ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
មេរៀន​ទី ២ ៖ យើង​ត្រូវ​តែ​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ


« មេរៀន​ទី ២ ៖ យើង​ត្រូវ​តែ​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ » បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តី​ពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ២០០៣ ) ទំព័រ ទី ៦–១១

« មេរៀន​ទី ២ » បាន​ទទួលអំណោយទាន​ពិសិដ្ឋមក​ពី​ស្ថានលើ ទំព័រ ៦–១១

មេរៀន​ទី

យើង​ត្រូវ​តែ​មាន​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ

គោលបំណង

ដើម្បី​ជួយ​សមាជិក​ថ្នាក់​ឲ្យ​យល់​ថា ពួកគេ​ត្រូវតែ​មាន​ភាពសក្តិសម ដើម្បី​ចូល​ព្រះវិហា​របរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន

  1. មែនហើយ ពី​មុន​ការបង្រៀន​មេរៀន​នេះ សូម​អញ្ជើញ​ប៊ីស្សព ឬ ប្រធាន​សាខា ថ្លែង​ប្រាប់​ដំណឹង​អំពី​ដំណើរការ​នៃ​ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សម្ភារ​ដែល​បាន​ផ្តល់​ជា​យោបល់​សម្រាប់​បទបង្ហាញ​នេះ គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ទំព័រ​ទី ១០–១១ នៅ​ក្នុង​វគ្គ « ដំណើរការ​នៃ​ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ពរជ័យ » ។ បើសិន​ជា​ប៊ីស្សព​មិន​ទំនេរ អ្នក​អាច​សូម​ឲ្យ​ទីប្រឹក្សា​គាត់​ម្នាក់​មក​ថ្លែង​ជំនួស​ក៏​បាន ។

  2. សូម​សរសេរ​ការដកស្រង់​ខាង​ក្រោម​នេះ​នៅ​លើ​ក្តារខៀន ឬ​នៅ​លើ​ប័ណ្ណ​ប្រកាស​មួយ ៖ « ខ្ញុំ​អញ្ជើញ​ឲ្យ​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ឲ្យ​រស់​នៅ​កាន់​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ជីវិត និង​គំរូ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ( ប្រធាន ហាវើដ ដបុលយូ ហឹនធើរ នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ​ទី ៧ ឬ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៨ ) ។

ការរៀបចំ​មេរៀន

អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន​បើក ។

សូម​សួរ​សមាជិក​ថ្នាក់​ថា តើ​ពួកគេ​មាន​សំណួរ​ឬ​ទេ ។ សូមចំណាយ​ពេល​តាម​សេចក្តី​ត្រូវការ​ដើម្បី​ឆ្លើយ​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ហើយ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ទិដ្ឋភាព​មួយ​ចំនួន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

សូមពន្យល់​ប្រាប់​ថា អ្នក​ដែល​ចូល​ព្រះវិហារ​បរិសុទ្ធ ត្រូវ​តែ​បង្ហាញ​សេចក្តី​ជំនឿ​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការរស់​នៅ​តាម​ដំណឹង​ល្អ និង​កាន់​បញ្ញាត្តិ​ទាំងឡាយ ។ ពួកគេ​ត្រូវ​តែ​ស្អាតស្អំ​ខាង​សីលធម៌ ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ឲ្យ​បាន​ពេញលេញ គោរព​តាម​ពាក្យ​គតិបណ្ឌិត រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ហើយ​ព្យាយាម​រស់នៅ​ដោយ​សុចរិត​តាម​គ្រប់​វិធី​ទាំងអស់ ។ ពួកគេ​ត្រូវតែ​បាន​សម្ភាសន៍​ដោយ​ប៊ីស្សព ឬ​ប្រធាន​សាខា និង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ហើយ​បញ្ជាក់​ថា មាន​ភាពសក្តិសម​នឹង​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ មេរៀន​នេះ​នឹង​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ និង​ព្រះបញ្ញាត្តិ​មួយ​ចំនួន​ដែល​សមាជិក​ថ្នាក់​ត្រូវតែ​រស់នៅ​តាម ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាពសក្តិសម ។

