« មេរៀនទី ២០៩—ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ៖ យើងអាចឮព្រះសូរសៀងរបស់ព្រះអង្គសង្រ្គោះតាមរយៈប្រសាសន៍ថ្នាក់ដឹកនាំរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៩ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
យើងអាចឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះតាមរយៈប្រសាសន៍ថ្នាក់ដឹកនាំរបស់ទ្រង់
នេះជាមេរៀនណែនាំសម្រាប់មេរៀនជាបន្តបន្ទាប់ ដែលនឹងត្រូវបានបង្រៀនពេញមួយឆ្នាំដោយប្រើសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។ មេរៀនទាំងនេះនឹងប្រើគំរូ « ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍អំពីសារៈសំខាន់នៃការសិក្សា និងការអនុវត្តសារលិខិតរបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពួកអ្នកបម្រើរបស់ព្រះអង្គសង្គ្រោះចែកចាយសារលិខិតមកពីទ្រង់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧-៣៨ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបញ្ជាឲ្យយើងធ្វើតាមប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។
-
តើអ្នកគិតថាអ្វីខ្លះដែលសំខាន់ក្នុងការចងចាំមកពីសេចក្តីថ្លែងការណ៍នេះ ?
-
តើអ្នកអាចរកឃើញសេចក្តីពិតអ្វីខ្លះ ?
-
តើអ្នកបានព្យាយាមស្វែងរកប្រសាសន៍របស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ជាផ្នែកមួយនៃការសិក្សាដំណឹងល្អទៀងទាត់របស់អ្នកយ៉ាងដូចម្ដេច ?
នៅទីបញ្ចប់នៃសន្និសីទទូទៅនៅខែមេសា ឆ្នាំ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានដាក់ការអញ្ជើញដូចខាងក្រោមនេះ ។ ស្វែងរកមើលពាក្យ ឬឃ្លាដែលអាចជួយឲ្យនរណាម្នាក់យល់អំពីសារៈសំខាន់នៃការសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។
2:3
ខ្ញុំសូមដាស់តឿនដល់បងប្អូនឲ្យសិក្សាសារលិខិតសន្និសីទនេះឲ្យបានញឹកញាប់—សិក្សាឡើងវិញ—អំឡុងប្រាំមួយខែក្រោយ ។ សូមស្វែងរកវិធីប្រកបដោយប្រុងប្រយ័ត្នដើម្បីបញ្ចូលសារលិខិតទាំងនេះនៅក្នុងរាត្រីជួបជុំក្រុមគ្រួសាររបស់បងប្អូន ការបង្រៀនដំណឹងល្អរបស់បងប្អូន ការសន្ទនារបស់បងប្អូនជាមួយនឹងគ្រួសារ និងមិត្តភក្ដិ និងនៅក្នុងការពិភាក្សារបស់បងប្អូនជាមួយនឹងអ្នកដែលពុំមានជំនឿដូចយើង ។ មនុស្សល្អៗជាច្រើននឹងឆ្លើយតបចំពោះសេចក្ដីពិតដែលបានបង្រៀននៅក្នុងសន្និសីទនេះនៅពេលវាផ្ដល់ឲ្យដោយក្ដីស្រឡាញ់ ។ ហើយបំណងប្រាថ្នារបស់បងប្អូនដើម្បីគោរពប្រតិបត្ដិនឹងមានកាន់តែខ្លាំងនៅពេលបងប្អូនចងចាំហើយនឹកគិតអំពីអ្វីដែលបងប្អូនបានទទួលអារម្មណ៍កាលពីពីរថ្ងៃកន្លងទៅនេះ ។ ( រ័សុល អិម ណិលសុន « Let Us All Press On » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ១១៨ )
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកដាក់បញ្ចូលការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទៅក្នុងការសិក្សាដំណឹងល្អរបស់អ្នកដោយរបៀបណា ?
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកដូចម្តេចខ្លះសម្រាប់ការធ្វើបែបនេះ ?
បង្កើនការសិក្សារបស់អ្នកកាន់តែស៊ីជម្រៅ
ជ្រើសរើសសារលិខិតមួយក្នុងចំណោមខាងក្រោមនេះដើម្បីជួយអ្នកអនុវត្តការសិក្សាសារលិខិតមួយមកពីអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ៖
-
សូមសរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅពាក់កណ្តាលទំព័រនៃសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ ពេលអ្នកសិក្សាសុន្ទរកថា សូមស្វែងរកពាក្យ ឬឃ្លាដែលបង្រៀនអំពីបុគ្គលិកលក្ខណៈ គុណលក្ខណៈ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរអ្វីដែលអ្នករៀន និងទទួលបានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក និងរបៀបដែលការណ៍នេះអាចជួយអ្នកឲ្យធ្វើតាមទ្រង់ ។
-
កំណត់នូវបទគម្ពីរដែលបានលើកឡើងនៅក្នុងសុន្ទរកថា ( ឬនៅក្នុងកំណត់ចំណាំ ) ។ អានខគម្ពីរទាំងឡាយ ហើយកត់សម្គាល់អំពីអ្វីដែលខគម្ពីរទាំងនោះបង្រៀន ឬជួយអ្នកឲ្យយល់អំពីប្រធានបទនេះ ។ អ្នកអាចបង្កើតតំណរវាងខគម្ពីរនោះ និងសុន្ទរកថានៅក្នុងបណ្ណាល័យដំណឹងល្អរបស់អ្នក ឬធ្វើកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
ដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុងសុន្ទរកថា សូមបង្កើតរូបភាព គំនូរ ប័ណ្ណប្រកាស meme ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្វីដែលស្រដៀងគ្នានេះដែលអាចជាការរំឭក ឬបំផុសគំនិតដល់នរណាម្នាក់ ។ សូមរៀបចំចែកចាយនូវអ្វីដែលអ្នកបានបង្កើត ពន្យល់សារលិខិតនោះ និងរបៀបដែលវាអាចប្រទានពរ ឬបំផុសគំនិតដល់អ្នកដទៃ ។
សារៈសំខាន់នៃការសិក្សាប្រសាសន៍របស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះដែលបានជួយអ្នកឲ្យមានអារម្មណ៍អំពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលបានផ្តល់ឲ្យតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ?
-
តើអ្នកចង់ចងចាំអ្វីខ្លះនៅពេលដែលអ្នកបន្តសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ?
-
តើអ្នកអាចទទួលបានប្រយោជន៍យ៉ាងណាចេញពីការសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រជាផ្នែកមួយនៃការសិក្សាដំណឹងល្អទៀងទាត់របស់អ្នក ?