ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩១—សារៈសំខាន់​នៃ​ការអប់រំ ៖ ការអប់រំ​មាន​សារៈសំខាន់​ណាស់​ចំពោះ​វឌ្ឍនភាព​របស់​យើង


« មេរៀន​ទី ១៩១—សារៈសំខាន់​នៃ​ការអប់រំ ៖ ការអប់រំ​មាន​សារៈសំខាន់​ណាស់​ចំពោះ​វឌ្ឍនភាព​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« សារៈសំខាន់​នៃ​ការអប់រំ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៩១ ៖ ការរៀបចំខ្លួន​សម្រាប់​ការអប់រំ និង​ការងារ​នាពេលអនាគត

សារៈសំខាន់​នៃ​ការអប់រំ

ការអប់រំ​គឺ​សំខាន់​ចំពោះ​វឌ្ឍនភាព​របស់​យើង

យុវវ័យ​ធ្វើការ​លើ​គម្រោង​មួយ

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​យើង​រៀន និង​ទទួល​បាន​ការអប់រំ​ពេញ​មួយ​ជីវិត​របស់​យើង ។ ការធ្វើ​បែប​នេះ​គឺ​សំខាន់​ណាស់​ចំពោះ​វឌ្ឍនភាព​របស់​យើង​នៅ​លើ​ផែនដី និង ទៅ​ដល់​ភាពអស់កល្ប​ជានិច្ច ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ហេតុអ្វី​ការអប់រំ​មាន​សារៈសំខាន់ ?

ដើម្បី​ជួយ​សិស្ស​ចាប់ផ្ដើម​គិត​អំពី​សារៈសំខាន់​នៃ​ការអប់រំ សូម​ពិចារណា​ចែកចាយ​សាច់រឿង​ដូច​ខាង​ក្រោម ៖

ស្រមៃ​ថា​មាន​សិស្ស​ម្នាក់​ឈ្មោះ សារ៉ា ដែល​មិន​ចូល​ចិត្ត​សាលា ។ នាង​គិត​ថា​វា​គឺ​ជា​ការខ្ជះខ្ជាយ​ពេលវេលា និង​ធ្វើ​ឲ្យ​នាង​មាន​ភាពតានតឹង​ខ្លាំង​ពេក ។ លើស​ពី​នេះ​ទៅទៀត នាង​មិន​សូវ​មាន​កម្លាំង​ចិត្ត​ក្នុង​ការរៀន​ទេ ព្រោះ​នាង​មិន​ពូកែ​នៅ​សាលា​ឡើយ ។ នាង​ចង់​ដើរ​លេង​ជាមួយ​មិត្តភក្តិ សម្រាក​នៅ​ផ្ទះ ឬ​ទៅ​ធ្វើការ ។

អញ្ជើញ​សិស្ស​ឲ្យ​គិត តើ​ពួកគេ​ធ្លាប់​មាន​ការព្រួយ​បារម្ភ​ដូច​ជា សារ៉ា ដែរ ឬទេ ។ សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​រៀន​អំពី​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​យើង​ទទួល​បាន​ការអប់រំ ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការរំឭក​សិស្ស​ថា ការអប់រំ​អាច​ពាក់ព័ន្ធ​នឹង​ការរៀន​សូត្រ​ដែល​កើត​ឡើង​តាម​របៀប​ជា​ផ្លូវការ​ដូច​ជា​សាលា​ជាដើម ។ ការអប់រំ​ក៏​អាច​ពាក់​ព័ន្ធ​នឹង​ការរៀន​សូត្រ​ដែល​កើត​ឡើង​តាម​របៀប​មិន​ផ្លូវការ​ដែរ​ដូច​ជា​នៅ​ផ្ទះ ឬ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​ផងដែរ ។

នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​បង្កើត​ចំណង​ជើង​មួយ​ថា « ហេតុអ្វី​បាន​ជា​ការអប់រំ​មាន​សារៈសំខាន់ ? » នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ស្វែងរក​វិវរណៈ​មកពី​ព្រះវរបិតា​សួគ៌​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើល​ពី​តម្លៃ​នៃ​ការអប់រំ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​បន្ថែម​ការយល់​ដឹង និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក​ទៅ​ក្នុង​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

សិក្សា​អំពី​សារៈសំខាន់​នៃ​ការអប់រំ

សូម​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​សិក្សា​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការរៀន​សូត្រ និង ការអប់រំ ។ រូបតំណាង​សំណៅ​ចែកសិស្ស​អាច​សិក្សា​ធនធាន​មួយ​ចំនួន ឬ​ទាំងអស់​ដែល​មាន​នៅលើ​សំណៅ​ចែក​ដែល​មាន​ចំណងជើង​ថា « សារៈសំខាន់​នៃ​ការអប់រំ » ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​បញ្ជី​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​អំពី​ការយល់​ដឹង​ណា​មួយ​ដែល​ពួកគេ​រក​ឃើញ ។

