ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩៨—ផ្នត់​គំនិត​រីកចម្រើន ៖ ការអភិវឌ្ឍ​អាកប្បកិរិយា និង​សកម្មភាព​ដែល​កែលម្អ​គន្លង​នៃ​គំនិត​របស់យើង


មេរៀន​ទី ១៩៨—ផ្នត់​គំនិត​រីកចម្រើន ៖ ការអភិវឌ្ឍ​អាកប្បកិរិយា និង​សកម្មភាព​ដែល​កែលម្អ​គន្លង​នៃ​គំនិត​របស់យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ផ្នត់​គំនិត​រីកចម្រើន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៩៨ ៖ ភាពជោគជ័យ​នៅក្នុង​សាលា

ផ្នត់គំនិត​រីកចម្រើន

ការអភិវឌ្ឍ​អាកប្បកិរិយា និង​សកម្មភាព​ដែល​កែលម្អ​គន្លង​នៃ​គំនិត​របស់យើង

ក្មេង​វ័យ​ជំទង់​ដ៏​រីករាយ

យើង​ម្នាក់ៗ​នឹង​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ការរៀនសូត្រ និង​ការអប់រំ​របស់​យើង ។ អាស្រ័យ​លើ​ផ្នត់គំនិត​របស់​យើង យើង​អាច​ឃើញ​ឧបសគ្គ​ទាំងនេះ​ជា​ការរារាំង​ដែល​នឹង​បញ្ឈប់​យើង ឬ​ជា​ឱកាស​ដើម្បី​រៀន និង​រីកចម្រើន ។ ការជ្រើសរើស​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយ​មាន​ផ្នត់គំនិត​រីកចម្រើន​បង្ហាញពី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន ដើម្បី​យកឈ្នះ​ឧបសគ្គ​ក្នុង​ការរៀនសូត្រ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឧបសគ្គ​ក្នុង​ការរៀនសូត្រ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ចែកចាយ​សាច់រឿង​ខាង​ក្រោម​នេះ ។ ជាជម្រើស អ្នក​អាច​ឲ្យ​សិស្ស​បង្កើត​សាច់រឿង​មួយ ដែល​យុវវ័យ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ការរៀនសូត្រ​របស់​គាត់ ឬ​នាង ។ បន្ទាប់មក អ្នក​អាច​បត់បែន​សំណួរ ដើម្បី​ឲ្យ​វា​កាន់តែ​ទាក់ទង​នឹង​សាច់រឿង​ដែល​បានជ្រើសរើស​បន្ថែម​ទៀត ។

នៅពេល​ដែល ខាឌីន ដឹង​ពី​ថ្នាក់​ដែល​គាត់​នឹង​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខ​នេះ គាត់​ឃើញ​ថា​គាត់​មាន​ថ្នាក់​គណិតវិទ្យា ។ ខាឌីន ចាំ​ថាតើ​គាត់​រៀន​គណិតវិទ្យា​ខ្សោយ​យ៉ាង​ណា ។ គាត់​ជឿ​ថា បើ​គាត់​រៀន​ថ្នាក់​គណិតវិទ្យា​នេះ គាត់​នឹង​រៀន​ធ្លាក់​ហើយ ។

  • តើ​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍​អំពី​ផ្នត់គំនិត​របស់ ខាឌីន ។

  • តើ​អ្នក​អាច​ចែកចាយ​ជាមួយ​គាត់​នូវ​ដំបូន្មាន​អ្វីខ្លះ ?

ផ្នត់គំនិត​រីកចម្រើន

សូម​ពន្យល់​ថា នៅពេល​យើង​ឆ្លងកាត់​នឹង​បញ្ហាប្រឈម ឬ​ឧបសគ្គ​នៅក្នុង​ការអប់រំ​របស់​យើង និង​ទិដ្ឋភាព​ផ្សេងទៀត​នៃ​ជីវិត​របស់​យើង យើង​អាច​មើល​វា​ដោយ​ផ្នត់គំនិត​រីកចម្រើន ឬ​ផ្នត់គំនិត​ថេរ ។

