ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ៥ ៖ ការរៀនសូត្រ​ពី​ព្រះអម្ចាស់​តាម​រយៈ​និមិត្តរូប


« មេរៀន​ទី ៥ ៖ ការរៀន​សូត្រ​ពី​ព្រះអម្ចាស់​តាម​រយៈ​និមិត្ត​រូប » បាន​ទទួលអំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ ២១–២៥

« មេរៀន​ទី ៥ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មក​ពី​ស្ថាន​លើ ទំព័រ ២១–២៥

មេរៀន​ទី

ការរៀនសូត្រ​ពី​ព្រះអម្ចាស់​តាម​រយៈ​និមិត្តរូប

គោលបំណង

ដើម្បី​ជួយ​សមាជិក​ថ្នាក់​យល់ និង​អបអរសាទរ​ចំពោះ​ការប្រើប្រាស់​និមិត្ត​រូប​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន

  1. សូម​យក​ទង់ជាតិ ឬ រូបថត​មួយ​សន្លឹក​នៃ​ទង់ជាតិ​របស់​ប្រទេស​អ្នក ។

  2. សូម​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​ធ្វើ​ការសង្ខេប​នូវ​រឿង​មួយ​អំពី​របៀប​ដែល​បងប្អូន​ប្រុស​ម្នាក់​បាន​ឆ្លើយ​នូវ​សំណួរ​មួយ​អំពី​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ។ រឿង​នេះ​មាន​នៅ ទំព័រ ២០–២១ និង ២៣ នៃ​សៀវភៅ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។

កំណត់​សម្គាល់​សម្រាប់​គ្រូ ៖ ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ ការពិភាក្សា​អំពី​ពួក​វា​ត្រូវ​បាន​អនុញ្ញាត​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ដូច្នោះ​ហើយ​ការពិភាក្សា​នៅ​ក្នុង​ថ្នាក់ គួរ​តែ​មាន​កំណត់​ទៅ​តាម​ការពន្យល់​ដែល​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​សៀវភៅ​សិក្សានេះ​ប៉ុណ្ណោះ ។

ការរៀបចំ​មេរៀន

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ថា តើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូមចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

និមិត្ត​រូប​គឺ​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង

សូម​ពន្យល់​ថា​យើង​ប្រើប្រាស់និមិត្ត​រូប​ជានិច្ច​នៅ​ការរស់នៅ​រាល់​ថ្ងៃ​របស់​យើង ។ សូម​គូរ​និមិត្ត​រូប​ខាងក្រោម ឬ​និមិត្ត​រូប​ផ្សេង​ទៀត​ដែល​សមរម្យ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សមាជិក​ថ្នាក់​ពិពណ៌នា​អំពី​អត្ថន័យ​នៃ​និមិត្ត​រូប​នីមួយៗ ។

និមិត្ត​រូប​

សូម​បង្ហាញ​សមាជិក​ថ្នាក់​នូវ​ទង់ជាតិ ឬ រូបថត​មួយ​សន្លឹក​នៃ​ទង់ជាតិ​របស់​ប្រទេស​អ្នក ហើយសូម​ឲ្យ​ពួកគេ​ពិពណ៌នា​នូវ​អត្ថន័យ​ទង់ជាតិ​នោះ​ចំពោះ​ពួកគេ ។

  • តើ​មាន​គោលបំណង​ផ្សេង​ទៀត ឬ​សកម្មភាព​អ្វី​ខ្លះ​ដែល​បង្ហាញ​អំពី​ការស្នេហា​ជាតិ ? ( ចម្រៀង​មួយ​បទ ឯកសណ្ឋាន​មួយ​ឈុត សម្លៀកបំពាក់​មួយ​ឈុត ថ្ងៃ​បុណ្យ​ជាតិ ឬ​ការប្រារព្ធ​ធ្វើ​ពិធី​ណា​មួយ ) ។

សូម​ចង្អុល​បង្ហាញ​ថា អ្វី​ទាំង​នេះ​សុទ្ធ​តែ​ជា​និមិត្តរូប​ដែល​ធ្វើ​ជា​តំណាង​ការស្នេហាជាតិ ។