សូម​ពិចារណា​បែង​ចែក​សិស្ស​ទៅ​ជា​ក្រុម​តូចៗ ហើយ​ចាត់​ចែង​​នូវ​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​មួយ​ដល់​សមាជិក​ក្រុម​នីមួយៗ​ដើម្បី​សិក្សា ។ សូម​ឲ្យ​សិស្ស​ពន្យល់​ដល់​ក្រុម​របស់​ពួកគេ​ដែល​នៅ​សល់ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការអាន​ដែល​បាន​ចាត់តាំង​ដល់​ពួកគេ ។

សារៈសំខាន់​នៃ​ការអប់រំ

បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្រើន​អំពី​ការរំពឹង​ទុក និង​បំណង​ប្រាថ្នា​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក​ដើម្បី​ទទួល​បាន​ការអប់រំ ។ ពេល​អ្នក​សិក្សា សូម​ស្វែងរក​សេចក្ដី​ពិត​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។

បទគម្ពីរ​ដែល​ត្រូវ​សិក្សា ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៧-៨០, ១១៨; ១៣០:១៨–១៩

ការបង្រៀន​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ការអប់រំ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល ។ គ្មាន​នរណា​ផ្សេង​អាច​ទទួល​វា​សម្រាប់​អ្នក​បាន​ឡើយ ។ មិន​ថា​អ្នក​នៅ​កន្លែង​ណា​ទេ សូម​បង្កើត​នូវ​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​រៀនសូត្រ ។ ចំពោះ​យើង​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការទទួល​បាន​ការអប់រំ​ពុំ​មែន​គ្រាន់​តែ​ជា​ឯកសិទ្ធិ​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការទទួល​ខុសត្រូវ​ខាង​សាសនា​មួយ​ផងដែរ ។ « សិរីល្អ​នៃ​ព្រះ​គឺ​ជាបញ្ញា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៣៦ ) ប្រាកដ​ណាស់ ការអប់រំ​របស់​យើង​នឹង​នៅ​យូរអង្វែង​ដល់​អស់កល្ប​ជានិច្ច ។ …

ទស្សនៈ​រយៈពេល​យូរ​ដូច្នោះ នឹង​ជួយ​អ្នក​ធ្វើ​ការជ្រើសរើស​ល្អពី​ការអប់រំ ។

ចូរ​កុំ​ខ្លាច​ក្នុង​ការតោងចាប់​គោលដៅ​អ្នក​ឡើយ—ទោះ​ជា​សុបិន​អ្នក​ក្ដី ! ប៉ុន្តែ​សូម​ដឹង​ថា គ្មាន​ផ្លូវ​កាត់​ណា​ដើម្បី​បាន​ឧត្ដមភាព និង​មាន​សមត្ថភាព​នោះ​ទេ ។ ការអប់រំ​គឺ​ខុស​ប្លែក​ពី ការប៉ងប្រាថ្នា អ្នក​អាច​ជួយ​អ្នកដទៃ និង មាន​លទ្ធភាព អាច​ជួយ​ដល់​ពួកគេ​បាន ។ ( រ័សុល អិម ណិលសុន « What Will You Choose? » Ensign ខែ​មករា ឆ្នាំ​២០១៥ ទំព័រ ៣២ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

អែលឌើរ ដេវីឌ អេ បែដណា

អ្នក និង​ខ្ញុំ​នៅ​ទីនេះ​នៅ​លើ​ផែនដី​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ភាពអស់កល្ប​ជានិច្ច ដើម្បី​រៀន​អំពី​របៀប​រៀន​សូត្រ រៀន​អ្វី​ដែល​សំខាន់​ជា​បណ្ដោះអាសន្ន និង​សំខាន់​អស់កល្ប​ជានិច្ច ហើយ​ដើម្បី​ជួយ​អ្នក​ដទៃ​ក្នុង​ការរៀន​សូត្រ​ពី​ប្រាជ្ញា និង​សេចក្ដី​ពិត ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:១ ) ។ ការយល់ដឹង​ថា​យើង​ជានរណា យើង​មកពី​ណា ហើយ​ហេតុអ្វី​យើង​នៅ​លើ​ផែនដី​ដែល​យើង​ម្នាក់ៗ​មាន​ទំនួលខុសត្រូវ​យ៉ាង​ខ្លាំង​ទាំង​ការរៀន​ដើម្បី​ដឹង​ពី​របៀប​រៀន និង​រៀន​ដើម្បី​ស្រឡាញ់​ការរៀន ។ ( ដាវីឌ អេ បែដណា « Learning to Love Learning » Ensign ខែ​កុម្ភៈ ឆ្នាំ​២០១០ ទំព័រ ២៧ )

