ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ១ ៖ ព្រះវិហារ​បរិសុទ្ធ​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ដ៏​មហិមា


« មេរៀន​ទី ១ ៖ ព្រះវិហារ​បរិសុទ្ធ​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដ៏​មហិមា » បាន​ទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ ១–៥

« មេរៀន​ទី ១ » បាន​ទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ទំព័រ ១–៥

មេរៀនទី

ព្រះវិហារ​បរិសុទ្ធ​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ដ៏​មហិមា

គោលបំណង

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​យល់​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន

  1. មុន​ពេល​ចាប់​ផ្តើម​ថ្នាក់ ចូរ​រៀបចំ​ក្តារខៀន ឬ​ក្រដាស​គំនូរ​នៃ​គំនូរ​ដែល​គូរពុំ​ទាន់​ចប់ ដែល​បង្ហាញ​ពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ( សូម​មើល​ទំព័រ ទី ៣ ) ។ ( អ្នក​អាច​គូរ​គំនូរ​ដូចគ្នា​នៅ​លើ​ក្រដាស​មួយ​សន្លឹក​សម្រាប់​ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​ថ្នាក់​បំពេញ​នៅ​ពេល​ពិភាក្សា​នៅ​ក្នុង​ថ្នាក់ ) ។

  2. សូម​ប្រាកដ​ថា សមាជិក​ថ្នាក់​គ្រប់​រូប​អាច​ប្រើប្រាស់​ព្រះគម្ពីរ​បាន ។ សូម​ឲ្យ​កូន​សៀវភៅ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ដល់​សមាជិកក្នុង​ថ្នាក់​ម្នាក់​មួយ​ក្បាល ។ កូនសៀវភៅ​ទាំងនេះ គប្បី​បាន​បញ្ជា​ទិញ​ទុក​ជា​ផ្នែក​មួយ​នៃ​សម្ភារ​សម្រាប់​ថ្នាក់ ។

  3. អ្នក​អាច​ចាត់​សមាជិក​ថ្នាក់​បីបួននាក់​ឲ្យ​ជួយ​អ្នក​នៅ​ក្នុង​ផ្នែក​ទី​ពីរ​នៃ​មេរៀន ។ អ្នក​អាច​ឲ្យ​បទគម្ពីរ​យោង​ដែល​បាន​រៀបរាប់​នៅ​ក្រោម​ផ្នែក​នីមួយៗ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ( ជីវិត​មុន​ឆាក​ជីវិត​នេះ ការធ្លាក់ ។ល។ ) ដល់​សមាជិក​ក្នុង​ថ្នាក់ ហើយ​សូម​ឲ្យ​គាត់​មក​ថ្នាក់​រៀន​ដោយ​បាន​ត្រៀម​ដើម្បី​សង្ខេប​ប្រាប់​សិស្ស​នូវ​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។

  4. ប្រសិនបើ មាន​ការសែត​វីដេអូ Come unto Me ( ៥៣១៤៦ ) អ្នក​អាច​បង្ហាញ « Man’s Search for Happiness » ដែល​មាន​រយៈពេល ១៣ នាទី ។

ការរៀបចំ​មេរៀន

ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​សាលារៀន​ខាងវិញ្ញាណ ។

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូមពន្យល់​ប្រាប់​ថា ព្រះគម្ពីរ​នឹង​ត្រូវ​បាន​ប្រើ​ក្នុង​មេរៀន​នីមួយៗ ។ សូម​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​យក​ព្រះគម្ពីរ​មក​ជាមួយ​រាល់​ពេល​រៀន ។

ចូរ​ចែក​កូនសៀវភៅ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ មួយ​ក្បាល​ឲ្យ​ទៅ​សមាជិក​ថ្នាក់​ម្នាក់ៗ ។ សូម​ពន្យល់​ប្រាប់​ថា កូន​សៀវភៅ​នេះ​គឺ​ជា​អត្ថបទ​បន្ថែម​សម្រាប់​វគ្គ​សិក្សា ។ សម្ភារ​នៅ​ក្នុង​កូនសៀវភៅ​នេះ និង​យក​មក​ពិភាក្សា​នៅ​គ្រប់​មេរៀន ហើយ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​គួរ​អាន​កូនសៀវភៅនេះ​ក្នុង​អំឡុង​សប្តាហ៍​ដែល​រៀន​វគ្គសិក្សា​នេះ ។