  • តើ​មាន​និមិត្តរូប​អ្វី​ខ្លះ​សម្រាប់​ការស្រឡាញ់ និង​ការគោរព ? ( អំណោយ​មួយ ឬ ចិញ្ចៀន​មួយ​វង់ ឬ ការឱប រូប​បេះដូង ) ។

  • តើ​និមិត្តរូប​ទាំង​នេះ​បង្ហាញ​នូវ​ខ្លឹមសារ​ដូចគ្នា​ទៅ​កាន់​មនុស្ស​ទាំង​អស់​ឬ​ទេ ? ហេតុ​អ្វី​ដូច​គ្នា ឬ ហេតុ​អ្វី​មិន​ដូច​គ្នា ?

  • ហេតុ​អ្វី​បាន​យើង​ប្រើប្រាស់​និមិត្តរូប ?

សូម​ឲ្យ​សមាជិក​ថ្នាក់​ធ្វើ​ការពិភាក្សា​គ្នា ។ ពួកគេ​អាច​នឹង​ផ្តល់​យោបល់​ជា​គំនិត​នានា​ដូច​ខាង​ក្រោម​នេះ ៖

  1. និមិត្តរូប​អាច​ជួយ​យើង​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​សំខាន់ ។

  2. និមិត្តរូប​អាច​បង្រៀន​យើង​នូវ​ការពិត​ដែល​មើល​មិន​ឃើញ​ដែល​ពិបាក​រៀន​តាម​របៀប​ផ្សេង​ទៀត ។

  3. និមិត្តរូប​អាច​តំណាង​អារម្មណ៍​ទាំងឡាយ ។

  4. និមិត្តរូប​អាច​បង្រៀន​នូវ​គោលការណ៍​ផ្សេងៗ​ស្រប​តាម​ភាពត្រៀម​ខ្លួន​រួច​រាល់​ផ្ទាល់​ខ្លួន​របស់​យើង​ដើម្បី​រៀន ។

សូម​ពន្យល់​ប្រាប់​ថា កាល​ណា​និមិត្តរូប​ត្រូវ​បាន​រំឭក​ឡើង​វិញ នោះ​យើង​កាន់​តែ​យល់​ជ្រៅជ្រះ​ឡើងៗ ។

ព្រះយេស៊ូវ​គ្រីស្ទ និង ពួក​ព្យាការី​របស់​ទ្រង់​បាន​ប្រើ​និមិត្តរូប

សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានប្រើ​និមិត្តរូប​ម្តង​ហើយ​ម្តង​ទៀត​ពេល​ទ្រង់​បង្រៀន ។

  • តើ​មាន​ពេល​ណា​ខ្លះ​ដែល​ទ្រង់​បង្រៀន​យើង​ដោយ​ប្រើ​និមិត្ត​រូប ?

សមាជិក​ថ្នាក់​ប្រហែល​ជា​ប្រាប់​រឿង​ដូច​ជា​ចៀម​ដែល​បាត់ ( សូម​មើល ម៉ាថាយ ១៨:១២–១៤ ); គ្រាប់​ពូជ​ម្យ៉ាង ( សូម​មើល ម៉ាថាយ ១៣:៣១–៣២ ) ឬ កែវ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ( សូម​មើល ម៉ាថាយ ១៣:៤៥–៤៦ ) ។

  • ហេតុ​អ្វី​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​និមិត្តរូប​នៅ​ពេល​ដែល​ទ្រង់​បង្រៀន ?