ប្រធាន ខាំមៀល អិន ចនសុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ថា ៖

ស៊ីស្ទើរ ខាំមៀល អិន ចនសុន

យើង​គួរ​តែ​ទទួល​ការអប់រំ និង​ការបណ្តុះបណ្តាល​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​យើង​អាច​រៀបចំ​ខ្លួន​បាន ។ រៀបចំខ្លួន​ដើម្បី​បម្រើ​នៅ​ក្នុង​លោកិយ និង​សាសនាចក្រ ។ រៀបចំខ្លួន​ធ្វើ​ជាទីប្រឹក្សា និង​ដៃគូ​ដ៏ឈ្លាសវៃ​ចំពោះ​ស្វាមីភរិយា​របស់យើង ។ រៀបចំខ្លួន​ធ្វើ​ជា​គ្រូ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ដល់​កូនៗ​របស់​យើង និង​យុវវ័យ​ទាំង​នោះ​ដែល​យើង​មាន​ឥទ្ធិពល​លើ ។ កាលណា​យើងកាន់តែ​រៀន នោះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ដែល​យើង​អាច​មាន​សម្រាប់​សេចក្តីល្អ » ។ ( ខាំមៀល អិន ចនសុន​« Seek Learning by Study and by Faith » [ ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក BYU–Pathway ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២១ ] នៅលើ​គេហទំព័រ byupathway.org ) ។

ចេញមកពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ៖

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​រៀន​សូត្រ​ជានិច្ច ។ អ្នក​មាន​ហេតុផល​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ក្នុង​ការស្វែងរក និង​ការស្រឡាញ់​ការរៀន​សូត្រ ។ ការអប់រំ​មិនមែន​គ្រាន់តែ​អំពី​ការរក​ប្រាក់​ប៉ុណ្ណោះ​នោះ​ទេ ។ ការអប់រំ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។…

សូម​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​គំនិត និង​ជំនាញ​របស់​អ្នក ។ ឱកាស​ទាំងនេះ​អាច​រួម​បញ្ចូល​ការអប់រំ​ជា​ផ្លូវការ​នៅ​សាលា ឬ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូចជា​ការរៀន​ក្រៅ​ផ្លូវការ​មកពី​ប្រភព​ដែល​អ្នក​ទុកចិត្ត​បាន​ផងដែរ ។ សូម​យាង​ព្រះអម្ចាស់​ឲ្យ​មាន​ចំណែក​នៅក្នុង​ការខិតខំ​របស់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក ។ នៅពេល​អ្នក​រៀន​អំពី​ពិភពលោក​ជុំវិញ​អ្នក សូម​រៀន​ផងដែរ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង្កើត​ពិភពលោក​នេះ ។ សូម​សិក្សា​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ។ សូម​ធ្វើ​ឲ្យ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​ការសិក្សា​ដំណឹង​ល្អ​ផ្ទាល់ខ្លួន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ( ដើម្បី​កម្លាំង​នៃ​យុវជន ៖​សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស [ ឆ្នាំ​២០២២ ] ទំព័រ ៣១ )

ប្រសិន​បើ​អ្នក​បែងចែក​សិស្ស​ជា​ក្រុម សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការរក​ឃើញ​របស់​ពួកគេ​ជាមួយ​សមាជិក​ក្នុង​ក្រុម​របស់​ពួកគេ ។ មុន​ពេល​ពួកគេ​ចែកចាយ សូម​ពន្យល់​ថា​ជំនាញ​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ពួកគេ​ពេញ​មួយ​ជីវិត​របស់​ពួកគេ គឺ​ការអាច​គិត​ពិចារណា​បាន ។ ការត្រិះរិះ​ពិចារណា​គឺ​សមត្ថភាព​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​គំនិត និង​វាយ​តម្លៃ ។ សូម​បង្ហាញ​ការណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការគិត​ពិចារណា​អំឡុង​ពេល​ពិភាក្សា​ក្នុង​ក្រុម​របស់​ពួកគេ ៖

  1. សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​បទគម្ពីរ និង​សេចក្ដី​ថ្លែង​ការណ៍​ដែល​អ្នក​បាន​សិក្សា ។

  2. បន្ទាប់​ពី​សិស្ស​បាន​ចែកចាយ​សេចក្តី​សង្ខេប​ទាំងអស់​ហើយ សូម​ពិភាក្សា​សំណួរ​ខាងក្រោម ។

  3. តើ​អ្នក​រកឃើញ​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ និង​បទគម្ពីរ​ដែល​អ្នក​បាន​រៀន​អំពី​នោះ ?