ភាពស្អាតស្អំ​ខាង​សីលធម៌

សូមពន្យល់​ថា ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ បាន​បង្រៀន​ដដែលៗ​ពី​សារៈសំខាន់​ដ៏​មហិមា​នៃ​ភាពស្អាតស្អំ​ខាង​សីលធម៌ ។ ប្រធាន ហ្គរដុន ​ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « យើង​ជឿ​លើ​សេចក្តី​បរិសុទ្ធ​មុន​ពេល​រៀបការ និង​ភក្តីភាព​យ៉ាង​ពេញលេញ​ក្រោយ​ពេល​រៀបការ ។ វា​គឺ​តែ​ប៉ុណ្ណឹង ។ នោះ​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​សុភមង្គល​នៃ​ការរស់នៅ ។ នោះ​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការពេញចិត្ត ។ វា​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​មក​ដល់​ដួងចិត្ត និង​ភាពសុខសាន្ត​នៅ​ក្នុង​ផ្ទះ » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៩៦ ទំព័រ ៦៨ ឬ Ensign ខែ វិច្ឆកា ឆ្នាំ ១៩៩៦ ទំព័រ ៤៩ ) ។

សូម​អាន​រួមគ្នា​នូវ​បទគម្ពីរ​ទាំងឡាយ​ដូច​ខាងក្រោម ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២២–២៤ ( ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​យើង​ស្រឡាញ់​ប្តី​ប្រពន្ធ​ខ្លួន ហើយ​មិន​ឲ្យ​ស្វែងរក​អ្នកណា​ទៀត​ឡើយ ទ្រង់​បាន​បញ្ជា​មិន​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​កំផិត​ទេ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៤៥ ( ព្រះអម្ចាស់​បញ្ជា​យើង « ឲ្យ​គុណធម៌​តុបតែង​គំនិត [ យើង ] ដោយ​ឥត​ឈប់ឈរ » ) ។

ធីម៉ូថេ​ទី ១ ១​៤:១២ ( យើង​ត្រូវ​ធ្វើ​ជា​គំរូ​ដោយ​សេចក្តី​បរិសុទ្ធ ) ។

នីហ្វៃ​ទី ១ ១​១០:២១ ( គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ ) ។

មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ( យើង​ជឿ​លើ​បរិសុទ្ធភាព និង គុណធម៌ ) ។

  • ហេតុអ្វី​ព្រះអម្ចាស់​ទ្រង់​សង្កត់​ធ្ងន់​លើ​ភាពស្អាតស្អំ​ខាង​សីលធម៌​ខ្លាំង​ម៉្លេះ ?

  • តើ​អ្វី​ខ្លះ​ទៅ​ជា​លទ្ធផល​នៃ​ភាពអសីលធម៌​ដែល​យើង​មើល​ឃើញ​នៅ​ជុំ​វិញ​ខ្លួន​យើង​ក្នុង​ពិភព​លោក​នេះ ? តើ​អ្វី​ខ្លះ​ជា​ពរជ័យ​នៃ​ការរស់នៅ​ដោយ​ភាពស្អាតស្អំ​ខាង​សីលធម៌ ?

សូម​ដឹកនាំ​សមាជិក​ថ្នាក់​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ដកស្រង់​ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្តាខៀន ឬ​នៅ​លើប័ណ្ណ​ប្រកាស ( សូម​មើល​វគ្គ « ការរៀបចំ » នៅ​ក្នុង​មេរៀន​នេះ ) ។

  • តើ​ការប្រឹក្សា​នេះ​អាច​ជួយ​កូនចៅ​យើង​ដើម្បី​ទប់ទល់​នឹង​ការល្បួង​នៅ​លើ​លោកិយ ហើយ​រស់នៅ​ដោយ​ភាពស្អាតស្អំ​ខាង​សីលធម៌​ដោយ​របៀប​ណា​ខ្លះ ?

