« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក » ក្បួនខ្នាតទូទៅ ។
២៥.
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក
២៥.០
សេចក្តីផ្ដើម
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ចគឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង ( សូមមើល ១.២ ) ។ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺជាមធ្យោបាយដើម្បីបង្រួបបង្រួម និងផ្សារភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ កិច្ចការនេះរួមមាន ៖
-
ធ្វើសេចក្តីសញ្ញា កាលដែលយើងទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ( សូមមើល អេសាយ ៥៥:៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២៣ ) ។
-
ស្វែងរកបុព្វការីជនដែលបានស្លាប់របស់យើង និងធ្វើពិធីបរិសុទ្ធជូនពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីពួកគាត់អាចធ្វើសេចក្តីសញ្ញាជាមួយព្រះបាន ( សូមមើល ម៉ាឡាគី ៤:៥–៦; កូរិនថូស ទី១ ១៥:២៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥–១៨ ) ។
-
ទៅព្រះវិហារបរិសុទ្ធជាប្រចាំតាមដែលអាចធ្វើបាន ដើម្បីថ្វាយបង្គំព្រះ និងធ្វើពិធីបរិសុទ្ធឲ្យបុត្រាបុត្រីរបស់ទ្រង់ ( សូមមើល លូកា ២៤:៥២–៥៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៣–១៤ ) ។
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយផ្តល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ ព្រះវរបិតាសួគ៌អញ្ជើញបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
ជំពូកនេះណែនាំដល់ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកទាំងឡាយអំពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ មានព័ត៌មានបន្ថែមនៅឯ « Temples » និង « Family History » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
២៥.១
ការចូលរួមរបស់សមាជិក និងថ្នាក់ដឹកនាំក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
សមាជិកសាសនាចក្រមានអភ័យឯកសិទ្ធិ និងទំនួលខុសត្រូវដើម្បីជួយបង្រួបបង្រួមក្រុមគ្រួសាររបស់ពួកគេសម្រាប់ភាពអស់កល្បជានិច្ច ។ ពួកគេរៀបចំខ្លួនរបស់ពួកគេដើម្បីធ្វើសេចក្តីសញ្ញា កាលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ហើយពួកគេព្យាយាមរក្សាសេចក្តីសញ្ញាទាំងនោះ ។ ពួកគេក៏ជួយសមាជិកគ្រួសារឲ្យយល់ ទទួល និងខិតខំរក្សាសេចក្តីសញ្ញារបស់ពួកគេផងដែរ ។ ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បងក្នុងការជួយកូនៗរបស់ពួកគេ ឲ្យដកពិសោធន៍ពរជ័យនៃការបម្រើក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិសម្រាប់សមាជិកគ្រួសារដែលបានទទួលមរណភាព ។
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យស្វែងរកសាច់ញាតិដែលបានស្លាប់របស់ពួកគេ ដែលពុំទាន់បានទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធនៅឡើយ ។ បន្ទាប់មក សមាជិកធ្វើពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យសាច់ញាតិទាំងនោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៨ ) ។ នៅក្នុងពិភពវិញ្ញាណ បុគ្គលដែលបានស្លាប់អាចជ្រើសរើសដើម្បីទទួល ឬបដិសេធពិធីបរិសុទ្ធដែលបានធ្វើសម្រាប់ពួកគាត់នោះ ។
សមាជិកក៏អញ្ជើញគ្រួសារ និងមិត្តភក្តិឲ្យរៀនអំពីបុព្វការីជនដែលបានស្លាប់របស់ពួកគេ ហើយស្វែងយល់ពីដំណើររឿងរបស់ពួកគាត់ផងដែរ ។
ថ្នាក់ដឹកនាំក្នុងសាសនាចក្រគាំទ្រដល់សមាជិកតាមរបៀបដូចតទៅ ៖
-
បង្រៀនពីសារៈសំខាន់នៃការធ្វើ និងការខិតខំរក្សាសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ស្វែងយល់ពីដំណើររឿងរបស់ពួកគាត់ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
គាំទ្រដល់ឪពុកម្តាយនៅក្នុងការជួយកូនៗរបស់ពួកគាត់ឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