សូម​ចាប់ផ្តើម​មេរៀន​ដោយ​ពន្យល់​ប្រាប់​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​សាលា​រៀន​ខាងវិញ្ញាណ ដែល​ជួយ​យើង​ឲ្យ​ចេះដឹង​កាន់តែ​ច្រើន​ឡើង អំពី​គោលបំណង​នៃ​ជីវិត និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។

សូមចាត់​សមាជិក​ថ្នាក់​ឲ្យ​អាន​ពាក្យ​ដកស្រង់​ដែល​មាន​ដូច​តទៅ​នេះ​ដែល​ពន្យល់​ប្រាប់​អំពី​ការណ៍​មួយ​ចំនួន​ដែល​យើង​រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា ព្រះវិហារ​បរិសុទ្ធ « ក្លាយ​ទៅ​ជា​សាលា​នៃ​ការបង្រៀន​នូវ​កិច្ចការ​ដ៏​ផ្អែមល្ហែម និង​ពិសិដ្ឋ​ទាំងឡាយ​របស់​ព្រះ ។ នៅ​ទី​នេះ យើង​គូសបញ្ជាក់​ពី​ផែនការ​របស់​ព្រះវរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ក្នុង​នាម​នៃ​បុត្រា និង​បុត្រី​របស់​ទ្រង់​នៅ​គ្រប់​ជំនាន់​ទាំងអស់ ។ នៅ​ទី​នេះ យើង​មាន​នៅ​ចំពោះ​មុខ​យើង​នូវ​គំនូរព្រាង​ស្តីពី​ដំណើរ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​របស់​មនុស្ស ចាប់​តាំង​ពី​ជីវិត​មុន​ផែនដី រហូត​ដល់​ជីវិត​នេះ និង​ដល់​ជីវិតឯបរលោកនាយ ។ សេចក្ដី​ពិត​ជា​គ្រឹះ និង​ជា​មូលដ្ឋាន​ដ៏​អស្ចារ្យ ត្រូវបាន​បង្រៀន​យ៉ាងច្បាស់លាស់ និង​សាមញ្ញ ដែល​អាច​យល់​បាន​ដោយ​អ្នក​ដែល​ស្ដាប់ឮ » ( « The Salt Lake Temple » Ensign ខែ មីនា ឆ្នាំ ១៩៩៣ ទំព័រ ៥–៦ ) ។

ប្រធាន​ព្រិកយាំ យ៉ង់ បាន​បង្រៀន​ថា ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​ហៅ​ថា​អំណោយ​ទាន​ពិសិដ្ឋ ផ្តល់​ឲ្យ​យើង​នូវ​ការណែនាំ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​ដ៏នៅអស់កល្បជានិច្ច ៖ « អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​គឺ​ត្រូវ​ទទួល​នូវ​អស់​ទាំង​ពិធី​បរិសុទ្ធ​ទាំងនោះ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ដែល​ចាំបាច់​សម្រាប់​អ្នក បន្ទាប់​ពី​អ្នក​ចាក​ចេញ​ពី​ជីវិត​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​អាច​ដើរ​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​នៃ​ព្រះវរបិតា​វិញ » ( Discourses of Brigham Young ជ្រើសរើស​ដោយ John A. Widtsoe [ ឆ្នាំ ១៩៥៤ ] ទំព័រ ៤១៦ ) ។

សូម​ឲ្យ​សមាជិកក្នុង​ថ្នាក់​អាន យ៉ូហាន ១៧:៣ ។

  • តើ​បទគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ អំពី​ចំណេះដឹង​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ទទួល​បាន ?

សូម​ពន្យល់​ប្រាប់​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​រៀន​បន្ថែម​ទៀត​អំពី​ព្រះវបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ហើយ​យើង​អាច​ខិត​ទៅ​កាន់​តែ​ជិត​ពួកទ្រង់ ។ យើង​រៀន​អំពី​ផែនការ​របស់ពួក​ទ្រង់​សម្រាប់​យើង​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ព្រះ​គម្ពីរ ដោយ​ចំណង​ជើង​ផ្សេងៗ​ដូច​ជា​ផែនការ​នៃ​សេចក្តី​ប្រោសលោះ ឬ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។

  • តើ​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​រៀន​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​នៅ​ក្នុង​ជីវិត​អ្នក​រហូត​មក​ដល់ពេល​នេះ ?