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:៤ ។

សូមពន្យល់​ថា គណៈ​ប្រធាន​ទីមួយ​បាន​ផ្តល់​នូវ​ការពន្យល់​ដូច​ខាងក្រោម​នេះ​អំពី​ដង្វាយ​មួយ​ភាគ​ដប់​ដោយ​សមរម្យ​ថា ៖ « សេចក្តី​ថ្លែង​ដ៏​សាមញ្ញ​បំផុត​ដែល​យើង​ដឹង​គឺ​ជា​សេចក្តី​ថ្លែង​របស់​ព្រះ​អម្ចាស់​ផ្ទាល់​ដែល​ថា សមាជិក​នៃ​សាសនាចក្រ​គួរ​តែ ‹ ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នូវ​រាល់​ផលកម្រៃ​ទាំងអស់​របស់​ពួកគេ​ប្រចាំ​ឆ្នាំ › ដែល​ត្រូវ​បាន​យល់​ថា​ជា​ប្រាក់​ចំណូល » ( សារលិខិត​ពី​គណៈ​ប្រធាន​ទី​មួយ ថ្ងៃ​ទី ១៩ ខែ មីនា ឆ្នាំ ១៩៧០ ) ។ មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​យក​ទៅ​ប្រើប្រាស់​សម្រាប់​កសាង​សាលាប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ សម្រាប់​ទ្រទ្រង់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ជួយ​ស្ថាបនា​នគរ​ព្រះ​នៅ​លើ​ផែនដី ។

សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម​នេះ​ដោយ​ប្រធាន ជេមស៍ អ៊ី ហ្វោស្ត ៖

« ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​គោលការណ៍​មួយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ដើម្បី​សុភមង្គល និង​សុខុមាលភាព​ផ្ទាល់​ខ្លួន​របស់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក ទាំង​អ្នកមាន និង​អ្នកក្រ ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​គោលការណ៍​មួយ​នៃ​ការបូជា និង​ជា​កូន​សោ​ដើម្បី​បើក​បង្អួច​ស្ថានសួគ៌ ។… សមាជិក​នៃ​សាសនាចក្រ​ដែល​មិន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​មិន​បាត់បង់​សមាជិកភាព​របស់​ពួកគេ​ទេ គ្រាន់​តែ​បាត់បង់​ពរជ័យ​តែ​ប៉ុណ្ណោះ » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៩៨ ទំព័រ​ទី ៧៣–៧៤ ឬ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៨–៥៩ ) ។

សូម​ពិនិត្យ​សារឡើង​វិញ​ជាមួយ​សមាជិក​ថ្នាក់​នូវ​បទគម្ពីរ​ដូច​ខាងក្រោម ៖

លេវីវិន័យ ២៧:៣០ ( ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​របស់​ព្រះអម្ចាស់ គឺ​ជា​របស់​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ) ។

ម៉ាឡាគី ៣:៨–១១ ( យើង​កោង​យក​របស់​ព្រះ​កាល​ដែលយើង​មិន​ព្រម​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ព្រះទ្រង់​នឹង​ប្រទានពរ​ដ៏​ហូរហៀរ​ដល់​អស់​អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ) ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​អ្នក​បាន​ទទួល ដោយសារ​តែ​អ្នក​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

  • ហេតុ​អ្វី​យើង​កោង​យក​របស់​ព្រះ​កាល​ដែល​យើង​មិន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់នោះ ? ( សូម​មើល គ. និង ស. ១០៤:១៤ ) ។

សូម​ពន្យល់​ថា ជា​រៀងរាល់​ឆ្នាំ​សមាជិក​ម្នាក់ៗ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ជួប​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ខ្លួន​ក្នុង​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រកាស​ប្រាប់​គាត់​ថា ពួកគាត់ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​ឬ​អត់ ។ ការជួប​នេះ​គឺ​ជា​ឱកាស​សំខាន់​មួយ​សម្រាប់​ឲ្យ​សមាជិក​វាយ​តម្លៃ​ថា តើ​ពួកគេ​កំពុង​តែ​បំពេញ​តាម​បញ្ញាត្តិ​ដ៏​សំខាន់​នេះ​បាន​ល្អ​យ៉ាងណា ។

ពាក្យ​សម្តី​នៃ​ប្រាជ្ញាវាងវៃ

សូម​ពន្យល់​ប្រាប់​ថា មុន​នឹង​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​រំពឹង​ថា យើង​បាន​រួច​ផុត​ពី​ទង្វើ​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មិន​ស្អាតស្អំ និង​គ្មាន​សុខភាព​ល្អ ទាំង​ខាង​វិញ្ញាណ និង​សាច់ឈាម ។