លើកទឹកចិត្តដល់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋឲ្យមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
លើកទឹកចិត្តដល់យុវវ័យ សមាជិកថ្មី និងមជ្ឈិមវ័យដែលមិនទាន់ទទួលបានអំណោយទានពិសិដ្ឋផ្សេងទៀត ឲ្យមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់ដែលមានសុពលភាព និងទៅព្រះវិហារបរិសុទ្ធធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជូនមរណជន ។
សូមមើល ជំពូកទី ២៦ សម្រាប់ព័ត៌មានអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
២៥.១.១
ការទទួលខុសត្រូវរបស់បុគ្គលដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ
សមាជិកកំណត់ខ្លួនឯងថាតើនៅពេលណា និងញឹកញាប់ប៉ុណ្ណាដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំមិនបង្កើតកូតា ឬប្រព័ន្ធរាយការណ៍សម្រាប់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធទេ ។
២៥.១.២
ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធរបស់វួដ និងស្តេក
អង្គភាពរបស់សាសនាចក្រនីមួយៗត្រូវបានចាត់តាំងទៅមណ្ឌលព្រះវិហារបរិសុទ្ធមួយ ។ ការរៀបចំទៅព្រះវិហារបរិសុទ្ធនៅក្រៅវួដ ឬស្តេក មិនត្រូវបានលើកទឹកចិត្តនោះទេ ។
សមាជិកម្នាក់ៗ និងក្រុមគ្រួសារអាចចូលរួមព្រះវិហារបរិសុទ្ធនៅពេលណាក៏បានតាមបំណងប្រាថ្នារបស់ពួកគេ ។
២៥.២
ការរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ
២៥.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពជួយគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ នៅពេលដែលពួកគាត់ដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ថ្នាក់ដឹកនាំទាំងនេះប្រឹក្សាជាមួយគ្នាជាប្រចាំអំពីកិច្ចខិតខំទាំងនេះ ។
គណៈប៊ីស្សពក៏មានទំនួលខុសត្រូវដូចតទៅ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដផងដែរ ៖
-
លើកទឹកចិត្តបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យរៀនពីគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ធានាឲ្យបានថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានបង្រៀននៅក្នុងព្រះវិហារ ។
-
ធានាឲ្យបានថា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានសម្របសម្រួលនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ។
-
ពិនិត្យមើល និងអនុម័តផែនការផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរបស់វួដ ។
-
មើលការខុសត្រូវលើវគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។
-
ចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ជំពូកទី ២៦ ) ។
ប៊ីស្សពធ្វើការពិភាក្សាជាមួយប្រធានស្តេក ដើម្បីកំណត់ថាតើត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឬអត់ ( សូមមើល ២៥.២.៣ ) ។ ប្រសិនបើពួកគាត់សម្រេចចិត្តថាត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ នោះប៊ីស្សពប្រឹក្សាជាមួយប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ដើម្បីកំណត់ថាតើត្រូវហៅនរណា ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ( សូមមើល ៨.២.៤ ) ។
២៥.២.២
គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ
គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដជាប្រចាំ ។ ថ្នាក់ដឹកនាំទាំងនេះមានទំនួលខុសត្រូវដូចខាងក្រោម ៖
-
លើកទឹកចិត្តបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យរៀនពីគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ធានាឲ្យបានថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានបង្រៀននៅក្នុងព្រះវិហារ ។
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
លើកទឹកចិត្តសមាជិកឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