  • តើ​ការ​យល់ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បាន​ផ្តល់​ពរជ័យ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្តេច ?

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ត្រូវ​បាន​បង្រៀន​ពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ចូរ​ពន្យល់​ថា ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ត្រូវ​បាន​បង្រៀន​ជា​ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វគ្គ​នេះ​ក្នុង​មេរៀន​នឹង​ជួយ​ដល់​សមាជិក​ថ្នាក់​ឲ្យ​ត្រៀមខ្លួន​ដើម្បី​យល់ដឹង​អំពី​ការបង្រៀន​ទាំងនេះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​មើល​គំនូរ​ដែល​មិន​ទាន់​គូចប់​នៅ​លើ​ក្តារខៀន ហើយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ព័ត៌មាន​ដូច​ខាងក្រោម​ដោយ​ប្រើ​បទគម្ពីរ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​នូវ​គំនិត​ទាំងឡាយ ។ នៅ​ពេល​ពិភាក្សា​បទគម្ពីរ​ទាំងនោះ សូមសរសេរ​បទគម្ពីរ​នោះ​នៅ​លើ​បន្ទាត់​សមរម្យ​នៃ​តារាង ( សូម​មើល​តារាង​ទាំងមូល​នៅ​ក្នុង​ទំព័រ​ទី ៥ ) ។ បើ​សិន​ជា​សមាជិក​ថ្នាក់​មាន​តារាង​ផ្ទាល់​ខ្លួន ​សូម​ឲ្យ​ពួកគេ​កត់​បន្ថែម​នូវ​បទគម្ពីរ​ទៅ​លើ​តារាង​របស់​ខ្លួន​ចុះ ។

បើ​សិន​អ្នក​បាន​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ជួយ សូម​ឲ្យ​ពួកគេ​ថ្លែង​ប្រាប់​ពី​ព័ត៌មាន​របស់​ពួកគេ​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ សូមពន្យល់​ប្រាប់​ថា ការពិភាក្សា​នេះ​នឹង​ផ្តោត​ទៅ​លើ​សំណួរ​ទាំងឡាយ​ដូច​ខាងក្រោម ៖ តើ​យើង​មក​ពី​ណា ? ហេតុអ្វី​យើង​នៅ​លើ​ផែនដី​នេះ ? តើ​យើង​នឹងទៅ​កន្លែង​ណា​បន្ទាប់ពី​ជីវិត​នេះ ? 

សេចក្តី​ព្រាង​នៃ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ជីវិត​មុន​ឆាក​ជីវិត​នេះ

ការធ្លាក់

ជីវិត​រមែង​ស្លាប់

ពី​សេចក្តី​ស្លាប់​ទៅ​ការរស់​ឡើង​វិញ

នគរ​នៃ​សិរីល្អ

សេចក្តី​ព្រាង​នៃ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ជីវិត​មុន​ឆាក​ជីវិត​នេះ

  1. យើង​ជា​បុត្រាបុត្រី​របស់​ព្រះ គឺ​ជា​ព្រះវបិតាសួគ៌ ហើយ​កាល​យើង​នៅ​ជា​វិញ្ញាណ បាន​រស់នៅ​ជាមួយ​ទ្រង់​មុន​នឹង​មក​ផែនដី ( សូម​មើល រ៉ូម ៨:១៦–១៧ ) ។

  2. ព្រះវបិតា​សួគ៌​បាន​ហៅ​ឲ្យ​មាន​ការប្រជុំ​ប្រឹក្សា​មួយ​ដ៏​ធំ​នៅ​ស្ថានសួគ៌ ( សូម​មើល អ័ប្រាហាំ ៣:២២–២៣ ) ។ ទ្រង់​បាន​ប្រាប់​អំពី​ផែនការ​មួយ​សម្រាប់​ការអភិវឌ្ឍ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ដល់​យើង​ដែល​ហៅ​ថា​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ យើង​បាន​ជ្រើសរើស​ដើរ​តាម​ផែនការ​របស់​ទ្រង់ ។