សូមអាន​ផ្នែក​មួយ​ចំនួន ឬ​ទាំង​អស់​នៃបទគម្ពីរ​ដូច​ខាង​ក្រោម ៖

កូរិនថូស​ទី ១ ១​៣:១៦–១៧ ( រូបកាយ​របស់​យើង​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ ហើយ​មិន​គួរ​ត្រូវ​បាន​បង្ខូច​ឡើយ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩ ( វិវរណៈ​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា​ពាក្យ​សម្តី​នៃ​ប្រាជ្ញាវាងវៃ ។ ខ ១–៩ ពិភាក្សា​អំពីអ្វី​ទាំងឡាយ​ដែល​យើង​មិន​គួរ​ទទួលទាន​ចូល​ក្នុង​ខ្លួន​យើង, ខ ១០–១៧ ពិភាក្សា​នូវ​អ្វី​ទាំងឡាយ​ដែល​ល្អ​សម្រាប់​រាងកាយ​យើង ខ ១៨–២១ ពិពណ៌នា​អំពី​សេចក្តី​សន្យា​ទាំងឡាយ​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ណា​ដែល​កាន់​តាម​បញ្ញាត្តិ​ទ្រង់ ) ។

  • តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដែល​បណ្តាល​ឲ្យ​យើង​រំលង​បញ្ញាត្តិ​ទាំងឡាយ​ដែល​បាន​ប្រទាន​ដល់​យើង​នៅ​ក្នុង​ពាក្យ​សម្តីនៃ​ប្រាជ្ញា​វាងវៃ ?

  • តើ​យើង​អាច​ជួយ​ខ្លួន​យើង និង​កូនចៅ​យើង​ដើម្បី​ឲ្យ​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្តី​ពី​ច្បាប់​សុខភាព​ល្អ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤ ។

  • តើ​អ្នកគិត​ថា​ការគោរព​ប្រតិបត្តិ​តាម​ពាក្យសម្តីនៃ​ប្រាជ្ញា​វាងវៃ​អាច​ផ្តល់​ពរ​ដល់​យើង​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​តាម​របៀប​ណា​ខ្លះ ?

  • តើ​អ្វី​ទៅ​ជា « ផល​ថ្លៃ​វិសេស​នៃ​ចំណេះ​វិជ្ជា » ( គ. និង ស. ៨៩:១៩ ) ដែល​យើង​អាច​ទទួលបាន​មក​ពី​ការកាន់​តាម​បញ្ញាត្តិ​ទាំងឡាយ​នោះ ?

សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ៖

« អ្វី​ដែល​អ្នក​រៀន​ខាង​វិញ្ញាណវាអាស្រ័យ​ទៅ​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​អ្នក​ក្នុង​កម្រិត​ណាមួយ ។ នោះ​ហើយ​បាន​ជា​ពាក្យ​សម្តីនៃ​ប្រាជ្ញា​វាងវៃសំខាន់​ខ្លាំង​ណាស់ ។

សារធាតុ​ញៀន​ដែល​ត្រូវ​បាន​ហាមឃាត់​ដែល​បាន​បើក​សម្តែង​ដោយ​វិវរណៈ​នោះ​មាន​ដូចជា—តែ, កាហ្វេ, ស្រា, ថ្នាំជក់—ចូល​មក​រំខាន ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ខាង​វិញ្ញាណ​ចុះ​ខ្សោយ​ដូច​គ្រឿង​ញាណ​ផ្សេង​ទៀត​ដែរ ។

ចូរ​កុំ​ព្រងើយ​កន្តើយ​ចំពោះ​ពាក្យ​សម្តីនៃ​ប្រាជ្ញា​វាងវៃ ដ្បិត​វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​នូវ ‹ ផល​ថ្លៃ​វិសេស​នៃ​ចំណេះ​វិជ្ជា គឺ​ជា​សម្បតិ្ត​ដែល​លាក់​ទុក › ដែល​បាន​សន្យា​ចំពោះ​អ្នកណា​ដែល​បាន​រក្សា​បញ្ញាត្តិ ។ ហើយ​សុខភាព​ល្អ​គឺ​ជា​ពរជ័យ​បន្ថែម​ទៀត » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ​ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ៧៨ ឬ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦១ ) ។

ថ្ងៃ​ឈប់​សម្រាក

សូម​អាន​ជាមួយ​គ្នា​នូវ និក្ខមនំ ២០:៨-១១ ។

សូម​ពន្យល់​ថា ប្រជា​រាស្ត្រ​របស់​ព្រះ​អម្ចាស់​ត្រូវ​បាន​បញ្ជា​រហូត​មក​ឲ្យ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​សន្យា​នូវ​ពរ​ជ័យដ៏​ធំធេង​ចំពោះ​អស់​អ្នកណា​ដែល​ធ្វើ​ដូច្នោះ ។

សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩–១៣

  • តើ​មូលហេតុ​ចម្បង​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ?

  • តើ គោលលទ្ធិ ​និង​សេចក្តីសញ្ញា ៥៩:៩–១៣ អាច​ដឹកនាំ​ការគោរព​ប្រតិបត្តិ​របស់​យើង​អំពីថ្ងៃ​ឈប់​សម្រាក​ដោយ​មធ្យោបាយ​ណា​ខ្លះ ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រឹមត្រូវ ?

ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ចែក​ចាយ​គោលការណ៍​ខាងក្រោម​នេះ ដែល​បង្រៀន​ដោយ អែលឌើរ ជេមស៍ អ៊ី ហ្វោស្ត ៖

« ហេតុ​អ្វី​បាន​ជា​ព្រះ​សុំ​ឲ្យ​យើង​គោរព​ដល់​ថ្ងៃ​ឈប់​សម្រាក ? មូលហេតុ​ដែល​ខ្ញុំ​គិត​ដល់​មាន​យ៉ាង​ហោច​ណាស់​បី​យ៉ាង ។ ទី​មួយ ត្រូវ​តែ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​តម្រូវការ​ខាង​រាងកាយ​សម្រាប់​សម្រាក និង​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់ស្រាយ​ជា​ថ្មី ។ ​…

ហេតុ​ផល​ទី​ពីរ​តាម​គំនិត​របស់​ខ្ញុំ​គឺ​សំខាន់​ជាង​នោះ​ខ្លាំងណាស់ ។ វា​ត្រូវ​តែ​មាន​ទំនាក់ទំនង​នឹង​សេចក្តី​ត្រូវការ​សម្រាប់​ការកែប្រែ​ជា​ថ្មី និង​ការពង្រឹង​នៃ​សុខភាព​ខាងវិញ្ញាណ​របស់​យើង ។​ …

ហេតុ​ផល​ទី​បី​អាច​សំខាន់​ជាង​គេ​បំផុត​ក្នុង​ចំណោម​ហេតុផល​ទាំង​បី ។ វា​ទាក់ទង​ជាមួយ​នឹង​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ​ទាំងឡាយ​ដែល​ជា​ការបង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ។ មាន​ពរ​ហើយ​ចំពោះ​អ្នក​ណា​ដែល​មិន​ត្រូវការ​ហេតុផល​អ្វី​ក្រៅ​តែ​ពី​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​គោរព​ព្រះបញ្ញត្តិ​ទ្រង់ » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៩១ ទំព័រ ៤៦–៤៧ ឬ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៣៥ ) ។

  • តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក ដោយ​សារ​អ្នក​បាន​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ ?

សូម​សមាជិក​ថ្នាក់​ឲ្យ​ធ្វើ​ការតាំងចិត្ត​ដើម្បី​រស់នៅ​តាម​ព្រះបញ្ញាតិ្ត​ទាំងឡាយ​ដែល​បាន​ពិភាក្សា​ថ្ងៃ​នេះ ៖ ភាពស្អាតស្អំ​ខាង​សីលធម៌ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពាក្យ​សម្តីនៃ​ប្រាជ្ញា​វាងវៃ និង​ការគោរព​ថ្ងៃ​ឈប់​សម្រាក ។ ហើយ​ពួកគេ​នឹង​ត្រៀម​ខ្លួន​បាន​កាន់តែ​ប្រសើរ​ដើម្បី​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ពរជ័យ​ពី​ព្រះអម្ចាស់​កាន់​តែ​ច្រើន​ថែម​ទៀត ។