ជួយក្រុមប្រឹក្សាវួដឲ្យបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
ធានាឲ្យបានថា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានដាក់ផែនការ និងរាយការណ៍នៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងនៅក្នុងការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។
-
ដឹកនាំអ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ( សូមមើល ២៥.២.៣ ) ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះម្នាក់ៗ ចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។ សមាជិកនៃគណៈប្រធានទាំងពីររូបនេះធ្វើការជាមួយគ្នា ។ ពួកគាត់ចូលរួមការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៧ ) ។
២៥.២.៣
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
ប៊ីស្សពពិគ្រោះយោបល់ជាមួយប្រធានស្តេក ដើម្បីកំណត់ថាតើត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឬអត់ ។ បុគ្គលរូបនេះគួរតែជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ធ្វើការក្រោមការដឹកនាំនៃគណៈប្រធានកូរ៉ូមអែលឌើរ និងសមាគមសង្គ្រោះ ។
អ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដមានទំនួលខុសត្រូវដូចខាងក្រោម ៖
-
សម្របសម្រួលកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ជាមួយថ្នាក់ដឹកនាំអង្គការនានា រួមទាំង គណៈប្រធានកូរ៉ុមយុវវ័យ និងគណៈប្រធានថ្នាក់យុវវ័យ ។
-
ដឹកនាំការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៧ ) ។
-
ចូលរួមការប្រជុំក្រុមប្រឹក្សាវួដនៅពេលមានការអញ្ជើញ ។
-
ជួយក្រុមប្រឹក្សាវួដឲ្យបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ សម្របសម្រួលកិច្ចខិតខំរបស់ពួកគេដើម្បីជួយសមាជិកជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ធ្វើការជាមួយអ្នកដឹកនាំបេសកកម្មវួដ និងពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីជួយដល់ពួកអ្នករៀនដំណឹងល្អ សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ ឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ប្រសិនបើអាចធ្វើទៅបាន សូមចាត់តាំងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ដើម្បីបម្រើនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិ ។
២៥.២.៤
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ បម្រើនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះអាចផ្ដល់យោបល់ពីសមាជិកដែលអាចបម្រើ ។
អ្នកប្រឹក្សាមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយសមាជិកឲ្យដកពិសោធន៍ពរជ័យនៃការរកឃើញបុព្វការីជនរបស់ពួកគេ និងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់ ។ បទពិសោធន៍ទាំងនេះមានសារៈសំខាន់ជាពិសេសចំពោះអ្នកដែលកំពុងរៀនដំណឹងល្អ សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ និងអស់អ្នកដែលរៀបចំខ្លួនដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់ ។
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
ចូលរួមនៅក្នុងការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។
-
បម្រើនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិក្នុងមូលដ្ឋាន នៅពេលត្រូវបានចាត់តាំង ( សូមមើល ២៥.៣.៦ ) ។
២៥.២.៥
ក្រុមប្រឹក្សាវួដ
សមាជិកនៃក្រុមប្រឹក្សាវួដបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដប្រកបដោយការអធិស្ឋាន ។ សម្រាប់ព័ត៌មានអំពីផែនការនេះ សូមមើល ២៥.២.៦ ។
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ អាចទទួលបានការអញ្ជើញឲ្យចូលរួមការប្រជុំក្រុមប្រឹក្សាវួដ ប្រសិនបើចាំបាច់ ។
២៥.២.៦
ផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
