ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ៣ ៖ ព្រះវិហារ​បរិសុទ្ធ​នាំ​មក​នូវ​ពរជ័យ​ដ៏​ធំធេង​មក​ក្នុង​ជីវិត​របស់​យើង


« មេរៀន​ទី ៣ ៖ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នាំមក​នូវ​ពរជ័យ​ដ៏​ធំធេង​មក​ក្នុង​ជីវិត​របស់​យើង » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថាន​លើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ​ទី ១២–១៥

« មេរៀន​ទី ៣ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថាន​លើ ទំព័រ ១២–១៥

មេរៀនទី

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នាំ​មក​នូវ​ពរជ័យដ៏​ធំធេង​មក​ក្នុង​ជីវិត​របស់​យើង

គោលបំណង

ដើម្បី​ជួយ​ដល់​សមាជិក​នៅ​ក្នុង​ថ្នាក់ឲ្យយល់​ថា អ្នក​ដែល​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សក្តិសម​នឹង​ទទួល​ពរជ័យ​ដ៏​ធំធេង​ពី​ព្រះអម្ចាស់ ។

ការ​រៀបចំ​ខ្លួន

  1. សូម​ធ្វើ​ការរំឭក​បទគម្ពីរ​ទាំងឡាយ​ដែល​ប្រើ​ប្រាស់​ក្នុង​មេរៀន​នេះ​ឡើង​វិញ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​អ្នក​នឹង​ត្រូវ​បាន​រៀបចំ​ដឹកនាំ​ការពិភាក្សា​នៅ​ក្នុង​ថ្នាក់​អំពី​បទគម្ពីរ​ទាំង​នោះ ។

  2. អ្នក​អាច​រៀបចំ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ច្រៀង​ទំនុកតម្កើង​មួយ​បទ​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ដូចជា « យើង​ស្រឡាញ់​ដំណាក់​ទ្រង់ »ទំនុកតម្កើង លេខ ១៤៥ ) ឬ អំពី​លក្ខណៈ​នៃ​សេចក្តីពិត​ដ៏​អស់ក្បល​ជានិច្ច ដូចជា « ការពិត​នោះ​ជា​អ្វី ? »ទំនុកតម្កើង លេខ ១៧០ ) ។

  3. ប្រសិន​បើ Family Home Evening Video Supplement 2 ( ៥៣២៧៧ ) មាន អ្នក​អាច​បង្ហាញវីដេអូ​មួយ​ដែល​មាន​រយៈពេល​ប្រាំមួយ​នាទី​ក្រោម​ចំណង​ជើង​ថា « Temples Are for Eternal Covenants » ។

ការរៀបចំ​មេរៀន

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ថា តើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូមចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​មាន​តាំង​ពី​ជំនាន់​ដើម​មក​ម៉្លេះ

អ្នក​អាច​ចាប់​ផ្តើម​ដោយ​ច្រៀង​រួមគ្នា​នូវ​ទំនុកតម្កើង​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ឬ អំពី​លក្ខណៈ​នៃ​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​តែងតែ​ត្រាស់​បង្គាប់រាស្ត្រ​ទ្រង់​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​បើក​សម្តែង​កិច្ចការ​ទាំងអស់​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ព្រះវិហារ​បរិសុទ្ធ ឬ រោងឧបោសថ​ណា​ខ្លះ​ដែល​ត្រូវ​បាន​លើកឡើង​នៅក្នុង​ព្រះគម្ពីរ ?

សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ពិនិត្យ​មើល​នូវ​លិបិក្រម​នៃ​ព្រះ​គម្ពីរ ដើម្បី​រក​មើល​នូវ​បទគម្ពីរ​យោង​ដែល​ទាក់​ទង​នឹង​ព្រះវិហារ​បរិសុទ្ធ និង​រោង​ឧបោសថ​ទាំងឡាយ ។ អ្នក​អាច​សរសេរ​ចម្លើយ​ទាំងឡាយ​របស់​សមាជិក​ក្នុង​ថ្នាក់​នៅលើ​ក្តារខៀន ។ អ្នក​ក៏​អាច​ឲ្យ​សមាជិក​ថ្នាក់​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទគម្ពីរ​ទាំងឡាយ​ដូច​ខាងក្រោម ៖

រោង​ឧបោសថ​របស់​ម៉ូសេ ៖ និក្ខមនំ ៤០:១–២,​៣៤–៣៨

ព្រះវិហារ​បរិសុទ្ធ​របស់​ហ្លួង​សាឡូម៉ូន ៖ ​របាក្សត្រ​ទី ២​៣:១–២​; របាក្សត្រ​ទី ២ ២​៥:១​