ដំណើរការ​នៃ​ការទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ពរជ័យ​មួយ

សូមពន្យល់​ថា ពី​មុន​សមាជិក​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ពួកគេ​ម្នាក់ៗ​ត្រូវតែ​មាន​ភាពសក្តិសម ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ដូច​ដែល​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ដំណើរការ​នៃ​ការទទួល​បាន​ប័ណ្ណ​នេះ​អាច​ផ្តល់​ពរ​ដល់​ជីវិត​នៃ​មនុស្ស​ម្នាក់ៗ ៖

« ប៊ីស្សព​មាន​តួនាទី​សួរ​សំណួរទាំងឡាយ​អំពី​ភាពសក្តិសម​ផ្ទាល់​ខ្លួន​របស់​យើង ។ ការសម្ភាសន៍​នេះ មានសារៈ​សំខាន់​ណាស់​ចំពោះ​អ្នក​ក្នុង​នាម​ជា​សមាជិក​សាសនា​ចក្រ ដ្បិត​វា​គឺ​ជា​ឱកាស​មួយ ដើម្បី​ស្រាវជ្រាវ​ពី​របៀប​រស់នៅ​របស់​អ្នក​ជា​មួយ​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់។ បើ​មាន​អ្វី​ដែល​មិន​សមរម្យ​នៅ​ក្នុង​ជីវិត​របស់​អ្នក នោះ​ប៊ីស្សព​អាច​ជួយ​អ្នក​ដោះស្រាយ​វា​បាន ។ តាម​ដំណើរ​ការ​នេះ ពេល​អ្នក​ពិភាក្សា​ជាមួយ​និង​ចៅក្រម​នៃ​អ៊ីស្រាអែល អ្នក​អាច​ប្រកាស ឬ​អាច​ត្រូវ​បាន​ជួយ​ដើម្បី​ស្ថាបនា​ភាពសក្តិសម​របស់​អ្នក​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​ការអនុញ្ញាត្ត​ពី​ព្រះអម្ចាស់ » ( ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ៣ ) ។

សូមពន្យល់​ថា ប៊ីស្សព ឬ​ប្រធាន​សាខា និង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម សម្ភាសន៍​សមាជិក​ទាំងឡាយ​ណា​ដែល​ចង់​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ​ជា​លើក​ដំបូង ហើយ​និង​អ្នកទាំងឡាយ​ណា​ដែល​កំពុង​គ្រោង​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទី​ប្រឹក្សា​នៅ​ក្នុង​គណៈ​ប៊ីស្សព និង​ប្រធាន​ស្តេក អាច​សម្ភាសន៍​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​បន្ត​សុពលភាព​នៃ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។

នៅ​ពេល​នេះ សូមឲ្យ​ប៊ីស្សព ឬ ប្រធាន​សាខា ឬ​ទីប្រឹក្សា​របស់​គាត់​ម្នាក់​នៅ​ក្នុង​គណៈ​ប៊ីស្សព ធ្វើ​បទបង្ហាញ​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ គាត់​មិន​គួរ​អាន​សំណួរ​សម្ភាស​ពិត​ដល់​ក្រុម​ទេ ប៉ុន្តែ​គាត់​អាច​បង្ហាញ​នូវ​គំនិត​នានា​នូវ​អ្វី​ដែល​សមាជិក​ថ្នាក់​អាច​រំពឹង​ដល់​នៅ​ពេល​ដែល​ពួកគេ​ទៅ​សម្ភាសន៍​យក​ប័ណ្ណ​ចូលព្រះវិហារ​បរិសុទ្ធ ។ ប្រយោគ​ខាងក្រោម​អាច​ត្រូវ​បាន​ប្រើ​ជា​សេចក្តី​ណែនាំ​មួយ​បាន ៖

សមាជិក​ដែល​ចង់​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ​គួរ​តែ​មាន​ទីបន្ទាល់​ពី​ព្រះវបិតា​សួគ៌ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​គួរ​គាំទ្រ​ដល់​ព្យាការី​របស់​ព្រះអម្ចាស់ អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ផ្សេងៗ​ទៀត និង​អ្នកដឹកនាំ​របស់​សាសនាចក្រ​នៅ​តាម​មូលដ្ឋាន​ទាំងឡាយ ។ ពួកគេ​មិន​គួរ​រួម​គំនិត ឬ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម ឬ​បុគ្គលដែល​បាន​ក្បត់​សាសនាចក្រ ឬ​ការបង្រៀន ឬ​ការអនុវត្ត​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ដំណឹង​ល្អ​ឡើយ ។