វួដនីមួយៗគួរតែមានផែនការសាមញ្ញមួយសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ផែនការនេះជួយសមាជិកវួដ រួមទាំងកុមារ និងយុវវ័យឲ្យចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ហើយរៀបចំខ្លួនដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះអាចជួយក្រុមប្រឹក្សាវួដឲ្យបង្កើតផែនការនេះបាន ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដក៏ជួយផងដែរ ។ ដើម្បីបង្កើតផែនការនេះ ពួកគាត់ ៖
-
ពិចារណាពីតម្រូវការ និងធនធានដែលមាន ។
-
កំណត់សកម្មភាពដែលត្រូវធ្វើនៅក្នុងឆ្នាំនេះ ។
-
កំណត់របៀបដើម្បីអនុវត្តផែនការ និងធ្វើការចាត់តាំងស្របតាមនោះ ។
ឧទាហរណ៏នៃអ្វីដែលអាចរួមបញ្ចូលនៅក្នុងទម្រង់ផែនការនេះ ត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ជួយសមាជិកឲ្យបង្កើតមែកធាងគ្រួសាររបស់ពួកគេនៅលើ FamilySearch.org ឬ មែកធាងនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ( សូមមើល ២៥.៤.២ ) ។
-
នាំសមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ យុវវ័យ និងកុមារឲ្យចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ។
-
ជួយសមាជិកជាក់លាក់ទាំងឡាយឲ្យរៀបចំខ្លួន ដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
ប៊ីស្សពអនុម័តលើផែនការនេះ ។ សមាជិកនៃក្រុមប្រឹក្សាវួដជាអ្នកនាំមុខនៅក្នុងការអនុវត្តនេះ ។ ពួកគាត់រាយការណ៍អំពីការរីកចម្រើននៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ ។ ពួកគាត់ក៏ធ្វើបច្ចុប្បន្នភាពផែនការនេះតាមតម្រូវការផងដែរ ។
២៥.២.៧
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដខ្លីៗ ក្រៅផ្លូវការ ត្រូវធ្វើឡើងជាប្រចាំ ។ ប្រសិនបើអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដត្រូវបានហៅ នោះគាត់នឹងដឹកនាំការប្រជុំទាំងនេះ ។ បើមិនដូច្នោះទេ សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរអាចបំពេញតួនាទីនៃការដឹកនាំនេះ ។
អ្នកផ្សេងទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម មានដូចជា ៖
-
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះដែលបានចាត់ឲ្យធ្វើកិច្ចការផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ជំនួយការមួយរូបនៅក្នុងកូរ៉ុមសង្ឃ ។
-
សមាជិកម្នាក់នៃគណៈប្រធានថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
គោលបំណងនៃការប្រជុំទាំងនេះគឺដើម្បី ៖
-
សម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីអនុវត្តផែនការផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
រៀបផែនការអំពីរបៀបជួយសមាជិកជាក់លាក់ទាំងឡាយក្នុងវួដជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតាមសំណើ ។
ការប្រជុំទាំងនេះអាចធ្វើឡើងដោយផ្ទាល់ ឬពីចម្ងាយ ។ ការសម្របសម្រួលក៏អាចកើតឡើងតាមរយៈទូរសព្ទ ការហៅជាវីដេអូ ផ្ញើសារ និងអ៊ីម៉ែលផងដែរ ។
២៥.២.៨
វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ក្រោមការដឹកនាំរបស់ប៊ីស្សព វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធអាចរៀបចំឡើង ដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនធ្វើសេចក្តីសញ្ញា កាលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ វគ្គសិក្សាទាំងនេះធ្វើឡើងនៅក្រៅការប្រជុំជាទៀងទាត់នៅថ្ងៃអាទិត្យ នៅពេលមួយសមរម្យសម្រាប់សមាជិកទាំងឡាយ ។ វគ្គសិក្សាទាំងនេះអាចធ្វើឡើងនៅក្នុងសាលាប្រជុំ ឬនៅក្នុងផ្ទះ ។
សមាជិកក្រុមប្រឹក្សាវួដជ្រើសរើសសមាជិកដើម្បីអញ្ជើញឲ្យចូលរួមនៅក្នុងវគ្គសិក្សានីមួយៗប្រកបដោយការអធិស្ឋាន ។ វគ្គសិក្សាទាំងនេះអាចមានអត្ថប្រយោជន៍ជាពិសេសចំពោះសមាជិកដូចខាងក្រោម ៖
-
សមាជិកថ្មី
-
សមាជិកដែលរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬដើម្បីផ្សារភ្ជាប់
