ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ៤ ៖ ការទទួល​ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ


« មេរៀន​ទី ៤ ៖ ការទទួល​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថាន​លើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ ១៦–២០

« មេរៀន​ទី ៤ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ទំព័រ ១៦–២០

មេរៀន​ទី

ការទទួល​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ

គោលបំណង

ដើម្បី​ជួយ​សមាជិក​នៅ​ក្នុង​ថ្នាក់​យល់​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន

  1. ប្រសិន​បើ​មាន​នៅ​ក្នុង​តំបន់​របស់​អ្នក អ្នក​អាច​រៀបចំ​បញ្ចាំង​វីដេអូ Together Forever ( ៥៣៤១១ ) ។ វីដែអូ​នោះ​មាន​រយៈពេល​ប្រហែង​ជា ២៧ នាទី ។

  2. អ្នក​អាចរៀបចំ​ឲ្យ​សមាជិក​ថ្នាក់​ច្រៀង​បទ « ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ »ទំនុក​តម្កើង លេខ. ៧១ ) ។

ការរៀបចំ​មេរៀន

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ថា តើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូមចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ និង​ចុះ​សេចក្តី​សញ្ញា

សូមពន្យល់​ប្រាប់​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ​បាន ។ យើង​ក៏​ចុះ​សេចក្តី​សញ្ញា​ដើម្បី​រស់នៅ​តាម​ច្បាប់​ទាំងឡាយ​នៃ​ដំណឹង​ល្អ​ដែរ ។ ចំណុចខាង​ក្រោម​នឹង​ផ្តល់​នូវ​ព័ត៌មាន​ជា​ទូទៅ​អំពី​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ និង​អំពី​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ជាក់លាក់ ។

ពិធីបរិសុទ្ធ​

សូម​ពន្យល់​ថា ពិធីបរិសុទ្ធ​គឺ​ជា​ពិធី​ដ៏​ពិសិដ្ឋ​មួយ​ដែល​មាន​ន័យ ហើយ​មាន​ឥទ្ធិពល​ខាង​វិញ្ញាណ ។

សូម​ឲ្យ​សមាជិក​ថ្នាក់​ប្រាប់​ឈ្មោះ​ពិធីបរិសុទ្ធ​មួយ​ចំនួន​នៅ​ក្នុង​សាសនាចក្រ ។ ( ពួកគេ​ប្រហែល​ជា​ប្រាប់​ពី ពិធី​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ​ដល់​ទារក, ពិធី​បុណ្យ​ជ្រមុជ​ទឹក, ពិធី​បញ្ជាក់, ពិធី​សាក្រាម៉ង់, ពិធី​តែងតាំង​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ) ។

សូម​ពន្យល់​ថា ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​អំណាច​នៃ​បព្វជិតភាព សុទ្ធ​តែ​ជា​ការចាំបាច់​ចំពោះ​ការលើក​តម្កើង​របស់​យើង ។ តាម​រយៈ​ពិធីបរិសុទ្ធ​ទាំង​អស់​នេះ​ហើយ ដែល​យើង​ទទួល​ព្រះចេស្តា​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩–២១ ។

  • តើ​អ្វី​ខ្លះ​ដែល​ចាំបាច់​ដើម្បី​ឲ្យ​ព្រះចេស្ដា​នៃ​ភាព​ជា​ព្រះ​បាន​បើក​សម្ដែង​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ? ( ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ « បព្វជិតភាព​ដែល​ធំ​ជាង​គេ » ដែល​បាន​អធិប្បាយ​ដល់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​បព្វជិតភាព​មិលគីស្សាដែក ) ។

សូម​ឲ្យ​សមាជិក​ថ្នាក់​បើក​ទៅ​ទំព័រ ២៩ នៅ​ក្នុង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ សូម​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ ៖

« តើ​ពិធី​បរិសុទ្ធ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​ចំពោះ​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ?