សូម​ដាក់បង្ហាញ​និយមន័យ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យអាន​វា​ដល់​សិស្សក្នុង​ថ្នាក់ ។

ផ្នត់គំនិត​រីកចម្រើន ៖ មនុស្ស​ដែលមាន​ផ្នត់គំនិត​រីកចម្រើន​ជឿថា ពួកគេ​អាច​រៀន និង​ទាញយក​កម្លាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ឆាប់​ផ្លាស់ប្តូរ​នៅពេល​ពួកគេ​រៀន ។ ពួកគេ​ជំរុញ​ខ្លួនឯង​សូម្បីតែ​ពេលមាន​ការលំបាក ដោយ​ការពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ផ្នត់គំនិត​ថេរ ៖ មនុស្ស​ដែលមាន​ផ្នត់គំនិត​ថេរ សង្ស័យ​លើ​សមត្ថភាព​រៀនសូត្រ​របស់​ខ្លួនឯង ។ ពួកគេ​ខ្លាច​បរាជ័យ ហើយ​ពួកគេ​ជឿថា ពួកគេ​មិនអាច​រៀនរឿង​ជាក់លាក់​បាន​ទេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផ្នត់គំនិត​ទាំងនេះ សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។ អ្នក​អាច​ដាក់បង្ហាញ​សេចក្តី​ថ្លែងការណ៍​ដំបូង​ពី​ជួរ​ឈរ​នីមួយៗ ដើម្បី​ជួយ​សិស្ស​មើលឃើញ​ឧទាហរណ៍​ដែល​ផ្គូផ្គង ។ បន្ទាប់មក អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​សេចក្តី​ថ្លែងការណ៍​នៃ​ផ្នត់គំនិត​ថេរ​ដែល​នៅសល់ ។ អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជាក្រុម​តូចៗ ដើម្បី​សរសេរ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​មនុស្សម្នាក់​មាន​ផ្នត់គំនិត​រីកចម្រើន​អាច​និយាយ ដែល​បង្ហាញ​ពី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ។

ផ្នត់គំនិត​ថេរ

ផ្នត់គំនិត​រីកចម្រើន

ផ្នត់គំនិត​ថេរ

« កំហុស​របស់​ខ្ញុំ​បង្ហាញ​ថា ខ្ញុំមិន​ឆ្លាត » ។

ផ្នត់គំនិត​រីកចម្រើន

« ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ ខ្ញុំ​អាច​រៀន​ពី​កំហុស​របស់​ខ្ញុំ ហើយ​បាន​ប្រសើរ​ឡើង » ។

ផ្នត់គំនិត​ថេរ

« ខ្ញុំ​មិន​ចូលចិត្ត​សាកល្បង​អ្វី​ថ្មី​ទេ ព្រោះ​ខ្ញុំ​ប្រហែលជា​នឹង​បរាជ័យ » ។

ផ្នត់គំនិត​រីកចម្រើន

« ដោយ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​នឹង​រាល់​ការខិតខំ​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​រីកចម្រើន ខ្ញុំ​អាច​សាកល្បង​អ្វី​ថ្មី និង​រីករាយ​នឹង​បញ្ហា​ប្រឈម​ទាំងឡាយ » ។

ផ្នត់គំនិត​ថេរ

« ខ្ញុំ​រៀន​អ្វី​ក៏​មិន​ចេះ​ដែរ » ។

ផ្នត់គំនិត​រីកចម្រើន

« ប្រសិនបើ​ខ្ញុំ​ចង់​រៀន​អ្វីមួយ ខ្ញុំ​អាច​រៀន​វា​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ » ។

ផ្នត់គំនិត​ថេរ

« ពេល​ខ្ញុំ​ស្មុគស្មាញ ខ្ញុំ​បោះបង់​ចោល » ។

ផ្នត់គំនិត​រីកចម្រើន

« ការធ្វើការ​ក្នុង​គ្រា​ជួប​ការលំបាក ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា​តើ​ពួកគេ​ជា​ធម្មតា​មើល​បញ្ហាប្រឈម​ដោយ​ផ្នត់គំនិត​រីកចម្រើន ឬ​ផ្នត់គំនិត​ថេរ ។ សូម​អញ្ជើញ​ពួកគេ នៅពេល​ពួកគេ​បន្ត​ការសិក្សា ឲ្យ​រកមើល​សេចក្តីពិត​ដែល​មាន​អត្ថប្រយោជន៍ ហើយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​ពួកគេ​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន ។

សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​អាច​ជួយ​យើង​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន

បងប្រុស ដេវិន ជី ឌឺរ៉េន អតីត​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ បានពន្យល់​ពី​មូលហេតុ​ពួកសិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​គួរតែ​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន ៖

បងប្រុស ដេវិន ជី ឌឺរ៉េន

ព្រះវរបិតាសួគ៌​ជំរុញ​យើង​ឲ្យ​ស្វែងរក​ការអភិវឌ្ឍ​អំណោយទាន និង​កែលម្អ​ខ្លួន​យើង ដោយសារ​ទ្រង់​ក្នុង​នាមជា​ព្រះវរបិតា​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់ ជឿ​ថា យើង​អាច​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ រួមទាំង​ភាពតម្កើងឡើង​ជាយថាហេតុ ។ ទ្រង់​គឺជា​ព្រះវរបិតា​ដែល​មាន​ផ្នត់គំនិត​រីកចម្រើន ។ ប្រសិនបើ​យើង​ចង់​ក្លាយ​ដូចជា​ទ្រង់ យើង​ត្រូវ​ទទួល​យក​ផ្នត់គំនិត​ដូចគ្នា​នោះ ហើយ​រៀន​ដើម្បី​រីកចម្រើន​តាម​គ្រប់​របៀប​ដែល​ទ្រង់​រំពឹងទុក ។ ( ដេវិន ជី ឌឺរ៉េន « Helping Children and Youth Develop a Growth Mind-Set » Ensign ខែកុម្ភៈ ឆ្នាំ២០២០ )

  • តើ​សេចក្តីថ្លែងការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ផ្នត់គំនិត​រីកចម្រើន​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់អ្នក​អ្វីខ្លះ ?

  • តើ​អ្នក​គិតថា​អ្វីទៅ​ដែល​អាច​ជួយ​អ្នក​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន ?

ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់ថា​ការយល់ដឹង និង​ការចងចាំ​សេចក្តីពិត​អំពី​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​សិស្ស​អភិវឌ្ឍ​ផ្នត់គំនិត​រីកចម្រើន នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ឧបសគ្គ រួមទាំង​ឧបសគ្គ​ក្នុង​ការអប់រំ​របស់​ពួកគេ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​ទាំងនេះ​មួយចំនួន​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​បទគម្ពីរ​ដែល​ពួកគេ​ស្គាល់ ឬ​សិក្សា​ខគម្ពីរ​មួយចំនួន​ខាងក្រោម​នេះ ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រក​ឃើញ​សេចក្ដីពិត​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​ក៏​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​ផងដែរ ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​ដែល​ស្រដៀង​នឹង​សេចក្ដីពិត​ដូចតទៅ​នេះ ៖ នៅក្នុង​កម្លាំង​របស់​ព្រះ​អ្នក​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ។

  • តើ​ការ​ចងចាំ​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​មាន​ផ្នត់គំនិត​រីកចម្រើន​ក្នុង​ការអប់រំ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​គំរូ​អ្វីខ្លះ​របស់​មនុស្ស​នៅក្នុង​បទគម្ពីរ​ដែល​បាន​ប្រើ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​ដោយ​ផ្នត់គំនិត​រីកចម្រើន ?

    ជាផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​មុនៗ អ្នក​អាច​អញ្ជើញ​សិស្ស​ស្វែងរក​ឧទាហរណ៍​ពី​ជីវិត​របស់​នីហ្វៃ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​មើល​ពី​គំរូ​របស់​លេមិន និង​លេមយួល​ដែល​បង្ហាញ​ពី​ផ្នត់គំនិត​ថេរ ។

    នេះ​ជា​ឧទាហរណ៍​មួយចំនួន​ដែល​អ្នក​អាច​ប្រាប់​ដល់​សិស្ស ៖ ការឆ្លើយតប​នឹង​បទបញ្ញត្តិ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ( សូមមើល នីហ្វៃទី១ ៣:៤–៧ ) ការ​ព្យាយាម​យក​ផ្ទាំង​លង្ហិន ( សូមមើល នីហ្វៃទី១ ៣:២៤–៣១; ៤:១–៦ ) សកម្មភាព​របស់​បងប្អូន​ប្រុស​នេះ​បន្ទាប់​ពី​លីហៃ​ចែកចាយ​ការនិមិត្ត​របស់​លោក​អំពី​ដើមឈើ​ជីវិត ( សូមមើល នីហ្វៃទី១ ១០:១៧–១៩; ១១:១–៦; ១៥:១–៣, ៨–៩ ) នីហ្វៃ​ធ្វើ​ឲ្យ​បាក់​ធ្នូ​របស់​លោក ( សូមមើល នីហ្វៃ​ទី១ ១៦:១៨–២៣, ៣០–៣២ ) និង​នីហ្វៃ​ត្រូវបាន​បង្គាប់​ឲ្យ​សង់​សំពៅ ( សូមមើល នីហ្វៃទី១ ១៧:៧–១១, ១៧–១៨ ) ។

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ដោយ​របៀប​ណា ឬ​តើ​អ្នក​គិត​ថា​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ឲ្យ​មាន​ផ្នត់គំនិត​រីកចម្រើន និង​ជម្នះ​ឧបសគ្គ​ក្នុង​ការ​អប់រំ​របស់​អ្នក ?

សូម​ពិចារណា​ការចែកចាយ​ឧទាហរណ៍​មួយ​មកពី​ជីវិត​ផ្ទាល់ខ្លួន​អ្នក ។

អ្នក​ក៏​អាច​ពិចារណា​បង្ហាញ​វីដេអូ​មួយ​ក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម​ទៀត » ។

ផ្នត់គំនិត​រីកចម្រើន​របស់​ខ្ញុំ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ​មួយ​ចំនួន​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ការសិក្សា ឬ​ការ​រៀនសូត្រ​របស់​ពួកគេ ដែល​ផ្នត់គំនិត​រីកចម្រើន​អាច​ជួយ​ដោះស្រាយ​បាន ។ ពួកគេ​អាច​សរសេរ​ឧបសគ្គ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​ពួកគេ ។ ពួកគេ​អាច​និយាយ​អំពី​ការពិបាកអាន ការ​លំបាក​ជាមួយ​មុខវិជ្ជា​នៅ​សាលា ឬ​កង្វះ​ឱកាស​សិក្សា​ដែលមាន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យធ្វើ​ដូចខាង​ក្រោមនេះ ។

ជ្រើសរើស​ឧបសគ្គ​ដែលអាច​កើតមាន​ពីរ ឬ​បី​ក្នុង​ការអប់រំ និង​ការរៀនសូត្រ​របស់​អ្នក ។ សម្រាប់​ឧបសគ្គ​នីមួយៗ សូម​សរសេរ​សេចក្តីថ្លែងការណ៍​អំពី​ផ្នត់គំនិត​រីកចម្រើន ដែល​បង្ហាញ​ពី​សេចក្តី​ជំនឿ​របស់អ្នក​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ពួកគេ​បាន​សរសេរ ។ ពួកគេ​អាច​ចែកចាយ​ជាមួយ​សិស្ស​ដែល​អង្គុយជិត ឬ​ដោយ​ដើរ​ទៅមក​នៅក្នុង​ថ្នាក់រៀន ហើយ​ចែកចាយ​ជាមួយ​សិស្ស​ដទៃទៀត ។

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ហើយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កំណត់​វិធី​ដែល​ពួកគេ​នឹង​ធ្វើតាម​សេចក្តី​ថ្លែងការណ៍​ដែល​ពួកគេ​បាន​បង្កើត ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​ជម្នះ​ឧបសគ្គ​ចំពោះ​ការអប់រំ​របស់​ពួកគេ​ដោយ​ផ្នត់គំនិត​រីកចម្រើន ។