« បុព្វកថា » បានទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ៖ សៀវភៅសិក្សារបស់គ្រូបង្រៀនសិក្ខាសាលាស្តីពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ iv–vi
« បុព្វកថា » បានទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ទំព័រ iv–vi
បុព្វកថា
គោលបំណង
វគ្គសិក្សាស្តីពីសេចក្តីណែនាំនេះត្រូវបានរៀបចំឡើងដើម្បីជួយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងការរៀបចំខ្លួនទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងចូលព្រះវិហារបរិសុទ្ធ ។ សមាជិកទាំងឡាយណាដែលធ្លាប់បានចូលព្រះវិហារបរិសុទ្ធពីមុនមក ក៏អាចចូលរៀនក្នុងថ្នាក់នេះបានដែរដើម្បីរៀនបន្ថែមទៀតអំពីព្រះវិហារបរិសុទ្ធ ។
អ្នកចូលរួម
អ្នកចូលរួមទាំងឡាយនៅក្នុងវគ្គសិក្សានេះ គួរតែមានបំណងដើម្បីទៅព្រះវិហារបរិសុទ្ធ ហើយមានភាពសក្តិសមដើម្បីមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ បើសិនពួកគេមិនទាន់បានទទួលប័ណ្ណនៅឡើយ នោះពួកគេគួរត្រៀមខ្លួនដើម្បីទទួលបានប័ណ្ណមួយ ។
បើសិនអ្នកចូលរួមមិនទាន់បានចូលរៀនថ្នាក់សាលាថ្ងៃអាទិត្យដែលពិភាក្សាអំពីសៀភៅ គោលការណ៍ទាំងឡាយនៃដំណឹងល្អ ទេ ពួកគេគួរតែចូលរៀនថ្នាក់នោះជាមុនសិន ប៉ុន្តែវាមិនមែនជាកិច្ចតម្រូវនោះទេ វាគ្រាន់តែជាយោបល់ប៉ុណ្ណោះ ។ មុនពេលចូលរៀនវគ្កសិក្សានេះ ពួកគេគួរតែមានការយល់ដឹងគួរសមពីគោលលទ្ធិ និងគោលការណ៍គ្រឹះទាំងឡាយនៃដំណឹងល្អ ហើយមានឆន្ទៈដើម្បីគោរពតាមបទបញ្ញត្តិទាំងឡាយនៃព្រះ ដូចជា ច្បាប់ព្រហ្មចារីយភាព ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ពាក្យគតិបណ្ឌិត និងច្បាប់ដង្វាយមួយភាគក្នុងដប់ ។ ភាពសក្តិសម និងកិច្ចខិតខំសម្រាប់សេចក្តីសុចរិតផ្ទាល់ខ្លួនគឺចាំបាច់សម្រាប់ការចូលរួមក្នុងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
ក្រោមការដឹកនាំរបស់ប៊ីស្សព ឬ ប្រធានសាខា ក្រុមប្រឹក្សាវួដ ឬ សាខាអាចពិភាក្សាអំពីរបៀបប្រើប្រាស់វគ្គសិក្សានេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីពង្រឹងដល់ក្រុមគ្រួសារទាំងឡាយ ហើយជួយពួកបុរសរៀបចំខ្លួនដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក ។
អ្នកចូលរួមម្នាក់ៗគួរតែទទួលបានការអញ្ជើញឲ្យចូលរៀនថ្នាក់នេះដោយផ្ទាល់ពីប៊ីស្សព ឬ ប្រធានសាខា ឬ អ្នកដឹកនាំផ្សេងទៀតនៃបព្វជិតភាពមិលគីស្សាដែកនៅក្នុងវួដ ឬ សាខា ។
ពេលវេលា និងទីកន្លែង
ថ្នាក់ទាំងឡាយសម្រាប់វគ្គសិក្សានេះអាចមានទំហំផ្សេងៗគ្នា ប៉ុន្តែជាទូទៅថ្នាក់ទាំងនោះគួរត្រូវបានបង្រៀនជាក្រុមតូចៗតាមកម្រិតវួដ ឬ សាខា ។ ថ្នាក់ទាំងនេះអាចត្រូវបានបង្រៀននៅតាមសាលាប្រជុំ ឬ នៅតាមផ្ទះក៏បាន ។ ទីកន្លែង ពេលវេលា និងភាពញឹកញាប់នៃការបង្រៀន គួរតែសមស្របសម្រាប់ទាំងអ្នកចូលរួម និងគ្រូបង្រៀន ។