ព្រះវិហារ​បរិសុទ្ធ​របស់​ស្តេច​ហេរ៉ូឌ ៖ ម៉ាថាយ ២១:១២–១៥

ព្រះវិហារ​បរិសុទ្ធ​របស់​នៃ​នីហ្វៃ ៖ នីហ្វៃ​ទី ២ ៥:១៦; ម៉ូសាយ ១:១៨; នីហ្វៃ​ទី ៣ ១១:១

សូមពន្យល់​ថា ដោយ​សារ​តែ​ការក្បត់​សាសនា នោះ​គ្រប់​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​នេះ​យូរៗទៅ​បាន​បាត់បង់​នូវ​គោលបំណង​ដ៏​ពិត​ប្រាកដ ហើយ​ត្រូវ​បាន​បំផ្លាញ​ចោល​ទៅ ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពេញ​លេញ​នោះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង​តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ដោយ​ផ្តល់​នាំពរជ័យ​ដ៏​ធំធេង​ក្នុង​ជីវិត​របស់​យើង ។

អែលឌើរ ប៊្រូស អ័រ ម៉ាក់ខន់ឃី បាន​មាន​ប្រសាសន៍​ថា ៖ « ការកសាង និង​ការប្រើប្រាស់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ត្រឹមត្រូវ​គឺ​ជា​ភស្តុតាង​ដ៏​អស្ចារ្យ និង​ដ៏​ទេវភាព​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ។​… នៅ​ទី​ណា​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ ដោយ​មាន​វិញ្ញាណ​នៃ​វិវណៈ​សណ្ឋិត​មក​លើ​អ្នកណា​ដែល​ធ្វើការ​នៅ​ទីនោះ នឹង​រក​ឃើញ​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់​នៅ​ទីនោះ​ដែរ រីឯ​នៅ​ទីណា​ដែល​គ្មាន​អ្វី​ទាំងនេះ​ទេ នោះ​សាសនាចក្រ និង​នគរ និង​សេចក្តី​ពិត​អំពី​ស្ថានសួគ៌​ក៏​គ្មាន​ដែរ » ( Mormon Doctrine បោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៧៨១ ) ។

អស់​អ្នកណា​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​សក្តិសម ត្រូវ​បាន​សន្យា​នូវ​ពរជ័យ​ដ៏​ធំធេង

ព្រះវិហារ​បរិសុទ្ធ ឬ​ដំណាក់​នៃ​ព្រះ​គឺ​ជា​កន្លែង​ដែល​យើង​ទៅ​ដើម្បី​រៀបចំ​ខ្លួន​ចំពោះ​ការលើកតម្កើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ នៅ​ទី​នោះ យើង​រៀន​បន្ថែម​ទៀត​អំពី​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើងចុះ​សេចក្តី​សញ្ញា​ជាមួយ​ពួកទ្រង់ ហើយ​ពួកទ្រង់​សន្យា​នឹង​ប្រទាន​នូវ​ពរជ័យ​ដ៏​ពិសេស​ដល់​យើង​វិញ ។

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ព្រះអម្ចាស់​ទ្រង់​បាន​ពិពណ៌នា​អំពី​ពរជ័យ​ខ្លះៗ​ដែល​នឹង​កើត​មាន​ដល់​អ្នក​ណា​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​រស់​នៅ​ដោយ​ភាពសក្តិសម​ចំពោះ​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​បាន​ចុះ​នៅ​ទី​នោះ ។ ពរជ័យ​មួយ​ចំនួននេះ​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​កណ្ឌ​ទី ១០៩ ​ជា​បទអធិស្ឋាន​ដែល​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ការ​ឧទ្ទិស​ឆ្លង ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ បទអធិស្ឋាន​នោះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​វិវរណៈ​តាម​រយៈ​យ៉ូសែប ស្ម៊ីធ ។

ប្រធាន ហាវើធ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍​ថា បទអធិស្ឋាន​នេះ « នៅ​តែ​ឆ្លើយ​តប​ចំពោះយើង​ម្នាក់ៗ ចំពោះ​គ្រួសារ​យើង និង​ចំពោះ​យើង​ដែល​ជា​មនុស្ស​ម្នាក់ ដោយ​សារ​តែ​អំណាច​បព្វជិតភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ពួកយើង​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ( « The Great Symbol of Our Membership » Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ៤ ) ។

បន្ទាប់​មក​ប្រធាន ហឹនធើរ បាន​ស្រង់​នូវ​ខគម្ពីរ​ខ្លះៗ​មក​ពី​កណ្ឌ​ទី ១០៩ នោះ ។ សូម​ឲ្យ​សមាជិក​ថ្នាក់​អាន​នូវ​ខគម្ពីរ​ទាំងនេះ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១០–១២, ២២–២៣, ៥៩, ៦៧, ៧២, ៧៥ ។ សូម​ឲ្យ​ពួកគេ​រកមើលពរជ័យ​ដែល​បាន​ពោល​ដោយ​ព្រះអម្ចាស់ ។

