« មេរៀនទី ១៦២—ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ១ ៖ ‹ ក្នុងនាមជាពួកសាវករបស់ទ្រង់ដែលបានតែងតាំងឡើងដោយត្រឹមត្រូវ ពួកយើងសូមថ្លែងទីបន្ទាល់ថា—ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦២ ៖ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ១
« ក្នុងនាមជាពួកសាវករបស់ទ្រង់ដែលបានតែងតាំងឡើងដោយត្រឹមត្រូវ ពួកយើងសូមថ្លែងទីបន្ទាល់ថា—ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ »
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០០ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញសេចក្តីប្រកាសដែលហៅថា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ។ ទីបន្ទាល់របស់ពួកលោកបានរំឭកខួបលើកទី ២០០០ ឆ្នាំនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ នៅដើមមេរៀននេះ ឬរូបភាពផ្សេងទៀតរបស់ព្រះអង្គសង្រ្គោះ ។ សូមពិចារណាឲ្យរូបភាពពិភពលោកទៅសិស្សម្នាក់នៅកណ្ដាលថ្នាក់ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យដឹកនាំសិស្សរូបនោះឲ្យខិតទៅជិត ឬឆ្ងាយពីរូបភាពព្រះយេស៊ូវគ្រីស្ទ ដោយផ្អែកលើអារម្មណ៍របស់ពួកគេអំពីស្ថានភាពនៃពិភពលោក ។ អញ្ជើញពួកគេឲ្យពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍បែបនេះ ។
-
ហេតុអ្វីបានជាវាសំខាន់ប្រសិនបើពិភពលោកខិតកាន់តែជិត ឬឆ្ងាយពីព្រះអម្ចាស់នោះ ?
សូមចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ប្រសិនបើអ្នកខិតទៅជិត ឬឆ្ងាយពីព្រះអម្ចាស់ ?
-
តើព្រះអង្គសង្គ្រោះអាចជួយអ្នកក្នុងជីវិតរបស់អ្នកនៅពេលនេះតាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីសំណួរទាំងនេះ នៅពេលពួកគេសិក្សានៅថ្ងៃនេះ ហើយស្វែងរកការណែនាំពីព្រះអម្ចាស់ដើម្បីជួយឆ្លើយសំណួរទាំងនោះ ។
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ »
សំណៅចែកនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( ChurchofJesusChrist.org ) ឬអញ្ជើញសិស្សឲ្យស្វែងរកវានៅក្នុងកំណត់ហេតុការសិក្សារបស់ពួកគេ ។
ដើម្បីជួយសិស្សស្វែងយល់បន្ថែមអំពីសេចក្តីប្រកាសនេះ សូមលើកទឹកចិត្តពួកគេឲ្យឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ? តើសេចក្តីប្រកាសនេះចេញនៅពេលណា ? តើនរណាចុះហត្ថលេខានៅលើសេចក្តីប្រកាសនេះ ? តើអ្នកស្គាល់ឈ្មោះបុគ្គលណាម្នាក់ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះដែរឬទេ ?
ជាជម្រើស អ្នកអាចឲ្យសិស្សអានកថាខណ្ឌបរិបទខាងក្រោមនេះ ។
ក្នុងនាមជាសាក្សីពិសេសរបស់ព្រះគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣ ) គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០០ ។ សេចក្តីប្រកាសនេះ ត្រូវបានស្គាល់ថាជា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ដែលរំឭកខួបលើកទី ២០០០ ឆ្នាំនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ឬមើលសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះដោយ អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលមូលហេតុដែលការប្រកាសនេះគឺមានសារៈសំខាន់ ៖
សន្និសីទទូទៅ ៖ ការពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់
ពិភពលោកកំពុងរំកិលខ្លួនចេញពីព្រះអម្ចាស់លឿនខ្លាំងជាងពេលមុនៗ ។ មារសត្រូវបានអនុវត្តអំណាចវាលើផែនដីនេះ ។ យើងមើល ស្ដាប់ អាន សិក្សា ហើយចែកចាយពាក្យពួកព្យាការី ដើម្បីព្រមានជាមុន និងការពារ ។ ឧទាហរណ៍ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បានផ្ដល់ឲ្យពីមុនយើងជួបបញ្ហាគ្រួសារនាពេលនេះ ។ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ត្រូវបានរៀបចំជាមុនសម្រាប់ពេលដែលយើងត្រូវការបំផុត ។ ( រ៉ូបឺត ឌី ហែលស៍ « General Conference: Strengthening Faith and Testimony » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៧ )