សៀវភៅនេះ ត្រូវបានចែកជាប្រាំពីរមេរៀន ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកបង្រៀនគប្បីចំណាយពេលឲ្យបានច្រើនតាមតែសមាជិកថ្នាក់ត្រូវការសម្រាប់មេរៀននីមួយៗ ។ ការធ្វើដូច្នេះអាចតម្រូវឲ្យបង្រៀនច្រើនជាងម្តងសម្រាប់មេរៀននីមួយៗ ។
សម្ភារសម្រាប់ថ្នាក់
សមាជិកថ្នាក់ម្នាក់ៗគប្បីអាចប្រើព្រះគម្ពីរទាំងឡាយនៅក្នុងថ្នាក់ ។ សិស្សម្នាក់ៗគួរតែទទួលបានកូនសៀវភៅ ការរៀបចំខ្លួនដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ (៣៦៧៩៣) ម្នាក់មួយក្បាល ដែលជាឯកសារបន្ថែមសម្រាប់សិស្សនៅក្នុងវគ្គសិក្សានេះ ។ សៀវភៅនេះត្រូវបានប្រើជាញឹកញាប់ក្នុងគ្រប់មេរៀន ហើយសមាជិកថ្នាក់គួរតែបានអានកូនសៀវភៅនេះក្នុងអំឡុងសប្តាហ៍ទាំងឡាយពេលរៀនវគ្គសិក្សានេះ ។
គ្រូបង្រៀន
បុគ្គលម្នាក់ ឬគូស្វាមីដែលបានរៀបការរួច អាចត្រូវបានហៅដើម្បីឲ្យបង្រៀនវគ្គសិក្សានេះ ។ គ្រូបង្រៀនគួរតែមានទីបន្ទាល់រឹងមាំពីដំណឹងល្អ ហើយរហ័សដើម្បីធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។ ពួកគាត់គប្បីជាសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ព្រមទាំងមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព និងយល់អំពីសារៈសំខាន់ និងភាពពិសិដ្ឋនៃអ្វីៗដែលកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
បើអាចធ្វើបាន គ្រូបង្រៀនគួរតែទៅព្រះវិហារបរិសុទ្ធជាមួយសិស្សទាំងឡាយនៅពេលដែលពួកគេទទួលនូវពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
យោបល់សម្រាប់គ្រូបង្រៀន
ពីមុនសមាជិកសាសនាចក្រចូលព្រះវិហារបរិសុទ្ធ ពួកគេគប្បីត្រៀមខ្លួនខាងវិញ្ញាណឲ្យបានរួចរាល់ ។ ជាផ្នែកនៃការរៀបចំនេះ ពួកគេគួរតែមានការយល់ដឹងគ្រប់គ្រាន់ពីគោលលទ្ធិទាំងឡាយទាក់ទងនឹងផែនការនៃសេចក្តីសង្គ្រោះ និងកិច្ចការព្រះវិហារបរិសុទ្ធ ។ អ្នកមានឯកសិទ្ធិក្នុងការជួយអ្នកដទៃនៅក្នុងការរៀបចំនេះ ដែលនាំទៅដល់បទពិសោធន៍ដ៏ពិសិដ្ឋបំផុតនៃជីវិតរបស់ពួកគេ ។ សូមរហ័សធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីអ្នកអាចបង្រៀនចំណុចនានាក្នុងមេរៀនតាមរបៀបមួយដែលល្អបំផុតសម្រាប់អ្នកចូលរួម ។ សូមចងចាំព្រះឱវាទរបស់ព្រះអម្ចាស់ដូច្នេះ ៖ « ព្រះវិញ្ញាណត្រូវបានប្រទានដល់អ្នក ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ហើយបើសិនជាអ្នករាល់គ្នាមិនបានទទួលព្រះវិញ្ញាណទេ នោះអ្នករាល់គ្នានឹងមិនត្រូវបង្រៀនឡើយ » ( គ. និង ស. ៤២:១៤ ) ។
សូមអានសៀវភៅនេះពីដើមដល់ចប់ពីមុនបង្រៀនមេរៀនទី ១ ដើម្បីឲ្យអ្នកយល់ដឹងថាតើមេរៀនទាំងនេះទាក់ទងគ្នាយ៉ាងណា ។ សូមរៀបចំមេរៀននីមួយៗឲ្យបានល្អជាមុន ដើម្បីអ្នកអាចយល់គំនិតទាំងឡាយ ហើយអាចបង្រៀនបានល្អ ។ នៅពេលអ្នកបង្រៀនមេរៀនទាំងនេះ សូមប្រាកដថាអ្នកចូលរួមបានយល់ច្បាស់ពីគំនិតទាំងឡាយពីមុនបន្តមេរៀនទៅមុខទៀត ។ សូមកុំប្រញាប់បញ្ចប់មេរៀនទាំងនេះពេក ។ ចូរមានចិត្តអត់ធ្មត់ និងទុកពេលឲ្យអ្នកចូលរួមបានគិតល្អិតល្អន់អំពីសារដំណឹង ហើយអនុវត្តតាមការបង្រៀននោះ ។
