ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩៤—ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ៖ ការរីកចម្រើន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់


« មេរៀន​ទី ១៩៤—ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ៖ ការរីកចម្រើន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៩៤ ៖ ការរៀបចំខ្លួន​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ

ការរីកចម្រើន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់

យុវវ័យ​កំពុង​អភិវឌ្ឍ​ជំនាញ​មួយ

ពេល​យើង​ធ្វើ​ផ្នែក​របស់​យើង នោះ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ​ដែល​នឹង​ជួយ​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​ទំនួល​ខុសត្រូវ​នាពេល​អនាគត និង​សម្រេច​បាន​នូវ​សក្តានុពល​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ធ្វើ​ផែនការ​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ដែល​នឹង​រៀបចំ​ពួកគេ​សម្រាប់​ការងារ និង​តួនាទី​ផ្សេងទៀត​នាពេល​អនាគត ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​នេះ​នឹង​មាន​ប្រសិទ្ធភាព​បំផុត​បន្ទាប់​ពី​បង្រៀន​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « ការស្វែងយល់​អំពី​ភាពខ្លាំង និង​សមត្ថភាព​ទាំងឡាយ​របស់​អ្នក » ។ ប្រសិន​បើ​អ្នក​មិន​អាច​បង្រៀន​មេរៀន​នោះ​ទេ សូម​ពិចារណា​អំពី​ការប្រើ​សកម្មភាព​មួយ​ចំនួន​ចេញពី​មេរៀននោះ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មេរៀន​នេះ ។

សូម​ផ្តោតលើ​កន្លែង​ដែល​អ្នក​នឹង​បង្រៀន

សូម​ពិចារណា​អំពី​ការចាប់​ផ្ដើម​មេរៀន​ដោយ​ការបង្ហាញ​រូបភាព ឬ​រូបគំនូរ​ដូច​ខាងក្រោម​ដែល​​ស្រដៀងគ្នា​នៅ​នឹង​រូប​នៅ​លើ​ក្ដារខៀន ។ អ្នក​អាច​ចង្អុល​ទៅ​រូបភាព​ទីមួយ​នៅ​ពេល​ពិពណ៌នា​អំពី​យុវនារី​ទីមួយ​នៅ​ក្នុង​សាច់រឿង​ខាងក្រោម បន្ទាប់​មក​ចង្អុល​ទៅ​រូបភាព​ទីពីរ​នៅ​ពេល​ពិពណ៌នា​អំពី​ក្មេង​ជំទង់​ទីពីរ ។

ស្រ្តី​ពីរនាក់

សូម​ស្រមៃ​គិត​ថា អ្នក​ស្គាល់​យុវវ័យ​ពីរ​នាក់​ដែល​មាន​អារម្មណ៍​ខុសគ្នា​យ៉ាង​ខ្លាំង​អំពី​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ ។ អ្នក​ទីមួយ​មាន​ទេពកោសល្យ​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន ខណៈពេល​ខ្លះ​អ្នក​ទីពីរ​មាន​អារម្មណ៍​ថា​គាត់មិនមានទេពកោសល្យ ដែលជាតម្រូវការ ដែលនាំគាត់ឲ្យមានភាពជោគជ័យ​ក្នុង​ជីវិត​នោះ​ទេ ។

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន ឬ​ការព្រមាន​អ្វី​ខ្លះ​ដល់​បុគ្គល​ទាំង​នេះ​ទាក់ទង​ទៅនឹង​ទេពកោសល្យ ជំនាញ ឬ​សមត្ថភាព​របស់​ពួកគេ ? ហេតុអ្វី ?

សូម​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​បាន​ដាក់បង្ហាញ ។ ពួកគេ​អាច​ចែកចាយ​មេរៀន​ខាង​វិញ្ញាណ​ដែល​ពួកគេ​អាច​រៀន​មកពី​តារាង​នៅ​ក្នុង​រូបភាព​នេះ ។

មាគ៌ា​នៃ​ការអភិវឌ្ឍ និង​ជំនាញ

មុន​ពេល​ចែកចាយ​សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃ​ពួកចិតសិប​នាក់ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា មេគុណ​នៃ​បន្ទាត់​សំដៅ​ទៅ​លើ​ការរីក​ចម្រើន​ឡើង ឬ​ចុះ​ក្រោម​របស់​វា ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការផ្ដោត​អារម្មណ៍​ទៅ​លើ​ទីដៅ​ដែល​អ្នក​កំពុង​តម្រង់​ទៅ​រក​នៅ​ក្នុង​ជីវិត ជាជាង​ផ្តោត​ទៅ​លើ​កន្លែង​ដែល​អ្នក​ចាប់​ផ្ដើម ៖

