ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ៦ ៖ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ


« មេរៀន​ទី ៦ ៖ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថាន​លើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហា​របរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ​ទី ២៦–៣០

« មេរៀន​ទី ៦ » បាន​ទទួលអំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ទំព័រ ២៦–៣០

មេរៀន​ទី

ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ

គោលបំណង

ដើម្បី​រៀបចំ​សមាជិក​ថ្នាក់​ឲ្យ​មាន​ភាពសក្តិសម​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការរៀបចំ​មេរៀន

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ថា តើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូម​ចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​តប​នូវ​គ្រប់​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ​តាម​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

សមាជិក​ម្នាក់ៗ​គប្បី​ត្រៀម​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

សូម​ពន្យល់​ប្រាប់​ថា បុគ្គល​ម្នាក់ៗ​មាន​ការទទួល​ខុសត្រូវ​រៀងៗ​ខ្លួន​ចំពោះ​ការធ្វើ​កិច្ចការ​ទាំងនេះ​ដែល​នាំ​ទៅ​រក​ពរជ័យ​ដ៏​ពេញ​លេញ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

សង្ខេប​ការពិភាក្សា​ត្រួសៗ​តាម​គំនិត​ទាំងប្រាំ​ខាងក្រោម ។ គំនិត​នីមួយៗ​បង្ហាញ​ពី​របៀប​ដែល​យើង​ត្រូវ​រៀបចំ​ខ្លួន ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន នៅ​ពេល​អ្នក​ពិភាក្សា​គំនិត​ទាំងនោះ ។

១. មនុស្ស​ម្នាក់ៗ​គួរ​តែ​មាន​ភាពសក្តិសម ។

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥–១៧ ។

  • តើ​វគ្គបទ​គម្ពីរ​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​សារៈសំខាន់​នៃ​ការ​មាន​ភាពសក្តិសម​នៅ​ពេល​អ្នក​ចូល​ព្រះវិហារ​បរិសុទ្ធ ?

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ​បាន​សូម​ឲ្យ​យើង​គិត « អំពី​អាកប្បកិរិយា និង​ឥរិយាបថ​ដ៏​សុចរិត​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​យើង នៅ​ក្នុង​ការប្រឹក្សា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួកបរិសុទ្ធ​នៅ​ខឺតឡង់ តាមរយៈព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ពេល​ពួកគេ​កំពុង​តែ​រៀបចំ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ » ។

ការប្រឹក្សា​នេះ មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៩ ។ សូម​ដល់​សមាជិក​ថ្នាក់​ឲ្យ​អាន​វគ្គ​បទគម្ពីរ​នេះ ។

សូម​ឲ្យ​សមាជិក​ថ្នាក់​ពិចារណា​នូវ​សំណួរ​ដែល​ប្រធាន ហឹនធើរ​បាន​សួរ ៖ « តើ​អាកប្បកិរិយា និង​ឥរិយាបថ​ទាំង​នេះ​បង្ហាញ​នូវ​អ្វីៗ​ដែល​យើង​រាល់​គ្នា​ប៉ង​ប្រាថ្នា ហើយ​ខំ​ស្វែងរក​ដោយ​ពិត​ប្រាកដ​ឬទេ ? ( « The Great Symbol of Our Membership » Ensign ខែ តុលា ១៩៩៤ ទំព័រ ២ ) ។

២. មនុស្ស​ម្នាក់ៗ​គួរ​តែ​មាន​មាន​ចិត្ត​ទាបរាបសា ។

មនុស្ស​ម្នាក់ៗ​គប្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​សេចក្តី​រាបសា ដោយ​មាន​បំណង​ចង់​ទទួល​ការបង្រៀន​មក​ពី​ស្ថានលើ ។

  • ហេតុអ្វី​បាន​ជា​សេចក្តី​រាបសា​មាន​សារៈសំខាន់ម៉្លេះ នៅ​ពេល​ដែល​យើង បម្រើ​និង​រៀន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ?