« តើ​អ្នក​អាច​មាន​ភាពសប្បាយ​រីករាយ អាច​ត្រូវ​បាន​ប្រោសលោះ អាច​ត្រូវ​បាន​លើក​តម្កើង​ដោយ​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​នោះ​បាន​ដែរ​ឬ​ទេ ? ចម្លើយ ៖ ពិធី​បរិសុទ្ធ​ទាំងនោះ​គឺ​វា​ហួស​ពីការ​គ្រាន់​តែ​ជា​យោបល់​ល្អ ឬ ដែល​គួរ​ឲ្យ​ប្រាថ្នា ឬ ចាំបាច់​ទៅ​ទៀត ។ វា​ច្រើន​ជាង​អ្វី​ដែល​ចាំបាច់​បំផុត ឬ សំខាន់​បំផុត ។ ពិធី​បរិសុទ្ធ​ទាំង​នោះ​គឺ សំខាន់​ខ្លាំង​បំផុត ចំពោះ​យើង​ម្នាក់ៗ » ។

សេចក្តីសញ្ញា​

សូម​គូសបញ្ជាក់​ថា សេចក្តី​សញ្ញាគឺ​ជា​កិច្ចព្រមព្រៀង​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម ។ ព្រះ​បាន​ដាក់​លក្ខខណ្ឌ​យ៉ាង​ជាក់លាក់ ហើយ​ទ្រង់​សន្យា​ថា​នឹង​ផ្តល់​ពរជ័យ​ដល់​យើង​នៅ​ពេល​យើង​គោរព​តាម​លក្ខខណ្ឌ​ទាំងនោះ ។ នៅ​ពេល​យើង​ជ្រើសរើស​មិន​គោរព​តាម​សេចក្តី​សញ្ញា យើង​នឹង​មិន​អាច​ទទួល​នូវ​ពរជ័យ​បាន​ទេ ហើយ​ក្នុង​ករណី​ខ្លះ យើង​ថែម​ទាំង​ទទួល​រង​នូវ​ការឈឺចាប់​នៃ​ការ​ដាក់​ពិន័យ​ជា​លទ្ធផល​មួយ​នៃ​ការមិន​គោរព​ប្រតិបត្តិ​របស់​យើង ។ គ្រប់​ពិធី​បរិសុទ្ធ​សម្រាប់​ការសង្រ្គោះនៃ​បព្វជិតភាព​ទាំង​អស់​គឺ​តែងតែ​មាន​នូវ​សេចក្តីសញ្ញា​ភ្ជាប់​មក​ជាមួយ ។

  • តើ​សេចក្តី​សញ្ញា​ណា​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​និង​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​រហូត​មក​ដល់​ពេល​នេះ ? ( សមាជិក​ថ្នាក់​ប្រហែល​ជា​លើក​ឡើង​អំពី​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យជ្រមុជ​ទឹក ដែល​ត្រូវ​បាន​បន្ត​នៅ​រាល់​ពេល​ដែល​យើង​ទទួល​ទាន​ពិធី​សាក្រាម៉ង់​ម្តងៗ ) ។

  • តើ​យើង​ចុះ​សេចក្ដី​សញ្ញា​អ្វី​ខ្លះ នៅ​ពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ? ( សូម​មើល ម៉ូសាយ ១៨:៨–១០; គ. និង ស. ២០:៣៧ ) ។

សូម​សង្កត់​ធ្ងន់​ថា កាល​ណា​យើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​នឹង​សម្តែង​នូវ​សេចក្តី​ប៉ងប្រាថ្នា​របស់​យើង​ដើម្បី​បម្រើ​ព្រះ ហើយ​សុខចិត្ត​គោរព​តាម​អ្វីៗ​ទាំងអស់​ដែល​បាន​ស្នើ​ដល់​យើង ។ ព្រះ​សន្យា​ដល់​យើង​វិញ​នូវ​ពរជ័យ​ដ៏​វិសេសវិសាល​ជា​ច្រើន ។ យើង​ត្រូវ​តែ​ចុះ ហើយ​កាន់​តាម​សេចក្តី​សញ្ញា​ទាំងឡាយ​ដើម្បី​ឲ្យ​បាន​រីកចម្រើន​ឆ្ពោះ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ។

ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ

សូម​ពន្យល់​ថា ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​រួម​មាន​ទាំង​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់ ( អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​នៃ​ឪពុកម្តាយ​ជាមួយ​កូនចៅ ) សម្រាប់​ទាំង​មនុស្ស​នៅរស់ និង​មនុស្ស​ស្លាប់ ។ ពិធី​បុណ្យជ្រមុជ​ទឹក​សម្រាប់​មរណៈជន​គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដូច​ជា​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ដែរ ។ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ យើង​ចុះសេចក្តី​សញ្ញា​ដ៏​ឱឡារិក​ចំពោះ​ខ្លួន​យើង ចំពោះ​ព្រះ និង​ដើម្បី​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី ។

អែលឌើរ ជែមស៍ អ៊ី ហ្វោស៍ បាន​មាន​ប្រសាសន៍​អំពី​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​យើង​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ ៖