បន្ទាប់​ពី​អាន​រួច សូម​ឲ្យ​សមាជិក​ថ្នាក់​ធ្វើ​បញ្ជី​ពរជ័យ​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​យោបល់​ទាំងឡាយ​នៅ​លើ​ក្តារខៀន ៖ ពរជ័យ​ដែល​បាន​ពិពណ៌នា​អាច​រួមមាន​ដូចខាង​ក្រោម ៖

  1. សិរីល្អ​របស់​អម្ចាស់នឹង​មក​សណ្ឋិត​លើ​រាស្ត្រ​របស់ទ្រង់ ។

  2. អ្នកបម្រើ​របស់​ព្រះអម្ចាស់​នឹង​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ប្រកប​ដោយ​ព្រះចេស្តា ព្រះនាម និង​សិរីល្អ​នៃ​ព្រះអម្ចាស់ ហើយ​ទេវតា​នឹង​គ្រប់គ្រង​លើ​ពួកគេ ។

  3. អ្នកបម្រើ​របស់​ព្រះអម្ចាស់​នឹង​យក​សេចក្តី​ពិត​អំពី​ដំណឹងល្អ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ទៅ​ដល់​ចុង​ផែន​ដី ។

  4. ស្តេក​នានានឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​រាស្ត្រ​របស់​ព្រះអម្ចាស់​អាច​បាន​ប្រមូល​ផ្តុំគ្នា។

  5. គ្រប់​អស់​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​ដឹង​អំពី​សេចក្តីពិត ហើយ​មាន​ចិត្ត​ត្រេកអរ ។

  6. ក្រុមគ្រួសារ​នៃ​ពួកបរិសុទ្ធ និង​អស់​ទាំង​អ្នក​ជំងឺ និង​អ្នក​រងទុក្ខ​វេទនា​របស់​គេ​ទាំង​ប៉ុន្មាន​នោះ​នឹង​ត្រូវ​បាន​ចងចាំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ។

  7. នគរ​របស់​ព្រះអម្ចាស់នឹង​មាន​ពាសពេញ​លើ​ផែនដី​ទាំងមូល ។

  8. នៅ​ថ្ងៃ​ណា​មួយ អ្នកបម្រើ​របស់​ព្រះអម្ចាស់​នឹង​បាន​លើក​ឡើង​ទៅ​ជួប​ទ្រង់ ហើយ​នៅ​ជាមួយ​ទ្រង់​រហូត​តទៅ ។

  • តើ​អ្នក​មាន​គំនិត​យ៉ាងណា​ដែរ នៅ​ពេល​អ្នក​ពិចារណា​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​សក្តិសម ហើយ​គោរព​តាម​សេចក្តី​សញ្ញា​របស់​ខ្លួន ?

ប្រធាន ហាវើធ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍​ថា ៖ « តើ​ធ្លាប់​ដែល​មាន​ប្រជាជន​ណា​ដែល​មាន​សេចក្តី​សន្យា​ដ៏​គួរ​ឲ្យ​រំភើប និង​អស្ចារ្យ​ដូច្នេះ​ទេ ! គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ទេ​ដែល​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួក​អ្នក​ដើរ​តាម​ទ្រង់​តម្រង់​ខ្លួន​ឆ្ពោះ​ទៅ​រក​គំរូ​របស់​ទ្រង់ ហើយ​ឆ្ពោះ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ​របស់ទ្រង់ ( Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ៥ ) ។

ព្រះអម្ចាស់​ក៏​បាន​ចុះ​សេចក្តី​សន្យា​ជាច្រើន​ដែល​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥–២១ ។

  • តើ ខទី ១៥–១៧ បង្រៀន​អ្វី​ខ្លះ​អំពីអ្វីដែល​រាស្ត្រ​នៃ​ព្រះអម្ចាស់​ត្រូវ​តែ​ធ្វើ​ដើម្បី​មាន​គុណសម្បត្តិ​នឹង​ទទួល​ពរជ័យ​ទាំងឡាយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ? ( ចូរ​មាន​ចិត្ត​បរិសុទ្ធ ហើយ​មិន​ត្រូវ​បណ្តោយ​ឲ្យ​វត្ថុ​មិន​ស្អាត​ណា​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សោះ ) ។

សូមពន្យល់​ប្រាប់​ថា មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ​ត្រូវ​បាន​ហៅ​ថា​ស៊ីយ៉ូន ។ ខ​ទី ១៥–២១ បង្រៀន​ថា យើង​អាច​ជួយ​ស្ថាបនា​ស៊ីយ៉ូន​ដោយ​ការចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​សក្តិសម ហើយ​ដោយ​ខិតខំ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ ហើយ​មិន​ត្រូវ​បាន​បង្ខូច​ដោយ​សេចក្តី​អាក្រក់​ឡើយ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​សន្យា​នៅ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ​ដល់​មនុស្ស​ម្នាក់​ដែលសក្តិសម​នឹង​ហៅ​ថា ស៊ីយ៉ូន ?