10:1
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត

ចំណុច​ចាប់​ផ្តើម​របស់​យើង​មិន​កំណត់​ពី​អនាគត​របស់​យើង​នោះទេ តែ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទេ​ដែល​កំណត់​នោះ ។ ព្រះ​យេស៊ូវគ្រីស្ទ​ទត​ឃើញ​សក្តានុពល​ដ៏​ទេវភាព មិន​ថា​យើង​ចាប់​ផ្តើម​នៅ​ចំណុច​ណា​នោះ​ទេ ។… ព្រះគ្រីស្ទ​ទ្រង់​ព្រះតំរិះ​ពី​អ្វី​ដែល​យើង​ធ្វើ ជាមួយ​អ្វី​ដែល​យើង​ត្រូវ​បាន​ប្រទាន​ឲ្យ ។ ពេល​ដែល​ពិភព​លោក​ផ្តោត​លើ​ចំណុច​ប្រសព្វ​របស់​យើង នោះ​ព្រះ​ផ្តោត​លើ​មេគុណ​ប្រាប់ទិស​របស់​យើង ។ នៅ​ក្នុង​ការគណនា​របស់​ទ្រង់ ទ្រង់​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ទ្រង់​អាច ដើម្បី​ជួយ​យើង​បែរ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទៅ​កាន់​ស្ថានសួគ៌ ។ ( ក្លាក ជី ហ្គីលប៊ឺត « Becoming More in Christ: The Parable of the Slope » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ២០ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​មកពី​ប្រសាសន៍​របស់​អែលឌើរ ហ្គីលប៊ឺត ?

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ដែល​អាច​ផ្ដល់​ក្តី​សង្ឃឹម និង​ការលើក​ទឹកចិត្ត​ដល់​អ្នក​នៅពេល​ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​ទេពកោសល្យ ជំនាញ ឬ​សមត្ថភាព ?

សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ផ្តោត​ទៅ​លើ​ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ដែល​អាច​ជួយ​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​ការងារ​នាពេល​អនាគត ឬ​តួនាទី​ផ្សេង​ទៀត​ដែល​យើង​នឹង​មាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជំនាញ ឬ​សមត្ថភាព​ដែល​ពួកគេ​ចង់​អភិវឌ្ឍ ដើម្បី​រៀបចំខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​តួនាទី ឬ​ឱកាស​ការងារ​នាពេល​អនាគត​របស់​ពួកគេ ។ ពួកគេ​អាច​រាយ​បញ្ជី​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការឲ្យ​សិស្ស​យោង​ទៅ​លើ​កំណត់ត្រា​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « ការស្វែងយល់​អំពី​ភាពខ្លាំង និង​សមត្ថភាព​ទាំងឡាយ​របស់​អ្នក » ។

សូម​លើក​ទឹកចិត្ត​សិស្ស​ពេល​ដែល​ពួកគេ​សិក្សា​នៅ​ថ្ងៃនេះ ដើម្បី​យកចិត្ត​ទុកដាក់​ទៅ​លើ​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ពួកគេ​អាច​អភិវឌ្ឍ​ទេពកោសល្យ ជំនាញ ឬ​សមត្ថភាព​របស់​ពួកគេ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ

មុនពេល​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​សកម្មភាព​សិក្សា​ខាងក្រោម​នេះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​បញ្ចេញ​គំនិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ។

រួច​មក​រៀប​សិស្ស​ជា​ក្រុម​តូចៗ​ដើម្បី​ឲ្យ​ពួកគេ​អាច​រកឃើញ​សេចក្ដី​ពិត​ចេញពី​បទគម្ពីរ ។ អ្នក​អាច​ឲ្យ​ខគម្ពីរ​ផ្សេង​គ្នា​ទៅ​ក្រុម​នីមួយៗ ហើយ​សុំ​ឲ្យ​ពួកគេ​អាន ពិភាក្សា និង​សរសេរ​សេចក្ដី​ពិត ឬ​គោលការណ៍​មួយ​នៅ​លើ​ក្ដារខៀន​ដោយ​ផ្អែក​លើ​បទគម្ពីរ​ដែល​បាន​ចាត់​តាំង ។

សូម​អាន​វគ្គ​ខាងក្រោម ហើយ​រកមើល​សេចក្តី​ពិត ។ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​ពិត​ទាំងនេះ​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៧; ៤៦:៨–៩; ៧៥:៣, ២៩; នីហ្វៃទី១ ៧:១២