សូម​ឲ្យ​សមាជិក​ថ្នាក់​ធ្វើ​ការពិភាក្សា​គ្នា ។ បន្ទាប់​មក សូម​ធ្វើ​ការរំឭក​ឡើង​វិញ​នូវ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​នេះ ៖

« ព្រះអម្ចាស់​ផ្ទាល់​ជា​គ្រូបង្រៀន នៅ​ក្នុង​ការបង្រៀន​ផ្ទាល់​របស់​ទ្រង់​ដល់​ពួក​សិស្ស ទ្រង់​បាន​បង្រៀន​ជា​រឿង​ប្រៀបប្រដូច​ជានិច្ច ជា​វិធី​មួយ​ដែល​ប្រើ​ពាក្យ​សម្តី​មក​តំណាង​ឲ្យ​រឿង​ខាង​និមិត្តរូប ដែល​អាច​នឹង​ពិបាក​យល់ ។ ទ្រង់​បាន​មាន​បន្ទូល​ពី​បទពិសោធន៍​ដ៏​សាមញ្ញ​ដែល​បាន​ដកស្រង់​ចេញ​មក​ពី​ជីវិត​របស់​ពួក​សិស្ស​ទ្រង់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ពី មេមាន់ និង​កូនមាន់, បក្សី, ផ្កា, សត្វ​កញ្ជ្រោង, ដើម​ឈើ, ចោរលួច, ចោរ​ប្លន់​តាម​ផ្លូវ, ថ្ងៃលិច, អ្នកមាន និង​អ្នកក្រ ។ … ទ្រង់​បាន​មាន​បន្ទូល​ពី​គ្រាប់​ពូជ​ម្យ៉ាង ពី​កែវ​មុក្តា ។ ទ្រង់​ចង់​បង្រៀន​អ្នក​ស្តាប់​របស់​ទ្រង់ ដូច្នោះ​ហើយ​បាន​ជា​ទ្រង់​បាន​មាន​បន្ទូល​ពី​អ្វីៗ​ដែល​សាមញ្ញ​ងាយ​យល់​ដោយ​ប្រើ​និមិត្តរូប ។ គ្មាន​អ្វី​មួយ​ដែល​ជា​អាថ៌កំបាំង ឬ​ពិបាក​យល់ ហើយ​អ្វីៗ​ទាំងនោះ​គឺ​ជា​និមិត្តរូប » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ៨ ) ។

សូម​ពន្យល់​ថា ជា​ញឹកញាប់​ពួកព្យាការី និង​សាវក​បាន​ប្រើ​និមិត្ត​រូប​ដើម្បី​បង្រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ ហើយ​ក៏​ជា​មូលដ្ឋាន​នៃ​ពរជ័យ​ទាំងអស់​ដែល​យើង​បាន​ទទួល​ដែរ ។ ដង្វាយ​ធួន​ធ្វើ​ឲ្យ សេចក្តី​សង្គ្រោះ​អាច​កើត​ឡើង​បាន ។ ហេតុ​ដូច្នោះ​ហើយ និមិត្តរូប​ភាគ​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​នោះ បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការពលិកម្ម​របស់​ទ្រង់ ។

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន ម៉ូសេ ៦:៦៣ ។

  • តើ​មាន​អ្វី​ខ្លះ​នៅ​លើ​ផែន​ដី​ដែល​ថ្លែង​ទីបន្ទាល់អំ​ពី​ព្រះអង្គ​សង្គ្រោះ ?

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន អាលម៉ា ១៣:១៦ ។

  • តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​បាន​ធ្វើ​ទីបន្ទាល់​អំ​ពី​ព្រះអង្គសង្គ្រោះ​តាម​របៀប​ណា​ខ្លះ?

សូម​ចង្អុល​បង្ហាញ​ថា ពី​មុន​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដង្វាយ​ធួន រាស្រ្ត​នៃ​សេចក្តី​សញ្ញា​បាន​ធ្វើ​យញ្ញបូជា​សត្វ ជា​និមិត្តរូប​នៃ​ការ​បូជា​ដ៏​ធួន​របស់​ទ្រង់ ( សូម​មើល ម៉ូសេ ៥:៤–៨ ) ។ ការធ្វើ​យញ្ញបូជា​នោះ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​សុគត និង​ការ​មាន​ព្រះជន្មរស់ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ឥឡូវ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យើង « ថ្វាយ​ដល់ [ ទ្រង់ ] នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » (នីហ្វៃ​ទី ៣ ៩:២០). ហើយ​ពិធីបរិសុទ្ធ​បព្វជិតភាព​ទាំងឡាយ​ជួយ​យើង​ដើម្បី​ចងចាំ​នូវ​ការបូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