  4. តើ​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​ដែល​អ្នក​បាន​សិក្សា​មាន​លក្ខណៈ​ពិសេស​ខុសពីគ្នា​យ៉ាង​ដូចម្ដេច ?

  5. តើ​មាន​អ្វី​នៅ​ក្នុង​សម្រង់សម្តី ឬ​បទគម្ពីរ​មួយ​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ការយល់​ដឹង​អំពី​អ្វី​មួយ​ដែល​នៅ​ក្នុង​សម្រង់សម្តី ឬ​បទគម្ពីរ​ផ្សេងគ្នា​ដែរឬ​ទេ ?

សេចក្តី​ពិត​អំពី​សារៈសំខាន់​នៃ​ការអប់រំ

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រកឃើញ​ចេញពី​ការសិក្សា និង​ការពិភាក្សា​របស់​ពួកគេ ។ អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​សំណួរ​មកពី​ដើម​មេរៀន​ថា « ហេតុអ្វី​បាន​ជា​ការអប់រំ​មាន​សារៈសំខាន់ ? » ហើយ​ឲ្យ​សិស្ស​សរសេរ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន​ជុំវិញ​សំណួរ​នេះ ។ សិស្ស​អាច​រចែកចាយ​សេចក្តី​ពិត​ស្រដៀង​គ្នា​ដូច​ខាងក្រោម ៖

  • ការអប់រំ​ជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៧-៨០ ) ។

  • ព្រះអម្ចាស់​បញ្ជា​ឲ្យ​យើង​ស្វែងរក​ការរៀន​សូត្រ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។

  • ចំណេះដឹង និង​បញ្ញា​ដែល​យើង​បាន​នៅ​ក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់ឡើងវិញ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:១៨-១៩ ) ។

  • ការអប់រំ​អាច​រៀបចំ​យើង​ឲ្យ​ក្លាយជា​អ្នក​មាន​ឥទ្ធិពល​ល្អ​ប្រសើរ​នៅ​ក្នុង​ពិភពលោក ( សូមមើល ខាំមៀល អិន ចនសុន » Seek Learning by Study and by Faith » [ ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក BYU–Pathway ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២១ ] នៅលើ​គេហទំព័រ byupathway.org ) ។

សូម​ពិចារណា​ពិភាក្សា​អំពី​ការយល់​ដឹង​របស់​សិស្ស​អំពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​ស្វែងរក​តាមរយៈ​ការសួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​សេចក្តីពិត​ណា​មួយ​ដែល​អ្នក​បាន​រកឃើញ​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា​ការអប់រំ​អាច​មាន​ឥទ្ធិពល​ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​មើល​ឃើញ​ពរជ័យ​នៃ​ការទទួល​បាន​ការអប់រំ​ក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​អ្នក​ដទៃ​ដោយ​របៀបណា ?

ចូរ​ពន្យល់​វា​តាម​ពាក្យសម្ដី​របស់​អ្នក​ផ្ទាល់

សូម​រំឭក​សិស្ស​អំពី​សាច់រឿង​អំពី សារ៉ា មកពី​ខាង​ដើម​នៃ​មេរៀន​នេះ ។ បន្ទាប់​ពី​ចែកចាយ​សេចក្ដី​ណែនាំ​ខាង​ក្រោម​នេះ សូម​ឲ្យ​សិស្ស​មាន​ពេល​វេលា​ដើម្បី​កត់ត្រា​ចម្លើយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​បាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ សូម​បង្កើត​ជា​ការឆ្លើយ​តប​មួយ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ សារ៉ា ដែល​អាច​ជួយ​នាង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។ នៅក្នុង​ការឆ្លើយ​តប​របស់​អ្នក សូម​ដាក់​បញ្ចូល​សេចក្ដី​យោង​យ៉ាង​ហោច​ណាស់​មួយ​ទៅ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែង​ការណ៍​មកពី​អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់ ។ អ្នក​ក៏​អាច​ដាក់​បញ្ចូល​ទីបន្ទាល់​របស់​អ្នក ឬ​ពិពណ៌នា​អំពី​បទពិសោធន៍​ដែល​អ្នក​មាន​បាន​ផង​ដែរ ។

សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ ។ សិស្ស​ពីរបី​នាក់​ដែល​ស្ម័គ្រចិត្ត​ក៏​អាច​ឡើង​ចែកចាយ​ការឆ្លើយតប​របស់​ពួកគេ​ជាមួយ​ថ្នាក់​ទាំងមូល​បាន​ដែរ ។

សូម​បញ្ចប់​មេរៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ហើយ​មាន​អារម្មណ៍​ថា​ពួកគេ​ចង់​ចងចាំ ។ ពួកគេ​អាច​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។