ពីមុនបង្រៀនមេរៀននីមួយៗ និងអំឡុងមេរៀន សូមផ្តល់នូវឱកាសដល់សមាជិកថ្នាក់ដើម្បីសួរសំណួរ និងពិភាក្សាអំពីគំនិតនានា ។ ចូរជួយពួកគេឲ្យយកគោលការណ៍ទាំងឡាយដែលបានរៀនទៅអនុវត្តក្នុងជីវិតរបស់ពួកគេ ។ ចូរឆ្លើយសំណួរដោយការប្រើព្រះគម្ពីរ ការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយ និងការដឹកនាំពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
ក្នុងវគ្គសិក្សានេះទាំងមូល សូមចងចាំពីលក្ខណៈដ៏ពិសិដ្ឋនៃពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ ដូចដែលបានពន្យល់នៅក្នុងការថ្លែងដូចខាងក្រោម ទិដ្ឋភាពមួយចំនួននៃកិច្ចការព្រះវិហារបរិសុទ្ធគឺមិនត្រូវបានយកមកពិភាក្សានៅខាងក្រៅព្រះវិហារបរិសុទ្ធទេ ៖
« យើងមិនពិភាក្សាអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ នៅខាងក្រៅព្រះវិហារបរិសុទ្ធឡើយ ។ វាពុំមានគោលបំណងថា ចំណេះដឹងនៃពិធីទាំងនេះក្នុងព្រះវិហារបរិសុទ្ធត្រូវបានកំណត់ចំពោះតែមនុស្សមួយចំនួនដែលត្រូវបានជ្រើសរើស ដែលមានកាតព្វកិច្ចដើម្បីឲ្យប្រាកដថា អ្នកផ្សេងមិនធ្លាប់រៀនអំពីពិធីទាំងនោះទេ ។ តាមពិត វាផ្ទុយពីនោះ ។ យើងជំរុញដល់មនុស្សគ្រប់រូបយ៉ាងខ្លាំងក្លា ដើម្បីឲ្យមានគុណសម្បត្តិ និងរៀបចំខ្លួនដើម្បីទទួលបទពិសោធន៍ក្នុងព្រះវិហារបរិសុទ្ធ ។ …
ពិធីបរិសុទ្ធ និងពិធីទាំងឡាយនៃព្រះវិហារបរិសុទ្ធគឺសាមញ្ញ ។ ពិធីទាំងនោះគឺអស្ចារ្យណាស់ ។ ពិធីទាំងនោះគឺពិសិដ្ឋ ។ ពិធីទាំងនោះគឺត្រូវបានរក្សាទុកជាសម្ងាត់ ខ្លាចក្រែងពិធីទាំងនោះត្រូវបានប្រាប់ដល់អ្នកដែលមិនទាន់រៀបចំខ្លួននៅឡើយ ( ការរៀបចំខ្លួនដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ទំព័រ ២ ) ។
សូមខិតខំពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះវិហារបរិសុទ្ធ ហើយធ្វើទីបន្ទាល់ទៅកាន់ថ្នាក់របស់អ្នកឲ្យបានញឹកញាប់អំពីសេចក្តីពិតនៃគោលការណ៍ទាំងឡាយដែលអ្នកបង្រៀន ។ ចូរឲ្យឱកាសដល់សមាជិកក្នុងថ្នាក់ថ្លែងទីបន្ទាល់របស់ពួកគេតាមការគួរ ។
ចូរចងចាំជានិច្ចអំពីសារៈសំខាន់នៃកិច្ចការព្រះវិហារបរិសុទ្ធ ។ អែលឌើរ ប៊យដ៏ ឃេ ផាកកឺ បានមានប្រសាសន៍ថា ៖ « ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញាទាំងឡាយ បានក្លាយជាទីសម្គាល់របស់យើងសម្រាប់ការចូលក្នុងវត្តមានរបស់ព្រះ ។ ដើម្បីទទួលបានពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយដោយភាពសក្តិសម គឺជាដំណើរការពេញមួយជីវិត ហើយដើម្បីរក្សាពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយបន្ទាប់ពីបានទទួលរួច គឺជាការសាកល្បងក្នុងជីវិតរមែងស្លាប់ » ( ក្នុងរបាយការណ៍សនិ្នសិទខែ មេសា ឆ្នាំ ១៩៨៧ ទំព័រ ២៧ Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។