-
សមាជិកដែលត្រឡប់មកចូលរួមសកម្មភាពរបស់សាសនាចក្រវិញ
-
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋដែលពុំបានបន្តប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មីរបស់ពួកគេអស់មួយរយៈហើយ
គណៈប៊ីស្សពហៅគ្រូបង្រៀនផ្នែកការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធម្នាក់ ឬច្រើននាក់ ។ ស្វាមី និងភរិយាមួយគូក៏អាចត្រូវបានហៅផងដែរ ។ មេរៀន និងសេចក្តីណែនាំសម្រាប់ការរៀបចំវគ្គសិក្សានេះមាននៅក្នុង អំណោយទានពិសិដ្ឋមកពីស្ថានលើ ៖ សៀវភៅសិក្សារបស់គ្រូបង្រៀនថ្នាក់សិក្ខាសាលាស្តីពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។ អ្នកចូលរួមនឹងទទួលបានសៀវភៅ ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ។ សម្រាប់ការសិក្សាផ្ទាល់ខ្លួន និងធនធានមេរៀន សូមមើលគេហទំព័រ temples.ChurchofJesusChrist.org ។
២៥.៣
ការរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងស្តេក
ថ្នាក់ដឹកនាំស្តេកគាំទ្រដល់ថ្នាក់ដឹកនាំវួដ និងសមាជិកទាំងឡាយក្នុងកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
២៥.៣.១
គណៈប្រធានស្តេក
ប្រធានស្តេកកាន់កូនសោសម្រាប់កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងស្តេក ។ គាត់ និងទីប្រឹក្សារបស់គាត់មានទំនួលខុសត្រូវដូចតទៅ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖
-
ធានាឲ្យបានថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានបង្រៀនជាប្រចាំនៅក្នុងការប្រជុំស្តេក ។
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីធ្វើសេចក្តីសញ្ញាពិសិដ្ឋ នៅពេលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
លើកទឹកចិត្តសមាជិកឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
ដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ជំពូកទី ២៦ ) ។
នៅក្នុងការប្រជុំជាប្រចាំរបស់គាត់ជាមួយគណៈប្រធានកូរ៉ុមអែលឌើរ សមាជិកមួយរូបនៃគណៈប្រធានស្តេកពិភាក្សាពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ( សូមមើល ៨.៣.១ ) ។ ទីប្រឹក្សានៅក្នុងគណៈប្រធានកូរ៉ុមអែលឌើរ និងទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងទៅកាន់កូរ៉ុមនេះអាចចូលរួម ។
២៥.៣.២
គណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេក
សមាជិកនៃគណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេកណែនាំ និងគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះវួដនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។ គណៈកម្មការនេះរួមមាន ៖
-
គណៈប្រធានស្តេក ។
-
គណៈប្រធានសមាគមសង្រ្គោះស្តេក ។
-
ទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងឲ្យធ្វើការជាមួយកូរ៉ុមអែលឌើរ ។
ថ្នាក់ដឹកនាំទាំងនេះផ្តល់ឲ្យគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះវួដនូវសេចក្តីណែនាំជាបន្តបន្ទាប់ តាមតម្រូវការ ។ សេចក្ដីណែនាំនេះអាចធ្វើឡើងជាក្រុម ឬជាបុគ្គល ។ គណៈកម្មការនេះអាចអញ្ជើញថ្នាក់ដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដឲ្យចូលរួមបាន ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការប្រជុំរបស់គណៈកម្មការនេះ សូមមើល ២៩.៣.១០ ។
២៥.៣.៣
ទីប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ឲ្យណែនាំ និងគាំទ្រសមាជិកដូចតទៅនៅក្នុងទំនួលខុសត្រូវរបស់ពួកគេសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
គណៈប្រធានកូរ៉ុមអែលឌើរ
-
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំស្តេក
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់អាចត្រូវបានចាត់តាំងឲ្យដឹកនាំកិច្ចខិតខំទាំងនេះបាន ។ ទោះជាយ៉ាងណាក្តី ទីប្រឹក្សាជាន់ខ្ពស់ទាំងអស់មានទំនួលខុសត្រូវទាំងនេះ សម្រាប់វួដ និងកូរ៉ុមដែលពួកគាត់ត្រូវបានចាត់ទៅផងដែរ ។