  3. ដោយ​យល់​ព្រម​ជាមួយ​នឹង​ផែនការ​នេះ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​ច្បង​បង្អស់​របស់​ព្រះវបិតាសួគ៌ ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ( សូម​មើល ម៉ូសេ ៤:២; អ័ប្រាហាំ ៣:២៧ ) ។

  4. លូស៊ីហ្វើរ ជា​បុត្រា​ម្នាក់​ទៀត​របស់​ព្រះ បាន​បះបោរ​ទាស់​នឹង​ផែនការ​របស់​ព្រះវបិតាសួគ៌ ហើយ « បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ។ វា និង​ពួកពលបរិវារ​ទាំងឡាយ​របស់​វា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ស្ថានសួគ៌ ហើយ​មិន​បាន​ទទួល​ឯកសិទ្ធិ​នៃ​ការ​ទទួល​បាន​រូបកាយ និង បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​ឡើយ ។ អស់​គ្រប់​ទាំង​ជំនាន់ សាតាំង ដែល​ឥឡូវ​ត្រូវ​បាន​ហៅ​ថា លូស៊ីហ្វើរ​នោះ បាន​ខំ​ធ្វើ​ឲ្យ​មនុស្ស​លោក​មាន​ទុក្ខវេទនា​ដូច​វា ដោយ​ល្បួង​ពួកគេ​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត​( សូម​មើល ម៉ូសេ ៤:១ , ៣–៤; នីហ្វៃ​ទី ២ ២:១៧–១៨ ) ។

ការធ្លាក់

  1. លោក​អ័ដាម និង​នាង​អេវ៉ា​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​បុត្រាបុត្រី​ដំបូង​របស់​ព្រះវបិតាសួគ៌​ដើម្បី​មក​កាន់​ផែនដី ហើយ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សួនច្បារ​អេដែន ។ នៅ​គ្រា​នោះ រូបកាយ​របស់​គេ​មាន​ភាព​អមតៈ ( សូម​មើល ម៉ូសេ ៣:៧–៨, ២១–២៣ ) ។

  2. អ័ដាម និង​អេវ៉ា​បាន​ជ្រើស​យក​ការបរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​ទ្រង់​បាន​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​បរិភោគ ។ ដោយ​សារ​ការ​នេះ ពួកគេ​ត្រូវ​បាន​បែក​ចេញ​ពី​ទីវត្តមាន​របស់​ព្រះ ។ ការបែកចេញ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជាសេចក្តី​ស្លាប់​ខាង​វិញ្ញាណ ។ ពួកគេ​បាន​ក្លាយ​ជា​មាន​ជីវិត​រមែង​ស្លាប់ ដែល​មាន​ន័យ​ថា រូបកាយ​ខាង​សាច់​ឈាម​របស់​គេ​នឹង​ស្លាប់​ជា​មិន​ខាន​ឡើយ ។ ពួកគេ​ក៏ ​ប្រែ​ជា​អាច​មាន​កូន​ចៅ​ផង​ដែរ ។ ការផ្លាស់ប្តូរ​ទៅ​ជា​សភាព​ជីវិត​រមែង​ស្លាប់​នេះត្រូវ​បាន​ហៅ​ថា​ការធ្លាក់ ( សូម​មើល នីហ្វៃ​ទី ២​២:១៩–២៥, គ.និងស. ២៩:៤០–៤១ ) ។

ជីវិត​រមែង​ស្លាប់

  1. គ្រប់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដើម្បី​ដើរ​តាម​ផែនការ​របស់​ព្រះវបិតាសួគ៌ ទទួល​បាន​រូបកាយ​ខាង​សាច់​ឈាម​ដោយ​បាន​កើត​មក​លើ​ផែនដី​នេះ ។ នៅ​អំឡុង​ជីវិត​រមែង​ស្លាប់ យើង​ត្រូវ​បាន​សាកល្បង​មើល​ថា តើ​យើង​នឹង​ព្រម​រស់នៅ​តាម​សេចក្តី​ជំនឿ ហើយ​គោរព​តាម​បញ្ញាត្តិ​របស់​ព្រះវរបិតាសួគ៌​ដែរ​ឬទេ​ពេល​ដែល​យើង​មិន​នៅ​ក្នុង​ទីវត្តមាន​របស់​ទ្រង់​នោះ ( សូម​មើល អាលម៉ា ៣៤:៣២​; អ័ប្រាហាំ ៣:២៤–២៦ ) ។

  2. នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ មនុស្ស​ម្នាក់ៗ​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​ថា តើ​គាត់​នឹង​ដើរ​តាម​ព្រះ ឬ​ក៏​ដើរ​តាម​សាតាំង ( សូម​មើល នីហ្វៃ​ទី ២ ២:២៧ ) ។

សេចក្តី​ស្លាប់ និង​ការរស់​ឡើង​វិញ

  1. នៅ​ពេល​យើង​ស្លាប់ វិញ្ញាណ​របស់​យើង​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ ហើយ​រូបកាយ​របស់​យើង​បន្ត​នៅ​លើ​ផែនដី ។ រយៈពេល​នៃ​ការបែកចេញ​នេះ​បន្ត​រហូត​ដល់​ពេល​នៃ​ការរស់​ឡើង​វិញ​របស់​យើង ។ វិញ្ញាណ​នៃ​ពួក​សុចរិត​ត្រូវ​បាន​ទទួល​ចូល​ទៅ​ក្នុងស្ថាន​ភាព​នៃ​សេចក្តី​សុខសាន្ត និង​សុភមង្គល ដែល​ត្រូវ​បាន​ហៅ​ថា​ស្ថាន​បរម​សុខ ។ រីឯ​វិញ្ញាណ​នៃ​មនុស្ស​ទុច្ចរិត​វិញ ​ត្រូវបាន​ដាក់​នៅ​ក្នុង​ស្ថានភាព​ងងឹត​ដែល​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា​ស្ថាន​ឃុំ​ព្រលឹង ( សូម​មើល អាលម៉ា ៤០:៩–១៤, ពេត្រុសទី១ ៣:១៩ ) ។

  2. ដង្វាយ​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្តល់​នូវ​មធ្យោបាយ​មួយ​សម្រាប់​ឲ្យ​មនុស្ស​លោក​ទាំងអស់​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​ខាង​សាច់​ឈាម​ដោយ​ការរស់​ឡើង​វិញ ។ ការរស់​ឡើង​វិញ​នោះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​ដែល​ល្អឥតខ្ចោះ​របស់​យើង និង​រួបរួម​គ្នា​ម្តង​ទៀត​សម្រាប់​ភាពអស់កល្ប​ជានិច្ច ( សូម​មើល កូរិនថូស​ទី១ ១៥:២២, នីហ្វៃ​ទី ២ ៩:១០–១៣, អាលម៉ា ១១:៤២–៤៤ ) ។

  3. ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក៏​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​យើង​ឲ្យ​បាន​ការអភ័យ​ទោស និង​ជ្រះ​ស្អាត​ពី​អំពើ​បាប​របស់​យើង​ផងដែរ​ដើម្បី​យើង​អាច​ទៅ​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ​វិញ ។ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ជំនួស​អំពើបាប​នៃ​មនុស្ស​គ្រប់រូប​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ។ ជា​លទ្ធផល​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ទទួល​បាន​ការអភ័យទោស ។ ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ យើង​អាច​មាន​គុណ​សម្បត្តិ​ទទួល​អំណោយទាន​នៃ​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ក្លាយ​ទៅ​ដូចជា​ទ្រង់ ( សូម​មើល ម៉ូសាយ ៣:៥–១២ ) ។

នគរ​នៃ​សិរីល្អ

នៅ​ពេល​រស់​ឡើង​វិញ មនុស្ស​ម្នាក់ៗ​នឹង​ត្រូវ​ចាត់​ឲ្យ​នៅ​ក្នុង​នគរ​នៃ​សិរីល្អ​មួយ ។ អ្នក​ណា​ដែល​សុចរិត និង​គ្រង​យក​សេចក្តី​រីករាយ ​និង​ពរជ័យ​ទុក​ជា​មរត​ច្រើន​ជាង​អ្នក​ណា​ដែល​ពុំ​បាន​គោរព​តាម​បញ្ញាត្តិព្រះ ( សូម​មើល កូរិនថូស​ទី១​ ១៥:៣៥, ៤០–៤២ ) ។