« ពិធីបរិសុទ្ធ​ចាំបាច់​ក្នុង​ដំណឹងល្អ​ជា​និមិត្តរូប​នៃ​ដង្វាយធួន ។ ពិធីបុណ្យជ្រមុជទឹក​ដោយ​ការពន្លិច គឺ​ជា​និមិត្តរូប​នៃ​ការសុគត ការបញ្ចុះ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​ដ៏​ប្រោសលោះ ។ ការទទួល​ទាន​សាក្រាម៉ង់​រំឭក​នូវ​សេចក្ដីសញ្ញា​ពិធីបុណ្យជ្រមុជទឹក និង ការចងចាំ​របស់​យើង អំពី​ព្រះកាយ​ដែល​បាន​បូជា និង ព្រះលោហិត​ដែល​បាន​ច្រួច​សម្រាប់​យើង ។ ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​និមិត្ត​រូប​នៃ​ការផ្សារភ្ជាប់​យើង​ជាមួយ​ព្រះអម្ចាស់ និង​ក្រុម​គ្រួសារ​ជា​រៀង​រហូត » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៩៦ ឬ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ) ។

និមិត្តរូប​បង្រៀន​យើង​អំពី​សេចក្តី​ពិត បើ​សិន​ជា​យើង​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ

សូម​ពន្យល់​ប្រាប់​ថា កាល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​លើ​ផែនដី ពួក​សិស្ស​ទ្រង់​បាន​ទូល​សួរ​ទ្រង់​ថា ហេតុ​ដូចម្តេច​បាន​ជា​ទ្រង់​បង្រៀន​ជា​ពាក្យ​ប្រៀបប្រដូច​យ៉ាងនេះ ។ ពាក្យ​ប្រៀប​ប្រដូច​គឺ​ជា​រឿង​ដែល​បង្រៀន​សេចក្តី​ពិត​ដ៏​សំខាន់ៗ ដែល​ប្រើប្រាស់​ភាសា​ជានិមិត្តរូប​ជា​ញឹកញាប់ ។ សូម​ឲ្យ​សមាជិក​ថ្នាក់​អាន ម៉ាថាយ ១៣:១០–១២ ដើម្បី​រៀន​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ។

  • តើ​អ្នកគិត​ថា ព្រះអង្គ​សង្គ្រោះ​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ដូចនេះ ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បើក​សម្តែង​សេចក្តី​ពិត​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​រួច​ហើយ​ដើម្បី​យល់​នូវ​ការណ៍​ទាំងនេះ​បាន ។ អស់​អ្នក​ដែល​ទទួល​សេចក្តី​ពិត​ដោយ​សេចក្តី​ជំនឿ និង​ការគោរព​តាម នោះ​នឹង​បន្ត​ទទួល​ច្រើន​ថែម​ទៀត ។ រី​ឯ​អ្នក​ដែល​ពុំ​បាន​ត្រៀម​ខ្លួន​ខាងវិញ្ញាណ​ហើយ​ដែល​ពុំ​បាន​ទទួល​សេចក្តី​ពិត ឬ​ក៏​ទទួល​សេចក្តី​ពិត​ទាំង​មាន​ចិត្ត​សង្ស័យ នោះ​គេ​ក៏​នឹង​បាត់បង់​សេចក្តី​ពិត​ដែល​ខ្លួន​មាន​បន្តិច​ម្តងៗ ។

រឿងរ៉ាវ​ទាំង​ប៉ុន្មាន​ដែល​មាន​និមិត្តរូប សម្តែង​ប្រាប់​សេចក្តី​ពិត​តាម​របៀប​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​អាច​យល់​ន័យ​និមិត្តរូប​ទាំងនោះ​បាន ។ រី​ឯ​ពួក​អ្នក​ដែល​ពុំ​បាន​ត្រៀម​ខ្លួន នោះ​ពុំ​អាច​យល់​ន័យ​បាន​សោះ​ឡើយ ។