សូម​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៣២–៣៣ ។

  • តើ​វគ្គបទគម្ពីរ​នេះ​បង្រៀន​អ្វី​ខ្លះ អំពី​សារៈសំខាន់​នៃ​សេចក្តី​រាបសា ? តើ​អ្នក​អាច​យក​សេចក្តី​ទូន្មាន​នេះ​មក​អនុវត្ត​ក្នុង​ការចូល​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​ដោយ​របៀប​ណា ?

៣. មនុស្ស​ម្នាក់ៗ​គួរ​យល់​ដឹង​ថា ការទទួល​ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​ជា​ការចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

ប្រធាន ហារ៉ូល ប៊ី លី បាន​មាន​ប្រសាសន៍​ថា ៖ « ពិធី​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះវរបិតា​ដ៏​មាន​ប្រាជ្ញា​វាងវៃ ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ទុក​ជា​សេចក្តី​ណែនាំ និង​ការការពារ​អស់​មួយ​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្ញុំ និង​អ្នករាល់​គ្នា ខាន​បាន​លើក​តម្កើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ជា​ទី​កន្លែង​ដែល​ព្រះ និង​ព្រះគ្រីស្ទ​ទ្រង់​គង់​នៅ » ( « Enter a Holy Temple » Improvement Era ខែ មិថុនា ឆ្នាំ ១៩៦៧ ទំព័រ ១៤៤ ) ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « ពរជ័យ​ទាំង​ប៉ុន្មាន​នេះ ធានា​ដល់​យើង​តាម​រយៈ​ភាពស្មោះត្រង់ ​តាមរយៈ​មុត្តា​ដ៏​មាន​តម្លៃ​មហិមា​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​យើង ដ្បិត ការណ៍​ទាំងនោះ​ហើយ​ដែល​ព្រះពរ​ដ៏​ធំ​បំផុត ដែល​យើង​អាច​បាន​ទទួល​នៅ​ក្នុង​ជីវិត​នេះ ។ វា​ជា​រឿង​គួរ​ឲ្យ​អស្ចារ្យ​ណាស់​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនា​ចក្រ ប៉ុន្តែ​អ្នក​មិន​អាច​ទទួល​ការលើក​តម្កើង​បាន​ឡើយ ទាល់​តែ​អ្នក​បាន​ធ្វើ​សេចក្តី​សញ្ញា​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​ជា​មុន​សិន យើង​ទទួល​យក​កូនសោ និង​សិទ្ធិ​អំណាច​ដែល​បាន​ប្រទាន​ឲ្យ​នៅ​ទីនោះ ហើយ​ដែល​ពុំ​អាច​ប្រទាន​ឲ្យ​នៅ​ទី​ណា​ផ្សេង​ទៀត​នៅ​លើ​ផែនដី​នេះ​ជាដាច់​ខាត » ( Doctrines of Salvation ប្រមូល​ផ្តុំ​ដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:២៥៣ ) ។

៤. សមាជិក​ម្នាក់ៗ​គួរ​តែ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ស្លៀក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ ។

សូម​ពន្យល់​ថា អស់​អ្នក​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ព្រះវិហារ​បរិសុទ្ធ គឺ​មាន​ឯកសិទ្ធិ​ដើម្បី​ស្លៀក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​ដល់​សាសនាចក្រ គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ៖

« សមាជិក​សាសនាចក្រ​ណា ដែល​ត្រូវ​បាន​ស្លៀក​សម្លៀកបំពាក់​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ត្រូវ​បាន​ចុះ​សេចក្តី​សញ្ញា​ថា ត្រូវ​ស្លៀកពាក់​វា​អស់​មួយ​ជីវិត​របស់​ពួកគេ ។ នេះ​ត្រូវ​បាន​បកស្រាយ​ថា ត្រូវ​ស្លៀកពាក់​ទាំង​យប់​ទាំង​ថ្ងៃ ។ …

គោលការណ៍​គ្រឹះ​គឺ​គួរ​តែ​ស្លៀក​សម្លៀកបំពាក់​បរិសុទ្ធ ហើយ​មិន​ត្រូវ​ស្វែងរក​ឱកាស​ដើម្បី​ដោះ​វា​ចេញ​នោះ​ទេ ។ … នៅ​ពេល​សម្លៀកបំពាក់​បរិសុទ្ធ​ត្រូវ​ដោះ​ចេញ​…​វា​គួរ​តែ​ត្រូវ​បាន​ពាក់​វិញ​ឲ្យ​បាន​ឆាប់ ។