ទីប្រឹក្សាជាន់ខ្ពស់អាចជួយអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិក្នុងការណែនាំអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។ អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេកអាចជួយដល់ទីប្រឹក្សាជាន់ខ្ពស់បាន ។
គណៈប្រធានស្តេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យសម្របសម្រួលកិច្ចខិតខំរបស់ស្តេកនៅក្នុងការធ្វើលិបិក្រម ( សូមមើល ២៥.៤.៣ ) ។ គាត់ ឬទីប្រឹក្សាជាន់ខ្ពស់មួយរូបទៀតអាចត្រូវបានចាត់ឲ្យមើលការខុសត្រូវលើកិច្ចការនេះនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិ ( សូមមើល ២៥.៣.៦ ) ។
២៥.៣.៤
គណៈប្រធានសមាគមសង្រ្គោះស្តេក
ក្រោមការដឹកនាំរបស់ប្រធានស្តេក នោះគណៈប្រធានសមាគមសង្រ្គោះស្តេកណែនាំ និងគាំទ្រដល់គណៈប្រធានសមាគមសង្រ្គោះវួដនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
២៥.៣.៥
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំស្តេក
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេក គាំទ្រដល់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅទូទាំងស្តេក ។ ពួកគាត់បម្រើនៅក្រោមការដឹកនាំនៃគណៈប្រធានស្តេក និងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់ដែលត្រូវបានចាត់ឲ្យធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
អ្នកប្រឹក្សាទាំងនេះគាំទ្រដល់ទីប្រឹក្សាជាន់ខ្ពស់ និងគណៈប្រធានសមាគមសង្រ្គោះស្តេកនៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីណែនាំដល់អ្នកដទៃនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.៣.៣ និង ២៥.៣.៤ ) ។ ពួកគាត់ក៏អាចទទួលបានការចាត់តាំងដូចខាងក្រោមផងដែរ ៖
២៥.៣.៦
មជ្ឈមណ្ឌលពង្សប្រវត្តិ
ប្រសិនបើមានធនធាន ស្តេកអាចបង្កើតមជ្ឈមណ្ឌលពង្សប្រវត្តិមួយ ឬពីរកន្លែង ។ មជ្ឈមណ្ឌលទាំងនេះគឺដើម្បីជួយអ្នកមកទស្សនាឲ្យរកឃើញ ប្រមូលព័ត៌មាន និងបង្រួបបង្រួមទាំងសមាជិកគ្រួសារដែលនៅរស់ និងបានស្លាប់ហើយ ។ មនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ឲ្យមកប្រើប្រាស់មជ្ឈមណ្ឌលទាំងនេះ ។
ប្រធានស្តេកចាត់តាំងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្ដេកម្នាក់ ដើម្បីមើលការខុសត្រូវលើកិច្ចខិតខំនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិនីមួយៗ ។ ជាទូទៅ មជ្ឈមណ្ឌលនីមួយៗមានបុគ្គលិកដែលជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។ មជ្ឈមណ្ឌលពង្សប្រវត្តិគួរតែបើកនៅក្នុងម៉ោងដែលសមស្រប ។
ជាការលើកលែង បណ្ណាល័យពង្សប្រវត្តិក្នុងតំបន់ជាច្រើនត្រូវបានមើលការខុសត្រូវដោយគណៈប្រធានតំបន់ ។
២៥.៤
ធនធាននានានៃពង្សប្រវត្តិ
២៥.៤.១
គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា
គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា ជួយមនុស្សឲ្យរកឃើញសាច់ញាតិ និងបុព្វការីជន ហើយប្រមូលផ្ដុំដំណើររឿងរបស់ពួកគាត់ ។ កូនសៀវភៅនេះក៏អាចជួយសមាជិកឲ្យចាប់ផ្តើមរៀបចំឈ្មោះគ្រួសារដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
កូនសៀវភៅទាំងនេះអាចទាញយកបានពីគេហទំព័រ ChurchofJesusChrist.org ។ សៀវភៅបោះពុម្ពអាចបញ្ជាទិញនៅឯគេហទំព័រ store.ChurchofJesusChrist.org ។
២៥.៤.២
FamilySearch.org និងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ
FamilySearch.org គឺជាគេហទំព័ររបស់សាសនាចក្រសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ វាអាចជួយអ្នកប្រើប្រាស់ឲ្យ ៖
-
បង្កើតទំនាក់ទំនង និងចំណងទាក់ទងមែកធាងគ្រួសារ ។
-
រកឃើញបុព្វការីជន និងដំណើររឿងរបស់ពួកគាត់ ។
-
ចែកចាយ និងរក្សាទុកដំណើររឿង រូបថត និងប្រវត្តិអំពីគ្រួសារ ។
