« មេរៀនទី ១៦៣—ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២ ៖ ‹ ពួកយើងសូមថ្វាយទីបន្ទាល់របស់ពួកយើងអំពីតថភាពពិតនៃព្រះជន្មដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៣ ៖ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២
« ពួកយើងសូមថ្វាយទីបន្ទាល់របស់ពួកយើងអំពីតថភាពពិតនៃព្រះជន្មដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ »
ដូចជាគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ នោះយើងក៏អាចប្រកាសថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ផងដែរ ! មេរៀននេះអាចជួយសិស្សចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុផលដើម្បីចែកចាយ
-
តើអ្នកចង់ចែកចាយអ្វី ?
-
ហេតុអ្វីអ្នកចង់ចែកចាយវា ?
-
តើហេតុផលមួយណានៅក្នុងបញ្ជីនេះអាចអនុវត្តចំពោះការចែកចាយបទពិសោធន៍ ឬទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ?
-
តើអ្នកអាចបន្ថែមអ្វីខ្លះទៅក្នុងបញ្ជីរបស់អ្នក ជាហេតុផលជាក់លាក់ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ?
ការរៀបចំខ្លួនដើម្បីថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានមនុស្សមួយចំនួននៅលើផែនដីស្គាល់ព្រះយេស៊ូវគ្រីស្ទតិចតួច ហើយនៅផ្នែកខ្លះទៀតនៃពិភពលោកដែលព្រះនាមរបស់ទ្រង់ត្រូវបានប្រកាសរាប់សតវត្សមកហើយ តែបែរជាជំនឿលើព្រះយេស៊ូវគ្រីស្ទកំពុងតែថយចុះទៅវិញ ។ … នៅទូទាំងពិភពលោកការសិក្សា [ មួយ ]… បានព្យាករណ៍ថា នៅប៉ុន្មានទស្សវត្សរ៍ខាងមុខទៀតនឹងមានមនុស្សជាច្រើនគឺច្រើនជាងពីរដងដែលដើរចេញពីគ្រិស្តសាសនាដូចទៅនឹងអ្នកដែលចូលគ្រិស្តសាសនាដែរ ។ …
… បើលោកិយនិយាយអំពីទ្រង់បន្តិចបន្តួច តើនរណានឹងនិយាយអំពីទ្រង់ច្រើន ? គឺយើងទាំងអស់គ្នាហ្នឹងហើយ ! ( នែល អិល អាន់ឌើរសិន « We Talk of Christ» Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៨៨–៨៩ )
-
តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះដោយអែលឌើរ អាន់ឌើរសិន ?
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺជាឧទាហរណ៍នៃការចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍មួយគឺការប្រកាស « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលឯកសារនេះ ដោយពិចារណាអំពីអត្ថប្រយោជន៍ដែលយើងអាចដកពិសោធន៍ ដោយសារពួកលោកបានចែកចាយទីបន្ទាល់របស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមអាន នីហ្វៃទី២ ២៥:២៦ ដោយរកមើលហេតុផលបន្ថែម ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនចេញពីមូលហេតុរបស់នីហ្វៃ ?
-
តើការដឹងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទអាចធ្វើសម្រាប់អ្នកដទៃមានឥទ្ធិពលចំពោះបំណងប្រាថ្នារបស់អ្នកក្នុងការថ្លែងទីបន្ទាល់ ឬចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីទ្រង់ដោយរបៀបណា ?