គោលការណ៍​នៃ​ភាពរមទម្យ និង​ការរក្សា​រាងកាយ​ឲ្យ​បាន​ជិត​សមរម្យ គឺ​មាន​នៅ​ក្នុង​សេចក្តីសញ្ញា និង​គួរ​តែ​ធ្វើ​ការសម្រេច​ចិត្ត​ក្នុង​ការជ្រើសរើស​ប្រភេទ​សម្លៀកបំពាក់​មកពាក់ ។ សមាជិក​​​សាសនាចក្រ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពាក់ សម្លៀកបំពាក់​បរិសុទ្ធ ទុក​ជា​ការរំឮក​ដល់​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ដែល​ពួកគេ​បាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ទុក​ជា​ការការពារ​ប្រឆាំង​នឹង​ការល្បួង និង​អំពើអាក្រក់ ។ របៀប​ដែល​យើង​ស្លៀកពាក់ គឺ​ជា​ការបង្ហាញ​ឲ្យ​ឃើញពី​ការប្តេជ្ញាក្នុង​ចិត្ត​ដើម្បី​ដើរ​តាម​ព្រះអង្គសង្គ្រោះ » ( សារលិខិត​គណៈប្រធាន​ទី​មួយ ចុះថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ១៩៨៨ ) ។

៥. សមាជិក​ម្នាក់ៗ​គួរ​ត្រៀម​ខ្លួន​សម្រាប់​ការថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​ដ៏​ពិសិដ្ឋ ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពីមុន​ធ្វើ​ពិធី អំឡុង​ពេល​ធ្វើ​ពិធី និង​ក្រោយ​ពេល​ធ្វើ​ពិធីនានា មាន​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​សមាជិក​ម្នាក់ៗ​ធ្វើ​ការតាំង​សមាធិ និង​ខិត​កាន់​តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ម្នាក់ៗ​បាន​ជួប​នឹង​សំណួរ​ដែល​ត្រូវ​ការ​ចម្លើយ បន្ទុក​ដែល​ត្រូវ​ការ​សម្រាល បញ្ហា​ដែល​ត្រូវ​ការ​ដំណោះស្រាយ ។ សមាជិក​ជា​ច្រើន​បាន​មាន​នូវ​ការស្ញើច​សរសើរ​ដល់​ព្រះវិហារ​បរិសុទ្ធ​ថា ជា​កន្លែង​មួយ​ដើម្បី​គេច​ចេញ​ពី​លោកិយ ហើយ​ធ្វើ​ការទាក់ទង​ជាមួយ​និង​ព្រះវរបិតាសួគ៌ ។ សមាជិក​ជា​ច្រើន​បាន​ទទួល​ចម្លើយ សេចក្តី​សុខសាន្ត និង​សេចក្តី​អំណរ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា ៖ « ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទីកន្លែង​នៃ​ការទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។ នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ ក៏​ទុក្ខលំបាក​អ្វី​មួយ នោះ​ខ្ញុំ​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះអម្ចាស់​ដោយ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​សម្រាប់​ចម្លើយ ។ ចម្លើយ​ទាំង​នេះ​មាន​មក​ក្នុង​របៀប​ដ៏​ច្បាស់ និង​មិន​ខុស​ឡើយ » ( « What I Hope You Will Teach Your Children about the Temple » Ensign ខែ សីហា ឆ្នាំ ១៩៨៥ ទំព័រ​ទី ៨ ) ។

សូម​ពន្យល់​ប្រាប់​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​បញ្ជូន​ឈ្មោះ​នៃ​អ្នក​ទាំងឡាយ​ដែល​មាន​សេចក្តី​ត្រូវការ​ពិសេសៗ ដើម្បី​ឲ្យ​អ្នក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​អាច​ប្រមូល​ផ្តុំ​នូវ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​របស់​ពួកគេ​ជំនួស​អ្នក​ទាំង​អស់​នោះ ។

