឥទ្ធិពលនៃពិភពលោកដ៏ធ្លាក់នេះ ដោយប្រទានពរដល់យើងឲ្យមានសេចក្តីសប្បុរស ភាពរាបសា ចិត្តល្អ ចេះលត់ដំខ្លួន មានភាពសុខសាន្ត និង សេចក្តីសម្រាក » ( « ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៧ ) ។
-
ឧទាហរណ៍មកពីមេរៀនបន្ទាប់ពីនេះ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះ ពេលអ្នកបានអនុវត្តសំណួរទាំងនេះ ?
រួមបញ្ចូល
-
សូមអនុវត្តជំនាញនេះនៅក្នុងមេរៀនក្រោយៗរបស់អ្នកក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ដោយសួរសំណួរដែលអនុញ្ញាតឲ្យសិស្សមើលឃើញតួនាទីដែលព្រះយេស៊ូវគ្រីស្ទអាចមាននៅក្នុងជីវិតរបស់ពួកគេ ។ សូមចំណាយពេលខ្លះដើម្បីចែកចាយជាមួយអ្នកគ្រប់គ្រងរបស់អ្នកនូវលទ្ធផលនៃការអនុវត្តជំនាញនេះ ។ សូមពិភាក្សាអំពីវិធីដើម្បីកែលម្អ ។
តើចង់បានបន្ថែមទៀតទេ ?
-
« បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង « បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) បណ្ណាល័យដំណឹងល្អ
-
ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ) បណ្ណាល័យដំណឹងល្អ