ចូរ​ពន្យល់​ប្រាប់​ថា ទីក្រុង​មួយ​ដែល​បាន​ដាក់​ឈ្មោះ​ថា ស៊ីយ៉ូន មាន​នៅ​ក្នុង​ជំនាន់​បុរាណ ។ ទីក្រុង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ព្យាការី​ហេណុក និង​ប្រជាជន​របស់​លោក ។ ទីក្រុង​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​ស្ថានសួគ៌​ពីព្រោះ​មក​ពី​សេចក្តី​សុចរិត​របស់​ប្រជាជន ( សូម​មើល គ. និង ស. ៣៨:៤; ម៉ូសេ ៧:១៨–២១, ៦៩ ) ។

ស៊ីយ៉ូន​នឹង​មាន​នៅ​ជំនាន់​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ ។ នៅ​ក្នុង​មាត្រា​សេចក្តី​ជំនឿ មាត្រា​ទី​ដប់ ព្រះអម្ចាស់​បាន​សន្យា​ថា ទីក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា ស៊ីយ៉ូន​នឹង​ត្រូវ​បាន​សង់​ឡើង​នៅ​លើ​ទ្វីប​អាមេរិក ។ សូម​ឲ្យ​សមាជិក​ថ្នាក់​អាន​មាត្រា​នៃ​សេចក្ដី​ជំនឿ​នេះ ។ សូម​ពន្យល់​ថា ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ​ទាំង​ប៉ុន្មាន​នោះ និង​ប្រមូលគ្នា​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​នេះ ( សូម​មើល គ. និង ស. ១០៣:១១–១៣ ) ។

សព្វ​ថ្ងៃ​នេះ​សមាជិក​នៃ​សាសនា​ចក្រ​ត្រូវ​បាន​ទូន្មាន​ឲ្យ​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ឲ្យ​ពួកគេ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង​នៅ​ទីណា​ក៏​ដោយ​ដែល​ពួកគេ​រស់​នៅ​លើ​ពិភពលោក​នេះ ។ យើង​ត្រូវ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ដូច​ជា​ព្រះវិហារ​បរិសុទ្ធ—ជា​កន្លែង​នៃ​សេចក្តី​បរិសុទ្ធ សេចក្តី​ស្រឡាញ់ និង​វិវរណៈ​ផ្ទាល់​ខ្លួន ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​មាន​ដួងចិត្ត​កាន់​តែ​បរិសុទ្ធ ?

  • តើ​មាន​អ្វី​ខ្លះ​នៅ​លើ​លោក​នេះ​ដែល​ពេល​ខ្លះ វា​ធ្វើ​ឲ្យ​យើង​មាន​ការលំបាក​ក្នុង​បន្ត​មាន​ដួងចិត្ត​បរិសុទ្ធ ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​គ្រួសារ សាខា ឬ​វួដរបស់​អ្នក​ឲ្យ​ក្លាយ​ជា​មាន​ដួងចិត្ត​បរិសុទ្ធ ?

សូមពន្យល់​ថា អស់​អ្នក​ដែល​ធ្វើ ហើយ​កាន់​តាម​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ខិតខំ​ពុះពារ​អស់​មួយ​ជីវិត​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​ដួងចិត្ត​បរិសុទ្ធ គឺ​ពួកគេ​នោះ​ហើយ​ដែល​អាច​ជួយ​ស្ថាបនា​ស៊ីយ៉ូន​ឡើង ។

សេចក្ដីបញ្ចប់

សូម​ថ្លែង​ទី​បន្ទាល់​ថា អស់​អ្នក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​សេចក្តី​បរិសុទ្ធ និង​ទទួល​បាន​ពរជ័យ​ដ៏​ធំធេង​ពី​ព្រះអម្ចាស់ រួមទាំង​ពរជ័យ​ដោយ​បាន​ក្លាយ​ជា​ប្រជាជន​ស៊ីយ៉ូន​ផង​ដែរ ។ យើង​ត្រូវតែ​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​មាន​ភាពសក្តិសម​និង​បាន​ពរជ័យ​ទាំងនេះ ហើយ​ប្រែជា​មាន​ដួងចិត្ត​បរិសុទ្ធ ។

អ្នក​ក៏​អាច​ចាក់​បង្ហាញ​វីដេអូ « Temples Are for Eternal Covenants » ។

សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បិទ ។