ការរៀបចំ​ពិសេស​សម្រាប់​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង

ព័ត៌មាន​ដូច​តទៅ​នេះ​នឹង​ជួយ​ដល់​សមាជិក​ម្នាក់ៗ​ក្នុង​ការ​ធ្វើ​នូវ​ការរៀបចំ​ទាំង​អស់​ដែល​ចាំបាច់​សម្រាប់​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ទៅ​នោះ​គឺ​ប្រកប​ដោយ​ការលើក​តម្កើង ។ សូម​ពិភាក្សា​ជាមួយ​សមាជិក​ថ្នាក់​នូវ​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​កាលៈទេសៈ​របស់​ពួកគេ ។

  1. ប័ណ្ណ​ចូល​ព្រះវិហា​របរិសុទ្ធ ។ ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ពេល​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ប្រាកដ​ថា អ្នក​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មក​ជាមួយ ពីព្រោះ​មាន​តែ​ប័ណ្ណ​ដែល​មាន​សុពលភាព​ទាំង​នោះ​ទេ​ដែល​អាច​អនុញ្ញាត​ឲ្យ​ចូល​បាន ។ នៅ​ពេល​អ្នក​រស់នៅ​ដោយ​ភាពសក្តិសម នោះ​ប័ណ្ណ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ព្រះវិហារ​បរិសុទ្ធ​ណា​មួយ​នៃ​សាសានាចក្រ​តាម​តែ​បំណង​ចិត្ត​អ្នក​អំឡុង​ពេល​ពីរ​ឆ្នាំ​បន្ទាប់ ។ ដើម្បី​បន្ត​សុពលភាព​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក អ្នក​ត្រូវ​តែ​បាន​ទទួល​ការសម្ភាសន៍​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ឬ​ប្រធានសាខា និង ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក ឬ​គណៈប្រធាន​បេសកកម្ម ។

  2. ការរៀបចំ​ផែនការ និង​កាលវិភាគ​សម្រាប់​ទៅ ។ ពី​មុន​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ ឬ​ពិធី​ផ្សារភ្ជាប់ សូម​ទាក់ទង​ទៅ​ខាង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ការណាត់​ពេល​វេលា ។ សូម​ស្វែងយល់​ពេល​វេលា​ដែល​អ្នក​ត្រូវ​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ តើ​អ្នក​គួរ​តែ​ស្នាក់​នៅ​ទីនោះ​យូរ​ប៉ុណ្ណា ហើយ​តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​គួរ​យក​ទៅ​ជាមួយ ។ សូម​ជំនួយ​ផ្នែក​បកប្រែ​ភាសា ប្រសិន​បើ​ចាំបាច់ ។

  3. ផែនការ​ធ្វើដំណើរ ។ ប្រសិន​បើ​អ្នក​រស់​នៅ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ អ្នក​គួរ​តែ​ពិចារណា​នូវ​ចំណុច​ដូច​ខាង​ក្រោម ៖

    • សូម​ធ្វើ​ការៀបចំ​មធ្យោបាយ​ធ្វើ​ដំណើរ កន្លែង​ស្នាក់​នៅ និង​កន្លែង​ទទួល​ទាន​អាហារ​ឲ្យ​បាន​រួចរាល់​ជា​មុន ។ វា​អាច​ជា​ការល្អ​ដល់​អ្នក​ដើម្បី​ធ្វើ​ដំណើរ​ជា​ក្រុម​ប្រសិន​បើ​អាច ។

    • ប្រសិន​បើ​ចាំបាច់ សូម​ធ្វើ​ការរៀបចំ​ដើម្បី​ប្តូរ​យក​រូបិយប័ណ្ណ​នៃ​ប្រទេស​ដែល​ព្រះវិហារ​បរិសុទ្ធ​តាំង​នៅ ។

    • សូម​យក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​ទាំង​អស់ ។ អ្នក​អាច​ត្រូវ​ការ​ទិញ​សម្លៀកបំពាក់​បរិសុទ្ធ​បន្ថែម ជួល​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ និង​ចំណាយ​សម្រាប់​ការស្នាក់​នៅ និង​ការធ្វើ​ដំណើរ ។ ( សូម​ចាំ​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន មិនមាន​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជួល​ទេ ។ គណៈ​ប្រធាន​ទី​មួយ​លើក​ទឹកចិត្ត​ដល់​សមាជិក​ទាំងអស់​ឲ្យ​ទិញ​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​របស់​ពួកគេ ) ។