« ពិធី​បរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ មាន​រួម​នូវ​កាតព្វកិច្ច​ទាំងឡាយ​នៃ​បុគ្គល​ម្នាក់ ដូចជា​សេចក្តី​សញ្ញា និង​ការ​សន្យា​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​នៃ​គុណធម៌ និង​ច្បាប់​ព្រហ្មចារីភាព​ដ៏​តឹងរឹង មាន​សេចក្ដី​សប្បុរស ចិត្ត​មេត្តា អត់ឱន ហើយ​បរិសុទ្ធ ដើម្បី​លះបង់​ទាំង​ទេពកោសល្យ និង​សម្ភារ​ដើម្បី​ផ្សាយ​សេចក្ដី​ពិត និង​ការ​លើក​ស្ទួយ​ដល់​ប្រជាជាតិ ដើម្បី​បន្ត​លះបង់​ចំពោះ​បុព្វហេតុ​នៃ​សេចក្ដី​ពិត ហើយ​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការរៀបចំ​ខ្លួន​ដ៏​ធំ ដើម្បី​ឲ្យ​ផែនដី​អាច​រៀបចំ​ខ្លួន​ជា​ស្រេច​ក្នុង​ការទទួល​ស្តេច​របស់​ខ្លួន—ជា​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។ ដោយ​ទទួល​យក​នូវ​សេចក្តី​សញ្ញា និង​កាតព្វកិច្ច​នីមួយៗ នោះ​នឹង​បាន​ទទួល​នូវ​ពរជ័យ​ដែល​បាន​សន្យា​ទុក ដោយ​អាស្រ័យ​ទៅ​លើ​ការគោរព​លក្ខខណ្ឌ​ដ៏​ស្មោះត្រង់ » ( The House of the Lord បោះពុម្ព​សារ​ឡើង​វិញ [ ឆ្នាំ ១៩៧៦ ] ទំព័រ ៨៤ ) ។

អ្នក​អាច​រំឭក​ឡើង​វិញ​នូវ​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​ទើប​តែ​បាន​ពិពណ៌នា​ដោយ​ការសរសេរ​នូវ​សេចក្តី​សញ្ញា​ទាំង​នោះ​នៅ​លើ​ក្តារខៀន ។ ចូរ​សង្កត់​ធ្ងន់​ថា យើង​ចុះសេចក្តី​សញ្ញា​ទាំងឡាយ​ដើម្បី​បាន​ជា​សុចរិត និង​បរិសុទ្ធ ហើយ​យើង​ក៏​ចុះ​សេចក្តី​សញ្ញា​ដើម្បី​ផុ្តល់​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន​ដើម្បី​ស្ថាបនា​នគរ​របស់ព្រះអម្ចាស់ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

« យើង​ទាំងអស់​គ្នា​ជា​រាស្ត្រ​នៃ​សេចក្តី​សញ្ញា ។ យើង​ចុះ​សេចក្តី​សញ្ញា​ថា​នឹង​ប្រគល់​របស់​ទាំងឡាយ​ដែល​យើង​មាន​ដូចជា ពេលវេលា និង​ប្រាក់កាស និង​ទេពកោសល្យ—អ្វីៗ​ដែល​ជា​របស់​យើង និង​អ្វីៗ​ដែល​យើង​មាន—ដើម្បី​សេចក្តី​ត្រូវការ​នៃ​នគរ​ព្រះ​នៅ​លើ​ផែនដី » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ៣៥ ) ។

  • តើ​យើង​អាច​ប្រគល់​នូវ « អ្វីៗ​ដែល​ជា​របស់​យើង និង​អ្វីៗ​ដែល​យើង​មាន » ដល់​នគរ​ព្រះ​យ៉ាង​ដូចម្តេច ?

  • ពេល​ខ្លះ តើ​មាន​អ្វី​ខ្លះ​ដែល​រារាំង​សមាជិក​មិន​ឲ្យ​ប្រគល់​អស់​ទាំង​អ្វីៗ​ដែល​ពួកគេ​មាន​ដល់​នគរ​ព្រះ ?

អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​កើត​មាន​ក្នុង​ជីវិត​អ្នក ដោយ​សារ​តែ​អ្នក​បាន​ចុះ និង​កាន់​តាម​សេចក្តីសញ្ញា​ព្រះវិហារបរិសុទ្ធ ។ ឬ អ្នក​អាចសូម​ឲ្យ​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគាត់ ។

យើង​ត្រូវតែ​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​ដែល​យើង​ចុះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សូមពន្យល់​ប្រាប់​ថា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « ឯអស់​អ្នកណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ » ( លូកា ១២:៤៨ ) ។

  • តើ​អ្នក​គិត​ថា ខគម្ពីរ​នេះ​អនុវត្ត​ចំពោះ​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធតាម​របៀប​ណា ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​កូនចៅ​ទ្រង់​អាច​យល់​ពី​គោលបំណង​នៃ​ជីវិត​នេះ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ឱកាស​ដ៏​រុងរឿង​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ កាល​ណា​យើង​ទទួល​ពរជ័យ​ទាំងឡាយ​នេះ យើង​ទទួល​ខុសត្រូវ​ដើម្បី​រស់​នៅ​ឲ្យ​បាន​សក្តិសម​ដើម្បី​បង្កើត​ឱកាស និង​ចំណេះដឹង​របស់​យើង ។ ​សូម​គូស​បញ្ជាក់ថា យើង​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​ដែល​បានចុះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • ហេតុ​អ្វី​បាន​ជា​វា​សំខាន់ ដែល​ត្រូវតែ​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​ដែល​យើង​ចុះនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១០ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សូម​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា ព្រះអម្ចាស់​គោរព​សន្យា​លើកលែង​តែ​អ្នក​រក្សា​សេចក្តីសញ្ញា​របស់​យើង​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​មិន​ដែល​ក្បត់​សេចក្តី​សញ្ញា​របស់​ទ្រង់​ឡើយ ។ កាលណា​ទ្រង់​ចុះ​សេចក្តី​សញ្ញា​ជាមួយ​នឹង​យើង នោះ​ទ្រង់​នឹង​មិន​ក្បត់​ឡើយ ។ បើ​សិន​ជា​សេចក្តី​សញ្ញា​នោះ​ត្រូវ​បាន​ក្បត់ នោះ​គឺ​យើង​ជា​អ្នក​ក្បត់​សេចក្តី​សញ្ញា​នោះ ។ បើ​សិន​ជា​សេចក្តី​សញ្ញា​នោះ​ត្រូវ​បាន​ក្បត់ នោះ​ទ្រង់​គ្មាន​កាតព្វកិច្ច​អ្វី​ដែល​ត្រូវ​ប្រទាន​ពរ​ឲ្យ​យើង​ទេ ហើយ​យើង​នឹង​មិន​ទទួល​បាន​ពរ​អ្វី​សោះ​ឡើយ » ( Doctrines of Salvation ចងក្រង​ដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ [ ១៩៥៤–១៩៥៦ ] ២:២៥៦–៥៧ ) ។

ភាពស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​របស់​យើង​នឹង​នាំមក​នូវ​សន្តិភាព និង​សុវត្ថិភាព

សូម​ពន្យល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទីកន្លែង​មួយ​នៃ​ភាពសុខសាន្ត និង​ជា​ទី​ស្ងប់ស្ងាត់​មួយ​នៅ​ក្នុង​ពិភព​លោក​ដ៏​ជ្រួលច្របល់​នេះ ។ នៅ​ពេល​យើង​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ហើយ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​របស់​យើង នោះ​យើង​នឹង​រក​ឃើញ​នូវ​សេចក្តី​សុខសាន្ត សុវត្ថិភាព និង​ការដឹកនាំ​នៅ​ក្នុង​ជីវិត​របស់​យើង ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​មាន​ប្រសាសន៍​ថា « ប្រសិន​បើ​យើង​រក្សា​សេចក្តី​សញ្ញា​របស់​យើង នោះ​សេចក្តី​សញ្ញា​នឹង​រក្សា​យើង​ទុក​ឲ្យ​បាន​គង់វង្ស​ខាង​វិញ្ញាណ » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៨៧ ទំព័រ ៨៧ ឬ Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧១ ) ។

  • តើ​សេចក្តី​សញ្ញា​ដែល​អ្នក​បាន​ចុះ​មក​ទល់​ពេល​នេះ​បាន​ជួយ​រក្សា​អ្នក​ឲ្យ​បាន​គង់វង្ស​ខាង​វិញ្ញាណដោយ​របៀប​ណា ?