  1. សិរីល្អ​ទេឡេស្ទាល​គឺ​ទុក​សម្រាប់​អ្នក​ណា​ដែល​ពុំ​ទទួល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ​ពុំ​ទទួលទីបន្ទាល់​អំពី​ព្រះយេស៊ូវ ឬ​ពុំ​ទទួល​ព្យាការី​នៃ​ព្រះ ហើយ​ដែល​រស់​នៅ​ប្រកប​ដោយ​អំពើបាប ( សូម​មើល គ. និង ស. ៧៦:៨១–៨៨, ៩៨–១០៣ ) ។

  2. សិរីល្អ​ទេរេសស្ទ្រាល​គឺ​ទុក​សម្រាប់​អ្នក​ណា​ដែល​គួរ​ឲ្យ​គោរព​នៅ​លើ​ផែនដី​ដែល​ត្រូវ​គេ​បញ្ឆោត ហើយ​ពុំ​មាន​ចិត្ត​ក្លាហាន​ចំពោះ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល គ. និង ស. ៧៦:៧១–៧៩ ) ។

  3. សិរីល្អ​សេឡេស្ទាល​គឺ​ទុក​សម្រាប់​អ្នក​ណា​ដែល​គោរព​តាម​បញ្ញាត្តិ​ទាំងឡាយ ហើយ​បាន​ទទួល​ពិធីបរិសុទ្ធ​នានា យក​ឈ្នះ​លើ​អ្វីៗ​ទាំងអស់​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយ​ជា​មនុស្ស​មាន​ចិត្ត​បរិសុទ្ធ ( សូម​មើល គ. និង ស. ៧៦:៥០–៧០ ) ។

ចូរ​សុំ​សមាជិក​ក្នុង​ថ្នាក់ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ដែល​អ្នក​ពុំ​បាន​ដឹង​ពី​មុន​មក ?

  • តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​គិត​ពី​ផ្នែក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ផែនការ​ដ៏​អស្ចារ្យ​នេះ ?

  • តើ​យើង​អាច​បង្ហាញ​ព្រះ​វរ​បិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ថា យើង​ដឹង​គុណ​ចំពោះ​ផែនការ​របស់ពួក​ទ្រង់ ?

ដើម្បី​បញ្ជាក់អំពីសារៈសំខាន់​ដ៏​អស្ចារ្យ​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ សូម​សរសេរ មាត្រា​នៃ​សេចក្តី​ជំនឿ​ទី​បី ខាងក្រោម​តារាង​ដែល​បាន​បំពេញ​រួច​ដូច​ដែល​បាន​បង្ហាញ ។

សេចក្ដីបញ្ចប់

សូមបញ្ជាក់​ថា ព្រះវិហារ​បរិសុទ្ធ ផ្តល់​ដល់​យើង​នូវ​ចំណេះដឹង​អំពី​ផែនការ​នេះ ជា​ចំណេះដឹង​ដែល​នាំ​មក​នូវ​ពរជ័យ​ដ៏​ធំធេង​ក្នុង​ជីវិត​របស់​យើង ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​នានា​ដែល​អ្នក​បាន​ទទួល ដោយ​សារ​អ្នក​យល់ដឹង​នូវ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ហើយ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

អ្នក​ក៏​អាច​ចង់​បញ្ចប់​ដោយ​ការ​បញ្ចាំង​វីដេអូ « Man’s Search for Happiness » ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ជីវិត​មុន​ឆាក​ជីវិត​នេះ

ការធ្លាក់

ជីវិត​រមែង​ស្លាប់

ពី​សេចក្តី​ស្លាប់​ទៅ​ការរស់​ឡើង​វិញ

នគរ​នៃ​សិរីល្អ

« យើង​ខ្ញុំ​ជឿ​ថា តាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធទាំងឡាយ​នៃ​ដំណឹងល្អ » ( មាត្រានៃសេចក្តីជំនឿ ១:៣ ) ។

ផែនការ​នៃ​សេចក្តី​សង្រ្គោះ