សូមរំឭកពីសេចក្ដីពិតដែលអ្នកបានរកឃើញអំពីព្រះអង្គសង្គ្រោះនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » អំឡុងមេរៀនមុន ។ អ្នកអាចជ្រើសរើសសេចក្តីពិតមួយដែលអ្នកផ្តោតយកចិត្តទុកដាក់នៅក្នុងមេរៀននោះ ឬជ្រើសរើសមួយទៀតដែលអ្នកចង់ចែកចាយជាមួយអ្នកដទៃ ។
សកម្មភាព ក ៖ ទន្ទេញ
របៀបមួយដើម្បីរៀបចំចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ គឺការទន្ទេញផ្នែកមួយនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។
សូមចំណាយពេលប៉ុន្មាននាទីដើម្បីទន្ទេញផ្នែកមួយដែលបង្រៀនសេចក្តីពិតដែលអ្នកបានជ្រើសរើស ។ អ្នកអាចសរសេរវា រំឭកឡើងវិញជាច្រើនដង ឬអ្នកអានហើយថតវាទុក ហើយស្ដាប់វាជាច្រើនដង ។ ( អ្នកក៏អាចទន្ទេញបទគម្ពីរដកស្រង់ដែលអ្នកបានរកឃើញនៅក្នុងមេរៀនមុនដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចគ្នាដែរ ) ។
បន្ទាប់មកសរសេរថាតើនៅពេលណា និងដោយរបៀបណាដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ផ្សេងទៀតនូវអ្វីដែលអ្នកបានទន្ទេញ ។ សូមបញ្ចូលមូលហេតុនូវឃ្លាដែលអ្នកបានជ្រើសរើសមានអត្ថន័យចំពោះអ្នក និងរបៀបដែលអ្នកសង្ឃឹមថា ឃ្លាទាំងនេះនឹងជួយអ្នកដទៃឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ខ ៖ បង្កើតប័ណ្ណប្រកាសរូបភាព meme ឬរូបភាពឌីជីថល
របៀបមួយដើម្បីជួយអ្នកចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ គឺបង្កើតប័ណ្ណប្រកាស meme ឬរូបភាពឌីជីថល ។
សូមពិចារណាជ្រើសរើសរូបភាពផ្សេងៗដែលចាប់យកអត្ថន័យនៃសេចក្តីពិតដែលអ្នកបានជ្រើសរើស ។ ឧទាហរណ៍ អ្នកអាចជ្រើសរើសចែកចាយសេចក្តីពិត និងសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះបានបង្ហាញនៅក្នុងឃ្លាដូចខាងក្រោមចេញពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ៖ « ទោះជាទ្រង់គ្មានបាបក្ដី ក៏ទ្រង់បានទទួលបុណ្យជ្រមុជទឹកដើម្បីបំពេញនូវគ្រប់អស់ទាំងសេចក្ដីសុចរិតដែរ » ។ អ្នកប្រហែលជាចង់បញ្ចូលឃ្លានេះក្នុងគម្រោងរបស់អ្នក រួមជាមួយនឹងរូបភាពដែលចូលចិត្តបង្ហាញអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះផងដែរ ។ អ្នកក៏អាចបញ្ចូលឃ្លាពីបទគម្ពីរដែលធ្វើឲ្យការយល់ដឹងកាន់តែស៊ីជម្រៅផងដែរ ។
បន្ទាប់មកបន្ថែមការពន្យល់របស់អ្នកអំពីមូលហេតុដែលចំណេះដឹងនេះសំខាន់ចំពោះអ្នក ។
សកម្មភាព គ ៖ រៀបចំសុន្ទរកថា
របៀបមួយដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ គឺការថ្លែងសុន្ទរកថា ។
សូមស្រមៃថា អ្នកបានយល់ព្រមឡើងថ្លែងទីបន្ទាល់នៅថ្ងៃអាទិត្យនៅក្នុងវួដ ឬសាខារបស់អ្នក ។ អ្នកអាចចែកចាយអ្វីដែលអ្នកកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយហេតុអ្វីវាសំខាន់ចំពោះអ្នក ។ សូមសរសេរយ៉ាងហោចណាស់កថាខណ្ឌមួយចំនួនដែលអ្នកអាចប្រើនៅក្នុងសុន្ទរកថារបស់អ្នក ។ សូមប្រាកដថាត្រូវបញ្ចូលសេចក្តីថ្លែងការណ៍មកពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » វគ្គបទគម្ពីរ និងមូលហេតុសេចក្តីថ្លែងការណ៍ និងវគ្គបទគម្ពីរទាំងនេះមានអត្ថន័យចំពោះអ្នក ។
ពេលវេលាដើម្បីរៀបចំខ្លួន
-
តើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទអាចប្រសើរឡើងដោយរបៀបណា នៅពេលអ្នកចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីទ្រង់ជាមួយអ្នកដទៃ ?