សូម​បង្ហាញ​ប្រាប់​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្តី​សញ្ញា​ដើម្បី​រស់នៅ​ដោយសក្តិសម​ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ពេល​ខ្លះ ដោយ​ស្ថិត​នៅ​ក្នុង​កណ្តាល​ឧបសគ្គ​ជា​ច្រើន​ប្រចាំ​ថ្ងៃ យើង​អាច​មាន​ឆ្ងល់​ថា តើ​យើង​អាច​រស់នៅ​ដោយ​របៀប​ណា ។

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន នីហ្វៃ​ទី ១ ១៧:៣, ១៣ ។

  • តើ​ខគម្ពីរ​ទាំងនេះ បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​នៅ​ពេល​ដែល​យើង​ព្យាយាម​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ? តើ​អ្នក​ធ្លាប់​បាន​ឃើញ​ខគម្ពីរ​ទាំងនេះ​ត្រូវ​បាន​បំពេញ​ក្នុង​ជីវិត​របស់​អ្នក​ដូចម្ដេច ?

អែលឌើរ ប៊យដ៏ ឃេ ផាកកឺ បាន​មាន​ប្រសាសន៍​ថា ៖ « កាល​ណា​អ្នក​មក​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​យក​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ហើយ​លុត​ជង្គង់​ចុះ​នៅ​ឯ​ទី​អាសនា ហើយ​ផ្សារភ្ជាប់ នោះ​អ្នក​អាច​រស់នៅ​ជា​ជីវិត​ធម្មតា ហើយ​ធ្វើ​ជា​ព្រលឹង​ធម្មតា—ដោយ​ពុះពារ​លើការល្បួង ចាញ់​ល្បួង ហើយ​ប្រែចិត្ត ហើយ​ចាញ់​ល្បួង​ទៀត ហើយ​ប្រែចិត្ត​ម្តង​ទៀត ប៉ុន្តែ​ប្តេជ្ញាចិត្ត​ជានិច្ច​ថា ដើម្បី​រក្សា​សេចក្តី​សញ្ញា​របស់​អ្នក ។​… លុះ​បន្ទាប់​មក​គ្រា​នោះ​នឹង​មក​ដល់ ជា​ពេល​ដែល​អ្នក​នឹង​ទទួល​នូវ​ការប្រសិទ្ធ​ពរថា ៖ ‹ ប្រពៃ​ហើយ​បាវ​ល្អ​ស្មោះត្រង់​អើយ ៖ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នោះ​យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជាច្រើន​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ › ( ម៉ាថាយ ២៥:២១ ) » ( Let Not Your Heart Be Troubled [ ឆ្នាំ ១៩៩១ ] ទំព័រ ២៥៧ ) ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់ « សម្រាប់​ពរជ័យ​ផ្ទាល់ខ្លួន​នៃ​ការថ្វាយ​បង្គុំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ភាពបរិសុទ្ធ និង​សុវត្ថិភាព​ដែល​មាន​នៅ​ក្នុង​ជញ្ជាំង​ដែល​បាន​ញែក​ចេញ និង​ឧទ្ទិស​ជា​បរិសុទ្ធ​នោះ ។ ព្រះវិហារបរិសុទ្ធ​ជា​ទី​ដែល​មាន​សោភ័ណ្ឌ​ភាព​ស្រស់​ស្អាត ជា​ទី​នៃ​វិវរណៈ វា​ជា​ទី​ដែល​មាន​សេចក្តីសុខសាន្ត ។ វា​ជា​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​ជា​ទីបរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​គួរ​ជា​ទី​បរិសុទ្ធ​ដល់​យើង​គ្រប់​គ្នា » ( បាន​ដក​ស្រង់​ពី ជេ អិម​ថត « ប្រធាន ហាវើដ ដបុលយូ ហឹនធើរ » Ensign ខែ កក្កដា ឆ្នាំ ១៩៩៤ ទំព័រ ៥ ) ។

សេចក្ដីបញ្ចប់

សូម​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​នូវ​អារម្មណ៍​របស់​ពួកគេ​អំពី​ពរជ័យ​ដែល​បាន​មក​ពី​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ការចុះ​សេចក្តី​សញ្ញា​នានា​ជាមួយ​ព្រះវបិតាសួគ៌ ។

ប្រសិន​បើ​មាន​ពេល​គ្រប់គ្រាន់ ហើយ​វីដេអូ Together Forever មាន​នៅ​ក្នុង​តំបន់​របស់​អ្នក អ្នក​អាចបង្ហាញ​វីដេអូ​នោះ ។

អ្នក​អាច​ចង់​ឲ្យ​សមាជិក​ថ្នាក់​ច្រៀង​បទ « ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ » ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​បាន​មក​ពី​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ឯកសិទ្ធិ​នៃ​ការចុះ​សេចក្តី​សញ្ញា​នានា​ជាមួយ​ព្រះវបិតា​សួគ៌ ។

សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បិទ ។