សូមហៅសិស្សឲ្យចែកចាយពីអ្វីដែលសេចក្តីថ្លែងការណ៍ទាំងនេះលេចធ្លោចំពោះពួកគេ ។ សូមសួរពួកគេថា ហេតុអ្វីបានជាពួកគេគិតថា ទីបន្ទាល់របស់ពួកសាវកអំពីព្រះអង្គសង្គ្រោះនៅពេលនេះ និងនៅពេលអនាគតប្រហែលជាត្រូវការច្រើនជាងនៅពេលដែលការប្រកាសនេះបានផ្តល់ឲ្យ ។
សូមពន្យល់ថា សិស្សនឹងមានឱកាសមួយនៅក្នុងមេរៀនថ្ងៃនេះ ដើម្បីចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះ ដោយធ្វើឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅអំពីទ្រង់ តាមរយៈសេចក្តីប្រកាសរបស់ព្យាការី ។
សិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ »
ជួយសិស្សមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ៖ សកម្មភាពខាងក្រោមនេះត្រូវបានរៀបចំឡើងដើម្បីជួយសិស្សឲ្យស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់ ។ ដើម្បីរៀនបន្ថែមទៀតអំពីរបៀបធ្វើនឹងការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនអំពី ងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអំពីការអនុវត្តជំនាញ « បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ងារ គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ។
សិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ដោយរកមើលសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ។ ការគូសចំណាំនូវអ្វីមួយ ឬច្រើនដូចអ្វីដែលមានខាងក្រោមនេះអាចមានប្រយោជន៍ ៖
-
ព្រះនាមផ្សេងៗគ្នារបស់ព្រះយេស៊ូវគ្រីស្ទដែលបានប្រើនៅក្នុងឯកសារនេះ
-
អ្វីដែលអ្នកមានអារម្មណ៍គឺជាឃ្លាគន្លឹះនៅក្នុងឯកសារនេះ
-
សេចក្តីថ្លែងការណ៍ដែលបង្ហាញពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់អ្នក
-
តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាជួបសួរសុខទុក្ខសិស្សម្នាក់ៗ ដើម្បីផ្តល់ជំនួយ និងការលើកទឹកចិត្ត ពេលពួកគេសិក្សា ។
ប្រសិនបើមានអត្ថប្រយោជន៍ សិស្សអាចមើលតាម និងគូសចំណាំនៅលើសំណៅចម្លងរបស់ពួកគេពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ពេលកំពុងមើលវីដេអូ នៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខាងក្រោមនេះ ដែលកំពុងអានការដកស្រង់ចេញពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់នេះ ។ ឬសិស្សអាចមើលវីដេអូបន្ទាប់ពីការសិក្សារបស់ពួកគេ ដើម្បីពង្រឹងអ្វីដែលពួកគេបានរៀន ឬដើម្បីទទួលបានការយល់ដឹងថ្មីៗ ។ វីដេអូ « Excerpts from ‘The Living Christ: The Testimony of the Apostles’ » ( ២:៤៥ ) គឺមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
Excerpts from "The Living Christ: The Testimony of the Apostles"
សូមទុកពេលពីរបីនាទីដើម្បីចែកចាយអ្វីដែលពួកគេបានរៀននៅពេលពួកគេសិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ សូមលើកទឹកចិត្តសិស្សឲ្យស្តាប់ និងរៀនពីគ្នាទៅវិញទៅមក ។ ពួកគេអាចពន្យល់ពីមូលហេតុដែលពួកគេឲ្យតម្លៃចំពោះមតិរបស់មិត្តរួមថ្នាក់ ឬសូម្បីតែសួរសំណួរមួយដើម្បីជួយឲ្យយល់ដឹងកាន់តែស៊ីជម្រៅ ។
មានសេចក្តីពិតជាច្រើនដែលសិស្សអាចស្វែងរក ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗ ៖
-
នៅក្រោមការដឹកនាំរបស់ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីនេះ ។
-
ព្រះយេស៊ូវគ្រីស្ទបានប្រទានព្រះជន្មរបស់ទ្រង់ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកទាំងអស់ ។
-
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ហើយរស់នៅសព្វថ្ងៃនេះ ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក ។
-
មាគ៌ារបស់ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពដែលនឹងមកដល់ ។