អ្នក​ទាំងឡាយ​ណា​ដែល​ចង់​បាន​ប័ណ្ណ គប្បី​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់ ដោយ​ការប្រជុំ​បព្វជិតភាព និង​ការប្រជុំ​ផ្សេងៗ​ទៀត​របស់​សាសនាចក្រ​ដោយ​ស្មោះត្រង់ ។ ពួកគេ​គួរ​តែ​បំពេញ​ការហៅ​បម្រើ​របស់​ពួកគេ​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ​សិទ្ធិអំណាច​បព្វជិតភាព ។ ពួកគេ​គួរតែ​ព្យាយាម​ដើម្បី​គោរព​តាម​នូវ​រាល់​ព្រះបញ្ញាត្តិ​របស់​ព្រះអម្ចាស់ ដោយ​រួម​ទាំងការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ មាន​ភាពទៀងត្រង់​នៅ​ក្នុង​ការនិយាយស្តី និង​ការប្រព្រឹត្ត និង​ការតម​ដោយ​មិន​ទទួលទាន​តែ កាហ្វេ គ្រឿង​ស្រវឹង ថ្នាំជក់ រួមទាំង​សារធាតុ​ដែល​បង្ក​ហានិភ័យ​និង​ញៀន​គ្រប់​ប្រភេទ ។

ពួកគេ​គួរតែ​រស់​នៅ​ដោយ​ភាពបរិសុទ្ធ និង​គុណធម៌ ហើយ​គួរតែ​គោរព​តាម​ច្បាប់​ព្រហ្មចារីយភាព ដែល​ហាមឃាត់​មិន​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ជាមួយ​អ្នកណា​ផ្សេង​ទៀត​ឡើយ​ក្រៅ​តែ​ពី​ជាមួយ​ស្វាមី​ភរិយា​ដែល​ពួកគេ​បាន​រៀបការ​ពេញ​ច្បាប់​ប៉ុណ្ណោះ ។ ពួកគេ​គួរតែ​ប្រព្រឹត្ត​ឲ្យ​ត្រូវ​ជាមួយ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ក្នុង​ទំនាក់ទំនង​ជាមួយ​និង​សមាជិក​ក្រុមគ្រួសារ ទាំងខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ពួកគេ មិន​ត្រូវ​ធ្វើ​បាប​អ្នក​ដទៃ ទាំង​ខាង​វិញ្ញាណ រាងកាយ ផ្លូវ​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​ឡើយ ។

ពួកគេ​ត្រូវតែ​សារភាព​នូវ​អំពើ​បាប​របស់​ពួកគេ​ដោយ​ស្ម័គ្រចិត្ត ហើយ​លះបង់​អំពើ​បាប​នោះ​ចោល ។ អំពើ​បាប​ធ្ងន់ធ្ងរ ដូចជា ការរំលង​ខាង​សីលធម៌ ការរំលោភ​បំពាន​លើ​សមាជិក​គ្រួសារ ការមាន​ទំនាក់ទំនង​ជាមួយ​ក្រុម ឬ​ការអនុវត្ត​ទាំងឡាយ​ណា​ដែល​ក្បត់​សាសនា ឬ​ការប្រព្រឹត្ត​ខុស​ពី​ច្បាប់​ដែនដី​ដ៏​ធ្ងន់ធ្ងរ ត្រូវតែ​សារភាព​នៅ​ចំពោះ​ប៊ីស្សព ឬ​ប្រធាន​សាខា​ឲ្យ​បាន​អស់​មុន​នឹង​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ម្នាក់​ដែល​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​បាន​ប្រទាន​ឲ្យ​ដល់​មនុស្ស​ទាំងអស់ លើក​ជា​សំណួរ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​នោះ​ថា តើ​មាន​អ្វី​មួយ​ដែល​គួរ​តែពិភាក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា នោះគួរតែ​លើក​បញ្ហា​នោះ​មក​ពិភាក្សា ។