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រក​ឃើញ ។ ពួកគេ​អាច​ចែកចាយ​សេចក្តី​ពិត​ស្រដៀង​ទៅនឹង​ចំណុច​ខាង​ក្រោម​នេះ ៖

  • បើ​យើង​ទូលសូម​ជំនួយ​ពី​ព្រះ ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៧ ) ។

  • ព្រះអម្ចាស់​ទ្រង់​បង្គាប់​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​ដើម្បី​យើង និង​អ្នក​ដទៃ​អាច​ទទួល​ប្រយោជន៍​ពី​វា ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៨–៩ ) ។

  • ព្រះអម្ចាស់​បញ្ជា​ឲ្យ​យើង​ចៀសវាង​ពី​ការខ្ជិល​ច្រអូស ហើយខិតខំ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៥:៣,​២៩ ) ។

  • ព្រះអម្ចាស់​ទ្រង់​អាច​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ទៅ​តាម​ព្រះហឫទ័យ​ទ្រង់​ដើម្បី​កូន​ចៅ​មនុស្ស ប្រសិនបើ​គេ​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អង្គ ( សូមមើល នីហ្វៃទី១ ៧:១២ ) ។

  • តើ​អ្នក​គិត​ថា​សេចក្ដី​ពិត​ទាំងនេះ​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ទេពកោសល្យ ជំនាញ ឬ​សមត្ថភាព​ទាំងឡាយ​ដោយ​របៀបណា ?

  • តើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​បាន​អភិវឌ្ឍ​ជំនាញ ឬ​សមត្ថភាព​ដោយ​អនុវត្ត​សេចក្ដី​ពិត​មួយ ឬ​ច្រើន​នៅ​ពេល​ណា ?

បន្ទាប់ពី​សិស្ស​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មុនៗ​រួចហើយ សូម​ពិចារណា​ចែកចាយ​វីដេអូ « Faith and the Goal » ( ៤:៤០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​គំរូ​នៃ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​កំណត់ ។

4:39

ការអភិវឌ្ឍ​និង​ការប្រើប្រាស់​ទេពកោសល្យ​របស់​អ្នក

ផ្នែក​នៃ​មេរៀន​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស ដើម្បី​ធ្វើការ​លើ​ផែនការ​ផ្ទាល់ខ្លួន​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ ជំនាញ ឬ​សមត្ថភាព​ដែល​ពួកគេ​បាន​ស្វែងរក ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំខ្លួន​សម្រាប់​តួនាទី ឬ​ឱកាស​ការងារ​ទាំងឡាយ​នាពេល​អនាគត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ ពេល​ពួកគេ​កំពុង​ស្វែងរក​វិធី​ដើម្បី​អភិវឌ្ឍ និង​រៀនសូត្រ ។ អ្នក​អាច​ពិចារណា​រំឭក​សិស្ស​ថា ទេពកោសល្យ​មួយ​ចំនួន​កើត​ឡើង​តាម​ធម្មជាតិ ខណៈ​ទេពកោសល្យ​មួយ​ចំនួន​ទៀត​ទាមទារ​ការហ្វឹកហាត់ និង​ការខិតខំ​របស់​បុគ្គល​ម្នាក់ៗ ។

មុន​នឹង​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ធ្វើការ​លើ​ផែនការ​របស់​ពួកគេ សូម​ពិចារណា​បង្ហាញ​វីដេអូ « Small and Simple » ( ៣:៣១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​អាច​ប្រើ​វីដេអូ​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​គំរូ​នៃ​ជំហាន​សាមញ្ញៗ​ដែល​ពួកគេ​អាច​ធ្វើ​តាម​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ ។

3:31

រូបតំណាង​សំណៅ​ចែកចែក​សំណៅ​ចែក « ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ » ។ មុន​នឹង​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ធ្វើការ​លើ​រឿង​នេះ សូម​ពិចារណា​អំពី​ការបំពេញ​គំរូ​មួយ​ជាមួយ​គ្នា​ក្នុង​ថ្នាក់​រៀន​ជា​មុន​សិន ។ សូម​ឲ្យ​សមាជិក​ថ្នាក់​គិត​អំពី​ជំនាញ ឬ​សមត្ថភាព​ដើម្បី​ផ្តោត​លើ ហើយ​ក្រោយ​មក​អញ្ជើញ​ពួកគេ​ឲ្យ​បញ្ចេញ​គំនិត​អំពី​របៀប​ដែល​ពួកគេ​អាច​បញ្ចប់​ជំហាន​នីមួយៗ​ដើម្បី​អភិវឌ្ឍ​ជំនាញ ឬ​សមត្ថភាព​នោះ ។