សូមជ្រើសរើសសេចក្ដីពិតមួយដែលអ្នក ឬអ្នកផ្សេងទៀតបានរកឃើញអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចង់ស្វែងយល់បន្ថែមអំពី ។
ពង្រីកការយល់ដឹងរបស់យើងអំពីសេចក្តីពិត
អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដើម្បីផ្ដល់យោបល់ពីរបៀបមួយក្នុងការយល់កាន់តែស៊ីជម្រៅអំពីសេចក្ដីពិតទាំងនេះ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអញ្ជើញយើងឲ្យ « ពិចារណាមើលបទគម្ពីរ ដើម្បីពង្រីកការយល់ដឹងរបស់ [ យើង ] អំពីសេចក្តីពិតជាក់លាក់នានា ដែលមាននៅក្នុង ‹ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ › » ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៦៥ ) ។
សូមអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីររបស់ពួកគេ ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតមួយអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចរកមើលពាក្យ ឬឃ្លាសំខាន់ៗនៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ ឬពួកគេអាចជ្រើសរើសដំណើររឿងរបស់ព្រះអង្គសង្គ្រោះដែលបង្ហាញពីសេចក្តីពិតដែលពួកគេបានជ្រើសរើស ។
សិស្សក៏អាចធ្វើដូចខាងក្រោមនេះ ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេផងដែរ ៖
-
ស្វែងរកនៅក្នុងទំនុកតម្កើងតាមប្រធានបទ ដោយរកមើលអ្វីដែលទំនុកតម្កើងបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីផ្សេងៗរបស់ទ្រង់ ។
-
ប្រើវចនានុក្រមដើម្បីស្វែងយល់អត្ថន័យពាក្យពិបាកៗ ។
-
រកមើលសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ។
អ្នកអាចដាក់បង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីណែនាំសិស្សនៅពេលពួកគេសិក្សា ។
-
សរសេរព្រះគម្ពីរដែលអ្នកបានសិក្សា និងការយល់ដឹងបន្ថែម ដែលពង្រីកការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតដែលអ្នកបានជ្រើសរើសអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមជញ្ជឹងគិតពីមូលហេតុដែលវាមានសារៈសំខាន់ដើម្បីយល់ពីសេចក្ដីពិតនោះអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ដោយសារតែព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះជន្មរស់សព្វថ្ងៃនេះ ទ្រង់នៅតែបំពេញសេចក្ដីពិតដែលអ្នកបានសិក្សា ។ សូមសរសេរពីរបៀបដែលទ្រង់កំពុងធ្វើការណ៍នេះនៅក្នុងជីវិតរបស់អ្នក ឬរបៀបដែលវាអាចធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់អ្នក ។
សិស្សអាចសរសេរអ្វីដែលពួកគេរកឃើញនៅលើសំណៅចម្លង« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » របស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយអ្នកដទៃនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ របៀបមួយគឺសម្រាប់ពួកគេទៅជុំវិញបន្ទប់ ដើម្បីស្វែងរកនរណាម្នាក់ ដែលពួកគេមិនបានធ្វើការជាមួយនាពេលថ្មីៗនេះ ។ សូមអាចចែកចាយអ្វីដែលពួកគេបានរៀន និងគំនិតរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀននោះ ។ បន្ទាប់មក ពួកគេអាចទៅរកសិស្សម្នាក់ទៀត ហើយចែកចាយម្តងទៀត ។ ការណ៍នេះអាចជួយពួកគេឲ្យស្គាល់សិស្សកាន់តែច្រើន និងបានឮពីគំនិតផ្សេងៗ ។
សូមពិចារណាស្តាប់សិស្ស នៅពេលពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ នៅពេលអ្នកស្តាប់ អ្នកអាចសុំឲ្យពួកគេពីរបីនាក់ចែកចាយជាមួយថ្នាក់ទាំងមូល ។ ពួកគេនឹងមានឱកាសចែកចាយជាច្រើនទៀតនៅក្នុងមេរៀនដូចតទៅនេះ ។
-
តើអ្នកគិតថា សេចក្តីពិតដែលបានបង្រៀននៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » អាចជួយយើងយល់ និងកាន់តែខិតជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើការយល់ដឹងកាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះជួយអ្នកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?