អ្នក​ណា​ដែល​បាន​ឆ្លងកាត់​ការលែងលះ នោះ​ត្រូវ​ឲ្យ​មាន​ការបញ្ជាក់​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា និង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ពី​មុន​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ត្រូវតែ​ប្រកាន់​ខ្ជាប់​តាម​ការព្រមព្រៀង​នៃ​ការលះលែង​គ្នា​ដែល​រួម​ទាំង​ការបង់ប្រាក់ចិញ្ចឹម​កូន​ឲ្យ​ទាន់​ពេល ។

សមាជិក​ដែល​ចង់​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ត្រូវតែ​បាន​សម្ភាស​ដោយ​សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ដោយ​ប្រធាន​បេសកកម្ម បន្ទាប់​ពី​បាន​ទទួល​ការសម្ភាស​ដោយ​សមាជិក​ម្នាក់​មក​ពី​គណៈ​ប្រធាន​ប៊ីស្សព ឬ​ប្រធាន​សាខា ។ អ្នក​ខ្លះ​អាច​នឹង​ឆ្ងល់​ថា​ហេតុ​អ្វី​ចាំបាច់​ត្រូវ​ធ្វើ​បែប​នេះ ។ ពេល​យើង​ចង់​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​យើង​កំពុង​តែ​ស្វែងរក​ការអនុញ្ញាត​ពី​ព្រះ​អម្ចាស់​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​មាន​ឯកសិទ្ធិ​នៃ​ការបញ្ជាក់​ភាព​សក្តិសម​របស់​យើង​នៅ​ពី​មុខ​សាក្សី​ពីរនាក់​ដែល​ជា​អ្នក​បម្រើ​នៃ​ព្រះអម្ចាស់​ដ៏​មាន​សិទ្ធិអំណាច ។ វា​ជា​ពរជ័យ​ចំពោះ​ពួកយើង​ដើម្បី​អះអាង​នៅ​ចំពោះ​មុខ​អ្នកបម្រើ​នៃ​ព្រះអម្ចាស់​នូវ​ភាពសក្តិសម​របស់​យើង ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សេចក្ដីបញ្ចប់

ដើម្បី​បញ្ជាក់​នូវ​សារៈសំខាន់​អំពី​ភាពសក្តិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ និង​កាន់ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព សូមរំឭក​សារ​ឡើង​វិញ​នូវ​សេចក្តី​ថ្លែង​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ដូច​ខាង​ក្រោម ៖

« ខ្ញុំ​…​សូម​អញ្ជើញ​សមាជិក​នៃ​សាសនាចក្រ ឲ្យ​សាងសង់​ព្រះវិហារ​នៃ​ព្រះ​អម្ចាស់​ដែល​ជា​និមិត្តរូប​ដ៏​អស្ចារ្យ​នៃ​សមាជិកភាព​របស់​ពួកគេ និង​ភាព​ពិសេស​ដ៏​អស្ចារ្យ​នៃ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​ពួកគេ ។ វាជា​បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុត​ចេញពី​ដួងចិត្ត​របស់ខ្ញុំ ដើម្បី​ឲ្យ​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​មាន​ភាព​សក្តិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​សង្ឃឹម​ថា​សមាជិក​ពេញ​វ័យ​គ្រប់​រូប​នឹង​មាន​ភាពសក្តិសម—ហើយ​កាន់—ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ទោះ​ជា​ព្រះវិហារ​បរិសុទ្ធ​មាន​ចម្ងាយ​ឆ្ងាយ​មិន​អាច​ទៅ​ដល់​ជា​ញឹកញាប់​ក្តី » ( បាន​ដក​ស្រង់​មក​ពី ជេ អ៊ិម ថត « ប្រធាន ហាវើដ ដបុលយូ ហឹនធើរ » Ensign ខែ កក្កដា ឆ្នាំ ១៩៩៤ ទំព័រ ៥ ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែលកើត​មាន​ក្នុង​ជីវិត​អ្នក​នៅ​ពេល​អ្នក​រស់​នៅ​ដោយ​សកិ្តសមដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។