  4. ការស្លៀកពាក់ ។ សូម​ត្រៀម​ស្លៀកពាក់​ដូច​ដែល​អ្នក​នឹង​ទៅ​ការប្រជុំ​ទាំងឡាយ​នៅ​ព្រះវិហារ​នា​ថ្ងៃ​អាទិត្យ ។ ស្រ្តី​មិន​គួរ​ស្លៀក​ខោ​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

  5. អ្នក​ជូន​ដំណើរ ។ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង អាច​មាន​អ្នក​ជូន​ដំណើរ​មក​ជាមួយ​ពួកគេ ។ អ្នកជូន​ដំណើរនេះ​អាច​ជាសាច់​ញាតិ ឬ​មិត្តភក្តិ​ភេទ​ដូច​គ្នា​ម្នាក់​ដែល​ធ្លាប់​បាន​មក​ព្រះវិហារ​បរិសុទ្ធ​ពី​មុន ឬ​ក៏​អ្នក​ធ្វើ​ការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ម្នាក់​អាច​ជួយ​បាន ។ អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្តល់​នូវ​ការណែនាំ​យ៉ាង​រាក់ទាក់​នៅ​គ្រប់​ពេល​ទាំងអស់ ។

  6. កិច្ចការ​ផ្សារភ្ជាប់ ។ ប្រសិន​បើ​អ្នក​មាន​ផែនការ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សារភ្ជាប់​សម្រាប់​ជីដូនជីតា​ដែល​បាន​ស្លាប់​ទៅ នោះ​អ្នក​គួរ​យក​នូវ​កំណត់ត្រា​ក្រុមគ្រួសារ​មក​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក ។ ប្រសិន​បើ​អ្នក និង​គ្រួសារ​ត្រូវ​ធ្វើ​ពិធី​ផ្សារភ្ជាប់ និង​គ្នា ឬ​ប្រសិន​បើ​អ្នក​នឹង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​កូនៗ អ្នកត្រូវ​មាន​កំណត់​ហេតុ​ក្រុម​គ្រួសារ​ផ្ទាល់​របស់​អ្នក​មក​ជាមួយ ។ ប្រសិន​បើ​អ្នក​នឹង​ត្រូវ​រៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នក​នឹង​ត្រូវ​តែ​គោរព​តាម​នូវ​រាល់​ច្បាប់​ស៊ីវិល​ទាំងឡាយ​ក្នុង​មូលដ្ឋាន ហើយ​យក​នូវ​សំបុត្រ​អាពាហ៍ពិពាហ៍​មក​ជា​មួយ​ផង ។ សូម​អាន​ដោយ​យក​ចិត្ត​ទុកដាក់​នូវ Member’s Guide to Temple and Family History Work ( ៣៤៦៩៧ ) សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​របៀប​ធ្វើ​ពិធីបរិសុទ្ធក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​សម្រាប់​ទាំង​អ្នក​នៅ​រស់ និង​មរណជន ។ អ្នក​ក៏​អាច​ទាក់ទង​ទៅ​អ្នក​កត់ត្រា​នៅ​ព្រះវិហារ​បរិសុទ្ធ​ថា​អ្នក​មាន​ផែនការ​ដើម្បី​ទៅ​ព្រះវិហារ​ផងដែរ ។