នៅ​ជំនាន់​ព្រះអង្គ​សង្គ្រោះមានមនុស្ស​ខ្លះ​យល់​ន័យ​នៃ​ពាក្យ​ប្រៀប​ប្រដូច​របស់​ទ្រង់ ប៉ុន្តែ​មនុស្ស​ជាច្រើន​ពុំ​យល់​ឡើយ ។ នៅ​សព្វថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ។ មាន​នូវ​ការយល់​ដឹង​ខាង​វិញ្ញាណ​ជា​ច្រើន​កម្រិត​ផ្សេងៗ​គ្នា​ក្នុង​ចំណោម​សមាជិក​សុចរិត​នៃ​សាសនាចក្រ ។

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន នីហ្វៃ​ទី ២ ២៨:៣០ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៤៩–៥០ ។

  • តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​រៀន​សេចក្តី​ពិត​ពី​ព្រះ ?

សូម​ពន្យល់​ថា យើង​រាល់​គ្នា​អាច​រីកចម្រើន​ខាង​វិញ្ញាណ​ឲ្យ​បាន​ដល់​កម្រិត​មួយ​ដែល​យើង​អាច​យល់​អត្ថន័យ​នៃនិមិត្តរូប​ដែល​បាន​ប្រើ​នៅ​ក្នុង​ដំណឹងល្អ នៅ​ក្នុង​ព្រះគម្ពីរ ហើយ​ជា​ពិសេស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការបង្រៀន​ជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​បំផុត​គឺ​បាន​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សូ​មពន្យល់​ប្រាប់​ថា ការបង្រៀន​ជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​បំផុត​នៅ​លើ​ផែនដី​គឺបាន​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​របៀប​ជា​និមិត្តរូប​មួយ ការបង្រៀន និង​ក្បួន​ច្បាប់​នៃ​ព្រះវិហារ​បរិសុទ្ធ នាំ​យើង​ក្នុង​ដំណើរ​ឡើង​ទៅ​ឯ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច បញ្ចប់​ដោយ​និមិត្តរូប នៅ​ពេល​យើង​ចូល​ទៅ​ក្នុង​ទី​វត្តមាន​នៃ​ព្រះ ។ តួអង្គ​ដែល​បាន​ពិពណ៌នា ការបង្កើត​រូបកាយ សម្លៀកបំពាក់​ដែល​បាន​ស្លៀក​ពាក់ សញ្ញា​ដែល​បាន​ឲ្យ និង​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​និមិត្តរូប ។ នៅពេល​យល់​ពីនិមិត្ត​រូប​ទាំង​នោះ វានឹង​ជួយ​មនុស្ស​ម្នាក់ៗ​ឲ្យ​ទទួល​ស្គាល់​សេចក្តី​ពិត ហើយ​រីកចម្រើន​ខាង​វិញ្ញាណ ។

និមិត្តរូប​ខ្លះ​ប្រាប់​ន័យ​ចំៗ ហើយ​មាន​ន័យ​ច្បាស់លាស់ ។ ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ ក៏​ជា​និមិត្តរូប​មួយ​ដែរ ៖

« បើ​សិន​អ្នក​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ពេល​យប់ ដែល​មាន​ពន្លឺ​ភ្លឺ​ព្រោងព្រាត អ្នក​នឹង​ឃើញ​ថា ទិដ្ឋភាព​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា។ ព្រះដំណាក់​នៃ​ព្រះអម្ចាស់ មាន​ពេញ​ដោយ​ពន្លឺ ឈរ​នៅ​កណ្តាល​ទីងងឹត ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​អំណាច និង​ការបំផុស​គំនិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឈរ​ដូច​ជា​ពន្លឺ​នៃ​លោកិយ ដែល​ចាក់​ចូល​ទៅ​ក្នុង​ភាពងងឹត​ខាង​វិញ្ញាណ » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ១០ ) ។

សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ក៏​ជា​និមិត្តរូប​ដែរ ។ កាលណា​យើង​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ផ្លាស់​ប្តូរ​សម្លៀកបំពាក់​ធម្មតា​ចេញ ហើយ​ស្លៀក​សម្លៀកបំពាក់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​វិញ​ដែល​ជា​និមិត្តរូប​សម្រាប់​បរិសុទ្ធភាព ។ ប្រធាន ជេមស៍ អ៊ី ហ្វោស្ត បាន​មាន​ប្រសាសន៍​ថា ៖

« មូលដ្ឋាន​គ្រឹះ​ចំពោះ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​គោលការណ៍​ដែលថា ‹ ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ › ។ [ កិច្ចការ ១០:៣៤ ] ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ វា​មិន​អាស្រ័យ​លើ តំណែង​ការងារ, ទ្រព្យសម្បត្តិ, ភាពខ្ពង់ខ្ពស់, ពូជសាសន៍, ឬ​ការអប់រំ​នោះ​ទេ ។ មនុស្ស​ទាំងអស់​គ្នា​ស្លៀក​ពាក់​ស ។ មនុស្ស​ទាំងអស់​គ្នា​ទទួល​ការណែនាំ​ដូច​គ្នា ។ មនុស្ស​ទាំងអស់​គ្នា​ចុះ​សេចក្តី​សញ្ញា និង​ការសន្យា​ដូចគ្នា ។ មនុស្ស​ទាំងអស់​គ្នា​ទទួល​នូវ​ពរជ័យ​ដ៏​ឧត្តុងឧត្តម និង​អស់កល្ប​ជា​និច្ច​ដូចគ្នា ប្រសិន​បើ​ពួកគេ​រស់​នៅ​ដោយ​ភាពស្អាតស្អំ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។ មនុស្ស​ទាំងអស់​គ្នា​គឺ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​អង្គ​ដ៏​បង្កបង្កើត​របស់​ពួកគេ » ( នៅ​ក្នុង​របាយ​ការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៩៧ ទំព័រ​ទី ២៣ ឬ Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ​ទី ២០ ) ។

សូម​ពន្យល់​ថា សមាជិក​ដែល​បាន​ទទួល​ពិធីបរិសុទ្ធ​នានា​នៃ​បព្វជិតភាព និង​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ ( សម្លៀកបំពាក់​ក្នុង ) ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

« សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ តំណាង​ឲ្យ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ។ វា​ជំរុញ​ឲ្យ​មាន​ភាពរម្យទម និង​អាច​ប្រែក្លាយ​ជា​ខែល និង​ការ​ការពារ​ចំពោះ​អ្នក​ដែល​ស្លៀកវា ។​… សម្លៀកបំពាក់​បរិសុទ្ធ​ដែល​គ្រប​ដណ្តប់​រាង​កាយ​របស់​យើង គឺ​ជា​និមិត្តរូប​នៃ​រូបកាយ និង​រំឭក​ដល់ [ សេចក្តី​សញ្ញា​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ] ។ សម្រាប់​សមាជិក​នៃ​សាសនា​ចក្រ សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា តំណាង​ឲ្យ​របាំង​នៃ​ការ​ការពារ​ខ្លួន​នៅ​ពេល​ដែល​គេ​បាន​ប្រឈម​មុខ​នឹង​ការល្បួង ។ ក្នុង​ចំណោម​អ្វី​ផ្សេងៗ​ទៀត វា​តំណាង​ឲ្យ​ការគោរព​របស់​យើង​ចំពោះ​ច្បាប់​ទាំងឡាយ​របស់​ព្រះ​—​ក្នុង​ចំណោម​នោះ វា​ក៏​តំណាង​ឲ្យ​មាត្រដ្ឋាន​ខាង​សីលធម៌​ដែរ » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ២០, ២៣ ) ។

សូម​ចាត់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សង្ខេប​នូវ​អ្វី​ដែល​បងប្អូន​ម្នាក់​បាន​ពិពណ៌នា​អំពី​គោលបំណង​នៃ​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ២០–២១, ២៣ ) ។

សូម​ពន្យល់​ប្រាប់​ថា ទិដ្ឋភាព​ស្ទើរ​តែ​ទាំងអស់​នៃ​ពិធី​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​និមិត្តរូប ។ នេះ​មាន​ន័យ​ថា មនុស្ស​ម្នាក់ៗ​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ​យ៉ាងខ្លាំង​តាម​ដែល​អាច​ធ្វើ​បាន​ចំពោះ​លក្ខណៈ​ជា​និមិត្តរូប​នៃ​អំណោយ​ទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​រារាំង​មនុស្ស​ម្នាក់​មិន​ឲ្យ​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សមាជិក​ថ្នាក់​អាច​នឹង​ឆ្លើយ​ប្រាប់​អំពី​ចម្លើយ​ផ្សេងៗ​ដូច​ខាង​ក្រោម​នេះ ៖

  1. ប្រហែល​ជា​មនុស្ស​ដែល​មិន​មាន​ភាពសក្តិសម ។ ជា​មនុស្ស​ដែល​មិន​បាន​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​ដែល​មិន​បាន​ត្រៀម​ខ្លួន​ដោយ​រាបទាប និង​ដោយ​ការ​អធិស្ឋាន​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​នឹង​ឃើញ​ថា និមិត្តរូប​គ្មាន​ជីវិត ហើយ​អត្ថន័យ​របស់​វា​ត្រូវ​បាន​បិទបាំង ។

  2. ប្រហែល​ជា​មនុស្ស​ដែល​មាន​សេចក្តី​ជំនឿ​មិន​គ្រប់គ្រាន់ ។ ជា​មនុស្ស​ដែល​គ្មានសេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូគ្រីស្ទ និង​ពិធី​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​នោះ​អាច​នឹង​មិន​បាន​ទទួល​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ចាំបាច់​សម្រាប់​ការយល់ដឹង​នូវ​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

  3. ជា​មនុស្ស​ដែល​អាច​ផ្តោត​ខ្លាំង​ពេក​ទៅ​លើ​កាយវិការ​នៃ​ពិធី​ទាំងនោះ ដែល​ធ្វើ​ឲ្យ​គាត់​មិន​យល់​ពី​ការបង្រៀន​ដ៏​មាន​អានុភាព​ដែល​តំណាង​ដោយ​និមិត្តរូប​ទាំងឡាយ​នោះ ។

  • តើ​យើង​អាច​រៀបចំខ្លួន​ដើម្បី​ងាយ​យល់​រឿង​ខាង​វិញ្ញាណ​នៅ​ព្រះវិហារបរិសុទ្ធយ៉ាង​ដូចម្តេច​ខ្លះ ?

សេចក្ដីបញ្ចប់

សូម​ចង្អុល​ប្រាប់​ថា អ្នក​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង នោះ​អាច​សង្ឃឹម​ថា​នឹង​បាន​រៀន​នូវ​អ្វីៗ​ថ្មី​ជា​ច្រើន ហើយ​អាច​ទទួល​អារម្មណ៍​អំពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​អម្ចាស់ ។ សូម​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ សូម​រំឭក​ពួក​គេ​ម្តង​ទៀត​ថា អ្វីៗ​ដែល​បាន​បង្ហាញ​នោះ ពុំ​អាច​យល់​ន័យ​បាន​ទាំងអស់​ក្នុង​ការ​ទៅ​តែ​ម្តង​នោះ​ទេ ។ ពួកគេ​គួរ​តែ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​ឲ្យ​បាន​ញឹកញាប់ បើសិន​ជា​គេ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​គេ​អាច​រៀន​បន្ត​រៀន ហើយ​បន្ត​ធ្វើ​ឲ្យអារម្មណ៍​ខាង​វិញ្ញាណ​របស់​ពួកគេ​ស្រស់បស់​ឡើងវិញ ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។