-
រៀបចំឈ្មោះគ្រួសារដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
កម្មវិធី មែកធាងនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និង កម្មវិធីអនុស្សាវរីយនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ អាចធ្វើឲ្យមនុស្សចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតាមរយៈឧបករណ៍ចល័ត ។
២៥.៤.៣
ការធ្វើលិបិក្រម
ការធ្វើលិបិក្រមគឺជាដំណើរការនៃការបញ្ចូលព័ត៌មានពីកំណត់ត្រាប្រវត្តិសាស្រ្តជាលាយលក្ខណ៍អក្សរ ចូលទៅក្នុងមូលដ្ឋានទិន្នន័យដែលអាចស្រាវជ្រាវរកបាននៅក្នុងគេហទំព័រ FamilySearch.org ។ អ្នកដែលធ្វើលិបិក្រមធ្វើឲ្យអ្នកដទៃទៀតអាចរកឃើញបុព្វការីជនរបស់ពួកគេកាន់តែងាយស្រួល ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់បាន ។
អ្នកណាក៏អាចចូលរួមនៅក្នុងការធ្វើលិបិក្រមនេះបានដែរ ។ ការណ៍នេះអាចជាបទពិសោធន៍ដែលមានការពេញចិត្តជាពិសេសសម្រាប់មនុស្សដូចខាងក្រោមនេះ ៖
-
យុវវ័យ
-
យុវមជ្ឈិមវ័យ
-
សមាជិកដែលពុំអាចចូលរួមនៅក្នុងការប្រជុំរបស់សាសនាចក្រជាប្រចាំ
-
សមាជិកថ្មី
-
សាធារណជន
គណៈប្រធានស្ដេកអាចចាត់តាំងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ឲ្យសម្របសម្រួលកិច្ចការនេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « Indexing Overview » នៅលើគេហទំព័រ FamilySearch.org ។
២៥.៥
ការចេញអនុសាសន៍ និងការហៅអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
២៥.៥.១
ការចេញអនុសាសន៍ឲ្យអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានកំណត់តាមរបៀបដូចខាងក្រោម ៖
-
សមាជិកដែលបានកំណត់ដោយប៊ីស្សព ឬថ្នាក់ដឹកនាំវួដដទៃទៀត
-
សមាជិកដែលចូលទៅសូមការបម្រើពីប៊ីស្សព
-
សមាជិកដែលត្រូវបានចេញអនុសាសន៍ដោយប្រធានព្រះវិហារបរិសុទ្ធ ភរិយាប្រធានព្រះវិហារបរិសុទ្ធ ឬថ្នាក់ដឹកនាំព្រះវិហារបរិសុទ្ធដទៃទៀត
-
សមាជិកដែលកំពុងរៀបចំខ្លួនបម្រើ ឬដែលទើបត្រឡប់មកពីបម្រើជាអ្នកផ្សព្វផ្សាយសាសនានាពេលថ្មីៗ ( សូមមើល ជំពូកទី ២៤ )
ឈ្មោះអ្នកធ្វើការនៅព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានបញ្ជូនដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ ឧបករណ៍នេះមានសម្រាប់ប៊ីស្សព ប្រធានស្តេក និងគណៈប្រធានព្រះវិហារបរិសុទ្ធ ។ ដំណើរការនៃការបញ្ជូនឈ្មោះត្រូវបានបង្ហាញខាងក្រោម ។
នៅពេលគណៈប្រធានព្រះវិហារបរិសុទ្ធកំណត់អ្នកធ្វើកិច្ចការក្នុងព្រះវិហារដែលមានសក្តានុពល នោះពួកគាត់បញ្ជូនឈ្មោះរបស់បុគ្គលនោះទៅប៊ីស្សព ដោយប្រើឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលប៊ីស្សពកំណត់អ្នកធ្វើកិច្ចការក្នុងព្រះវិហារម្នាក់ដែលមានសក្តានុពល ឬទទួលបានអនុសាសន៍ពីប្រធានព្រះវិហារបរិសុទ្ធ គាត់ប្រឹក្សាជាមួយសមាជិករូបនោះអំពីឱកាសដើម្បីបម្រើ ។ គាត់ពិនិត្យមើលតម្រូវការសម្រាប់អ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៥.២ ) ឬអ្នកស្ម័គ្រចិត្តក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៥.៣ ) ។ បើទាំងប៊ីស្សព និងសមាជិកមានអារម្មណ៍ថា ឱកាសនឹងសមរម្យ នោះប៊ីស្សពធ្វើការបំពេញ និងដាក់បញ្ជូនអនុសាសន៍ដោយប្រើឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកគួរតែយល់ថា អនុសាសន៍ដែលបានដាក់បញ្ជូនមិនធានាថា គាត់នឹងត្រូវបានហៅ ឬចាត់តាំងជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនោះទេ ។
អនុសាសន៍នេះត្រូវបានពិនិត្យបន្ទាប់ទៀតដោយប្រធានស្តេក ។ ប្រសិនបើគាត់អនុម័តលើការដាក់បញ្ជូននេះ នោះលោកនឹងបញ្ជូនទៅប្រធានព្រះវិហារបរិសុទ្ធដើម្បីពិនិត្យមើល ដោយប្រើឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៥.៤ និង ២៥.៥.៥ ) ។
ជាធម្មតា សមាជិកដែលត្រូវបានហៅ ឬចាត់តាំងជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធប្តេជ្ញាចិត្តថានឹងបម្រើតាមពេលវេលាទៀងទាត់ក្នុងព្រះវិហារបរិសុទ្ធរាល់សប្តាហ៍ ។ ថ្នាក់ដឹកនាំគួរតែជៀសវាងការចេញការហៅបន្ថែម ដែលនឹងបង្អាក់សមត្ថភាពរបស់ពួកគេក្នុងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ។
ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធក៏បង្ហាញប៊ីស្សព និងប្រធានស្តេកនូវបញ្ជីសមាជិកទាំងអស់ពីវួដ ឬស្តេកដែលកំពុងបម្រើក្នុងព្រះវិហារបរិសុទ្ធបច្ចុប្បន្នផងដែរ ។
២៥.៥.២
តម្រូវការសម្រាប់អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
អ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារជួយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ ដើម្បីទទួលបានអនុសាសន៍ជាអ្នកធ្វើពិធីបរិសុទ្ធ នោះសមាជិកត្រូវតែបំពេញតាមតម្រូវការគុណសម្បត្តិដូចខាងក្រោម ៖
-
រស់នៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែលគាត់នឹងបម្រើ ។
-
បានទទួលអំណោយទានពិសិដ្ឋរួចហើយ គោរពតាមសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ និងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។
-
មានការចេះដឹងជ្រៅជ្រះ និងមានទីបន្ទាល់អំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ត្រូវមានភាពស័ក្តិសមដើម្បីទទួលបានការគោរពនៅក្នុងសាសនាចក្រ និងសហគមន៍ ។
-
ធ្វើការចុះសម្រុងជាមួយមនុស្សដទៃ ។
-
អាចពឹងពាក់បាន និងមានសុខភាពល្អ ។
-
គ្មានចំណារពន្យល់បច្ចុប្បន្នមួយនៅលើកំណត់ត្រាសមាជិកភាពរបស់គាត់ ។
ប្រសិនបើសមាជិកភាពក្នុងសាសនាចក្ររបស់សមាជិកម្នាក់ត្រូវបានដាក់កំហិតជាផ្លូវការ នោះការដាក់កំហិតនោះត្រូវតែបានដកចេញយ៉ាងហោចណាស់ប្រាំឆ្នាំហើយ ។ ប្រសិនបើសមាជិកនោះបានទទួលអំណោយទានពិសិដ្ឋ នៅពេលដែលសមាជិកភាពត្រូវបានដកចេញ ឬលាលែង នោះពរជ័យរបស់គាត់ ឬនាងត្រូវតែបានស្តារឡើងវិញ យ៉ាងហោចណាស់ប្រាំឆ្នាំមុន ។
២៥.៥.៣
តម្រូវការសម្រាប់អ្នកស្ម័គ្រចិត្តក្នុងព្រះវិហារបរិសុទ្ធ
អ្នកស្ម័គ្រចិត្តក្នុងព្រះវិហារបរិសុទ្ធជួយបំពេញកិច្ចការរដ្ឋបាលនៅក្នុងព្រះវិហារបរិសុទ្ធ ដូចជាបម្រើក្នុងការិយាល័យ ឬបោកសម្លៀកបំពាក់ជាដើម ។ ដើម្បីទទួលបានអនុសាសន៍ជាអ្នកស្ម័គ្រចិត្តក្នុងព្រះវិហារបរិសុទ្ធ នោះសមាជិកត្រូវតែបំពេញតាមតម្រូវការគុណសម្បត្តិដូចខាងក្រោម ៖
-
រស់នៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែលគាត់នឹងបម្រើ ។
-
បានទទួលអំណោយទានពិសិដ្ឋរួចហើយ គោរពតាមសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ និងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។
-
ធ្វើការចុះសម្រុងជាមួយមនុស្សដទៃ ។
-
អាចពឹងពាក់បាន និងមានសុខភាពល្អ ។
-
គ្មានចំណារពន្យល់បច្ចុប្បន្នមួយនៅលើកំណត់ត្រាសមាជិកភាពរបស់គាត់ ។
ជាការលើកលែងចំពោះលក្ខណៈសម្បត្តិទាំងនេះ សមាជិកដែលស្ម័គ្រចិត្តធ្វើការនៅខាងក្រៅព្រះវិហារបរិសុទ្ធមិនចាំបាច់ទទួលអំណោយទានពិសិដ្ឋនោះទេ ។ ឧទាហរណ៍មួយគឺសមាជិកដែលធ្វើការនៅបរិវេណព្រះវិហារបរិសុទ្ធ ។
២៥.៥.៤
ការហៅ និងការធ្វើពិធីញែកចេញដល់អ្នកធ្វើពិធីបរិសុទ្ធ
បន្ទាប់ពីប្រធានព្រះវិហារបរិសុទ្ធទទួលបានអនុសាសន៍ ដើម្បីឲ្យនរណាម្នាក់បម្រើជាអ្នកធ្វើពិធីបរិសុទ្ធហើយ នោះសមាជិកនៃគណៈប្រធានព្រះវិហារបរិសុទ្ធ ឬនរណាម្នាក់ដែលពួកគាត់ចាត់តាំង ធ្វើការសម្ភាសសមាជិករូបនោះ ។ នៅពេលទទួលបានការបំផុសគំនិត បុគ្គលដែលធ្វើការសម្ភាស ហៅអស់អ្នកដែលអាចបម្រើជាអ្នកធ្វើពិធីបរិសុទ្ធ និងធ្វើពិធីញែកចេញដល់ពួកគេ ។
២៥.៥.៥
ចាត់តាំងអ្នកស្ម័គ្រចិត្ត
អ្នកស្ម័គ្រចិត្តក្នុងព្រះវិហារបរិសុទ្ធអាចត្រូវបានសម្ភាស និងចាត់តាំង ដោយសមាជិកនៃគណៈប្រធានព្រះវិហារបរិសុទ្ធ ឬនរណាម្នាក់ដែលពួកគាត់ចាត់តាំង ។ ពួកអ្នកស្ម័គ្រចិត្តគឺត្រូវបានចាត់តាំង មិនមែនជាការហៅនោះទេ ។ ពួកគាត់ពុំចាំបាច់ធ្វើពិធីញែកចេញនោះទេ ។