នៅពេល​សិស្ស​ធ្វើការ​លើ​ផែនការ​ដោយ​ខ្លួនឯង វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការជួយ​រំឭក​ពួកគេ​អំពី​ជំនាញ ឬ​សមត្ថភាព​ដែល​ពួកគេ​បាន​កំណត់​ថា​ពួកគេ​ចង់​អភិវឌ្ឍ​នៅក្នុង​មេរៀន​ដែល​មាន​ចំណងជើង​ថា « ការរកឃើញ​ទេពកោសល្យ និង​សមត្ថភាព​ទាំងឡាយ​របស់​អ្នក » ។

ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ

សូម​ប្រើ​ជំហាន​ខាងក្រោម​ដើម្បី​ជួយ​អ្នក​ធ្វើ​ផែនការ​សម្រាប់​ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ទាំងឡាយ ដែល​នឹង​រៀបចំ​អ្នក​សម្រាប់​តួនាទី និង​ឱកាស​ការងារ​ទាំងឡាយ​នាពេល​អនាគត ៖

  1. ធ្វើ​បញ្ជី ជំនាញសមត្ថភាព ដែល​អ្នក​ចង់​អភិវឌ្ឍ​ដើម្បី​ជួយ​អ្នក​ក្នុង​ការរៀបចំខ្លួន​សម្រាប់​ការងារ​នាពេល​អនាគត ឬ​តួនាទី​ផ្សេងទៀត​ដែល​អ្នក​នឹង​មាន ។

  2. តើ​ជំនាញ ឬ​សមត្ថភាព​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយទៅ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

  3. កំណត់ គោលដៅ ជាក់លាក់​មួយ​ដើម្បី​ជួយ​អ្នក​អភិវឌ្ឍ​ជំនាញ ឬ​សមត្ថភាព​នេះ ។ រាយ​បញ្ជី​ជំហាន ឬ​សកម្មភាព​ជាក់លាក់​ពីរ ឬ​បី ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​នេះ ។

  4. តើ ទម្លាប់​អ្វី ឬ ទម្លាប់​អ្វីខ្លះ ដែល​អ្នក​នឹង​ផ្លាស់​ប្ដូរ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ? ចាប់ផ្ដើម​ពី​ទម្លាប់​តូច ។ រាយ​បញ្ជី​ទម្លាប់​មួយ ឬ​ពីរ​ដែល​អ្នក​អាច​ផ្លាស់ប្តូរ ឬ​បង្កើត​ជារៀងរាល់ថ្ងៃ ។ ទម្លាប់​ទាំងនោះ​មិន​ចាំចាច់​ធំ​នោះទេ ។

  5. តើ​អ្នក​នឹង​ស្វែងរក​ជំនួយ​ពី​ព្រះ​ដោយ​របៀប​ណា​ជាមួយ​នឹង​ផែនការ​របស់​អ្នក ? អ្នក​អាច​រក​ឃើញ​បទគម្ពីរ​មួយ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​បែប​នេះ​បាន ។ ឧទាហរណ៏​រួមមាន សុភាសិត ៣:៥-៦; នីហ្វៃទី២ ៣២:៣; អើធើរ ១២:២៧ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៧ ។

សូម​អញ្ជើញ​សិស្ស​ដែល​មាន​ស្ម័គ្រចិត្ដ​ឲ្យ​ចែកចាយ​ផ្នែក​ខ្លះ​នៃ​ផែនការ​របស់​ពួកគេ​ជាមួយ​គ្នា ជាគូ ឬ​ជា​ក្រុម​តូចៗ ។ បែង​ចែក​សិស្ស​ជាគូ​ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​មតិ​កែលម្អ ។ អ្នក​អាច​បង្ហាញ​ការបំផុស​គំនិត​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​ដឹកនាំ​ប្រភេទ​នៃ​មតិ​លម្អ​ដែល​សិស្ស​អាច​ផ្ដល់​ឲ្យ ៖

  • រឿង​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​ផែនការ​របស់​អ្នក​គឺ …

  • អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោលដៅ​របស់​ខ្ញុំ​គឺ …

  • គំនិត​មួយ​ទៀត​ដែល​អ្នក​អាច​សាកល្បង​ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​គឺ …

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គោលដៅ​ដែល​ពួកគេ​បានដាក់​សម្រាប់​ខ្លួន​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សមត្ថភាព និង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ក្នុង​ការជួយ​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​ខិតខំ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​រៀបចំខ្លួន​សម្រាប់​ពេល​អនាគត ។