  7. ការ​ថែទាំ​កូន ។ ប្រសិន​បើ​មាន​កូន​នឹង​មក​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ចូល​រួម​ពិធី​ផ្សារភ្ជាប់ ពួកគេ​នឹង​ត្រូវ​បាន​ថែទាំ​នៅ​ក្នុង​មជ្ឈមណ្ឌល​យុវវ័យ​ព្រះវិហារ​បរិសុទ្ធ​រហូត​ដល់​ពេល​ដែល​ពួកគេ​ត្រូវ​ចូលរួម​ជាមួយ​អ្នក​នៅ​ក្នុង​បន្ទប់​ផ្សារភ្ជាប់ ។ សម្លៀកបំពាក់​ពណ៌ស​សម្រាប់​ពិធី​នឹង​ត្រូវ​ផ្តល់​ដល់​កូន​ក្មេង ។ បន្ទាប់​ពី​ពិធីផ្សារភ្ជាប់​ត្រូវ​បាន​បញ្ចប់ ពួកគេ​នឹង​ត្រឡប់​ទៅមជ្ឈមណ្ឌល​វិញ​ដើម្បី​រង់ចាំ​អ្នក ។ ការមើល​ថែ​រក្សា​កុមារ​មិនមាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ចំពោះ​កូនៗ​ដែល​មិន​ចូល​រួម​ក្នុង​ពិធី​ផ្សារភ្ជាប់​ទេ ។

  8. សម្លៀកបំពាក់​បរិសុទ្ធ អ្នក​នឹង​ត្រូវ​ទិញសម្លៀកបំពាក់បរិសុទ្ធ​មួយ ឬ​ពីរ​កំប្លេរ​ពី​មុន​អ្នក​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​កុំ​ស្លៀកពាក់​វា​ពី​មុន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ បន្ទាប់​ពី​ការទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ហើយ​ពេល​អ្នក​ប្រាកដ​ថា អ្នក​បាន​ស្គាល់​នូវ​ទំហំ និង​ប្រភេទ​ក្រណាត់​ដែល​អ្នក​ចង់​បាន​នោះ អ្នក​អាច​ធ្វើ​ការបញ្ជា​ទិញ​សម្លៀកបំពាក់​បរិសុទ្ធ​បន្ថែម​ទៀត ។ សមាជិក​មួយ​ចំនួនចូល​ចិត្ត​បោក​សម្លៀកបំពាក់​បរិសុទ្ធ​ពី​ដំបូង​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា វា​សមល្មម​ស្រួល​ពាក់​ពី​មុន​នឹង​ទិញ​ថែម​ទៀត ។ សម្លៀកបំពាក់​បរិសុទ្ធ​គឺ ត្រូវ​បាន​ផលិត​ដោយ​សាសនាចក្រ ហើយ​អាច​រក​ទិញ​បាន​តាម​រយៈ​មជ្ឈមណ្ឌល​ចែកចាយ​ទាំងឡាយ​របស់​សាសនាចក្រ ។

  9. សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ ។ គណៈ​ប្រធាន​ទី​មួយ​លើក​ទឹកចិត្ត​ដល់​សមាជិក​ឲ្យ​ទិញ​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​របស់​ពួកគេ ។ នៅ​តាម​ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន យើង​អាច​ជួល​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​តម្លៃ​ទាប ប៉ុន្តែ​វា​ប្រសើរ​ជាង​សម្រាប់​សមាជិក​ដើម្បី​មាន និង​ថែទាំ​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ ប៊ីស្សព ឬ​ប្រធាន​សាខា​អាច​ផ្តល់​ព័ត៌មាន​អំពី​ទីកន្លែង​ដែល​អាច​រក​ទិញ​សម្លៀកបំពាក់​នេះ​បាន ។

    បង​ប្អូនស្រី​អាច​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ប៉ុន្តែ​រូប​នោះ​ត្រូវ​តែ​មាន​ពណ៌ស មាន​ដៃ​វែង ក្រណាត់ និង​ម៉ូត​សមរម្យ ហើយ​មិនមាន​កន្ទុយ​វែង និង​គ្មាន​ប៉ាក់​តុបតែង​ច្រើន​ពេក​ទេ ។

សេចក្ដីបញ្ចប់

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពពិសិដ្ឋ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ សូម​បញ្ជាក់​ពី​ភាពរីករាយ​របស់​អ្នក​នៅ​ពេល​ឃើញ​សមាជិក​ថ្នាក់​រៀបចំ​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

ប្រសិនបើ​អាច បន្ទាប់​ពី​បញ្ចប់​ថ្នាក់​នេះ អ្នក​ចូលរួម និង​គ្រូ​បង្រៀន​គួរ​តែ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា ។