ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ៧ ៖ ការបន្ត​មាន​អំណរ​ចំពោះ​ពរជ័យនៃ​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ


« មេរៀន​ទី ៧ ៖ ការបន្ត​មាន​អំណរ​ចំពោះ​ពរជ័យនៃការចូលរួម​ព្រះវិហារ​បរិសុទ្ធ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ឆ្នាំ ២០០៣ ) ទំព័រ ៣១–៣៥

« មេរៀន​ទី ៧ » បាន​ទទួលអំណោយទាន​ពិសិដ្ឋមក​ពី​ស្ថាន​លើ ទំពរ័ ៣១–៣៥

មេរៀន​ទី

ការបន្ត​មាន​អំណរ​ចំពោះ​ពរជ័យ​នៃ​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ

គោលបំណង

ដើម្បី​ធ្វើ​ការតាមដាន​មើល​ពី​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​របស់​សមាជិក និង​ជួយ​ពួកគេ​ដើម្បី​រីករាយ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​អស់​មួយ​ជីវិត​របស់​ពួក​គេ ។

ការរៀបចំ​ខ្លួន

  1. សូម​រៀបចំ​ដើម្បី​ធ្វើ​ឲ្យ​មេរៀន​នេះ​ជា​ពេល​វេលា​នៃ​ការចែករំលែក ។ សមាជិក​ថ្នាក់​ភាគ​ច្រើន​នឹង​ចង់​ពិភាក្សា​ពី​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​របស់​ពួកគេ ។

  2. សូម​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​ក្នុង​ថ្នាក់​ត្រៀម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១–១០ ហើយ​ធ្វើ​ការចែកចាយ​អារម្មណ៍​របស់​គាត់​អំពី​ខ​គម្ពីរទាំង​នោះ ។

  3. សូម​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​សង្ខេប​ព័ត៌មាន​អំពី អេលីយ៉ា​ដែល​បាន​បង្ហាញ​នៅ​ក្នុង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ២៣–២៤ ។

  4. សូម​រៀបចំ​ដើម្បី​ឆ្លើយ​នូវ​សំណួរ​ទាំងឡាយ​ដែល​អាច​បាន​លើក​ឡើង​អំឡុង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង ប៉ុន្តែ​សូម​កុំ​ពិភាក្សា​នូវ​សំណួរ ឬ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​រក្សា​សម្រាប់​តែ​ការពិភាក្សា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ប្រសិនបើ​មាន​សំណួរបែប​នោះកើត​ឡើង សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​ដាក់​ផែនការ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត ។

ការរៀបចំ​មេរៀន

សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ប្រសិន​បើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូម​ចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​តប​នូវ​គ្រប់​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ​តាម​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូមចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

ការរក្សា​នូវ​សេចក្តី​ស្រឡាញ់​សម្រាប់​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​អ្នក​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូមពន្យល់​ថា ការមប្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​នាំ​មក​នូវ​ពរជ័យ​ជានិច្ច​ដល់​ជីវិត​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ញឹកញាប់ ។ សូមប្រាប់​សមាជិក​ថ្នាក់​ថា បទពិសោធន៍​របស់​ពួក​គេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្មីៗ​ក្នុង​គំនិត​នៅ​ឡើយ ពួកគេ​គប្បី​កត់​ទុក​អំពី​អារម្មណ៍​ទាំង​នោះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ សូម​រំឭក​ថា ទោះ​បី​ជា​ពួកគេ​អាច​កត់ត្រា​នូវ​អារម្មណ៍​របស់​ខ្លួន​ក៏​ដោយ ពួកគេ​មិន​គួរ​សរសេរ​ពី​កិច្ចការ​លម្អិតមួយ​ចំនួន​ដែល​មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ឡើយ ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការរក្សា​នូវ​សេចក្តី​ស្រឡាញ់​សម្រាប់​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អស់​មួយ​ជីវិត​អ្នក ?

សូម​សរសេរ​នូវ​គំនិត​របស់​សមាជិក​ថ្នាក់​នៅ​លើ​ក្តារខៀន ៖ អ្នក​ក៏​អាច​ចែកចាយ​គំនិត​មួយ​ចំនួន​ដូច​ខាងក្រោម​ផង​ដែរ ៖

១. ពិចារណា​អំពី​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រាល់​ថ្ងៃ ។

សូម​ពន្យល់​ប្រាប់​ថា សមាជិក​ខ្លះ​មាន​ឱកាស​ទៅ​ព្រះវិហារ​បរិសុទ្ធ​ច្រើន​ជាង​អ្នក​ដទៃ​ទៀត ។ ប៉ុន្តែ​កាល​ណា​យើង​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​មាន​អារម្មណ៍​ពីព្រះវិញ្ញាណបរិសុទ្ធ​នៅ​ទីនោះ​ហើយ យើង​គប្បី​ចំណាយ​ពេល​ដើម្បី​ពិចារណា​អំពី​ពិធីបរិសុទ្ធ​នានាក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​សញ្ជឹង​គិត​អំពី​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ ។ ការធ្វើ​បែប​នេះ​នឹង​លើក​ទឹក​ចិត្ត​យើង​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​គិត ហើយ​ប្រព្រឹត្តតាម​ផ្លូវ​ដែល​សុចរិត​កាន់តែ​ខ្លាំង​ឡើង ។

យើង​នឹង​ពុំ​អាចចាំ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ឡើយ ប៉ុន្តែ​យើង​គួរ​តែ​ព្យាយាម​ចងចាំ​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​រាល់​ពេល​យើង​ទៅ​ម្តងៗ ។ យើង​គួរ​សិក្សា​ផង​ដែរ​នូវ​ព្រះគម្ពីរ និង​ប្រសាសន៍​នៃ​ពួក​ព្យាការី​អំពី​ព្រះវិហារ​បរិសុទ្ធ ។ ពាក្យពេចន៍​មួយ​ចំនួន​ត្រូវ​បាន​យក​មកថ្លែង​ក្នុង​វគ្គ​សិក្សា​នេះ ។

អ្នក​អាច​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​សង្ខេប​ព័ត៌មាន​អំពី​សេចក្តី​ថ្លែង​ដូចខាង​ក្រោម ដែល​មាននៅ​ទំព័រ ១០ នៅ​ក្នុង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ៖

« ពិធីនៃ​ព្រះវិហារ​បរិសុទ្ធ​មិន​អាច​យល់​បាន​ពេញលេញ​ដោយ​ការ​ទៅ​ចូល​រួម​ជា​លើក​ដំបូង​នោះ​ទេ ។ វា​នឹង​គ្រាន់​តែ​យល់​បាន​ខ្លះៗ​ប៉ុណ្ណោះ ។ សូម​ត្រឡប់​ទៅ​វិញម្តង​ហើយ​ម្តង​ទៀត ។ ត្រឡប់​ទៅ​ដើម្បី​រៀន ។ អ្វីៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ចម្ងល់ ឬ​ធ្វើ​ឲ្យ​អ្នក​មិន​យល់ អ្វីៗ​ដែល​ជា​អាថ៌កំបាំង​នោះ​នឹង​បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង ។ …

« កាល​ណា​អ្នក​មាន​ឱកាស​ចូល​រួម​ពិធី​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ទៅ​ធ្វើ​ជា​សាក្សី​នៃ​ការផ្សារភ្ជាប់​ណាមួយ សូម​ពិចារណា​អំពី​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​អ្វីៗ​ដែល​សម្តែង​នៅ​ខាង​មុខ​អ្នក ។ ហើយ​នៅ​ថ្ងៃ​ក្រោយ​មក សូម​រំពឹង​គិត​អំពី​អ្វី​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​អ្នក ។ សូម​រំឭក​ឡើង​វិញ​ដោយ​ស្ងៀមស្ងាត់ និង​ដោយ​ការអធិស្ឋាន នោះ​អ្នក​នឹង​ឃើញ​ថា ចំណេះដឹង​របស់​អ្នក​នឹង​កើន​ឡើង ។

បទពិសោធន៍​មួយ​ដ៏​មាន​តម្លៃ​អស្ចារ្យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​គឺ​ថា វា​បង្ហាញ​នូវ​ការយល់​ដឹង​ដ៏​ធំទូលំទូលាយ​ពី​គោលបំណង​នៃ​ព្រះ​ដែល​ទាក់ទង​ទៅ​នឹង​ផែនដី​នេះ ។ កាលណា​យើង​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ហើយ​យើង​អាច​ត្រឡប់​ទៅ និង​រំឭក​នូវ​សេចក្តី​ចងចាំ​របស់​យើង ) នោះ​ព្រឹត្តិការណ៍​ទាំងឡាយ​នៃ​ជីវិត​ហាក់​ដូច​ជា​សម​នឹង​អ្វីៗ​ដែល​បាន​រៀបចំ​ទុក ។ យើង​អាច​មើល​ឃើញ​តាម​រយៈ​ទស្សនវិស័យ​ថា យើង​កំពុង​នៅ​ទីណា ហើយ​យើង​អាច​ដឹង​យ៉ាង​លឿន​នៅ​ពេល​យើង​កំពុង​តែ​ដើរ​ខុស​ផ្លូវ » ។

២. សូម​ចាំ​ថា ចំណុច​ដ៏​សំខាន់​នៃ​ការថ្វាយ​បង្គំ​ទាំងអស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

បទគម្ពីរ​បង្រៀន​យើង​ថា មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​គឺ « ប្រយោជន៍​ឲ្យ​កូនមនុស្ស​អាចមាន​កន្លែង​មួយ​ដើម្បី​សម្តែង​អង្គ​ទ្រង់​ដល់​រាស្ត្រ​របស់​ទ្រង់ » ( គ. និង ស. ១០៩:៥ ) ។ និមិត្តរូប និង​ក្បួនរីតិ៍ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះអង្គ​សង្រ្គោះ ។

សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​ពិត​ជា​បាន​សម្តែង​ព្រះកាយ​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មែន ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ចំពោះ​មុខ​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ដើម្បី​ទទួល​ការ​ថ្វាយ​ព្រះ​វិហារ​បរិសុទ្ធ​ជា​ដំណាក់​របស់​ទ្រង់។ ការមក​ជួប​នេះ មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១–១០ ។ សូម​ចាត់​ឲ្យ​សមាជិក​ថ្នាក់​អាន និង​ផ្តល់​យោបល់​ចំពោះ​វគ្គ​បទគម្ពីរ​នេះ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​សន្យា​ចំពោះ​អ្នក​ទាំងឡាយ ដែល​សាងសង់ និង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ក្រុមគ្រួសារ​ត្រូវ​បាន​ផ្សារភ្ជាប់​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន​គម្ពីរ ម៉ាឡាគី ៤:៥–៦ ។

សូម​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​សង្ខេប​ព័ត៌មាន​អំពី អេលីយ៉ា​ដែលមាន​នៅ​ក្នុង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ២៣–២៤ ។

សូម​ពន្យល់​ថា អេលីយ៉ា​បាន​ត្រឡប់​មក ហើយ​សាង​ឡើង​វិញ​នូវ​កូនសោ​បព្វជិតភាព​ដែល​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ទាំងឡាយ​អាច​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក​ឡើង​វិញ​នូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣–១៦ ។ បន្ទាប់​មក​សូម​ចាត់​ឲ្យ​សមាជិក​ថ្នាក់​ម្នាក់​អាន​សេចក្តី​ថ្លែង​ដូចខាង​ក្រោម ដែលមាន​នៅ​ទំព័រ ២៨ នៅ​ក្នុង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ៖

« ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​គឺ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ ។ ហេតុ​ដូច្នេះ​ហើយ​ពិធីបរិសុទ្ធ​ទាំងឡាយ​ពុំ​មែន​គ្រាន់​តែ​ជា​ការសាកល្បង​នោះ​ទេ ប៉ុន្តែ​វា​ជា​អចិន្តៃ្រយ៍ ។ អំណាច​នៃ​ការផ្សារភ្ជាប់​បាន​នៅ​ជាមួយ​យើង ។ គ្មាន​សិទ្ធិអំណាច​ណា​ដែល​អាច​មាន​តម្លៃ​ស្មើ​និង​អំណាច​នេះ​នោះ​ទេ ។ អំណាច​នោះ​ផ្តល់​នូវ​ខ្លឹមសារ និង​ភាពអចិន្ត្រៃយ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ចំពោះ​ពិធីបរិសុទ្ធ​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​ដ៏​ត្រឹមត្រូវ​សម្រាប់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង​ដែរ ។

ព្រះអង្គ​សង្គ្រោះ​បាន​អធិប្បាយ​អំពី​អំណាច​ផ្សារភ្ជាប់ កាល​ទ្រង់​មាន​បន្ទូល​ជាមួយ​នឹង​ពេត្រុស​ជា​សាវក​ទ្រង់​ដូច​បាន​កត់​ទុក​នៅ​ក្នុង ម៉ាថាយ ១៦:១៩ ។ សូម​ដល់​សមាជិក​ថ្នាក់​ឲ្យ​អាន​ខ​គម្ពីរ​នេះ ។

សូមពន្យល់​ថា កូន​សោ​ដដែល​នេះ​ត្រូវ​បាន​កាន់​នៅ​សព្វ​ថ្ងៃ​នេះ​ដោយ​ព្យាការី និង​ប្រធាន​នៃ​សាសនាចក្រ ។ « អំណាច​នៃ​ការផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ​នោះ មាន​នៅ​ក្នុង​សាសនាចក្រ​នា​ពេលបច្ចុប្បន្ន​នេះ ។ គ្មាន​អ្វី​ដែល​អ្នក​ទាំងឡាយ​ណា​ដែល​ដឹង​ពី​សារៈសំខាន់​នៃ​សិទ្ធិ​អំណាច​នេះ​គិត​ថា ពិសិដ្ឋ​ជាង​នោះ​ទេ ។ គ្មាន​អ្វី​មាន​ការការពារ​យ៉ាង​ដិតដល់​ជាង​នេះ​ទេ ។ មាន​បុរស​ពីរបីនាក់​ប៉ុណ្ណោះ​ដែល​កាន់​អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​នៅ​លើ​ផែនដី​—​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នីមួយៗ​គឺ​ជា​បងប្អូន​ប្រុស​ដែល​បាន​ប្រគល់​ឲ្យ​នូវ​អំណាច​នៃ​ការផ្សារភ្ជាប់ ។ គ្មាន​នរណា​ម្នាក់​អាច​បាន​ទទួល​វា​ឡើយ​លើកលែង​តែ​មក​ពី​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ និង​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឬ​ពី​អ្នក​ទាំងឡាយ​ដែល​គាត់​បាន​ទទួល​ការផ្ទេរ​សិទ្ធិ​ឲ្យ​ដើម្បី​ផ្តល់​វា​ឲ្យ​ទៅ​អ្នក​ដទៃ​ទៀត » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ២៤, ២៦ ) ។

សូម​ពន្យល់​ថា ពិធីបរិសុទ្ធ​ផ្សារភ្ជាប់​មាន​រួម​ទាំង​ការផ្សារភ្ជាប់​នៃ​ស្វាមី និង​ភរិយា​ជាមួយ​គ្នា និង​ការផ្សារភ្ជាប់​នៃ​ឪពុកម្តាយ​ជាមួយ​កូន ។ នៅ​ពេល​ដែល​ឪពុកម្តាយ​ត្រូវ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​កូន​ដែល​បាន​កើត​មក​ដល់​ពួកគេ​គឺ​ត្រូវ​បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​ការផ្សារភ្ជាប់​របស់​ឪពុកម្តាយ​របស់​ពួកគេ ហើយ​មិន​ត្រូវការ​ធ្វើ​ការផ្សារភ្ជាប់​ទៅ​ឪពុកម្តាយ​របស់​ពួកគេ​ទៀត​ទេ ។

  • តើ​អ្នក​គិត​ថា ការ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ជះ​ឥទ្ធិពល​លើ​គំនិត​ប្រចាំ​ថ្ងៃ និង​សកម្មភាព​នានា​នៃ​គ្រួសារ​មួយ​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា មាន​ពរជ័យ​អ្វី​ខ្លះ​នឹង​កើត​ឡើង​ចំពោះ​គ្រួសារ​មួយ​ដោយ​សារ​តែ​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « តើ​មាន​បុរស​ម្នាក់​ដែល​ស្រឡាញ់​ស្រ្តី​ម្នាក់​ដោយ​ស្មោះ​ពិត ឬ​ក៏​មាន​ស្រ្តី​ម្នាក់​ដែល​ស្រឡាញ់​បុរស​ម្នាក់​ដោយ​ស្មោះ​ណា​ដែល​មិន​បាន​អធិស្ឋាន​សុំ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​អាច​នឹង​បន្ត​ហួស​ពី​សេចក្តី​ស្លាប់ដែរ​ឬ​ទេ ? តើ​ធ្លាប់​មាន​កូន​ដែល​ត្រូវ​បាន​បញ្ចុះ​ដោយ​ឪពុកម្តាយ ដែល​មិន​ចង់​រស់​នៅ​យូរអង្វែង ដោយ​អះអាង​ថា មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគាត់ នឹង​នៅ​ជាមួយ​ពួកគាត់​ម្តងទៀត ក្នុង​ពិភព​ខាងមុខ​ឬ​ទេ ? តើ​មាន​នរណា​ម្នាក់​ដែល​ជឿ​ទៅ​លើ​ជីវិត​អស់កល្ប​ជានិច្ច ហើយ​សង្ស័យ​ថា ព្រះ​នៃ​សា្ថនសួគ៌​នឹង​ប្រទាន​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ នូវ​អំណោយទាន​ជីវិត​ដ៏​មាន​តម្លៃ បំផុត​គឺ​ជា​សេចកី្ត​ស្រឡាញ់​ដែល​រកឃើញ​អត្ថន័យ​ដ៏​សំខាន់​បំផុត បង្ហាញ​នៅក្នុង​ទំនាក់ទំនង​ជា​ក្រុមគ្រួសារ​ឬ​អ្វី ? ទេ ហេតុផល​ទាមទារ​ថា ទំនាក់ទំនង​ក្រុមគ្រួសារ នឹង​នៅតែ​បន្ត​ពី​សេចក្តីសា្លប់ ។ ចិត្ត​មនុស្ស​រង់ចាំ​កិច្ចការ​ទាំងនោះ ហើយ​ព្រះ​នៃ​សា្ថនសួគ៌ បាន​បើក​សម្តែង​ផ្លូវ ដោយ​ហេតុ​នេះ​វា ប្រហែល​ជា​អាច​នឹង​ផុតភ័យ ។ ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៃ​ព្រះដំណាក់របស់ព្រះអម្ចាស់ បាន​ផ្តល់​ឲ្យ​សម្រាប់​កិច្ចការ​នេះ » ( « ហេតុ​អ្វី​ត្រូវ​មាន​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ? » ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ [ ឆ្នាំ ១៩៨៨ ] ទំព័រ ៤ ) ។

ព្រះវិហារ​បរិសុទ្ធ​ផ្តល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​នឹង​បម្រើ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ

សូម​ឲ្យ​សមាជិក​ថ្នាក់​អាន អូបាឌា ១:២១ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​ប្រាប់​នូវ​របៀប​ដែល​សមាជិក​នៃ​សាសនាចក្រ​អាច​ក្លាយ​ទៅ​ជា​អ្នក​សង្គ្រោះ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ថា ៖

« ប៉ុន្តែ​តើ​ពួក ​[ បរិសុទ្ធ ] អាច​ក្លាយ​ជា​អ្នកសង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន​យ៉ាង​ដូចម្តេច ? តាម​រយៈ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ សាងសង់​អាង​ទឹក​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ទៅ​ទទួល​យក​នូវ​គ្រប់​ពិធី​បរិសុទ្ធ​ទាំងឡាយ ពិធី​បុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធី​លាងជម្រះ ពិធី​ចាក់​ប្រេងតាំង ពិធី​តែងតាំង និង​អំណាច​នៃ​ការផ្សារភ្ជាប់​លើ​ក្បាល​របស់​ពួកគេ ជំនួស​ដូនតា​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ប្រោសលោះ​ពួកគាត់​ដើម្បី​ឲ្យ​ពួកគាត់​អាច​បាន​ចេញ​មក​នៅ​ក្នុង​ដំណើរ​រស់ឡើង​វិញ​លើក​ទី​មួយ ហើយ​អាច​បាន​លើក​តម្កើង​ឡើង​នៃ​សិរីល្អ​ជាមួយ​នឹង​ពួកគេ​នេះ ហើយ​ជា​ច្រវាក់​ដែល​ចងចិត្ត​ឪពុក​ទៅ​នឹង​កូនចៅ ហើយ​កូនចៅ​ទៅ​នឹង​ឪពុក ដែល​បំពេញ​នូវ​បេសកកម្ម​របស់​លោក​អេលីយ៉ា » ( ប្រវត្តិសាសនាចក្រ ៦:១៨៤ ) ។

សូម​ពន្យល់​ថា ជា​ផ្នែក​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ព្រះវរបិតា​សួគ៌​របស់​យើង​បាន​រៀបចំ​នូវ​មធ្យោបាយ​មួយ​សម្រាប់​អ្នកទាំងឡាយ​ដែល​បាន​ស្លាប់​ដោយ​មិនបាន​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ដើម្បី​ទទួល​នូវ​ពិធី​បរិសុទ្ធ​ទាំងនោះ ។ មនុស្ស​នៅ​ក្នុង​ពិភព​វិញ្ញាណ​នឹង​មាន​ឱកាស​ស្ដាប់​ឮ​ដំណឹងល្អ ។ ពួកគេ​អាច​ទទួល​យក​ដំណឹង​ល្អ​នៅ​ទី​នោះ ប៉ុន្តែ​ពួកគេ​មិន​អាច​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​សម្រាប់​ពួកគេ​បាន​ទេ ។ ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងនេះ​សម្រាប់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​គប្បី​ធ្វើ​នូវ​កិច្ច​ប្រឹងប្រែង​ពិសេស​ដើម្បី​ធ្វើ​នូវ​កិច្ចការ​ពង្សប្រវត្តិ ដូច្នេះ​យើង​អាច​ទទួល​នូវ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ជំនួស​ជីដូនជីតា​របស់​យើង ។

ពិធី​បរិសុទ្ធ​ទាំងឡាយ​សម្រាប់​អ្នក​ស្លាប់​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួមមាន ពិធី​បុណ្យជ្រមុជទឹក ពិធី​បញ្ជាក់ ការតែងតាំង​នៃ​បព្វជិតភាព ពិធីអំណោយទាន​ពិសិដ្ឋ និង​ពិធី​ផ្សារភ្ជាប់​ស្វាមី​ជាមួយ​ភរិយា និង​ឪពុកម្តាយ​ជាមួយ​កូន ។

យើង​គួរ​តែ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​កាលៈទេសៈ​អនុញ្ញាត ដូច្នេះ​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​អ្នក​ទាំងនោះ​ដែល​បាន​ស្លាប់ តាម​រយៈ​ការធ្វើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ជំនួស​ពួកគេ ។ យើង​នឹងផ្តល់ពរ​ដល់​ជីវិត​នៃ​អស់​អ្នក​ដែល​យើង​បម្រើ ហើយផ្តល់ពរ​ដល់ ជីវិត​យើង​ផង​ដែរ ។ ព័ត៌មាន​ស្តី​អំពី​របៀប​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​សម្រាប់​ជីដូនជីតា​របស់​យើង​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង A Member’s Guide to Temple and Family History Work ( ៣៤៦៩៧ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖

« អំណរគុណ​មួយ​ចំពោះ​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នឹង​បណ្តាល​ឲ្យ​សមាជិក​ក្រុមគ្រួសារ​របស់​យើង​ខិត​កាន់​តែ​ជិត​ស្និទ​នឹង​គ្នា ហើយ​សមាជិក​ម្នាក់ៗ​នឹង​មាន​សេចក្តី​ប្រាថ្នា​ចង់​ឲ្យ​ជីដូនជីតា​យើង​ដែល​បាន​លាចាកលោក​នេះ​ទៅ​ហើយ​ឲ្យ​មាន​ពរជ័យ​ទាំងនេះ​ដូច​យើង​ដែរ ។ …

កិច្ចការ​ជំនួស​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយស្មារតី​នៃ​ភក្តីភាព និង​ការលះបង់​ដែល​ជា​លក្ខណៈ​នៃ​ជីវិត​លោក​ចៅហ្វាយ ។ កាលណា​យើង​នឹកចាំ​ដល់​ទ្រង់ នោះ​វា​កាន់​តែ​ស្រួល​ឡើង​ក្នុង​ការ​ឲ្យ​យើង​ទាំងអស់​គ្នា​អនុវត្ត​តាម​តួនាទី​រៀងៗ​ខ្លួន​នៅ​ក្នុង​ការងារ​ដ៏​សំខាន់​នេះ ។ នៅ​រាល់​ពេល​ដែល​យើង​សម្លឹង​មើល​ដំណាក់​ដ៏​បរិសុទ្ធ​នេះ សូម​ឲ្យ​យើង​រាល់​គ្នា​រងចាំ​ដើម្បី​មើល​ឱកាស​ដ៏​អស់​កល្ប​ជានិច្ច​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ទីនោះ​ចុះ មិន​គ្រាន់​តែ​សម្រាប់​រូប​យើង​នោះ​ទេ តែ​សម្រាប់​ជីដូនជីតា​ដែល​បាន​ស្លាប់​ទៅ​របស់​យើងផង​ដែរ » ( Pathways to Perfection [ ឆ្នាំ ១៩៧៣ ] ទំព័រ ២០៦–២០៧ ) ។

សេចក្ដីបញ្ចប់

សូម​បញ្ជាក់​ប្រាប់​ថា ការទៅ​ព្រះវិហារ​បរិសុទ្ធ អនុញ្ញាត​ឲ្យ​យើង​បម្រើ​អ្នក​ដទៃ ហើយ​បន្ត​ទទួល​បាន​នូវ​ចំណេះ​ដឹង​ខាង​វិញ្ញាណ​បាន​កាន់​តែ​ច្រើន​ឡើង ។ សូម​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

« គ្មាន​កិច្ចការ​ណា​ដែល​ផ្តល់​កិច្ចការពារ​ចំពោះ​សាសនាចក្រ​នេះ​ជាង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ការស្រាវជ្រាវ​ពង្សាវតា​ដែល​គាំទ្រ​ដល់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ គ្មាន​កិច្ចការ​ណា​ដែល​មាន​ការ​សម្អាត​ខាង​វិញ្ញាណ​ខ្លាំង​ជាង​កិច្ចការ​នេះ​ទេ ។ គ្មាន​កិច្ចការ​ណា​ដែល​យើង​ធ្វើ អាច​ផ្តល់​អំណាច​ដល់​យើង​ជាង​កិច្ចការ​នេះ​ទេ ។ គ្មាន​កិច្ចការ​ណា​ដែល​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​នៃ​សុចរិតភាព​ខ្ពស់​ជាង​កិច្ចការ​នេះ​ឡើយ ។ …

ប្រសិន​ជា​យើង​ព្រម​ទទួល​យក​វិវរណៈ​អំពី​ពិធី​បរិសុទ្ធនៃ​ព្រះវិហារ​បរិសុទ្ធ បើសិន​ជា​យើង​ព្រម​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​របស់​យើង​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ឬ​អារម្មណ៍​ខមាទោស នោះ​ព្រះអម្ចាស់​នឹង​ការពារ​យើង ។ យើង​នឹង​ទទួល​បាន​នូវ​ការបំផុស​គំនិត​គ្រប់​គ្រាន់​សម្រាប់​ការប្រឈម​មុខ​ទាំងឡាយ​នៃ​ជីវិត ។ …

ដូច្នេះ ចូរ​ទៅ​ព្រះវិហារ​បរិសុទ្ធ—ចូរទៅ ហើយ​ទទួល​យក​នូវ​ពរជ័យ​ទាំងឡាយ​របស់​អ្នក ។ វា​គឺ​ជា​កិច្ចការ​ដ៏​ពិសិដ្ឋ » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ​ទី ៣៧ ) ។

សូម​បញ្ចប់​មេរៀន​ដោយ​ចែកចាយ​ទីបន្ទាល់ ។ សូម​លើក​ទឹកចិត្ត​ដល់​សមាជិក​នៅ​ក្នុង​ថ្នាក់​ឲ្យ​វិល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​គេ​អាច​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។

អ្នក​អាច​ប្រាប់​ដល់​សមាជិក​នៅ​ក្នុង​ថ្នាក់​ថា ពួកគេ​អាច​រក​ទិញ​វីដេអូ Mountain of the Lord ( ៥៣៣០០ ) នៅ​តាម​មជ្ឈមណ្ឌល​ចែកចាយ​ទាំងឡាយ ហើយ​ចាក់​មើល​នៅ​ផ្ទះ ។ វីដេអូ​ដែល​មាន​រយៈពេល ៧៣ នាទី​នេះ ប្រាប់​ពី​សាច់រឿង​នៃ​ការសាងសង់ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។

សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បិទ ។